ពលរដ្ឋ​​​​​បឹង​តាមោក​បោះ​​តង់​​យាម​​មិន​​​ឱ្យ​អាជ្ញាធរ​ចាក់​ដី​លុបក​ន្លែង​អាស្រ័យផ​ល​ ខណៈវិវាទដីធ្លី​មិន​ទាន់​ដោះស្រាយ​ចប់

ពលរដ្ឋនៅបឹងតាមោក អង្គុយយាម​នៅក្បែរបឹង ដោយបារម្ភខ្លាចអាជ្ញាធរចាក់ដីលុប​ប៉ះពាល់ដល់ដីអាស្រ័យផល និងផ្ទះរបស់គាត់។ រូបថតពីពលរដ្ឋនៅបឹងតាមោក

ប្រជា​ពលរដ្ឋប្រមាណ​ ៣០​នាក់ តំណាង​ឱ្យ​​​២៥០​គ្រួសារ រស់​​នៅជា​ប់​​បឹង​​​តាមោក ស្ថិត​​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ នៅថ្ងៃអង្គារនេះ បានបោះតង់លើដីកំពុងមានជម្លោះ និងដាក់វេន​​​​​​​​​​គ្នាយាមមិនឱ្យអាជ្ញាធរចាក់ដីលុប​បឹងតាមោក ប៉ះពាល់ដល់កន្លែងអាស្រ័យផលរបស់ពួកគេ ខណៈជម្លោះដីធ្លីនេះមិនទាន់បានដោះស្រាយចប់។

ចាប់តាំងពីដើមឆ្នាំ២០២០មក អាជ្ញាធរខណ្ឌព្រែកព្នៅ បានចោទ​​ពលរដ្ឋ ២៥០គ្រួសារ នៅជាប់បឹងតាមោកក្នុង​ភូមិសំរោង​ត្បូង សង្កាត់សំរោង ថារស់​នៅ​លើ​ចំណី​ផ្លូវ​លេខ​១៥១ ដោយ​ខុស​ច្បាប់ និង​បាន​ឱ្យ​ពលរដ្ឋ​ទាំង​នោះ​ដោះដូរ​ទៅ​ទីតាំង​ថ្មី ហើយ​អាជ្ញាធរបានចាក់លុប​កន្លែង​ចិញ្ចឹម​ត្រី​ ឬ​​កន្លែង​អាស្រ័យផល​ផ្សេង​ទៀត ប៉ុន្តែត្រូវបានប្រជាពលរដ្ឋតវ៉ាប្រឆាំង​ទាម​ទារអភិវឌ្ឍន៍​នៅ​នឹង​កន្លែង ដោយថា ពួកគេបានកាន់កាប់ និងអាស្រ័យតាំងពីឆ្នាំ១៩៩០មកម្លេះ។

ពលរដ្ឋរស់នៅភូមិសំរោងត្បូងកញ្ញា ស៊ា ដាវី ប្រាប់វីអូឌីថា អាជ្ញាធរខណ្ឌព្រែកព្នៅ បានធ្វើសកម្មភាពចាក់ដីលប់បឹងតាមោករាល់​ថ្ងៃ​ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​កន្លែង​ចិញ្ចឹម​ត្រី​របស់​ប្រជា​ពលរដ្ឋ និង​រំលោភ​ចូល​ជិត​ដល់​ផ្ទះ​អ្នក​ភូមិ​ផង​ដែរ ខណៈ​ការដោះ​ស្រាយ​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​ទាន់​បាន​លទ្ធផល​​ណាមួយនៅ​ឡើយ។

ពលរដ្ឋរូប​នេះ​បន្ត​ថា ការដែល​អ្នក​ភូមិ​​​នាំ​គ្នាមក​បោះតង់​​ដាក់​វេន​គ្នា​ដេក​យាម គឺ​ដើម្បី​រារាំ​ង​​​កុំ​​ឱ្យ​​អាជ្ញាធរ​​បន្ត​ចាក់ដី​លុប​​បឹង​ប៉ះ​ពាល់​​កន្លែង​​អាស្រ័យផល និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដោយរងចាំការដោះស្រាយជាមុនសិន។

កញ្ញាបន្ថែមថា៖ «ម្ចាស់​ក្រុម​ហ៊ុន​ទាំង​ឡាយ​ដែល​មក​ចាក់​ដី​លុប​បឹង​អត់​ដែល​បាន​រស់​​នៅក្នុងភូមិ​យើង​១ថ្ងៃ ឬ​ក៏​មួយ​ម៉ោងផង​ទទួល​បាន​កម្មសិទ្ធិលើដីនេះរាប់រយហិកតា ជាពិសេស​អ្នកធំអ្នកមានអំណាច។ ចំណែកពួកយើងរស់នៅតាំងពីឆ្នាំ១៩៩០​មក គឺពួកយើងអត់ចង់ដោះដូរទៅក​ន្លែង​ផ្សេង​ទេ ព្រោះយើង​ប្រឈម​ការ​រុះ​ផ្ទះ គ្មាន​លុយ​ជួស​ជុល​លំនៅឋាន។ សួរថា ហេតុអី​ឱ្យ​ពួក​យើង​ចេញ បើ​ដី​បឹង​ទំហំ​ជាង​ ៣ពាន់​ហិកតា ប៉ុន្តែ​យើង​សុំ​តែ​៥ហិក​តា ហេតុអី​បាន​ជា​មិន​ឱ្យ​ពួក​យើង​រស់នៅ​ផ​ង»

តំណាង​ពលរដ្ឋ​ អ្នកស្រី ប្រាក់ សុភា និយាយ​ថា ការដោះស្រាយរបស់អាជ្ញាធរកន្លងមក គឺមានតែការបង្ខំឱ្យពលរដ្ឋដោះដូរទៅទីតាំង​ថ្មី ប៉ុន្តែអ្នកភូមិមិនព្រមទទួលយកការដោះស្រាយនេះ។

តំណាងពលរដ្ឋរូបនេះ បន្តថា អ្នកភូ​មិ​រក្សាជំ​ហរ​សុំអ​ភិវឌ្ឍន៍​នៅ​នឹង​កន្លែង និង​ស្នើសុំបណ្ណកម្មសិទ្ធិ ដូចអ្នកមានលុយមានអំណាច និងពលរដ្ឋផ្សេងទៀតដែលដីក្នុងតំបន់នោះដែរ។

អ្នកស្រីបន្ថែមថា៖ «ខាង​សាលា​ក្រុង​ប្រហែល​គាត់​មិន​បាន​មើល​ខ្លឹម​សារញត្តិរបស់​ប្រជា​សហគមន៍​ទេ បាន​ជា​គាត់​ព្យាយាមឱ្យប្រជាពលរដ្ឋដោះដូរទៅកន្លែងថ្មី។ អីចឹងសួរថា ដីបឹងតាមោកមួយទាំងមូលហ្នឹង រស់នៅបានតែមន្ត្រីនៅក្រសួងស្ថាប័ន រដ្ឋ និងក្រុមហ៊ុនឯកជនទេ ហើយប្រជាពលរដ្ឋក្រីក្រមិនអាចរស់នៅបានមែន។ ការអភិវឌ្ឍ​​មានការរើសអើងប្រជាពលរដ្ឋ អភិវឌ្ឍន៍ដោយការបណ្តេញពលរដ្ឋចេញ អភិវឌ្ឍន៍លើទឹកភ្នែកប្រជាពលរដ្ឋ សួរថា ការអភិវឌ្ឍ​​​មានន័យអត់»

អភិបាលខណ្ឌព្រែកព្នៅលោក ធឹម សំអាន មានប្រសាសន៍ថា អាជ្ញាធរមិនទុកពលរដ្ឋទាំងនោះចោលឡើយ គឺអាជ្ញាធរសម្របសម្រួលដោះស្រាយបន្តទៀត​នៅក្រោយ​ចប់​ប្រជុំ​អាស៊ាន ប៉ុន្តែលោកមិនបញ្ជាក់ថាដោះស្រាយរបៀបណានោះទេ។

លោកបន្ថែមថា៖ «សួរទៅពួកគាត់​ទៅ ពួកគាត់ដឹងហើយថា ពួកខ្ញុំដោះស្រាយយ៉ាងម៉េច​ឱ្យ​ពួក​គាត់។ ត្រូន​បង្ហោះ​ហើយៗកុំឱ្យ​តែបងប្អូនប្រជាពលរដ្ឋបន្លប់​គេ រងចាំ​ខ្ញុំ​ជា​ពី​ជំងឺកូ​វីដ និងគេបញ្ចប់ការប្រជុំអាស៊ាន ហើយយើងចេះតែបង្កឱ្យខូចសណ្តាប់ធ្នាប់​ហ្នឹង គេ​មិន​មែន​មិន​ដោះស្រាយឱ្យយើង​អី​ណា»

អភិបាលរង​រាជធានីភ្នំពេញ លោក កើត ឆែ ធ្លាប់ប្រាប់វីអូឌីថា អាជ្ញាធរ​មិនអាច​ឱ្យ​ពលរដ្ឋអភិវឌ្ឍន៍​នៅនឹងកន្លែងបានឡើយ ដោយ​សារ​​​ពលរដ្ឋទាំងនោះ​​រស់នៅលើចំណីផ្លូវ​លេខ​១៥១ ដោយខុសច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលគ្រោងពង្រីកឱ្យបាន៥០ម៉ែត្រ។

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​២០២២ តំណាង​ប្រជាពលរដ្ឋ​ប្រមាណ​​៣០​​នាក់ បាន​​​​​​នាំ​គ្នាដាក់ញត្តិ​នៅស្ថា​ន​ទូត​សហរដ្ឋអាមេរិក​​ប្រចាំ​​នៅ​​កម្ពុជា ដើម្បី​សុំ​ឱ្យស្ថានទូតមួយនេះ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ​បញ្ចប់​ជម្លោះដីធ្លីជូន​ពួក​គេ​ឱ្យមានតម្លាភាព និងយុត្តិធម៌។

ក្នុងញត្តិដដែលនេះ លើក​ឡើង​ថា ក្រោម​ជម្លោះដី​ធ្លីនៅ​បឹង​តាមោក​នេះ គឺ​អាជ្ញាធរបានធ្វើទុក្ខបុកម្នេញលើពលរដ្ឋ ដូច​ជា ការ​ប្រើ​ហិង្សា ប្តឹង​តំណាង​​ពលរដ្ឋ៧នាក់​ ទៅតុលាការ និងគំរាមកំហែងឱ្យពលរដ្ឋដោះដូរទៅទីតាំង​ថ្មីទាំងបង្ខំជាដើម។

អ្នកសម្រប​សម្រួល​គម្រោង​ធុរកិច្ច និងសិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា ការដោះស្រាយផលប៉ះពាល់ដោយបង្ខិតបង្ខំ និងគំរាមកំហែងឱ្យពលរដ្ឋទទួលយកសំណងនោះ គឺជាទង្វើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សដែលការពារដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។

ចំណែក​ប្រធានគម្រោង​សិទ្ធិ​លំនៅ​ឋាន និង​ស្រាវ​ជ្រាវ​ នៃ​អង្គការ​សមាគម​ធាង​ត្នោត​ លោក ស៊ាង មួយឡៃ ធ្លាប់​លើក​ឡើង​ថា ក្រោមគម្រោង​អភិវឌ្ឍន៍​​បឹង​តាមោក​របស់​រដ្ឋាភិបាលបានបង្កឱ្យ​មាន​​ភាព​អយុត្តិធម៌សង្គម។

លោក ស៊ាង មួយឡៃ បន្ត​ថា ក្រុមហ៊ុន​ឯក​ជន ស្ថាប័ន​រដ្ឋ និងអ្នកមានលុយមានអំណាចមានសិទ្ធិទទួល​​បានដីបឹង​មក​ធ្វើជា​កម្ម​សិទ្ធិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅ និងអាស្រ័យផលនៅជាប់បឹងនោះ​រាប់ឆ្នាំ បែរ​​​ជាមិន​​ទទួល​បាន​​កម្ម​សិទ្ធិ​លើដីរបស់ខ្លួន និងត្រូវរងនូវ​ការបណ្តេញចេញពីលំនៅឋាន​ទាំងបង្ខំ​ថែមទៀត។

លោកបន្ថែមថា៖« យើងឃើញថា ប្រជាពលរដ្ឋក្រីក្រដែលរស់នៅតាំងពីយូរណាស់មក​ហើយ នៅតាមទីតាំង​តំបន់ជាប់បឹងនោះ ត្រូវ​បាន​គេ​បណ្ដេញចេញ ឬគំរាមកំហែងឱ្យចេញពីទីតាំង​ហ្នឹង ហើយយកដីនៅទីតាំងហ្នឹង​ទៅឱ្យអ្នក​មាន​លុយ​មានអំណាច​​វិញ ដែលបញ្ហានេះ វាបង្ក​ឱ្យមានការឈឺចាប់ និងប៉ះពាល់ធ្ងន់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ»

គួរបញ្ជាក់​ថា បឹងតាមោក ឬ​បឹងកប់ស្រូវ មានផ្ទៃដីសរុប៣២៣៩​​ហិកតា ជា​អាង​ស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានី​​ភ្នំពេញ ហើយ​បឹ​ងមួយនេះ ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​កំណត់យក​បឹង​ធម្មជាតិ​មួយ​នេះជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ​២០២១ ផ្ទៃបឹងតាមោក សរុប​ជាង២ ០០០​ហិកតា​ហើយ ត្រូវបានរដ្ឋាភិបាល​កាត់ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​​​រដ្ឋ ​ក្រុមហ៊ុន​​ឯកជន និង​បុគ្គលឯកជនមួយចំនួនដែលគេដឹងថាជាអ្នក​មាន​លុយមានអំណាច សម្រាប់​​សាង​សង់​អគារ និងហេដ្ឋារចនាសម្ពន្ធផ្សេង​ៗ ព្រម​ទាំង​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ