លោក កឹម សុខា៖ ឯករាជ្យ​​ជាតិ​​​ពិត គឺ​​ត្រូវ​គោរព​សិទ្ធិ​គ្នា​​​ដោយ​​មិន​​យក​​​​គ្នា​ជា​​សត្រូវ

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រ​ធាន​​​​​គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា បានយកទិវាបុណ្យ​​ឯករាជ្យ​ជាតិ​ផ្ញើ​សារ​ទៅ​ភាគី​​ពាក់​ព័ន្ធ​ថា ដើម្បី​ឱ្យមាន​ឯករាជ្យជាតិ​ពិត​ ពលរដ្ឋខ្មែរ​ត្រូវគោរព​សិទ្ធិ​គ្នា មិន​​បង្ក​​ឱ្យ​ការឈឺចាប់ និង​មិន​យក​ខ្មែរ​ណា​ម្នាក់​ជា​សត្រូវ។

លោក កឹម សុខា បានសរសេរលើទំព័រ​ហ្វេសប៊ុក​របស់លោក នាថ្ងៃទី​​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ មុនមួយ​​​ថ្ងៃ​នៃ​​​​​ទិវា​បុណ្យឯ​ក​រាជ្យជា​តិ ថ្ងៃទី​៩ ខែវិច្ឆិកា ដែល​ជាខួបអនុស្សាវរីយ៍លើកទី​៦៩ (០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០២២) ។

ក្នុងសំណេរនោះ លោក កឹម សុខា បានលើកឡើងថា៖ «ឯករាជ្យ​ជាតិ​ គឺជាមោទនភាព​ជាតិ។​ ដើម្បី​ឱ្យ​មាន​​ឯករាជ្យ​ជាតិ​ពិត​ គឺត្រូវគោរពសិទ្ធិគ្នា ១. បើខ្មែរចេះ​គោរព​សិទ្ធិ​គ្នា​មិន​បង្ក​ឱ្យមាន​ការ​ឈឺ​ចាប់ មិ​ន​យក​ខ្មែរណាជា​សត្រូវ នោះនឹ​ង​នាំ​មក​នូវ​សាមគ្គី​ភាព​ជាតិ។ សាមគ្គីភាព​ជាតិ​នាំ​ឱ្យ​មាន​ឯកភាព​ជាតិ និង​នាំមកនូវឯករាជ្យជាតិរឹង​មាំ»

ការលើកឡើង​របស់​លោក កឹម សុខា ស្របពេលដែលលោក​នៅជាប់បម្រាម​​​តុលាការ​​ ដែល​​ ហា​​ម​​សិទ្ធិ​​​​មិន​​​ឱ្យ​​​ធ្វើ​​នយោបាយនៅឡើយ ហើយបច្ចុប្បន្នលោក​ក៏​កំពុង​តតាំង​ក្ដី​នៅ​តុលាការ ជុំវិញ​បទចោទប្រកាន់ «គប់គិតជាមួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល» ស្របពេល​ដែល​បក្សប្រឆាំង​មួយ​នេះ ត្រូវ​បាន​តុលាការកំពូលរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ សាលដីកាតុលាការ​កំពូល​​នេះ បានបើកផ្លូវឱ្យមានការរឹបអូសអាសនៈ ក្នុងសភា និងឃុំសង្កាត់ ដែលមានចំនួន ប្រហាក់ប្រហែលគណបក្សប្រជាជនកម្ពុជា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា បរិបថ​បច្ចុប្បន្ន មិន​បាន​បង្ក​ការ​ឈឺចាប់​ដល់​បុគ្គល​ណា​មួយឡើយ​ ហើយ​អ្វីដែលកើតឡើងលើថ្នាក់ដឹកនាំបក្សប្រឆាំងកន្លងមក ជាការអនុវត្តច្បាប់។

លោកថា៖ «ក៏ប៉ុន្តែនៅក្នុងបរិបទកម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យហ្នឹង នីតិ​រដ្ឋ​នេះ អ្នក​ណាដែល​ប្រព្រឹត្ត​ខុសច្បាប់ គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះមុ​ខ​ច្បាប់ ដូច្នេះ​អ្នក​ដែល​ប្រព្រឹត្តខុស​​ច្បាប់​​ហើយ ត្រូ​វ​ទទួល​ខុស​ត្រូវ​​ចំពោះ​​មុខច្បាប់​នឹង​ហើយដែលឈឺចាប់ចំពោះទង្វើរបស់ខ្លួន​នឹង​ឯង​ អត់​មាន​ពីណាធ្វើ​គាត់​ទេ គឺ​គាត់​ធ្វើ​ខ្លួន​ឯង​ហ្នឹង»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណរ៉ា យល់ថា ការលើកឡើងរបស់លោក កឹម សុខា នេះ ទំនងលោក​ចង់​ឱ្យ​មាន​ការ​អធ្យា​ស្រ័យ និង​សម្រប​សម្រួល​គ្នា ខណៈ​បច្ចុប្បន្ន​មេដឹក​នាំ​រូប​នេះ កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អ្នក​នយោបាយ​បក្ស​កាន់​អំណាច។  

លោកថា៖ «គាត់ក៏មិនមានវប្បធម៌សងសឹកអីដែរ ឬក៏យកអ្នកណាជាសត្រូវដែរ នេះ​ជាភាសា​មួយ បើក​ផ្លួវ​សម្រាប់ដោះ​បន្ទុក​របស់​គាត់ ព្រោះ​នៅ​ក្នុងរយៈពេល ២​ខែ វាមិន​យូរទេ គាត់​នឹង​ដល់​​ពេល​គេសម្រេច ប៉ុន្តែយន្តកាលនេះ វាអត់មានឥទ្ធិពល បើយើងនិយាយមែនទែន សម្រាប់ទៅតុលាការ ឬសម្រាប់អ្នកនយោបាយដែលកំពុងកាន់អំណាច ខ្ញុំគិតថា វាអត់មានឥទ្ធិពលអីទេ។ វាគ្រាន់តែជាការកសាង ឬក៏​បញ្ចេញវោហាស័ព្ទឱ្យមហាជន ឬមតិអន្តរជាតិ ជួយតាមដានពិនិត្យមើលទេ»

ជាមួយគ្នានេះដែរ លោកឯម សុវណ្ណរ៉ា កត់សម្គាល់​ឃើញ​​ថា កម្ពុជាទទួលបានឯករាជ្យ​​ចាប់​តាំងពី​ឆ្នាំ​១៩៥៣​មក ប៉ុន្តែការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា មិនទាន់មានលក្ខណៈឯករាជ្យទេ ដោយសារ​​កម្ពុជានៅ​ពឹងពាក់ផ្នែកសេដ្ឋកិច្ច និង​ឥទ្ធិពល​នយោបាយ​បរទេស​ច្រើន។

ដើម្បីទទួលបានឯករាជ្យពិតប្រាកដនោះ លោកថា ពលរដ្ឋកម្ពុជាត្រូវមានម្ចាស់ការដោយខ្លួនឯង និងកាត់បន្ថយវប្បធម៌ឈ្លោះគ្នា និងគុំគួន​គ្នា​ ព្រមទាំងបញ្ឈប់ការប្រើប្រាស់វប្បធម៌សងសឹង ហើយចេះអធ្យាស្រ័យគ្នា ដោយកម្តល់​ផលប្រយោជន៍ជាតិជាធំ។

លោកថា៖ «ធ្វើម៉េចសង្គមយើងឱ្យមានលក្ខណៈសូលីត​គេហៅថា ឯកភាពជាតិ ហើយយើងចេះអធ្យាស្រ័យគ្នា ចេះយោបល់គ្នា ជាកត្តា​សំខាន់ និងចាំបាច់។ អ្នកដឹកនាំត្រូវឈរ​​លើគោល​នយោបាយ​ជាតិ​ឱ្យ​មាន​លក្ខណៈ​ឆ្លើយតប​ទៅនឹង​សហគមន៍​អន្តរជាតិ​ជាទូទៅ កុំសម្រាប់​តែ​មហាអំណាចណាមួយ ​បា​ន​ន័យ​ថា យើង​ទទួល​យក​មហាអំណាច​ទាំងអស់​លើសកល​លោក ដើម្បីផលប្រយោជន៍ទាំងអស់ កុំយកតែប្រទេសណាមួយ ​កុំតែទិសខាងកើត ឬកុំតែទិសខាងលិច យើងយកគ្រប់ទិស ខាងលិច​ក៏​យក ទិសខាងកើតក៏យក ទាំង​បួន​ទិស​យក​ទាំង​អស់»។

មួយឆ្នាំមុនការយាងចូលទិវង្គត ពោលគឺនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១ ក្នុងឱកាស​​​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើន​ព្រះជន្ម​ព្រះអង្គយាង​ចូល​៩០ព្រះវស្សា​ ព្រះក​រុណា ព្រះបាទ​សម្តេចព្រះនរោត្តម សីហនុ បានមានព្រះរាជបណ្តាំផ្ញើជនរួមជាតិទាំងអស់ ពិសេសអ្នកនយោបាយខ្មែរ ឱ្យ​​នាំ​គ្នារួបរួមសាមគ្គី និងឯកភាពគ្នាកាន់តែរឹងមាំ។

ព្រះរាជ​បន្ទូល​​ជាង​​២០​​នាទី កាល​​នោះ ព្រះអង្គបញ្ជាក់​ថា កម្ពុជា​​មិន​​ចង់​ធ្វើ​ជា​មហា​អំណាច​​ទេ តែ​​ចង់ឱ្យ​​​ពិភពលោកទទួលស្គាល់ថា ​ប្រជាជាតិកម្ពុជារួប​រួម​សាមគ្គីគ្នា ដែល​ជា​កម្លាំងរ៉ឹងមាំរបស់កម្ពុជា។

ព្រះអង្គមានព្រះរាជបន្ទូលថា៖ «យើងសប្បាយណាស់ដែលជាលើកទី១ហើយ យើង​បាន​រួបរួមគ្នា​ជាធ្លុង​មួយ ដែល​នរណា​ក៏​បំបែក​បំបាក់​មិន​បាន​ដែរ ធ្វើ​ឱ្យ​ទន់​ខ្សោយ​ទៅ​វិញ​មិន​បាន​ដែរ។ យើងច្បាស់ចេះតែខ្លាំងទៅៗ នូវវិស័យ​អ្វី​ក៏ដោយ ក៏យើងចេះតែខ្លាំងទៅហើយ»

មាត្រា​៥២ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ចែង​ថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចប្តេជ្ញារក្សា​ការ​ពារ​ឯករាជ្យ អធិប​តេយ្យ បូរណ​ភាព​ទឹក​ដី។ លើសពីនេះ អនុវត្តនយោបាយ​បង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ រក្សាទំនៀមទម្លាប់ និងប្រពៃណីរបស់ជាតិ។ 

ចំណែកមាត្រា​៥៣​វិញ ចែង​ថា កម្ពុជាប្រកាន់ភ្ជាប់នូវនយោបាយអព្យាក្រឹត​អចិន្ត្រៃយ៍ និង​មិនចូល​បក្សសម្ព័ន្ធ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ