ព្រះចៅស៊ុលតង់ ហាជី ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា នៅដើមសប្តាហ៍ក្រោយនេះ តបតាមការយាងរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា តបតាមការយាងរបស់ព្រះមហាក្សត្រកម្ពុជា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji HASSANAL BOLKIAH MUIZZADDIN WADDAULAH) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រសួងបន្តថា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ច ព្រះចៅស៊ុលតង់ នឹងមានព្រះរាជសវនាការជាមួយព្រះករុណា ព្រះបាទ សម្តេចព្របរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។ ក្រៅពីនោះ ព្រះចៅស៊ុលតង់ នឹងមានកិច្ចប្រជុំកំពូលទ្វេភាគី ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព បន្ទាប់មកនឹងយាងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃប្រទេសទាំង២ ស្តីពី កិច្ចពិគ្រោះយោបល់ទ្វេភាគី។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងទៀតថា ក្នុងព្រះរាជទស្សនកិច្ចនេះ ព្រះចៅស៊ុលតង់ ក៏នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌលព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ផងដែរ។
បើតាមក្រសួង ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ប្រព្រឹត្តទៅស្របពេលដែលប្រទេសទាំង២ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត នៅក្នុងឆ្នាំនេះ៕