អាជ្ញាធរមូលដ្ឋាន​មិន​ទាន់​ដឹង​ករណី​កាប់​ព្រៃ​កោង​កាង និង​ការ​​​សង់​សំណង់​រឹ​ង​ចូល​សមុទ្រ​ក្នុ​ង​ខេត្ត​កោះ​កុង

សំណង់​រឹង​ដែលត្រូវបានសាងសង់លយចូល​ផ្ទៃសមុទ្ទ ស្ថិតនៅភូមិសាស្ត្រ​ឃុំជីខក្រោម ខេត្តកោះកុង ត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម និងតាម​សារព័ត៌មានមួយចំនួន​ជា​បន្តបន្ទាប់។

អាជ្ញាធរ​មូល​ដ្ឋាននៅខេត្តកោះកុង​ អះអាង​ថា ខ្លួន​នៅ​មិន​ទាន់​បាន​ដឹង​ករណី​កាប់​ព្រៃ​កោង​កាង និង​ការ​សាង​សង់​សំណង់រឹង​ចូល​សមុទ្រ​ក្នុងដែន​សមត្ថកិច្ច​របស់​ខ្លួន​នៅ​ឡើយ​ទេ។

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានការផ្សព្វ​​ផ្សាយតាម​បណ្តាញ​សង្គម និង​តាម​សារព័ត៌មានមួយចំនួន​ជា​បន្ត​បន្ទាប់ ករណី​អ្នក​មាន​លុយ​មាន​អំណាច បាន​កាប់​ព្រៃ​កោង​កាង និង​ចាក់​ដី​លុប​សមុទ្រ រួម​ទាំង​ការ​សាង​សង់​សំណង់រឹង​ចូល​សមុទ្រ ស្ថិតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដោយ​គ្មាន​ការ​ទប់​ស្កាត់​ពី​អាជ្ញាធរ។

ជុំវិញករណីនេះ មេឃុំជីខ​ក្រោម ​លោក អាង ទី អះ​អាងនៅថ្ងៃពុធនេះ​ថា លោក​មិន​ទាន់​ដឹង​ករណី​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែលោក​នឹង​ចុះពិនិត្យមើលករណីនេះ។

លោក​ថា៖ «ខ្ញុំមិនបានដឹងរឿងនេះទេ ខ្ញុំទើបមកដែរ ប៉ុន្តែ​យ៉ាងណាខ្ញុំនឹងចុះទៅមើលករណីនេះ»

វីអូឌី មិនអាចសុំការឆ្លើយពីអភិបាលស្រុកស្រែអំបិល​លោក ជា ច័ន្ទកញ្ញា បានទេនៅថ្ងៃពុធនេះ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

បើតាមវីដេអូឃ្លីប​ជាង​៧នាទី ដែល​ផ្សព្វផ្សាយលើបណ្តាញសង្គមកាលពីថ្ងៃ​ម្សិល​មិញ បាន​បង្ហាញពីសកម្មភាព​ឡាន​ដឹក​ដីចាក់​លុប​ព្រៃកោ​ង​កាង លុបសមុទ្រជាច្រើន​ហិកតា និង​ការ​សាងសង់​សំណង់រឹង​ចាស់​ថ្មី ​ចូលសមុទ្រជាច្រើនកន្លែងទៀតផង។

អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកោះកុ​ង​លោក ថោង ច័ន្ទតារា មានប្រសាសន៍ថា លោកទទួលបានការរាយការណ៍​ពីប្រជាពលរដ្ឋថា មានបទល្មើសកាប់ព្រៃកោងកាង ការចាក់ដីលុប​សមុទ្រ និង​ការ​សាង​សង់​សំណង់រឹង​ចូល​សមុទ្រក្នុង​ភូមិសាស្រ្តឃុំជីខក្រោមដែរ ប៉ុន្តែលោកមិនទាន់បានចុះទៅពិនិត្យមើលផ្ទាល់នៅឡើយ។

តែយ៉ាងណា មន្ត្រីការពារសិទ្ធិមនុស្ស​រូបនេះ បន្ត​ថា ការ​ដែល​អាជ្ញាធរ​ឆ្លើយ​ថា មិន​មានបទល្មើសធនធានសមុទ្រក្នុងដែនសមត្ថ​កិច្ចរបស់ខ្លួននោះ គឺបង្ហាញពីការមិនទទួលខុសត្រូវក្នុងនាមខ្លួនជាអាជ្ញាធរ។

លោក ថោង ច័ន្ទតារា​ អះអា​ង​​​ថា ក្នុង​​ខេត្ត​កោះកុង​ ករណីបទល្មើសរំលោភយដីក្នុងដែនសមុទ្របានកើតឡើង​ស្ទើរ​គ្រប់ទី​កន្លែង ​ដែ​ល​ប្រព្រឹត្តឡើងដោយអ្នកមានលុយមានអំណាច ហើយគ្មានចំណាត់ការណាមួយពីមន្ត្រីជំនាញឡើយ។ លោកបាន​ដាក់ការសង្ស័យថា បញ្ហានេះកើត​ឡើង​ដោយ​សារ​ការ​ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ រវាងអាជ្ញាធរ និងជនល្មើស ដែលជាអ្នក​មាន​លុយ​មាន​អំណាច។

លោកបន្ថែមថា៖ «ទី១ ការប្រព្រឹត្តអំពើពុករលួយនៅក្នុងបទល្មើសហ្នឹង ភាគច្រើនមានតែអ្នកមានលុយមានអំណាច មានឥទ្ធិពល​គប់គិតគ្នា​ជាប្រព័ន្ធ ទាំងអាជ្ញាធរ ទាំងមន្ត្រីជំនាញ ដោយ​មិន​សូវ​មាន​ចំណាត់កា​រ​ជាក់​លាក់ ឬខ្លាំងក្លា​ទៅ​លើ​បទល្មើស​ហ្នឹង​ទេ។ ហើយបទល្មើសនេះ វាបានរាលដាលដល់កន្លែងផ្សេងៗ​ទៀត​នៅក្នុង​តំបន់​ជាប់​ឆ្នេរ និង​ព្រៃ​កោង​កាង ឬធន​ធាន​ធម្មជាតិ​មាន​ការ​រីករាលច្រើន»

មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ បារម្ភពីការបាត់បង់ធនធានធម្មជាតិសមុទ្រឆាប់រហ័ស និងរាលដាលទៅកន្លែងផ្សេងៗទៀតកាន់តែច្រើន ប្រសិនបើមន្ត្រីជំនាញ និងអាជ្ញាធរថ្នាក់ជាតិ​ ​មិន​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ឬចាត់វិធានការច្បាប់តឹងរឹងចំពោះជនល្មើស និង​អ្នកពាក់ព័ន្ធជាមួយបទល្មើសនោះ។

លោកបន្ថែមថា៖ «អីចឹងមន្ត្រីជំនាញ និងអាជ្ញាធរត្រូវតែពង្រឹងការអនុវត្តច្បាប់ ដោយចុះបង្ក្រាបឱ្យបានតឹងរឹង និង​ម៉ឺង​ម៉ាត់ ហើយ​អាជ្ញាធរថ្នាក់ជាតិ ត្រូវ​សកម្មចុះធ្វើអធិការកិច្ចពិនិត្យមើលករណីនេះ និង​ទប់ស្កាត់កុំឱ្យមានការប្រព្រឹត្តអំពើពុករលួយជុំវិញ​បទល្មើសធនធានសមុទ្រនេះ»

យោងតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ដែល​រដ្ឋាភិបាលចេញកាលពីឆ្នាំ២០១៥ ត្រង់មាត្រា៨ បានកំណត់ថា ឆ្នេរនិងពាមសមុទ្រត្រូវទុកចម្ងាយ ១០០ម៉ែត្រ (ពេលទឹកជោរអតិបរមា) ដោយគិតពីមាត់ឆ្នេរ និងមាត់ពាមសមុទ្រ។

មាត្រា៩៨ នៃច្បាប់ស្ដីពីជលផល ចែងថា ការកាប់ឆ្ការ គាស់​រាន ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ឬហ៊ុំព័ទ្ធ​កាន់កាប់​ព្រៃលិច​ទឹក និង​ព្រៃកោងកាង ត្រូវផ្ដន្ទាទោសពី៣ឆ្នាំទៅ៥ឆ្នាំ ហើយ​វត្ថុតាងទាំងអស់ ត្រូវរឹបអូសជាសម្បត្តិរដ្ឋ​ ឬបំផ្លាញចោល។

ចំណែក​មាត្រា១០២ នៃច្បាប់ដដែល​នេះ បញ្ជាក់​ថា បើ​បទល្មើសនោះ​ប្រព្រឹត្តឡើងដោយអាជ្ញាធរដែនដី មន្ត្រី​នគរបាល មន្ត្រី​យោធា និង​មន្ត្រីពាក់ព័ន្ធផ្សេងទៀត ត្រូវផ្ដន្ទាទោសពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ៥០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ