រុស្ស៊ីទំនងជាកំពុងពឹងផ្អែកលើសព្វាវុធពីសម្ពន្ធមិត្តរបស់ខ្លួន រួមមាន ប្រទេសបេឡារុស អ៊ីរ៉ង់ និងកូរ៉េខាងជើង ខណៈកងកម្លាំងរបស់ខ្លួនកំពុងខ្វះអាវុធប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន NHK។
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃពុធ [ទី២ ខែវិច្ឆិកា ឆ្នាំ២០២២] ស្តីពីតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
លោក ពូទីន បាននិយាយថា៖ «ចំពោះសម្ភារបរិក្ខារ ឬឧបករណ៍ទាំងអស់ យើងត្រូវស្ដាប់អ្នកដែលប្រើប្រាស់វា និងយល់ពីរបៀបដែលឧបករណ៍ទាំងនោះដំណើរការ និងថាតើឧបករណ៍ទាំងនោះត្រូវបានប្រើប្រាស់ចំគោលដៅដែរឬទេ»។
លោកក៏បានបន្ថែមថា «សព្វាវុធ» ត្រូវការកែលម្អជាប្រចាំ ដើម្បីឱ្យវានៅតែមានប្រសិទ្ធភាព។
មនុស្សមួយចំនួននៅក្នុងប្រទេសរុស្ស៊ី បានរិះគន់សព្វាវុធរបស់យោធារុស្ស៊ីថាមិនគ្រប់គ្រាន់ ចាស់ និងមិនអាចប្រើប្រាស់បាន។
ក្រសួងការពារជាតិអង់គ្លេស បាននិយាយថា យោធារុស្ស៊ីបានបាត់បង់រថពាសដែកជាង៤០គ្រឿងក្នុងមួយថ្ងៃ នៅពាក់កណ្ដាលខែមុន ដោយសារតែការវាយបករបស់អ៊ុយក្រែន។
ក្រសួងនេះបានលើកឡើងទៀតថា ប្រទេសរុស្ស៊ីប្រហែលជាបានទិញរថក្រោះយ៉ាងហោចណាស់១០០គ្រឿងពីប្រទេសបេឡារុស ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ហើយថារុស្ស៊ីកំពុងខ្វះអាវុធប្រើប្រាស់ និងកំពុងពឹងផ្អែកលើសម្ពន្ធមិត្តរបស់ខ្លួន គឺប្រទេសបេឡារុស។
រុស្ស៊ី ក៏ត្រូវបានគេជឿថាកំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកអត្តឃាតដែលផលិតដោយអ៊ីរ៉ង់ផងដែរ។
វិទ្យាស្ថានសិក្សាអំពីសង្គ្រាមរបស់អាមេរិក លើកឡើងថា អ៊ីរ៉ង់គ្រោងនឹងបញ្ជូនយន្តហោះអត្តឃាតគ្មានមនុស្សបើក និងប្រព័ន្ធមីស៊ីលផ្លោងបន្ថែមទៀតទៅឱ្យរុស្ស៊ី។
វិទ្យាស្ថាននេះបន្ថែមទៀតថា ប្រទេសរុស្ស៊ី «ទំនងជាពឹងផ្អែកកាន់តែច្រើនឡើងលើអាវុធរបស់អ៊ីរ៉ង់»។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេ ឡាវរ៉ូវ (Sergei Lavrov) បាននិងកំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយអ៊ីរ៉ង់។ លោកបានសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមៀរ អាប់ឌុលឡាហៀន (Hossein Amir-Abdollahian)។
ទោះយ៉ាងណា ប្រទេសទាំង២ បដិសេធរាល់កិច្ចសហប្រតិបត្តិការយោធាចំពោះសង្រ្គាមនៅអ៊ុយក្រែន។
អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន សម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រ លោក ចន ឃឺប៊ី (John Kirby) បាននិយាយថា ប្រទេសកូរ៉េខាងជើងកំពុងព្យាយាមបិទបាំងការផ្គត់ផ្គង់សព្វាវុធទៅឱ្យរុស្ស៊ី។ លោកថា សហរដ្ឋអាមេរិកកំពុងតាមដានករណីនេះ។
ទោះយ៉ាងណា ភាគីកូរ៉េខាងជើង បានបដិសេធចំពោះការចោទប្រកាន់នេះ៕