ពលរដ្ឋ​នៅ​បឹង​ទំនប់​កប់​ស្រូវ​បារម្ភ​ប៉ះពាល់​លំនៅ​ឋាន​និង​រញ្ជួយដី​ ​ខណៈ​ឈ្មួញ​ដាក់​គ្រាប់​​បំផ្ទុះ​យក​អាចម៍​ដី​លក់​

រូបភាពបង្ហាញពីការ​ចាក់​បំពេញដីផ្នែកខ្លះនៅ​បឹង​តាមោក រាជធានី​ភ្នំពេញ ក្នុង​ខែ​មីនា ឆ្នាំ​២០២២។ (Danielle Keeton-Olsen)

ពលរដ្ឋរស់នៅតំបន់បឹងទំនប់កប់ស្រូវ រាជធានីភ្នំពេញ អំពាវនាវទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់វិធានការលើក្រុមឈ្មួញដែលដាក់គ្រាប់បំផ្ទុះយកអាចម៍ដីលក់ នាំឱ្យរញ្ជួយដី ហើយអាចប៉ះពាល់លំនៅឋានពលរដ្ឋនៅក្បែរតំបន់នោះ។

បើតាមគណនីហ្វេសប៊ុក ឈ្មោះ «Pov Khy» ដែលបានបង្ហោះនូវវីដេអូឃ្លីបកាលពីថ្ងៃសៅរិ៍ម្សិលមិញ  ដែលមានរយៈពេលជាង៣នាទី ដោយភ្ជាប់ចំណងជើងថា «រំជួយដីនៅបឹងកប់ស្រូវ» ។ ក្នុងហ្វេសប៊ុកនោះ បានលើកឡើងថា មួយរយៈនេះ  មានក្រុមឈ្មួញរកស៊ីមួយចំនួន បានយកគ្រាប់បំផ្ទុះជាញឹកញាប់នៅចំកណ្ដាលបឹងកប់ស្រូវ  ដែលជាកន្លែងរណ្ដៅដី ដើម្បីយកអាចម៍ដីទៅលក់ ។

ករណីនេះ លោកអំពាវនាវទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរសង្កាត់គោករកា និងអាជ្ញាធរខណ្ឌព្រែកព្នៅ ចុះស្រាវជ្រាវនិងចាត់វិធានការលើឈ្មួញដែលដាក់គ្រាប់បំផ្ទុះយកអាចម៍ដីលក់  នាំឱ្យរញ្ជួយដី ហើយអាចប៉ះពាល់លំនៅឋានពលរដ្ឋនៅក្បែរនោះជាដើម។

លោកអំពាវនាវថា៖ «ទាន់សភាពការមិនទាន់អី សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយចាត់វិធានការលើឈ្មួញនៅទំបន់កប់ស្រូវហ្នឹងផង ហើយជាពិសេសទំនប់កប់ស្រូវក៏ប្រេះដែរ បើគ្រាប់បំផ្ទុះដំបូងគេដាក់ល្មមៗទេ ឥឡូវគេដាក់ធំទៅៗ ផ្ទះថ្មយោគដូចរញ្ជួយផែនដីអញ្ចឹង»។

លោកថ្លែងបន្តថា៖ «សូមប្តឹងដល់អាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌ និងក្រុង បើឃើញវីដេអូនេះ ជួយពិនិត្យបឹងកប់ស្រូវនេះផង គាត់កាយដីដល់ក្បាលប្រែតទៅវាអស់ដីកាយ អញ្ចឹងវាដាក់គ្រាប់រំសេវបំផ្ទុះម្តងៗ មួយថ្ងៃ៣,៤,៥គ្រាប់ រង្គើផ្ទះនៅអត់បាន ហើយរង្គើកញ្ចក់ចង់ធ្លាក់ចេញពីបង្អួចទៅទៀត» ។

វីអូឌីមិនអាចសុំការបំភ្លឺពី លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងអ្នកនាំពាក្យអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​លោក សាន សុខសីហា បានទេ ខណៈអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ សុំមិនធ្វើការបកស្រាយជុំវិញបញ្ហានេះ ដោយលោកអះអាងថា មិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ ។

នាយកគ្រប់គ្រងកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើសិនជាមានករណីបំផ្ទុះគ្រាប់យកអាចម៍ដីលក់មែន អាជ្ញាធរត្រូវ​ស្រាវជ្រាវឱ្យមានតម្លាភាព និងចាត់វិធានការឱ្យបានតឹងរឹងលើអ្នកដែលប្រព្រឹត្តអំពើខុសច្បាប់ នាំឱ្យប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅតំបន់នោះផងដែរ។

លោកមានប្រសាសន៍ថា៖ «បើមានករណីដូចពលរដ្ឋលើកឡើងមែន ខ្ញុំគិតថា អាជ្ញាធរគួរតែចុះស្រាវជ្រាវនិងចាត់វិធានទៅអ្នកប្រព្រឹត្តទាំងនោះ ពីព្រោះការយកគ្រប់បំផ្ទុះយកអាចម៍ដីជាទង្វើខុសច្បាប់មួយហើយ  និងមួយទៀតអាចប៉ះពាល់ដល់ពលរដ្ឋនៅតំបន់នោះ និងធ្វើឱ្យពួកគាត់មានការភ័យខ្លាច»។

បឹង​តាមោក ឬ​បឹងកប់ស្រូវ មានផ្ទៃដីសរុប៣ ២៣៩​​ហិកតា ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញ​ពី​រាជធានី​​​ភ្នំពេញ ហើយ​បឹ​ងមួយនេះ ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​​កំណត់​យក​​បឹង​ធម្មជាតិ​មួយ​​នេះ​ជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ​២០២១ ផ្ទៃបឹងតាមោក សរុប​ជាង​២ ០០០​ហិកតា​ហើយ ត្រូវបានរដ្ឋាភិបាល​កាត់ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​​​រដ្ឋ ​ក្រុមហ៊ុន​​ឯកជន និង​បុគ្គលឯកជនមួយចំនួន​ដែលគេដឹងថាជាអ្នក​មាន​លុយមានអំណាច សម្រាប់​​សាង​សង់​អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេង​ៗ ព្រម​ទាំង​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ