លោក Zelenskiy ថា​លោក​នឹង​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល G20 ឡើយ​ប្រសិន​បើ​មាន​វត្តមាន​លោក Putin

លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន។ (REUTERS)

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថា លោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 នៅឥណ្ឌូនេស៊ីឡើយ ​ប្រសិនបើមានវត្តមានរបស់លោក វ្លាឌីមៀរ ពូទីន (Vladimir Putin)។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក Zelenskiy បានប្រាប់អ្នករាយការណ៍ព័ត៌មាន​បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងកៀវ (Kyiv) ជាមួយ​ប្រធានាធិបតី​ក្រិច​ថា លោកត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo)

លោកបាននិយាយថា៖ «ជំហររបស់ខ្ញុំផ្ទាល់ និងជំហររបស់អ៊ុយក្រែន គឺ​ថាប្រសិន​បើ​មេដឹកនាំរុស្ស៊ី​ចូលរួម ខ្ញុំនឹងមិន​ចូល​រួមទេ។ យើងនឹងរង់ចាំមើលសិន»។

លោក Zelenskiy បាននិយាយថា លោកសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងពិភាក្សាអំពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូល G20 ក៏ដូចជាកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិចេញតាមសមុទ្រខ្មៅ (Black Sea Grain Initiative)។

គួរបញ្ជាក់ថា រុស្ស៊ីបានឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្លាប់មនុស្សរាប់ពាន់នាក់ ធ្វើឱ្យពលរដ្ឋរាប់លាននាក់ត្រូវផ្លាស់ទីលំនៅ និងបំផ្លាញហេដ្ឋារចនាសម្ពន្ធ​អស់​ជា​ច្រើន។ ទោះយ៉ាងណា ទីក្រុងមូស្គូ ហៅសកម្មភាពរបស់ខ្លួនថា​ជាប្រតិបត្តិការយោធាពិសេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ