សង្គមស៊ីវិល​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់​លើ​ជន​ប្រើ​ហិង្សា​លើ​ម្ចាស់រទេះ​អេតចាយ ជាជាង​អនុវត្ត​ត្រឹម​វិន័យ​រដ្ឋបាល

មន្ត្រី​ស្លៀក​ពាក់​ឯក​សណ្ឋាននិង​ស៊ីវិល ២នាក់ ក្នុងនោះមានម្នាក់​ចាប់ក្រៀក​បុរសជាអ្នករើសអេតចាយ និងម្នាក់ទៀតបានប្រើហិង្សា​ទៅលើបុរស​រូបនោះ ជារូបភាពយកចេញពីវីដេអូបែកធ្លាយមួយនៅតាមបណ្ដាយសង្គម។

សង្គម​ស៊ីវិល​ដែល​សកម្ម​ក្នុង​កិច្ច​ការពារសិទ្ធិមនុស្ស ជំរុញឱ្យស្ថាប័នពាក់ព័ន្ធអនុវត្តច្បាប់ព្រហ្មទណ្ឌ​ចំពោះមន្ត្រី​ខណ្ឌ​៧មករា​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ម្ចាស់​រទេះអេ​ត​ចាយ ជាជាង​អនុវត្ត​ត្រឹម​វិន័យ​រដ្ឋ​បាល ដើម្បី​បញ្ចៀសរូបភាពហិង្សាដដែលនេះកើតឡើងលើជន​រងគ្រោះដទៃទៀត។

ការជំរុញនេះធ្វើឡើងបន្ទាប់ពីមានបែកធ្លាយ​វីដេអូ​ឃ្លីបមួយ ដែលគេឃើញ​​មន្ត្រី​ស្លៀក​ពាក់​ឯក​សណ្ឋាននិង​ស៊ីវិល ២នាក់ ក្នុងនោះមានម្នាក់​ចាប់ក្រៀក​បុរសជាអ្នករើសអេតចាយ និងម្នាក់ទៀតបានប្រើហិង្សា​ទៅលើបុរស​រូបនោះ។​​ ក្រោយបែកធ្លាយវីដេអូនេះ រដ្ឋបាលខណ្ឌ៧មករា បានចេញសេចក្ដីប្រកាសព័ត៌​មាន​ថា មន្ត្រីខណ្ឌដែលប្រព្រឹត្តអំពើហិង្សាលើម្ចាស់រទេះអេតចាយ ត្រូវបានបញ្ឈរជើង ផ្អាកការងាររយៈពេល៦ខែ។

នាយកគ្រប់គ្រងកិច្ចការទូទៅ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងនៅ​ថ្ងៃ​សុក្រនេះ​ថា ករណីមន្ត្រីប្រើអំពើហិង្សាលើពលរដ្ឋនៅទីសាធារណៈនេះ គឺជារឿងធ្ងន់ធ្ងរ និងមិនអាចអត់ឱនឱ្យបាន ពីព្រោះក្នុងនាមជាអ្នកបម្រើរាស្រ្ត បានរំលោភទាំងក្រមសីលធម៌ និងបំពានច្បាប់ព្រ​ហ្ម​ទណ្ឌ។

លោក​ថា៖ «នេះវាជារឿងអំពើហិង្សា ហើយនៅទីសាធារណៈទៀត! ហើយបទល្មើសហ្នឹង យើងមើលទៅមិន​មែន​ជារឿងតូ​ចតាច​ប៉ុន្មាន ឬ​ក៏​តិចតួចទេ។ វាយដោយ​ដំបង ហើយ​ចាប់ ហើយ​វាយ វាជារឿងមួយដែល​យើង​មើលទៅជារឿងធ្ងន់ធ្ងរណាស់។ មនុស្សមិនមែនសត្វទេ សូម្បីតែសត្វក៏មិនអាចទៅប្រើប្រាស់អំពើហិង្សាតាមតែអំពើចិត្តអ៊ីចឹងដែរ។ ទោះបីជាគាត់នរណាក៏ដោយ គាត់មានភាពជាមនុស្ស ហើយគាត់ត្រូវតែទទួលបានភាពយុត្តិធម៌ក្នុងនាមជាមនុស្សដូចគ្នា មិនមែនថាអ្នកក្រខ្សត់ ត្រូវគេមើលងាយមើលថោក មិនអនុវត្តតាមច្បាប់អីទេ»។

លោក សំអាត ថាករណីនេះ បើអ្នកប្រព្រឹត្តជាពលរដ្ឋធម្មតាវិញ នឹងត្រូវគេចាប់បញ្ជូនទៅតុលាការជាមិនខាន។

លោក អំ សំអាត បន្ថែម​ថា៖ «គាត់​អនុវត្ត​វិន័យ​រដ្ឋបាល​ហ្នឹង​ វាជាការត្រឹមត្រូវហើយ។ ប៉ុន្តែ​មួយ​ទៀត សមត្ថ​កិច្ច​ដែល​ពាក់​ព័ន្ធ​ ដូចជាមន្រ្តីនគរបាលយុត្តិធម៌ ព្រះរាជអាជ្ញាដែលមើលឃើញនូវអំពើហិង្សាដែលជាបទល្មើសព្រហ្មទណ្ឌ ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីអនុវត្តឱ្យមានភាពស្មើគ្នានៅចំពោះមុខច្បាប់ ដើម្បីទប់ស្កាត់កុំឱ្យមានអំពើហិង្សាទាំងអស់ហ្នឹងកើតមានតទៅទៀត។ […] ហើយកាលណាបើសិនជាប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ ហើយមិនទទួលទោស អាហ្នឹងជាការលើកទឹកចិត្តជំរុញឱ្យមាននិទណ្ឌភាពជាបន្ត ជំរុញឱ្យអំពើហិង្សាហ្នឹងអាចកើតមានតទៅទៀត»។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក​ស្រី ចក់ សុភាព យល់ថា អាជ្ញាធររដ្ឋគួរពិនិត្យលើស្ថានភាពជនរងគ្រោះរូបនេះទៅតាមស្ថានភាពរងហិង្សា និងទិដ្ឋភាពច្បាប់ ខណៈកម្ពុជាប្រឆាំងចំពោះការប្រើហិង្សា។ លោកស្រី​ថា កន្លងមក មានព្រឹត្តិការណ៍ច្រើន​​ដែល​មន្ត្រីមានសមត្ថកិច្ច​ ​ប្រើហិង្សា​ជា​ញឹក​ញាប់​​​លើ​ពលរដ្ឋនិងសកម្មជន ប៉ុន្តែមានករណីតិចតួចណាស់ដែលមានការទទួលស្គាល់កំហុស ខណៈ​ទោស​ទណ្ឌមា​ន​ត្រឹម​ការ​ពិន័យ​តាមច្បាប់​រដ្ឋបាលប៉ុណ្ណោះ។

លោក​ស្រី ចក់ សុភាព ថ្លែងថា៖ «នៅពេលដែលមានករណីបំពានណាមួយ ល្មើសណាមួយនោះ គឺយើងមិនគួរនៅបន្តវប្បធម៌និទណ្ឌភាពនោះទេ ពីព្រោះវប្បធម៌និទណ្ឌភាព ដែលជនល្មើសមិនមានទោសពៃរ៍នេះ វាបង្កទៅជាបញ្ហាច្រើនណាស់។ ជាពិសេសសម្រាប់ជនល្មើសយល់ថា ខ្លួនអាចប្រព្រឹត្តបទល្មើសអីស្រេចតែចិត្តអ៊ីចឹងទៅ ព្រោះវាមិនមានទោសទណ្ឌអីធ្ងន់ធ្ងរទេ ពេលប្រព្រឹត្តទៅ យ៉ាងច្រើនអាចថាសុំទោស ឬក៏វិន័យរដ្ឋបាល។ អ៊ីចឹងវាជាការផ្តល់សារមួយទៅដល់ជនល្មើសដទៃទៀត អាចនឹងបំពានអំណាចខ្លួនថែមទៀត។ ហើយក៏មិនមែនជាសារល្អសម្រាប់ជូនពលរដ្ឋដែរ ព្រោះពលរដ្ឋនឹងមើលឃើញថា អាជ្ញាធរហ្នឹងអនុវត្តនូវច្បាប់មួយដែលមិនមានទោសសម្រាប់មន្ត្រីខ្លួន ប៉ុន្តែមានតែចំពោះពលរដ្ឋនិងសហគមន៍អីហ្នឹង គឺវាផ្សេង។ អ៊ីចឹងវាបង្កើតនូវភាពមិនទុកចិត្តរបស់ពលរដ្ឋទៅកាន់រដ្ឋាភិបាលហ្នឹង»។

ចំណែកប្រធានសមាគមអភិវឌ្ឍន៍​ជីវភាពពលរដ្ឋកម្ពុជា លោក ព្រុំ ប៊ុនថន យល់ឃើញស្រដៀងគ្នា​ដែរ​​ថា តា​មវី​ដេអូ កង​សន្តិសុខទាំងនោះបានប្រព្រឹត្តបទល្មើសទៅលើអ្នកអូសរទេះអេតចាយ ដែលជា​ករណី «ហិង្សាដោយចេតនា» ដែលជាបទល្មើសព្រហ្មទណ្ឌ។ ករណីនេះ លោកជំរុញ​ដល់​​ស្ថាប័នជំនាញ ត្រូ​វបញ្ជូនជនប្រព្រឹត្តទៅ​តុលាការ ដើម្បីវិនិច្ឆយទោសកំហុសផងដែរ។

លោកថា៖ «តាមនីតិវិធីផ្លូវច្បាប់ ខ្ញុំថាអាជ្ញាធរខណ្ឌគួរតែសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឱ្យជននោះមកទទួលខុសត្រូវចំពោះទង្វើរបស់គាត់ដែលបានប្រព្រឹត្តចំពោះជនរងគ្រោះ។ បើអត់ចាត់វិធានការទេ ខ្ញុំគិតថា ថ្ងៃក្រោយទៅ វានឹងមានអំពើហ្នឹងកើតឡើងដដែលៗទៀត ហើយអ៊ីចឹងទេ វាធ្វើឱ្យប៉ះពាល់ដល់សង្គម និងប៉ះពាល់ដល់ច្បាប់»។

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីអ្នកនាំពាក្យ​ស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខ​សីហា បាន​ទេ នៅថ្ងៃនេះ។

រដ្ឋបាលខណ្ឌ៧មករា អះអាងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ចុះថ្ងៃទី០៣ ខែវិច្ឆិកា​ ថា នៅថ្ងៃដដែលនេះ អាជ្ញាធរខណ្ឌចំនួន៤នាក់បានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើកំណាត់ផ្លូវលេខ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ​៧មករា ដោយ​ស្នើ​ឱ្យ​​ម្ចាស់​​យានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញផ្សេងៗដែលចត​​លើទ្រូងថ្នល់នៃកំណាត់ផ្លូវនេះ យកយានជំនិះនិងរទេះរបស់ពួកគេចេញ។ ​ប៉ុន្តែ​ក្នុងអំឡុងពេលនៃ​ការរៀបចំសណ្តាប់ធ្នាប់នេះ ក៏​មាន​យុវជន​ម្នាក់​ដែល​ជាម្ចា​ស់រ​ទេះអេ​ត​ចាយ បានធ្វើសកម្មភាព​ជេរប្រមាថ​មកលើក្រុមការងារ ដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ បណ្តាល​ឱ្យ​មាន​​ការ​​ប្រតាយប្រតប់គ្នាទៅវិញទៅមក រហូតដល់មានការប្រើអំពើហិង្សាបន្តិចបន្តួច។

ក្រោយកើតហេតុ រដ្ឋបាលខណ្ឌបានជួបជាមួយយុវជនជាម្ចាស់រទេះអេតចាយ ហើយ​​យុវជនរូបនោះបាន​សុំទោសនិងទទួលស្គាល់កំហុស ដោយ​មិនមានការប្តឹងផ្តល់​អ្វី​ឡើយ។

រដ្ឋបាលខណ្ឌ៧មករា បញ្ជាក់ថា៖ «ចំពោះក្រុមការងារដែលបានប្រព្រឹត្តកំហុស ឈ្មោះ ឆាំ ឆាន រដ្ឋបាលខណ្ឌបានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែ និងដាក់ពិន័យទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។

បើតាម​ក្រមព្រហ្មទណ្ឌ មាត្រា ២១៧ «បទហិង្សាដោយចេតនា» ចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសអ្នកប្រព្រឹត្ត​ដាក់ពន្ធនាគារ ១​ទៅ​៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦​លាន​រៀល។

ក្នុងក្រមព្រហ្មទណ្ឌឆ្នាំ​២០០៩ បទហិង្សាដោយចេតនា គឺសំដៅដល់អំពើបៀតបៀនលើរូបរាងកា​យ​របស់​​អ្នក​ដទៃ​ដោយ​ចេតនា​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត ដែលបណ្តាលឱ្យមានរបួស ឬគ្មានរបួស ឬខូចសុខភាព ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ