យុវជន​​ខ្មែរថាវរៈ​បន្តបង្អត់អាហារ​និង​សម្តែង​មតិនៅ​ទី​លាន​​ប្រជាធិប​តេយ្យ ​ទាម​ទារ​ឱ្យ​ដោះ​លែង​​អ្នក​ទោស​មនសិ​ការ

ក្រុមយុវជនខ្មែរថាវរៈ បន្តបង្អត់អាហារ និងសម្តែង​មតិនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ទាមទារឱ្យដោះ​លែង​អ្នកទោស​មនសិការ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (កាយ ណារ៉ា)

ក្រុម​​យុវជន​​ខ្មែរថាវរៈ នៅរសៀល​ថ្ងៃពុធនេះ បាននាំគ្នាដើរដោយថ្មើរជើងពីរង្វង់មូល​ស្ពាន​ជ្រោយ​​​ចង្វារ ទៅកាន់ទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ និងបន្តធ្វើយុទ្ធនាការ​បង្អត់អាហារ​ដើម្បី​ទាមទារ​ឱ្យ​មានការដោះលែងកញ្ញា សេង ធារី និង​​អ្នកទោ​សមនសិការ​​ផ្សេងទៀត​ដែលកំពុងជាប់ឃុំ។

​​កាលពីថ្ងៃទី៧ ខែវិច្ឆិកានេះ ក្រុម​យុវជន​​ខ្មែរថាវរៈចំនួន​៦នាក់ បានចាប់ផ្តើម​​​ធ្វើយុទ្ធនាការ​មិនបរិភោគ​​អាហារ​​ នៅ​ខេត្តព្រះវិហារ​ ជាទីដែលឃុំខ្លួនកញ្ញា សេង ធារី មេធាវី​​ខ្មែរ-អាមេរិក​ ហើយ​​​នៅ​ថ្ងៃ​នេះ ពួក​​គេ​បា​ន​នាំ​គ្នាធ្វើដំណើរ​​​​មកកាន់​រាជធានីភ្នំពេញ ដើម្បី​​បន្តយុទ្ធនាការ​​ដោយស្លៀក​សំលៀកបំពាក់អ្នកជាប់ឃុំ និង​​ដើរ​​ដោយ​ថ្មើរជើង​ ពីរង្វង់ស្ពានជ្រោយចង្វារ ទៅកាន់ទីលាន​​ប្រជាធិប​តេយ្យ ក្នុងខណ្ឌឬស្សីកែវ។

សមាជិក​ខ្មែរថាវរៈ​ កញ្ញា​ ឆែម ស្រីគា បានឱ្យដឹងថា ថ្ងៃនេះជាថ្ងៃទី៣ហើយ ដែលពួកគេ​បានធ្វើយុទ្ធនាការ​មិនបរិភោគអាហារ ដើម្បីទាមទារឱ្យ​ដោះលែងកញ្ញា សេង ធារី និង​អ្នក​ទោស​មនសិកា​ផ្សេងទៀត ឱ្យ​មានសេរីភាព​វិញ ខណៈកញ្ញា សេង ធារី ក៏បានចូលរួមយុទ្ធនាការមិនបរិភោគអាហារដូចគ្នានៅក្នុងពន្ធនាគារ​ខេត្តព្រះវិហារ​ផង​ដែរ។

កញ្ញាថា៖ «ពួកយើងធ្វើយុទ្ធនាការនេះ ព្រោះដោយសារតែយើង​​ចង់បានភាពយុត្តិធម៌នៅ​ក្នុងសង្គម ហើយ​យើងចង់ឱ្យ​អ្នកទោសមនសិកាទាំងអស់ គាត់មានសេរីភាពឡើង​វិញ ព្រោះកន្លងមក ពួកគាត់ធ្វើហ្នឹងគឺដើម្បីតែប្រទេស​ជាតិយើងទាំងអស់គ្នាទេ ពួកគាត់​អត់មានបាន​ធ្វើអីដែលប៉ះពាល់ដល់ប្រទេសជាតិឡើយ»។

សមាជិកខ្មែរថាវរៈ​ម្នាក់ទៀត លោក ហ៊ុន វណ្ណៈ បាន​លើកឡើងថា ពួកគេនឹងនាំគ្នា​សម្រាក​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ដោយ​ធ្វើសម្មាធិ​ និង​បង្អត់អាហារ រហូតដល់ថ្ងៃទី​១៤ ខែវិច្ឆិកា​ខាង​មុខនេះ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី និងអ្នកទោសនយោបាយ​ផ្សេង​ទៀត។

លោកបន្តថា៖ «ប្រទេសមួយដែលប្រជាពលរដ្ឋឈានទៅដល់​បង្អត់​អាហារ ជាពិសេសនៅក្នុងពន្ធនាគារអត់បាន​ហូប​អី​ហ្នឹង គឺមានន័យថា ប្រទេសហ្នឹង​ជាប្រទេសដែលបំបិទសិទ្ធិប្រជាពលរដ្ឋ​ខ្លាំង​មែន​ទែន បំបិ​ទសិទ្ធិរហូត​ដល់​ប្រជាពលរដ្ឋសម្ដែងមតិនៅទីសាធារណៈបាន មិ​នអាច​លើកបដា មិនអាចជួបជុំបាន ដូច្នេះជម្រើសចុងក្រោយដែលប្រជាពលរដ្ឋដែលអាចធ្វើទៅបាន មាន​តែបង្អត់អាហារ។ អ៊ីចឹងខ្ញុំចង់ផ្ញើសារឱ្យរដ្ឋាភិបាលគាត់បានដឹង​លឺ និង​បាន​យល់​ថា អ្វីដែលយើងធ្វើនេះ ជាការជំរុញរបស់រដ្ឋាភិបាល»។

បើតាមលោក ហ៊ុន វណ្ណៈ ពេលដែលពួកគេឡើងពីខេត្ត​ព្រះវិហារ​មករាជធានី​ភ្នំពេញ​វិញ​នេះ អាជ្ញាធរ​នៅ​ស្រុក​មុខ​កំពូល ខេត្តកណ្ដាល ក៏បានឃាត់រថយន្តឈ្នួលដែលពួកគេ​ជិះ ដើម្បី​សួរនាំ​ផង​ដែរ។

នាយកគ្រប់គ្រងកិច្ចការទូទៅ​នៃអង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត យល់​ថា ការ​ធ្វើយុទ្ធនាការរបស់​យុវជន​ខ្មែរ​ថាវរៈ ដោយសារ​តែ​ពួកគេ​ធ្លាប់​ជាប់​ពន្ធនាគារ ដោយអយុត្តិ​ធម៌។ លោកបន្តថា ភាពអយុត្តិធម៌នេះ បានជំរុញឱ្យពួកគេ​នាំធ្វើយុទ្ធនាការ​​ទាម​ទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី ខណៈកញ្ញាក៏ធ្លាប់ធ្វើការតស៊ូមតិ ដើម្បីទាមទារឱ្យមានយុត្តិធម៌សង្គម មុន​ពេល​សមត្ថកិច្ចចាប់ខ្លួនផងដែរ។

ករណីនេះ លោកថា រដ្ឋាភិបាលមិនគួរដាក់កម្លាំងតាម​ឃ្លាំមើល​យុវជន​ ដែលគ្រាន់តែធ្វើការតស៊ូ​មតិ​ដោយ​អហិង្សា ដើម្បីទាមទារឱ្យដោះលែងកញ្ញា សេង ធារី នេះទេ​ ព្រោះការធ្វើបែបនេះ​នឹង​​មិន​បាន​ចំណេញអ្វីឡើយ ផ្ទុយទៅវិញនឹងរងការរិះគន់បន្ថែមទៀត។

លោកថា៖ «អាជ្ញាធរដែលពង្រឹងកិច្ចការពារសន្តិ​សុខ សុវត្ថិភាព​ទៅលើមេដឹកនាំអាស៊ាន ដែលគ្រោងនឹងប្រជុំនៅប៉ុន្មានថ្ងៃខាងមុខនេះ ជាពិសេសមេដឹកនាំពិភពលោក​ ដូច​ជា សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ផ្សេងៗទៀត ដែល​ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ ក៏ប៉ុន្តែបើសិនជាការធ្វើការតស៊ូមតិ សម្មាធិ និងតមអាហារបស់យុវជន​ខ្មែរថាវរៈ ៥ ទៅ ៦​នាក់​នេះ ​វា​មិនពាក់ព័ន្ធអីដល់បញ្ហាសន្តិសុខអាស៊ាន​ទេ មិនគួរប្រើរូបភាពណា​មួយដែល​ហួសហេតុ​ដែល​ធ្វើឱ្យទៅជាការរឹតត្បិត ឬការគំរាមកំហែងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋទេ»។

កញ្ញា សេង ធារី ដែល​មានសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិមួយរូបផងនោះ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ​នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ​ផ្ដន្ទា​​ទោស​​ដាក់​​​​ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទ «ញុះ​ញង់ និង​រួម​​គំ​​និត​​​ក្បត់»

លោក ជូង ជូងី មេធាវីការពារក្តីឱ្យកញ្ញា សេង ធារី បានលើកឡើងនាពេលថ្មីៗនេះ​ថា កូនក្តីរបស់លោកពិតជា​បង្អត់អាហារ ដើម្បីទាមទារយុត្តិធម៌សម្រាប់ខ្លួនគាត់ពិតមែន។ លោកបន្តថា ដើមចមដែលនាំឱ្យកូនក្តីរបស់លោកបង្អត់អាហារ ដោយសារតែគាត់មានអារម្មណ៍ប៉ះពាល់ផ្លូវចិត្ត ព្រោះ​តែការចោទប្រកាន់ និងការឃុំខ្លួនគាត់ដោយពុំមានកំហុស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ