សាលារាជធានីភ្នំពេញ បានស្នើឱ្យក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ផ្អាកធ្វើកូដកម្មនិងព្រមានចាត់វិធានការច្បាប់ បើពួកគេនៅតវ៉ាបន្តទៀត ក្រោមហេតុផលថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ ខណៈកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យដឹងថា កន្លងមក ក្រុមអ្នកតវ៉ា ដែលជាអតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ បានប្រមូលផ្ដុំ ជួបជុំ តវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍១ និងទី ២ ព្រមទាំងតាមទីតាំងសាធារណៈផ្សេងទៀត ក្រោមហេតុផលវិវាទការងារ ដែលការតវ៉ានេះ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
សាលារាជធានីភ្នំពេញបញ្ជាក់ថា ស្របពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញនាពេលខាងមុននេះ អាជ្ញាធរ ក្រើនរំលឹកជាថ្មីទៀត ដល់ក្រុមអ្នកតវ៉ា ត្រូវតែបញ្ឈប់ជាបន្ទាន់នូវសកម្មភាពប្រមូលផ្ដុំជួបជុំតវ៉ា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
លិខិតរដ្ឋបាលរាជធានីភ្នំពេញបន្តថា៖«ការធ្វើតវ៉ា បានប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ទោះបីជាអាជ្ញាធរ ពាក់ព័ន្ធបានព្យាយាមធ្វើការសម្របសម្រួលពន្យល់ណែនាំ និងធ្វើជាអន្តរការី ក្នុងការដោះស្រាយវិវាទ ដោយសន្តិវិធី តាមនីតិវិធីជាច្រើនលើក ជាច្រើនសារយ៉ាងណាក្ដី ប៉ុន្តែក្រុមអ្នកតវ៉ានៅតែបដិសេធ មិនទទួលយកដំណោះស្រាយនៅឡើយ។ ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋ កំពុងចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក ជាពិសេសនៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ»។
សាលារាជធានីភ្នំពេញ ក៏បានព្រមានចាត់វិធានកាច្បាប់លើក្រុមកូដករ ប្រសិនបើពួកកគេនៅតែបន្តសកម្មភាពប្រមូលផ្ដុំជួបជុំ តវ៉ា អំឡុងពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន -អាមេរិក ក្រោមហេតុផលថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ។
សាលារាជធានីភ្នំពេញបន្តថា៖«ក្នុងករណីក្រុមអ្នកតវ៉ានៅបន្តសកម្មភាព ប្រមូលផ្ដុំ តវ៉ា ដែលធ្វើប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
ការព្រមានរបស់សាលារាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ក្រុមកូដករបន្តចេញធ្វើកូដកម្មអហិង្សាទាមទារដំណោះស្រាយវិវាទការងារ ខណៈវិវាទនេះ បានអូសបន្លាយរយៈពេលជាង១ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២០មកដល់បច្ចុប្បន្ននេះ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ យល់ថា ការឱ្យក្រុមកូដករផ្អាកធ្វើកូដកម្ម ដោយសន្តិវិធីនេះ វាបង្ហាញឱ្យឃើញច្បាស់ រដ្ឋាភិបាល និងសាលារាជធានីភ្នំពេញនៅខាងថៅកែណាហ្គាវើលដ៍។ លោកបន្តថា កន្លងមក រដ្ឋាភិបាលមិនបានជំរុញឱ្យថៅកែក្រុមហ៊ុនល្បែងមួយនេះ ឱ្យគោរពច្បាប់ប្រទេសកម្ពុជាទេ ប៉ុន្តែបែរជាដាក់សម្ពាធមកលើកូដករដែលធ្វើកូដកម្មអហិង្សាស្របទៅតាមច្បាប់ទៅវិញ។
កញ្ញាបន្តថា ប្រសិនបើរដ្ឋាភិបាលបារម្ភខ្លាចប៉ះពាល់មុខមាត់មែននោះ គួរដោះស្រាយវិវាទការងារជូនកូដករឱ្យបានចប់ជាជាងការដាក់សម្ពាធបែបនេះ។
កញ្ញាលើកឡើងថា៖« ការព្យាយាមអូសបន្លាយពេលវេលា លាបពណ៌ ចោទប្រកាន់ បើវិធានការច្បាប់លើបុគ្គលិកកម្មកទេ។ អាហ្នឹងដែលធ្វើឱ្យខូចមុខមាត់ប្រទេសជាតិ។ ការពន្យារពេលមិនដោះស្រាយហ្នឹងហើយ មិនមែនមកពីកាតវ៉ារបស់កម្មករទេ។ ខ្ញុំមិនដឹងថា គាត់បារម្ភ ឬមិនបារម្ភទេ ប៉ុន្តែបើសិនជាបារម្ភមានមធ្យោបាយក្នុងការដោះស្រាយការបារម្ភមិនមែនត្រូវតែមកបិទសិទ្ធិសេរីភាពកម្មករ ត្រូវដោះស្រាយវិវាទហ្នឹង។ បើយើងក្រឡេកមើលការទាមទាររបស់កម្មករវាអត់មានចំណុចណាដែលថៅកែ និងរដ្ឋាភិបាលមិនអាចដោះស្រាយបានទេ។ ចុងក្រោយនៅសល់តែជាង ១០០ នាក់ដែលទាមទារចូលធ្វើការវិញ ខណៈបុគ្គលិកដល់ជាង ៣០០នាក់ យល់ព្រមស្ម័គ្រចិត្តក្នុងការដោះដូរ ជាមួយទៀត ហេតុអីមិនដោះដូរ។ សំណួរហេតុអីដូរ មិនបាន វាមានអ្វីនៅពីក្រោយហ្នឹង»។
កញ្ញាបន្តថា អ្វីដែលនៅក្រោយនៃការមិនដោះដូរ គឺក្នុងចេតនា ចង់បំបិទសិទ្ធិសេរីភាពសហជីព រំលាយសហជីពឯករាជ្យ ដែលតំណាងកម្មករពិតប្រាដកនៅកន្លែងការងារ ខណៈរដ្ឋាភិបាលកំពុងចង់យកករណីនេះ ទៅបំបាក់កម្មករនៅកន្លែងផ្សេងៗទៀត ដើម្បីកុំឱ្យតវ៉ា និងហ៊ានបង្កើតសហជីពតំណាងកម្មករនៅកន្លែងធ្វើការ។
ក្រោយពីមានការធ្វើកូដកម្មប្រមាណ១០ ខែមកនេះ មានកូដករក្រុមហ៊ុនបល្បែងមួយនេះជិត ១០ រូបហើយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលបំភ្លឺនៅតុលាការ។ ការកោះហៅកូដករដែលតវ៉ាដោយហិង្សាជាបន្តបន្ទាប់នោះ ធ្វើឡើងតាមបណ្ដឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលប្ដឹងកូដករ អំឡុងពេលធ្វើកូដកម្មទាមទារដំណោះស្រាយវិវាទការងារនៅខាងមុខក្រុមហ៊ុនល្បែងមួយនេះ។
កូដករដែលតុលាការកោះហៅពួកគេសកម្ម ក្នុងការចេញធ្វើកូដកម្ម ដោយអ្នកទាំងនោះ រួមមានឈ្មោះ សៀក បញ្ញា, ជួប សោភ័ណ្ឌ, សុខ ថាវុធ, នេត ចរិយា, ឆាន បូរ៉ា, សាំង សុផល និង ម៉ម សុវឌ្ឍិន។
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍មួយ ចាត់ទុកករណីតុលាការកោះហៅកូដករឱ្យចូលបំភ្លឺជាបន្តបន្ទាប់នោះថា ជាលេសរបស់ថៅកែក្រុមហ៊ុនណាហ្គា ក្នុងការប្រើប្រាស់ប្រព័ន្ធតុលាការដាក់បន្ទុកលើកម្មកររងគ្រោះ ជំនួសឱ្យការផ្តល់យុត្តិធម៌ដល់ពួកគេ ហើយថាការប្ដឹងផ្ដល់នោះទៀតសោតបង្ហាញពីការរំលោភសិទ្ធិការងារនៅកម្ពុជាមានគ្រប់ទម្រង់។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា រដ្ឋាភិបាល និងអាជ្ញារត្រូវដោះស្រាយវិវាទការងារមួយនេះ ជាជាងចេញលិខិតកោះហៅ និងឱ្យកូដករផ្អាកធ្វើកូដករទាំងដំណោះស្រាយមិនទាន់មានតម្លាភាពសម្រាប់កូដករនោះ។
អ្នកស្រីបន្តថា ការចេញលិខិតឱ្យកូដករផ្អាកធ្វើកូដកម្ម និងព្រមានចាត់វិធានការច្បាប់នេះ មិនមែនជាដំណោះស្រាយឡើយ ប៉ុន្តែវានឹងធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលទៅវិញទេ។
អ្នកស្រីបន្តថា៖«បើរដ្ឋាភិបាលចង់បានមុខមាត់ ករណីពាក់ព័ន្ធនឹងការធ្វើកូដករកម្មណាហ្គាវើលដ៍ គឺ អាចផ្សះផ្សាមុខមាត់រដ្ឋាភិបាលបាន គឺការបញ្ចប់វិវាទនេះ ដោយ ស្វែងរកដំណោះស្រាយនៃករណីវិវាទនេះ តម្រូវឱ្យមានការចរចាជជែកគ្នា ដោយសន្តិវិធីករណីរឿងហ្នឹងអ៊ីចឹង ។ បើសិនជារដ្ឋាភិបាលចង់បានមុខមាត់ ឬក៏សាលាក្រុង ឬក៏ក្រសួងការងារចង់បានមុខមាត់ រឿងនេះអាចបំពេញមុខមាត់ហើយ ល្អប្រសើរសម្រាប់ប្រទេសជាតិទាំងមូលទៀត។ ចុះបើមិនធ្វើការសោះស្រាយបញ្ហាឱ្យគាត់ សួរថា អាហ្នឹងខូចមុខមាត់ហ្នឹង សួរថា តើកូដករគាត់ចង់ឱ្យខូចមុខអ៊ីចឹង គឺគាត់មិនចង់ទេ។ ពួកគាត់ចង់ឱ្យចប់វិវាទហ្នឹងណាស់ សូមឱ្យដោះស្រាយវិវាទហ្នឹងទៅ»។
ពាក់ព័ន្ធនឹងរឿងវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះ កាលពីខែមករាដើមឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំ និងសកម្មជនសហជីពចំនួន ១១នាក់ ដែលជាតំណាងរបស់ក្រុមកូដករណាហ្គាវើលដ៏ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមការចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «រារាំងការអនុវត្តវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩»។ តែយ៉ាងណា ក្រោយជាប់ឃុំជិត៣ខែ ពួកគាត់ត្រូវបានតុលាការសម្រេចឱ្យដោះលែងនៅក្រៅឃុំវិញ ដើម្បីចូលរួមការចរចារកដំណោះស្រាយស្រាយវិវាទការងាររួម ដែលអូសបន្លាយជាច្រើនខែមកនេះ។
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតឡើងជាង១ឆ្នាំមកហើយ ក្រោយពេលក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង ៨ ០០០នាក់ ពីការងារ ក្រោមហេតុផលថា «ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩»។ យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មរយៈពេល១០ខែមកនេះ អះអាងថា ការបញ្ឈប់នោះដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕








