ពលរដ្ឋមួយ​ចំនួន​ដែល​រង​ផល​​​​ប៉ះពាល់​ពី​​​គម្រោង​​ព្រលាន​​​យន្ត​ហោះ​ថ្មី រក្សាជំហរ​មិន​យក​សំណង​​​​៨ដុល្លារ​ក្នុង​​១ម៉ែត្រការ៉េ

ពលរដ្ឋនៅឃុំអំពៅព្រៃ ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល បាន​ប្រមូលផ្ដុំគ្នាតវ៉ា​មុខ​សាលាឃុំ ដើម្បីជំរុញ​ទៅ​អាជ្ញាធរនិង​​ក្រុម​ហ៊ុនផ្ដល់សំណង​​ផលប៉ះ​ពាល់​ដីធ្លីដោយ​គម្រោងអភិវឌ្ឍន៍​ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។ (ឃុត សុគន្ធ)

ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ​ថ្មី ស្ថិត​ក្នុង​​ស្រុក​កណ្ដាល​​ស្ទឹង ខេត្ត​កណ្ដាល នៅតែរក្សាជំហរមិនទទួល​យក​សំណងត្រឹម ៨ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ ​តាម​ការ​កំណត់​របស់ដ្ឋាភិ​បាល ខណៈ​ពលរដ្ឋខ្លះបានទទួលសំណងនេះទាំងបង្ខំ​ចិត្ត ក្រោយអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរ។

បើតាមញត្តិរបស់ប្រជាពលរដ្ឋ​កាលពីឆ្នាំ២០២១ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ថ្មី​ បាន​ធ្វើឱ្យប៉ះពាល់​​ដីធ្លី​​ទំហំ​​ជាង ១លានម៉ែត្រការ៉េ របស់​ប្រជាពលរដ្ឋ ៣៣០​គ្រួសារ ស្ថិត​ក្នុង​ឃុំចំនួន​៤ រួម​​មាន ឃុំ​បឹង​ខ្យាង ឃុំ​អំពៅ​ព្រៃ ឃុំព្រែក​ស្លែង ក្នុង​​ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ស្រុកបាទីខេត្តតាកែវ ដោយផលប៉ះពាល់នេះ រដ្ឋាភិបាល​បានផ្តល់សំណងជាគោលការណ៍​ ៨ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១ម៉ែត្រ​ការ៉េ។

​ពលរ​ដ្ឋ​នៅឃុំបឹងខ្យាង អ្នក​ស្រី ឃឹម ម៉ាលី ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា គ្រួសារអ្នកស្រីបាន​ប៉ះពាល់​ដី​ស្រែ​ទំហំ​​៣៧​​អា និង​​ដីលំនៅឋាន​​​ទំហំ​​២០​​ម៉ែត្រ​គុណ​​៤០ម៉ែត្រ ដែលជាដីមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ។ អ្នក​ស្រីថា​ ការ​ដែល​រដ្ឋាភិបាលផ្តល់​សំណង​ត្រឹម​ ៨ដុល្លារ​ក្នុង​១ម៉ែត្រ​​ការ៉េនោះ គឺ​អ្នកស្រី​មិន​អាច​ទទួល​យក​បាន​ឡើយ ដោយ​ថា សំណងនេះ​តិចតួច​ពេក​មិនយក​ទៅ​ទិញដី​ក្បែរតំបន់ពួកគាត់រស់នៅបាន។

ពលរដ្ឋរូបនេះបន្តថា អ្នកស្រីទាមទារការដោះស្រាយសំណងសមរម្យ ដែលអាចយកទៅទិញដីក្បែរៗ​នោះវិញ​បា​ន ខណៈបច្ចុប្បន្ន​ដី​នៅក្បែរព្រលាននោះ មានតម្លៃចន្លោះពី ៥០ដុល្លារទៅជាង១០០ដុល្លារក្នុង១ម៉ែត្រការ៉េ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំយកម៉េច​កើត​តម្លៃ​ហ្នឹង​[៨ដុល្លារក្នុង១ម៉ែត្រការ៉េ]​ ទៅរកដីកន្លែងផ្សេងណា​បាន​ វាថោកពេក ហើយដែល​គេ​យក គេ​អ្នក​មាន ដល់​យើង​អ្នក​ក្រយើង​យក​ម៉េច​កើត»

ពលរដ្ឋនៅឃុំបឹងខ្យាងម្នាក់ទៀត ​លោក ទួន វណ្ណៈ បានឱ្យដឹងថា គ្រួសារ​លោកបានប៉ះពាល់ដី​លំនៅឋាន និ​ង​ដីស្រែទាំង​ស្រុង​​សរុប​ចំនួន ១ហិកតា ៩៨អា។ លោក​​ថា រហូតមកពេលនេះ លោកមិនទាន់យកសំណងត្រឹម​ ៨ដុល្លារក្នុងមួយ​ម៉ែត្រ​ការ៉េ​​នោះ​​​នៅ​​ឡើយ​ទេ។

ពលរដ្ឋរូបនេះ បន្តថា លោក​មាន​ការ​ឈឺចាប់​ចំពោះ​ការ​រំលោភបំពាន​ដីធ្លី​នេះ ហើយ​មាន​ការ​ព្រួយ​បារម្ភ និងពិបាកចិត្ត ដោយសារ​ការ​ដោះស្រាយមិនបានសមរម្យសម្រាប់ពួកគាត់ ខណៈគ្រួសារលោកកំពុងជួបផលលំបាកក្នុងជីវភាពគ្រួសារ ដោយ​សារ​គ្មាន​ដីធ្លី​សម្រាប់​បង្ក​បង្កើនផល និងជំពាក់បំណុលធនាគារជាដើម។

លោក ទួន វណ្ណៈ បន្ថែម​ថា ពលរដ្ឋមួយចំនួន បានទទួលយកសំណងទាំងបង្ខំចិត្ត ដោយសារអស់ជំនឿលើការដោះស្រាយរបស់​អាជ្ញាធរ និងមិនសង្ឃឹម​ទទួល​បាន​យុត្តិធម៌ពីការដោះស្រាយបញ្ហវិវាទដីធ្លីនេះ។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង៤ឃុំនេះ បារម្ភ វាហួសពីបារម្ភហើយ ដោយសារ​ទី​១ មិន​ដឹង​ទៅរក​លំនៅ​នៅ​ណា ទី២​អត់មានលុយកាក់ទៅធ្វើផ្ទះ ឬទៅទិញដីធ្វើលំនៅឋានថ្មី អីចឹងហើយ ខ្ញុំសូមទទូចដល់រដ្ឋាភិបាលឱ្យពន្លឿនការដោះស្រាយឱ្យបានឆាប់ កុំឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារកា​របិ​ទកា​រ​ទិញ​លក់ បិទ​មិន​ឱ្យធ្វើស្រែ និងរងគ្រោះ​មួយ​ទៀត​ខ្វះលុ​យកាក់​ឱ្យ​កូន​រៀន​សូត្រ»

អភិបាល​ស្រុក​កណ្ដាល​ស្ទឹង លោក អ៊ូច សាវឿន មិនអាចបញ្ជាក់ជាក់លាក់បានទេថា នៅសល់ពលរដ្ឋប៉ុន្មានគ្រួសារទៀតដែល​មិនទាន់ទទួលយក​សំណងត្រឹម៨ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ​​នោះ​ទេ​ ប៉ុន្តែ​លោក​ថា បច្ចុប្បន្ននៅសល់ពលរដ្ឋតិច​តួចប៉ុណ្ណោះ​ដែល​មិនទាន់ទទួលយកសំណងនេះ។ ចំពោះសំណងវិញ លោកថា គ្មានប្រែប្រួលណាមួយឡើយ គឺ​នៅ​៨ដុល្លារក្នុង​មួយម៉ែត្រ​ការ៉េ​​​ដដែល។

លោកបន្ថែមថា៖ «អូរអត់មានការប្រែប្រួលទេ គឺនៅ៨ដុល្លារដដែល ដែលសំណងនេះ កំណត់ជាគោលការណ៍​ដោយ​រដ្ឋាភិបាល​ មិនមែនយើងអាជ្ញាធរជាអ្នកកំណត់ទេ»

កាលពីថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយផ្ដល់ដីរដ្ឋទំហំប្រមាណ២ ៦០០ហិកតា ដែល​លាត​សន្ធឹង​លើ​ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ ទៅឱ្យក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) វិនិយោគរួមគ្នាជាមួយសាជីវកម្មក្រៅប្រទេស និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមួយនេះ។

មន្ត្រីសម្របសម្រួលគម្រោង​ធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា តាមច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល និង​ច្បាប់អស្សាមិករណ៍ ​​គឺរដ្ឋអាចដកហូតដីពលរដ្ឋមានបណ្ណកម្មសិទ្ធិស្របច្បាប់ទៅអភិវឌ្ឍន៍​បាន លុះត្រាតែ​មាន​ការ​ផ្តល់​​សំណង​សមរម្យ និងមានការយល់ស្របពីម្ចាស់ដីផងដែរ។

លោកបន្ថែមថា៖ «ទាំងរដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល ច្បាប់អស្សាមិករណ៍ គឺ​បានចែងយ៉ាងច្បាស់ណាស់ថា ការដែលដកហូតអចលនទ្រព្យរបស់នីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ គឺត្រូវតែមានសំណងសមរម្យ និងមាន​ការយល់ព្រមពីម្ចាស់អចលនទ្រព្យហ្នឹងផងដែរ ហើយប្រសិនបើយកដោយពុំមានការយល់ព្រម គ្មានផ្ដល់សំណងសមរម្យអាចទទួលយកបាន​ទេ អាហ្នឹងគឺ​ជាការដកហូតដោយខុសច្បាប់ ហើយជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ ជាពិសេសមានដីធ្លី និងលំនៅឋាន​សមរម្យ»។

កាលពីថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានបញ្ជាទៅអភិបាលខេត្តកណ្ដាល លោក គង់ សុភ័ណ្ឌ ឱ្យពិនិត្យនិង​ដោះស្រាយសំណង​ជូន​ពលរដ្ឋជាង១០០គ្រួសារ រស់នៅឃុំបឹងខ្យាង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុន OCIC និងក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនម៉ៅការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ប៉ុន្តែពលរដ្ឋអះអាងថា រហូតមកពេលនេះ មិនទាន់មាន​ដំណោះស្រាយ​ណាមួយ​ជូន​ពលរដ្ឋ​នោះ​ទេ ក្រៅពីបង្ខំឱ្យពួកគាត់ដោះដូរ និង​ទទួល​យកសំណង​ត្រឹម​៨ដុល្លារក្នុង១ម៉ត្រការ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ