រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ថា​របប​យោធា​មីយ៉ាន់ម៉ា​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​វិបត្តិ​នៅ​ក្នុង​ប្រទេស

រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី លោកស្រី Retno Marsudi ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ (REUTERS/Willy Kurniawan)

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រដ្ឋាភិបាល​យោធា​​មីយ៉ាន់ម៉ាត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះកា​រ​ដែល​មិន​បានអនុវត្តឱ្យបានពេញលេញតាមផែន​ការសន្តិភាពដែលបានព្រមព្រៀងជាមួយអាស៊ាន (ASEAN) ខណៈ​អាស៊ានបានព្យាយាមបញ្ចប់អរិភាពនៅក្នុងប្រទេសនេះ។

អាស៊ានបានជំរុញប្រទេសមីយ៉ាន់ម៉ាឱ្យអនុវត្តផែនការសន្តិភាពដែលបានព្រមព្រៀងគ្នាកាលពី​ឆ្នាំមុន ក្នុងកា​រ​បញ្ឈប់​អំពើ​ហិង្សា ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាល​ជាប់​ឆ្នោត​ កាលពី​ខែ​កុម្ភៈ ឆ្នាំ២០២១។

លោកស្រី រីតណូ ម៉ាស៊ូឌី (Retno Marsudi) រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ដែលនឹងត្រូវធ្វើជាប្រធានប្តូរវេនរបស់អាស៊ាននៅឆ្នាំក្រោយ បាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មាន​​ Reuters នៅថ្ងៃទី៣ ខែវិច្ឆិកា​ ថារបបយោធាមីយ៉ាន់ម៉ាពុំបានអនុវត្តឱ្យបានពេញលេញតាមផែនការសន្តិភាពឡើយ។

លោកស្រី​បាននិយាយនៅក្នុងបទសម្ភាសមួយថា៖ «ការរិះគន់មិនគួរសំដៅទៅលើអាស៊ានទេ គួរសំដៅទៅ​លើ​របប​យោធាមីយ៉ាន់ម៉ា»។

លោកស្រីបន្ថែមថា៖ «ប្រសិនបើយើងនិយាយអំពីអ្នកណាដែលត្រូវស្តីបន្ទោស អ្នកណាដែលបរាជ័យ មិនមែនជាអាស៊ានទេ។ យើងបានព្យាយាមដោះស្រាយបញ្ហានៅក្នុងប្រទេសនេះរួចហើយ»។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។ កន្លងមក របបយោធាមីយ៉ាន់ម៉ាបានស្តីបន្ទោសអស្ថិរភាពក្នុងប្រទេស និងការរាតត្បាតនៃជំងឺកូវីដ-១៩។

លោកស្រី Retno ក៏បាននិយាយផងដែរថា សមាជិក​អាស៊ាននឹងផ្តល់អនុសាសន៍ថ្មីៗសម្រាប់ការអនុវត្តផែនការសន្តិភាពនៅមុនកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅសប្តាហ៍ក្រោយ។

លោកស្រីបន្ថែមថា៖ «យើងសម្របសម្រួលកិច្ចសន្ទនាថ្នាក់ជាតិ ដែលនឹងនាំមីយ៉ាន់ម៉ា​ចេញពីវិបត្តិនយោបាយ ហើយ​យើងដឹងថា​អ្នកណាដែលអាចដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ាបាន គឺប្រជាជនមីយ៉ាន់ម៉ា មិនមែនអ្នកខាងក្រៅទេ»។

កាលពីសប្តាហ៍​មុន អាស៊ានបាន​និ​យាយ​ថា ខ្លួននៅតែប្តេជ្ញាចំពោះអ្វីដែលហៅថា​ជាកិច្ច​ព្រមព្រៀង​សន្តិភាពចំនួន៥ចំណុច ទោះបី​ជាសមាជិក​អាស៊ាន មាន​ការ​ខកចិត្ត​ចំពោះ​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា រួមទាំងការវាយប្រហារតាមអាកាស​លើទីតាំង​ប្រគុំតន្ត្រីកាលពីពេលថ្មីៗនេះ និងការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ។

ឆ្លើយតបទៅនឹងកិច្ចប្រជុំកាលពីសប្តាហ៍មុន អ្នកនាំពាក្យរបបយោធា បានស្តីបន្ទោសចលនាតស៊ូ​ប្រដាប់​អាវុធ។

គួរបញ្ជាក់ថា គោលការណ៍ទាំង៥ចំណុចដែលយោធាមីយ៉ាន់ម៉ា​បាន​ព្រម​ព្រៀង​ជាមួយ​អាស៊ាន រួម​មាន (១) ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគីត្រូវបង្កើនការអត់ធ្មត់ (២) ចាប់​ផ្ដើម​ការ​សន្ទនា​ប្រកប​ដោយការ​ស្ថាបនា​ក្នុង​ចំណោម​ភាគីពាក់ព័ន្ធ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិ​វិធី (៣) ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹង​សម្រួល​ដល់​ការសម្រុះ​សម្រួល​នៃ​ដំណើរ​ការ​រៀប​ចំ​កិច្ច​សន្ទនា​ ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន (៤) អាស៊ាន​ត្រូវផ្តល់​ជំនួយ​មនុស្ស​ធម៌ និង​(៥) ប្រេសិតពិសេស និងគណៈប្រតិភូ នឹងធ្វើទស្សនកិច្ចនៅប្រទេស​មីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ