យុវជនខ្មែរថាវរៈចំនួន ៦នាក់បានអះអាងថា អាជ្ញាធរបានឃ្លាំមើលពួកគេដែលកំពុងធ្វើយុទ្ធនាការបង្អត់អាហារ ដោយថាជាការធ្វើស្របគ្នាជាមួយកញ្ញា សេង ធារី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារ ដើម្បីទាមទារឱ្យដោះលែងមេធារីអន្តរជាតិសញ្ជាតិខ្មែរ-អាមេរិករូបនេះ។
នៅថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី២ ដែលក្រុមយុវជនខ្មែរថាវរៈចំនួន៦នាក់ ធ្វើយុទ្ធនាការមិនបរិភោគអាហារនៅលើភ្នំមួយកន្លែងដែលមានចម្ងាយប្រមាណ ៣០គីឡូមែត្រពីទីរួមខេត្តព្រះវិហារ ហើយត្រូវបានអាជ្ញាធរឃ្លាំមើល និងសាកសួរ ព្រមទាំងពិនិត្យអត្តសញ្ញាណបណ្ណដែលធ្វើឱ្យក្រុមយុវជនខ្មែរថាវរៈយល់ថា ជាការឹតត្បឹតសេរីភាពពួកគេ។
សមាជិកខ្មែរថាវរៈមួយរូប លោក ហ៊ុន វណ្ណៈ បានឱ្យដឹងថា ក្រុមរបស់លោកបានចាកចេញទៅទៅតស៊ូមតិបង្អត់អាហារ នៅមុខពន្ធនាគារខេត្តព្រះវិហារ ដែលជាកន្លែងឃុំខ្លួន កញ្ញា សេង ធារី។ លោកបន្តថា មូលហេតុដែលក្រុមលោកសម្រចចិត្តចាកចេញមុនកាលកំណត់ដោយសារតែមានអាជ្ញាធរមូលដ្ឋានបានមកសួរនាំ ពិនិត្យអត្តសញ្ញាណបណ្ណ និងឃ្លាំមើលពួកគេ។
លោកបន្តថា៖«រងសម្ពាធៗ យើងចង់នៅឱ្យបានយូរ ប៉ុន្តែគេអាចមកដឹងកន្លែងយើង គេមកថតអត្តសញ្ញាណ បណ្ណយើង ហើយយើងមានអារម្មណ៍ថា មិនជាសុវត្ថភាពអីប៉ុន្មាន នឹងបន្តនៅពន្ធនាគារតែម្ដង»។
លោកបន្តថា ចំពោះស្ថានភាពសុខភាពរបស់ក្រុមលោកកំពុងតែចុះខ្សោយជាខ្លាំង ប៉ុន្តែសម្រាប់ឆន្ទៈក្រុមលោក គឺនៅបន្តមិនបរិភោគអាហារបន្តទៀត។ លោកយល់ថា គឺជាកម្លាំងជំរុញទឹកចិត្តពីខាងក្រៅទៅកាន់កញ្ញា សេង ធារី ដែលប្ដេជ្ញាតស៊ូមតិមិនបរិភោគអាហាររយៈពេលមួយអាទិត្យដូចគ្នាក្នុងពន្ធនាគារ។
លោកបន្តថា៖«យើងបន្តរហូត យើងដឹងថាស្ថានភាពវាលំបាកហើយ តែយើងបន្តធ្វើឱ្យអស់ពីលទ្ធភាពដោយសារតែបង សេង ធារី គាត់ធ្វើនៅក្នុងនោះហើយ ហើយយើងអ្នកនៅក្រៅនេះគឺយើងតស៊ូឱ្យបានដូចគាត់បានប្រាំពីរថ្ងៃដូចគាត់ដែរ»។
សកម្មជនខ្មែរថាវរៈរូបនេះសង្ឃឹមថា អាជ្ញាធរនឹងមិនបំបិទសិទ្ធិរបស់ពួកគេដោយគ្រាន់តែបង្អត់អាហារដើម្បីទាមទារឱ្យមានការដោះលែងកញ្ញា សេង ធារី នោះឡើយ។ លោកស្នើសុំទៅដូច្នេះ ដោយថា កន្លងទៅនៅពេលដែលឃុំខ្លួនប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ក្រុមខ្មែរថាវរៈបានបាតុកម្មតាមដងផ្លូវតែត្រូវបានអាជ្ញាធរចាប់ពួកគេដាក់ពន្ធនាគារ ដូច្នេះលោកសង្ឃឹមថានឹងមិនមានរឿងនៅពេលនោះម្ដងទៀតនោះទេ។
ចំណែកសមាជិកក្រុមខ្មែរថាវរៈម្នាក់ទៀត កញ្ញា ឈឿន ដារ៉ាវី បានឱ្យដឹងថា ទោះបីជាសមាជិកក្រុមមានបញ្ហាសុខភាព និងឈឺក្បាលក្ដី តែក្រុមរបស់កញ្ញានឹងបន្តធ្វើយុទ្ធនាការតស៊ូមតិបង្អត់អាហារនេះបន្តទៀត។
កញ្ញាបន្ថែមថា កញ្ញា សេង ធារី ជាគឺជាអ្នកតស៊ូមតិឱ្យមានការផ្លាស់ប្ដូរអយុត្តិធម៌សង្គមក្នុងប្រទេសកម្ពុជា ហេតុដូច្នេះកញ្ញាសង្ឃឹមថា ក្រុមខ្មែរថាវរៈ និងពលរដ្ឋខ្មែរផ្សេងទៀតនឹងចូលរួមយុទ្ធនាការតស៊ូដើម្បីទាមទារឱ្យដោះលែង កញ្ញា សេង ធារី និងអ្នកទោសនយោបាយផ្សេងទៀតដែលកំពុងជាប់ឃុំដោយអយុត្តិធម៌ ។
លោកថា៖«តែគាត់សុខចិត្តជាប់នៅពន្ធនាគាស្រុកខ្មែរលំបាកលំបិននេះក៏ដោយសារតែសង្គមជាតិយើងទាំងអស់នេះដែលធ្វើឱ្យយើងរន្ធត់ចិត្តដែលគាត់ចាប់ផ្ដើមពហិការមិនពិសារបាយដើម្បីទាមទារឱ្យដោះលែងគាត់ ហើយពួកយើងក៏ចូលរួមឱ្យមានយុត្តិធម៌ចំពោះគាត់»។
នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា តាមរយៈទំព័រហ្វេសបុករបស់ កញ្ញា ឈឿន ដារ៉ាវី បានឱ្យដឹងថាពួកគេបានផ្លាស់ប្តូរទីតាំងមកធ្វើយុទ្ធនាការបង្អត់អាហារនៅខាងមុខពន្ធនាគារខេត្តព្រះវិហារ ហើយត្រូវបានអាជ្ញាធររារាំង ប៉ុន្តែពួកគេនៅបន្តធ្វើយុទ្ធនាការនេះដោយអង្គុយសមាធិ ដោយមានកន្សែងរុំក្បាលមានសរសេរថា ដោះលែង កញ្ញា សេង ធារី ។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យកញ្ញា សេង ធារី បានលើកឡើងថា លោកមិនទាន់ដឹងពីស្ថានភាពសុខភាពរបស់កូនក្តីលោកបាននៅឡើយទេ ដោយសារតែលោកកំពុងស្ថិតនៅក្រៅប្រទេស។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យខេត្តព្រះវិហារ លោកស្រី ចឹក ហេង នៅថ្ងៃអង្គារបានទេ។
ចំណែក ស្នងការរងនគរបាលខេត្តព្រះវិហារ លោក នួន សុវិរិទ្ធ បានឱ្យដឹងថា ករណីមានអាជ្ញាធរទៅឃ្លាំមើលនោះ គឺស្ថិតក្នុងដែនសមត្ថកិច្ចនរគបាលចរាចរណ៍។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានឱ្យដឹងថា ការពហិការទទួលអាហារនេះគឺ ជាការតស៊ូមតិដោយអហិង្សាក្នុងការទាមទារស្វែងរកសេរីភាពសម្រាប់អ្នកជាប់ឃុំនយោបាយ កញ្ញា សេង ធារី នេះ។ លោកថា រដ្ឋាភិបាលគួរតែចួលរួមដោះស្រាយចំពោះករណីនេះ។
លោកថា៖«ខ្ញុំគិតថាគួរតែមានការពិចារណាដំណោះស្រាយ ឬដោះលែងកញ្ញា សេង ចាន់ធារីឱ្យមានសេរីភាពព្រោះវាជាការស្នើមិនថាពួកគាត់ដែលជាអ្នកធ្វើយុទ្ធនាការហ្នឹងទេ សហគមន៍អន្តរជាតិក៏គេទទូចប្រហែលហ្នឹង»។
សង្គមស៊ីវិលរូបនេះបន្ថែមថា ចំពោះករណីដែលមានអាជ្ញាធរមកមកសួរនាំ ពិនិត្យអត្តសញ្ញាណបណ្ណ និងឃ្លាំមើល ហើយប្រសិនបើមានរូបភាពដែលឈានដល់ការហាមឃាត់មិនឱ្យយុវជនធ្វើសកម្មភាពរបស់ពួកគេនោះនឹ ងបង្ហាញពីការរឹតត្បឹតសេរីភាពតែម្តង។
កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិមួយរូបផងនោះ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទ «ញុះញង់ និងរួមគំនិតក្បត់»។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យកញ្ញា សេង ធារី ធ្លាប់បានលើកឡើងថា កូនក្តីរបស់លោកពិតជាបង្អត់អាហារ ដើម្បីទាមទារយុត្តិធម៌សម្រាប់ខ្លួនគាត់ពិតមែន។ លោកបន្តថា ដើមចមដែលនាំឱ្យកូនក្តីរបស់លោកបង្អត់អាហារ ដោយសារតែគាត់មានអារម្មណ៍ប៉ះពាល់ផ្លូវចិត្ត ដោយសារតែការចោទប្រកាន់និងការឃុំខ្លួនគាត់ដោយពុំមានកំហុស៕