តំណាងជនជាតិដើមភាគតិចកួយជាង២០នាក់ នៅឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃសុក្រនេះ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកំពង់ធំ ខណៈជនជាតិដើមភាគតិចម្នាក់ដែលជាសាក្សី ចូលបំភ្លឺជុំវិញសំណុំរឿងតំណាងរបស់ពួកគេដែលជាប់បណ្ដឹងពាក់ព័ន្ធរឿងជម្លោះដីធ្លី។
កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ លោក ថ្លាង ផាណែត បានចេញដីកាកោះហៅលោក ហ៊ាន ហ៊ាត ជាជនជាតិដើមភាគតិចកួយ ឱ្យចូលបំភ្លឺចំពោះមុខតុលាការ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ជុំវិញសំណុំរឿងតំណាងសហគមន៍ជនជាតិដើមភាគតិច អ្នកស្រី ហេង សាភេន រងការប្តឹងពីសំណាក់ក្រុមហ៊ុនដំណាំកៅស៊ូ «សមុ្បត្តិ ផ្លេធីណឹម (SAMBATH PLANTINUM Co.,LTD) ពីបទ «ប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»។
លោក ចាន់ តុងហា ដែលចូលរួមប្រមូលផ្តុំមុខតុលាការនៅព្រឹកនេះ ប្រាប់វីអូឌីថា ពួកគាត់មកគាំទ្រការឆ្លើយបំភ្លឺរបស់សាក្សី និងទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើអ្នកស្រី ហេង សាភេន ផងដែរ។ លោកថា អ្នកស្រី ហេង សាភេន មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់ក្រុមហ៊ុនឡើយ។
លោកបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើអ្នកស្រី ហេង សាភេន ព្រោះការចោទប្រកាន់ វាអយុត្តិធម៌ណាស់។ ពួកខ្ញុំជាជនជាតិដើមភាគតិច រាល់ថ្ងៃរស់ពឹងលើការធ្វើកសិកម្ម ធ្វើចម្ការវិលជុំ និងរកអនុផលព្រៃឈើ ដើម្បីចិញ្ចឹមជីវិត បើបាត់បង់ព្រៃឈើ ដូចបាត់បង់មុខរបរ»។
ជនជាតិដើមភាគតិចកួយ លោក ហ៊ាន ហ៊ាក រស់នៅភូមិងន ឃុំងន ប្រាប់វីអូឌីបន្ទាប់ពីតុលាការសាកសួររួចថា តុលាការបានសួរគាត់ជុំវិញការកាន់កាប់ ឬការចូលអាស្រ័យផលរបស់ពួកគាត់ និងប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅតំបន់មានជម្លោះ។
ជនជាតិដើមភាគតិចកួយរូបនេះ បន្តថា លោកបានឆ្លើយប្រាប់តុលាការថា ពួកគាត់បានអាស្រ័យផលតាមបែបប្រពៃណីជនជាតិដើមភាគតិច លើដីកំពុងមានជម្លោះនោះបន្តពីដូនតា ដោយបានធ្វើចម្ការវិលជុំ រកអនុផលព្រៃឈើ និងដាំដំណាំហូបផ្លែផ្សេងៗ ជាដើម។
លោកបន្ថែមថា៖ «តុលាការសួរខ្ញុំថា យើងបានអាស្រ័យផលលើដីជម្លោះហ្នឹងពីឆ្នាំណាដល់ឆ្នាំណា? ខ្ញុំក៏បានឆ្លើយថា ដីហ្នឹងខ្ញុំធ្វើបន្តពីកេរដូនតា ឪពុកម្ដាយរបស់ខ្ញុំចែកឱ្យខ្ញុំប៉ុនណា គឺខ្ញុំធ្វើប៉ុណ្ណឹង។ អ៊ីចឹងខ្ញុំសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទាំងប៉ុន្មានចោលទៅ កុំឱ្យមានរឿងហ្នឹងមានបញ្ហាបន្តទៀត»។
តំណាងជនជាតិដើមភាគតិចកួយ អ្នកស្រី ហេង សាភេន ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ទៅតាមបណ្តឹងរបស់ក្រុមហ៊ុន ដែលចោទអ្នកស្រីថាបានរំលោភយកដីរបស់ក្រុមហ៊ុន ប៉ុន្តែត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ នៅថ្ងៃទី៣០ ខែមិថុនា។
តំណាងជនជាតិដើមភាគតិចកួយ អ្នកស្រី ហេង សាភេន មានប្រសាសន៍ថា អ្នកស្រីមានការឈឺចាប់ជាខ្លាំង ដោយសារក្រុមហ៊ុនបានរំលោភយកដីធ្លីពលរដ្ឋហើយ និងបានប្តឹងអ្នកស្រីជាតំណាងទៅតុលាការយ៉ាងអយុត្តិធម៌ថែមទៀត។ អ្នកស្រីបានអំពាវនាវដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើអ្នកស្រី និងស្នើអាជ្ញាធរពាក់ព័ន្ធដោះស្រាយ និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ជាជនជាតិដើមភាគតិច ដើម្បីបញ្ចប់ជម្លោះជាមួយក្រុមហ៊ុនផងដែរ។
អ្នកស្រីបន្ថែមថា៖ «ដីហ្នឹងបានកាយព្រំចែកគ្នារួចអស់ហើយ តែខាងក្រុមហ៊ុន គេហាមមិនឱ្យយើងធ្វើចម្ការវិលជុំ។ ហើយពួកខ្ញុំដែលចូលទៅធ្វើចម្ការនោះ ដូចលួចគេអ៊ីចឹង យើងភ្ជួររាស់នឹងត្រាក់ទ័រក៏ពិបាក ប៉ុន្តែពួកខ្ញុំនៅតែតស៊ូ ព្រោះពួកខ្ញុំមានឯកសារជាក់លាក់រួចហើយ។ ហើយដីនោះ យើងកំពុងធ្វើការចុះបញ្ជីដីជាសមូហភាព ខាងអាជ្ញាធរគាត់បានវាស់វែងឱ្យពួកខ្ញុំរួចហើយ ប៉ុន្តែគេមិនទាន់ចេញប្លង់»។
វីអូឌី មិនអាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុនដំណាំកៅស៊ូ សមុ្បត្តិផ្លេធីណឹម និងអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានទេនៅថ្ងៃនេះ។ ប៉ុន្តែលោក សាយ វាសនា ធ្លាប់ប្រាប់វីអូឌីថា អ្នកស្រី ហេង សាភេន ត្រូវបានក្រុមហ៊ុនប្តឹងថាបានរំលោភយកដីរបស់ក្រុមហ៊ុនដោយខុសច្បាប់។
បើតាមផែនទីសម្គាល់ទីតាំងរបស់រដ្ឋាភិបាល កាលពីឆ្នាំ២០១១ ក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម ជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍លើវិស័យកសិកម្ម ឧស្សាហកម្ម និងដំណាំកៅស៊ូ ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំ២ ៤៩៦ហិកតា ស្ថិតនៅដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្ត្រឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ជនជាតិដើមភាគតិចកួយចំនួន១០៤គ្រួសារ នៅភូមិងន ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ស្នើអាជ្ញាធរខេត្តឱ្យជួយដោះស្រាយដីធ្លីជាង៦០០ហិកតា ក្រោយមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនដំណាំកៅស៊ូ «សមុ្បត្តិ ផ្លេធីណឹម» ជាង១០ឆ្នាំ។
ក្នុងឆ្នាំ២០០៩ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ស្តីពី នីតិវិធីនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះមានគោលដៅកំណត់គោលការណ៍នីតិវិធី និងយន្តការសម្រាប់ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ជាកម្មសិទ្ធិសមូហភាព។ អនុក្រឹត្យនេះក៏មានគោលបំណងផ្ដល់សិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីដល់សហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងការពារសិទ្ធិសមូហភាព ដោយរក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីល្អរបស់សហគមន៍ជនជាតិដើមភាគតិចផងដែរ។
មាត្រា៦នៃអនុក្រឹត្យនេះ បានបញ្ជាក់ថា ដីដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិជាសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច រួមមាន ដីលំនៅឋាន ដីដែលសហគមន៍ប្រកបរបរធ្វើកសិកម្មតាមប្រពៃណី មានដីដាំដុះជាក់ស្ដែង ដីស្រែចម្ការ ដីបម្រុងទុកចាំបាច់ក្នុងការដូរវេនដំណាំ ដីព្រៃអារក្ស និងដីកប់ខ្មោច ជាដើម៕