មន្ត្រីយោធាកម្ពុជាដែលប្រព្រឹត្តបទល្មើសក្នុងទឹកដីថៃ ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅតុលាការ

លោក សុខ បាន​ផល កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ Banphol Sok)

មន្ត្រីជាន់ខ្ពស់ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​​​ឱ្យ​ដឹ​​ង​ថា អាជ្ញាធរថៃបានបញ្ជូន​មន្ត្រី​យោធា​កម្ពុជា​មួយ​រូបទៅ​តុលាការថៃ​ កាលពីថ្ងៃ​ម្សិល​មិញ បន្ទាប់​ពី​មន្ត្រី​យោធារូបនោះ​បាន​​បើក​​រថយន្ត​​ចូល​​​​ដី​​ថៃ ដោយ​​​គ្មាន​ការ​អនុញ្ញាត និង​ដកកាំភ្លើងខ្លី​ដើររេរា​នៅ​ក្នុង​ទឹកដីថៃ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ លោក ឈុំ សុជាតិ មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះ​ថា អាជ្ញាធរ​ថៃ​បាន​​បញ្ជូន​​មន្ត្រី​​យោធា​​កម្ពុជា​ ឈ្មោះ សុខ បាន​ផល មាន​​ឋានន្តរសក្ដិវរសេនីយ៍ឯក នៃអគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ ​ទៅតុ​លាការ​ប្រទេស​ថៃហើយ​កាលពីថ្ងៃម្សិលមិញ​ ដើម្បី​ចាត់​វិធាន​ការ​ច្បាប់បន្ត ពាក់​ព័ន្ធសំណុំ​រឿង ​«បើក​រ​ថយន្ត​​​ចូល​​​ប្រទេស​​ថៃ និង​ប្រើប្រាស់អាវុធខុសច្បាប់»

លោកមានប្រសាសន៍ថា៖ «ខាង​ទាហានយើងនៅភូមិភាគ៥ហ្នឹង មាន​អ្នក​បក​ប្រែ​នៅ​ជាមួយ​រហូត​ ប្រាប់​ថាគេបញ្ជូន​ទៅតុលាការ[ថៃ]ហើយ ប៉ុន្តែឥលូវ​ផុត​ដៃ​ពី​ខាង​សមត្ថកិច្ច​ហើយ»។

នៅពេលសួរថា តើថៃបានចោទប្រកាន់មន្ត្រី​យោធា​កម្ពុជារូបនោះ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​អ្វី​ខ្លះ? លោក​បង្វែ​រឱ្យ​សួរ​ទៅកាន់​ក្រសួងការបរទេសកម្ពុជាវិញ។

វីអូឌី មិនអាចសុំការបញ្ជាក់​​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សុន្ទរី បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

កាលពីព្រលប់ថ្ងៃទី៥ ខែ​​វិច្ឆិកា ឆ្នាំ​២០២២ មន្ត្រី​​យោធា​​កម្ពុជា​ ឈ្មោះ សុខ បាន​ផល បានបើក​​រថយន្ត​ម៉ាក​​ហ្ស៊ីប ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា PICH NIK ​ឆ្លងកាត់ទៅប្រទេសថៃ​ តាម​​ច្រក​​អ​ន្តរ​ជាតិ​​ភ្នំ​​ដី ហើយ​​បាន​បំពាន​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យរបស់ភាគីថៃ ដោយ​បន្ថែម​ល្បឿនចូល​ទៅ​ក្នុង​ទឹក​ដី​ថៃទាំងគ្មានច្បាប់អនុញ្ញាត។

ក្រោយមក​ រថយន្តនោះត្រូវបាន​កម្លាំង​យោធាថៃឡោមព័ទ្ធ អស់រយៈពេលជា​ង១៧​​ម៉ោង ទើ​​ប​ឃាត់ខ្លួន​បាន​នៅត្រង់ចំណុចផ្លូវបែកជា៤ ក្នុង​ស្រុកវឌ្ឍនា​ណាក់​ខន ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ។ ករណីនេះ ​អាជ្ញាធរ​​ថៃបាន​​ចោទប្រកាន់ទៅលើ​អ្នកបើកបរ​ដែលជាមន្ត្រីយោធាកម្ពុជានោះ​​​ចំនួន៤ករណី រួម​មាន ធ្វើដំណើរ​ចូល​ក្នុង​ទឹកដី​ថៃ​ដោយ​ខុស​ច្បាប់ មិន​បាន​ឆ្លង​កាត់​អន្តោប្រវេសន៍, នាំរថយន្តចូលក្នុងទឹកដីថៃ ដោយគ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​គយ, ប្រើ​ប្រាស់​អាវុធខុសច្បាប់ក្នុងទឹកដីថៃ និងរារាំងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច។ នេះ​បើតាមការ​ផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុក។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅនៃអង្គការការពារ​​សិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការដែល​អាជ្ញាធរថៃ​បញ្ជូន​មន្ត្រី​យោធា​​កម្ពុជា​​ទៅតុ​លាការ ​ដើម្បី​​ចាត់​​វិធាន​​ការ​ច្បាប់​​​នេះ គឺ​កម្ពុជា​មិន​អាច​ធ្វើការសម្រប​សម្រួល​បញ្ជូន​យោធារូបនោះត្រលប់មកកម្ពុជាវិញបាន​នោះទេ ដោយ​សារ​សំណុំរឿងនេះ​ តុលាការ​ថៃកំពុង​ធ្វើការ​ស៊ើប​អង្កេត និងមិនទាន់កាត់សេចក្តីនៅឡើយ។

តែយ៉ាងណា លោកថា បើតាម​នីតិ​វិធី កម្ពុជា​អាច​ស្នើ​សុំ​ភាគី​ថៃ​ធ្វើ​បត្យាប័ន​បញ្ជូន​យោធា​រូប​នោះត្រលប់​មកអនុវត្តទោសនៅកម្ពុជាវិញបាន លុះត្រាតែតុលាការកាត់ទោសយោធារូបនោះរួចហើយ។

លោកមានប្រសាសន៍ថា៖ «ប្រទេសគេមានច្បាប់ អ៊ីចឹង​អត់​អាច​ធ្វើអ្វី​តាម​ការ​ស្នើសុំរបស់​យើង ដោយ​មិន​បានអនុវត្ត​ទៅតាមផ្លូវច្បាប់របស់គេទេ។ អ៊ីចឹង​វាជាគំរូ​មួយ ដើម្បី​កុំឱ្យមន្ត្រីអនុវត្តទង្វើខុសច្បាប់ទៅលើប្រទេសគេ ឬ​ក៏ខុស​ឆ្គងរបៀបហ្នឹងបន្តទៅទៀត។ អ៊ីចឹង​វា​ប៉ះ​ពា​ល់​ច្រើន គេអត់​មាន​ការយោគយល់ទេ ព្រោះប្រទេសគេអនុវត្តតាម​ផ្លូវ​ច្បាប់! ទី២ ​​ធ្វើឱ្យប៉ះពាល់ដល់មន្ត្រីផ្សេងទៀត នាំឱ្យគេវាយតម្លៃ គេថាត្រីមួយកន្ត្រក​ ស្អុយមួយ វាស្អុយទាំងអស់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ