ពលរដ្ឋនៅ​ជាប់​​​​​​បឹង​តាមោក​​ធ្វើ​ពិធី​ដាក់​បណ្តា​សារ​​​ចំពោះ​​​អ្នក​​ដែល​​មាន​​បំណង​យក​ដីធ្លី​របស់​ពួក​គាត់

ពលរដ្ឋនៅជាប់បឹងតាមោក ធ្វើពិធីដាក់បណ្តាសារអ្នកដែលយកដីរបស់ពួកគាត់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូបថតពីតំណាងសហគមន៍បឹងតាមោក កញ្ញា ស៊ា ដាវី)

ប្រជាពលរដ្ឋ​ប្រមាណ ​៥០​នាក់ តំណាង​ឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ នៅថ្ងៃពុធនេះ បានធ្វើពិធីដាក់បណ្តាសារចំពោះជនទាំងឡាយណា ដែលមានគោលបំណងចង់រំលោភដីធ្លីរបស់​ពួកគេ ខណៈជម្លោះដីធ្លីនៅបន្ត​អូសបន្លាយ ដោយនៅពុំទាន់មាន​​​ដំណោះស្រាយ​ពី​អាជ្ញាធរពាក់ព័ន្ធនៅឡើយ។

កាលពីថ្ងៃទី៨​ ខែវិច្ឆិកា​នេះ អ្នក​ភូមិ​រស់​នៅ​ជាប់បឹ​ង​តាមោក​ក្នុង​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង បាន​បោះតង់ដាក់​វេន​​គ្នា​យាមមិន​ឱ្យ​អាជ្ញាធរ​បន្ត​ចាក់​ដី​លុប​បឹង​តាមោក ប៉ះពាល់ដល់​កន្លែង​អាស្រ័យ​ផល និង​រំលោភ​ចូល​ដីធ្លី​របស់​ពួក​គេ ហើយ​នៅ​ថ្ងៃពុធ​នេះ​ ពលរដ្ឋ​ទាំង​នោះ បាន​នាំគ្នាធ្វើពិធី​ដាក់​បណ្តាសារ​ចំពោះអ្ន​ក​ដែល​មានបំណងចង់រំលោភយដីធ្លីរបស់ពួកគេផងដែរ។

ពលរដ្ឋរស់នៅភូមិសំរោងត្បូង កញ្ញា ស៊ា ដាវី ប្រាប់វីអូឌីថា អ្នក​ភូមិ​ធ្វើពិធីបែបសាសនានៅលើដីជម្លោះ ដើម្បី​ដាក់​បណ្តាសារ​ចំពោះជន​ទាំង​ឡាយ​ណាមិ​ន​ថា​​ក្រុម​ហ៊ុន អាជ្ញាធរ និងឧកញ៉ា​​នោះ​ទេ ដែល​មាន​គំនិត​​ច​ង់​យកដីធ្លីរបស់ប្រជា​ពលរដ្ឋនឹងត្រូវទទួល​រង​ដោយ​បណ្តា​នេះ។

ពលរដ្ឋរូបនេះ បន្តថា ការធ្វើ​ពិធី​ដាក់​បណ្តា​សារ​នេះ ដោយ​សារ​តែ​ពលរដ្ឋ​អស់​ជំនឿ​លើ​ការ​ដោះ​ស្រាយ​របស់​អាជ្ញាធរ ពាក់ព័ន្ធ​ ដែល​មិនឱ្យពួកគាត់បានអភិវឌ្ឍន៍នៅនឹងកន្លែង។

កញ្ញាបន្ថែមថា៖ «ពិធីដាក់បណ្ដាសារ​ដល់​ពួក​ក្រុម​ណា​ដែល​មាន​បំណងចង់ប្លន់ដីពលរដ្ធ ទោះក្នុងរូបភាពណាក៏ដោយ ជិះទូក​ឱ្យ​លិច​ទូក ជិះ​យន្តហោះឱ្យ​ធ្លាក់​យន្ត​ហោះ ជិះឡានឱ្យក្រឡាប់ឡាន ឱ្យស្លាប់កុំឱ្យសល់ បើនៅសល់មួយសុំឱ្យឆ្កួតលីលា»

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ធ្លាប់ប្រាប់វីអូឌីថា អាជ្ញាធរមិនអាចឱ្យពលរដ្ឋអភិវឌ្ឍន៍នៅនឹងកន្លែងបានឡើយ ដោយសារពលរដ្ឋទាំងនោះរស់នៅលើចំណីផ្លូវលេខ១៥១ ដោយខុសច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលគ្រោងពង្រីកឱ្យបាន៥០ម៉ែត្រ។ លោកថា ពលរដ្ឋទាំងនេះត្រូវតែដោះដូរទៅទីតាំងថ្មី ស្ថិតក្នុងសង្កាត់សំរោងដូចគ្នា។

អភិបាលខណ្ឌព្រែកព្នៅលោក ធឹម សំអាន កាលពីថ្ងៃ​ម្សិលមិញ បានទទូច​ដល់​ក្រុម​ពលរដ្ឋ​កុំ​ឱ្យ​បង្ក​ចលនាដែលធ្វើប៉ះពាល់ដល់​សណ្តាប់​ធ្នាប់ និង​បញ្ហា​ណាមួយ​ដែល​ខុស​ច្បាប់។ លោក​ថា ក្រោយចប់កិច្ច​ប្រជុំកំពូល​អាស៊ាន អាជ្ញាធរ​នឹង​សម្របសម្រួល​ដោះ​ស្រាយ​ជាមួយ​ពលរដ្ឋបន្តទៀត។

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា ការដោះស្រាយផលប៉ះពាល់ដោយបង្ខិតបង្ខំ និងគំរាមកំហែងឱ្យពលរដ្ឋទទួលយកសំណងនោះ គឺជាទង្វើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សដែលការពារដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ