អាជ្ញាធរខណ្ឌឫស្សីកែវ មិនអនុញ្ញាតឱ្យយុវជនខ្មែរថាវរៈ ៥នាក់ បោះតង់ និងតស៊ូមតិដោយបង្អត់អាហារ ដើម្បីទាមទារឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសមនសិការផ្សេងទៀត នៅទីលានប្រជាធិបតេយ្យនោះទេ ដោយសម្អាងថាប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។
ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានវីអូឌី នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរម្នាក់ដែលមិនប្រាប់ឈ្មោះ បានអះអាងថា ការមិនអនុញ្ញាតឱ្យយុវជនខ្មែរថាវរៈ បោះតង់ និងតស៊ូមតិដោយបង្អត់អាហារនៅទីលានប្រជាធិបតេយ្យនោះ គឺធ្វើតាមបញ្ជាថ្នាក់លើ។ លោកចាត់ទុកការតស៊ូមតិរបស់ក្រុមយុវជនខ្មែរថាវរៈនេះថាជាការអុចអាល និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ខណៈកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវការភាពស្ងប់ស្ងាត់។
លោកថា៖ «គេកំពុងប្រជុំអាស៊ាន ចង់ឱ្យមានភាពស្ងប់ស្ងាត់ ហើយគាត់[យុវជនខ្មែរថាវរៈ]មកអុចអាល។ អ៊ីចឹងទៅថ្ងៃក្រោយ មិនដឹងគាត់អុចអាលយ៉ាងម៉េចទេ ហើយមើលគាត់បង្ហោះចេញមក»។
បើតាមមន្ត្រីរូបនេះ គឺអាជ្ញាធរខណ្ឌទុកពេលឱ្យយុវជនខ្មែរថាវរៈ រើតង់ចេញពីទីលានប្រជាធិបតេយ្យ ត្រឹមថ្ងៃព្រហស្បតិ៍នេះ បើពុំនោះទេ អាជ្ញាធរនឹងមានវិធានការតាមផ្លូវច្បាប់។
អភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន មានប្រសាសន៍ដែរថា ប្រសិនបើយុវជនខ្មែរថាវរៈ ចង់ធ្វើសមាធិ គួររកកន្លែងសមរម្យ ដោយមិនគួរធ្វើនៅទីលានប្រជាធិបតេយ្យ ដែលបង្កផលប៉ះពាល់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម។ លោកចាត់ទុកការតស៊ូមតិរបស់យុវជនខ្មែរថាវរៈដែលទាមទាររកយុត្តិធម៌ដល់អ្នកទោសមនសិការនោះថា ជាការបំផ្លាញកិត្តិយសប្រទេសជាតិ។
លោកថា៖ «ឃើញ VOD ដូចមកយកព័ត៌មាន រាល់ថ្ងៃនេះ ហើយតេមកសួរបងទៀត ហើយបើអូនខ្មែរដូចបងដែរ អូនឯងត្រូវគិតថាយើងខ្មែរដូចគ្នា យើងអាចជួយការពារនូវអ្វីដែលយើងអាចធ្វើបាន។ បើប្អូនជាខ្មែរដែរ ត្រូវជម្រាបគាត់ថា ចង់បង្អត់អាហារ មកបង្អត់នៅវិទ្យុវីអូឌី ស្រួល ស្រណុក ថតឡាយ។ បើគាត់មានរបស់ញ៉ាំនៅក្នុងតង់ មានស្អីអ៊ីចឹង ដូចជាមិនទំនងទេ។ បើខ្មែរដូចគ្នា យើងអាចពន្យល់គាត់ថា ចង់ធ្វើមកវិបស្សនា ចង់អី ទៅរកកន្លែងណាដែលសមរម្យ! មកធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គម របៀបរៀបរយសង្គម វាមិនល្អទេ! តែ៥នាក់នេះមកធ្វើបំផ្លាញកិត្តិយសស្រុកខ្មែរម៉េចកើត!»
កាលពីថ្ងៃទី៧ ខែវិច្ឆិកានេះ ក្រុមយុវជនខ្មែរថាវរៈចំនួន៥នាក់ បានចាប់ផ្តើមធ្វើយុទ្ធនាការមិនបរិភោគអាហារ នៅខេត្តព្រះវិហារ ជាទីដែលឃុំខ្លួនកញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិក។ បន្ទាប់ពីធ្វើយុទ្ធនាការបង្អត់អាហារបាន២ថ្ងៃ ពួកគេក៏បាននាំគ្នាធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដោយបន្តយុទ្ធនាការបង្អត់អាហារ និងបោះតង់សម្រាកនៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ ដើម្បីសម្ដែងមតិទាមទារឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសមនសិការផ្សេងទៀត។
យុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ចាត់ទុកការលើកឡើងរបស់អាជ្ញាធរថាធ្វើឡើងមិនសមហេតុផល។ លោកបន្តថា ការធ្វើយុទ្ធនាការតស៊ូមតិរបស់ពួកគេ មិនបានទៅបង្កផលប៉ះពាល់សណ្ដាប់ធ្នាប់ និងប៉ះពាល់ដល់កិច្ចប្រជុំកំពូលអាស៊ានឡើយ ព្រោះពួកគេធ្វើការតស៊ូមតិនៅទីលានប្រជាធិបតេយ្យ ដោយមិនបានដើរទៅណាទេ។
លោកបន្តថា៖ «ឧទាហរណ៍ បើមានគ្នាច្រើនកុះករ ក៏ពួកយើងមិនអាចទៅធ្វើអីប៉ះពាល់ដែរ។ គេប្រជុំអាស៊ាន ប្រហែល៥គីឡូម៉ែត្រពីនេះ ហើយយើងទៅធ្វើអីប៉ះពាល់ដល់សន្តិសុខ? លើកលែងតែយើងមានដំបង មានដុំថ្មអី បុកទម្លុះរនាំង! គ្រាន់តែចម្ងាយពីនេះទៅនោះ វាមានអាជ្ញាធររាប់រយនាក់ ហើយយើងប្រកាសហើយថាយើងធ្វើនៅហ្នឹង [ទីលានប្រជាធិបតេយ្យ]។ បើយើងចល័តទៅកន្លែងផ្សេងទៀត វាមិនខុសច្បាប់ហើយ! អាហ្នឹងអាចចាត់វិធានការច្បាប់ទៅ អាហ្នឹងយើងខុសច្បាប់ហើយ។ អ៊ីចឹងអ្វីដែលគាត់និយាយជាការចោទប្រកាន់មិនឱ្យពួកយើងនៅនោះទេ»។
លោក ហ៊ុន វណ្ណៈ បន្ថែមថា៖ «អ៊ីចឹងពួកខ្ញុំក៏ប្រកាសដែរ បើគ្រាន់តែខ្ញុំស្នើសុំធ្វើប៉ុណ្ណឹង ហើយមិនយោគយល់ ដែលគ្រាន់តែជាប្រជាពលរដ្ឋរងភាពអយុត្តិធម៌ ហើយយើងអត់ហូបអាហាររហូតដល់ថ្ងៃនេះ ជាថ្ងៃទី៤ ហើយយើងក៏មិនមានកម្លាំងថាមពលអីនឹងធ្វើអីច្រើន សុំយោគយល់ទុកកន្លែងហ្នឹងមួយឱ្យយើងសម្ដែងមតិបានអត់? ប៉ុន្តែគាត់មិនអនុញ្ញាតទៀត គ្មានជម្រើសអីក្រៅពីដើរតាមផ្លូវដាក់ញត្តិតែម្ដង»។
នៅរសៀលនេះដែរ សមាជិកយុវជនខ្មែរថាវរៈម្នាក់ក្នុងចំណោម៥នាក់នោះ គឺកញ្ញា ឆែក ស្រីគា បានដួលសន្លប់នៅពេលកំពុងធ្វើយុទ្ធនាការបង្អត់អាហារនៅទីលានប្រជាធិបតេយ្យ ខណៈពួកគេបានបង្អត់អាហារចូលដល់ថ្ងៃទី៤។
នាយកគ្រប់គ្រងកិច្ចការទូទៅ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការលើកឡើងរបស់អាជ្ញាធរ ដែលថាក្រុមយុវជនទាំងនោះធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនោះ ជាហេតុផលមិនសមរម្យនោះទេ ព្រោះក្រុមយុវជនធ្វើនៅក្នុងទីលានប្រជាធិបតេយ្យ។
លោកថា៖ «រឿងហេតុផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ អាហ្នឹងគ្រាន់តែជាហេតុផលមួយលើកមក ដើម្បីមិនឱ្យក្រុមយុវជនហ្នឹងជួបជុំទៅទីលានប្រជាធិបតេយ្យតែប៉ុណ្ណឹងទេ។ តាមពិតទៅ យើងមានច្បាប់មានទម្លាប់ យើងគួរតែអនុវត្តតាមវិធាននៃច្បាប់ និងការគោរពសិទ្ធិមនុស្សជាគោលការណ៍ ហើយការជជែកដេញដោលគ្នា។ កាលណាយកហេតុផលទៅតាមបទបញ្ជា វាខុសពីច្បាប់! អ៊ីចឹង អ្វីដែលសំខាន់ ដូចខ្ញុំលើកអ៊ីចឹង កុំលើកហេតុផលណាដែលគេមិនអាចទទួលយកបាន យើងគួរតែជជែកគ្នាដើម្បីឱ្យមានការយោគយល់ ហើយអនុវត្តយ៉ាងម៉េចឱ្យមានការយោគយល់គ្នា អាហ្នឹងវាជារឿងល្អសម្រាប់ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ»។
កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិមួយរូបផងនោះ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទ «ញុះញង់ និងរួមគំនិតក្បត់»។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ចំណែកមាត្រា៣៧ ចែងដែរថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់ ខណៈមាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងជួបជុំ៕