កម្មករ​២នាក់ទៀត​ត្រូវបាន​ថៅកែ​ព្យួរការងារ​ក្រោយ​បង្កើត​សហជីព​ក្នុង​រោងចក្រ

កម្មករ-កម្មការិនីបម្រើ​ការ​ងារ​នៅ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ «ញូមីងដា (ខេបូឌា) ខូអិលធីឌី (New MINGDA CAMBODIA Co., Ltd)» ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ា ក្រោយថៅកែបញ្ឈប់តំណាងសហជីពម្នាក់​ពីការងារ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កម្មករ-កម្មការិនី២នាក់ទៀត បម្រើ​​ការ​​ងារ​​​នៅ​​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ «ញូមីងដា ខេមបូឌា ខូអិលធីឌី (New MINGDA CAMBODIA Co.,Ltd)» ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ត្រូវបានថៅកែព្យួរការងារ ក្រោយនាំគ្នាបង្កើតសហជីពក្នុងរោងចក្រ។

កាលពីថ្ងៃទី២ ខែវិច្ឆិកានេះ កម្មករ-កម្មការិនីប្រមាណ៨០០នាក់ បម្រើ​ការ​ងារ​នៅ​រោង​ចក្រ​កាត់​ដេរ​​សម្លៀក​​បំពាក់ ញូមីងដា បាន​ផ្ទុះ​ការ​តវ៉ា​ទាម​ទារ​ឱ្យតំណាង​សហជីព​ម្នាក់​ចូល​ធ្វើការងារ​វិញ ក្រោយ​ថៅកែប​ញ្ឈប់​ពី​ការងារ​ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់។

ប្រធានសហជីពស្មារតីកម្មករ និងជាកម្មករបម្រើការងារនៅរោងចក្រ ញូមីងដា លោក ប៊ុន សុភី ប្រាប់វីអូឌី​​ថា កម្មករ២នាក់ទៀតត្រូវបានថៅកែព្យួរការងារនៅថ្ងៃនេះ ដោយ​មិន​កំណត់​ពេល​ចូល​វិញ។ លោក​ថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកានេះ មានកម្មក​រ៣នាក់ហើយដែលជាថ្នាក់ដឹកនាំសហជីពស្មារតីកម្មករប្រចាំរោងចក្រ ញូមីងដា ត្រូវថៅកែបញ្ចប់កិច្ចសន្យា និងព្យួរការ​ងារ ក្រោយពួកគាត់នាំគ្នាបង្កើតសហជីពក្នុងរោងចក្រ។

ប្រធានសហជីពរូប​នេះបញ្ជាក់​ថា ថ្នាក់​ដឹកនាំសហជីព​ដែលថៅកែបញ្ឈប់ពីការងារនោះ មានរូបលោកជាប្រធានសហជីព លោក សាន់ ឡាហួត ជាអនុប្រធានសហជីព និងអ្នកស្រី ផាត ស្រីរ៉ុង ជាលេខាសហជីពស្មារតីកម្មករ។

លោក ប៊ុន សុភី បានឱ្យដឹងទៀតថា ពួកគាត់ប្រមាណ១៥នាក់បាននាំគ្នាចងក្រងបង្កើតសហជីពនៅក្នុងរោង​ចក្រ​​ ញូមីង​ដា ជាង​២ខែហើយ ដើម្បីការងារសិទ្ធិ និងផលប្រយោជន៍របស់កម្មករ ក្រោយមើលឃើញថា រោងចក្រនេះ​បានគាបសង្កត់ និងកេងប្រវ័ញ្ចក​ម្លាំងពលកម្ម​កម្មករ រួម​ទាំង​រំលោភច្បាប់​ផង​ដែរ។ លោក​ថា ក្រោយបង្កើតសហជីពនេះ ថៅកែបានបញ្ចប់កិច្ចសន្យា និងព្យួរការងារ​កម្មករដែលជាថ្នាក់ដឹកនាំសហជីពជាបន្តបន្ទាប់។

លោកបន្ថែមថា៖ «ក្រុមហ៊ុន​គាត់​បាន​រំលោភ​ច្បាប់​ច្រើន​ ទាក់​ទង​ការ​បញ្ចប់​កិច្ច​សន្យាការ​ងារ និង​ការ​បញ្ឈប់​កម្មករ គឺគាត់មិន​អនុវត្តទៅតាមច្បាប់ទេ។ ពេលគាត់មិនពេញចិត្តកម្មករណា គាត់បញ្ឈប់​ភ្លាមៗ គាត់​មិន​ដែល​ដោះស្រាយ​តាម​នីតិ​វិធីច្បាប់​ទេ។ កន្លងមក ថៅកែបានបញ្ឈប់ជំនួយការ៥នាក់ចោលឆៅៗ​តែម្តង ​រហូតដល់មានការតវ៉ាពីក្រុមកម្មករ។ ដោយសារមើលបញ្ហាទាំងអស់នេះកើតឡើង បានជាពួកខ្ញុំនាំគ្នាបង្កើតសហជីពដែលបញ្ជិកាទទួល[ស្គាល់]ដោយក្រសួងការងារ ប៉ុន្តែក្រុមហ៊ុននៅតែរើសអើង និងបានទាមទារបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារជាបន្តបន្ទាប់»

កម្មការិនីផ្នែកដេរ​ម្នាក់​ទៀត​ កញ្ញា ហ៊ន់ សុខខា ចាត់ទុកករណីថៅកែ​ព្យួរការ​ងារ និង​បញ្ចប់​កិច្ច​សន្យាថ្នាក់​ដឹ​ក​នាំ​សហជីពនេះ​ ថាជាការរើសអើងសហជីព និងជាទង្វើខុសច្បាប់ ដោយសារ​ក្រុមហ៊ុនមិនបានជូនដំណឹងត្រឹមត្រូវដល់កម្មករឡើយ។

កម្មការិនីរូបនេះបន្ត​ថា ក្រុម​កម្មករនឹងគាំទ្រ​ឱ្យ​សហជីព​ប្តឹង​ករណី​នេះទៅ​ក្រសួង​ការងារឱ្យជួយ​អន្តរាគមន៍​​ដោះ​ស្រាយ​ធ្វើយ៉ាង​ណា​ឱ្យ​ថ្នាក់នាំសហជីពទាំង៣នាក់នោះបានចូលធ្វើការ​វិញ។

កញ្ញាបន្ថែម​ថា៖ «ពួកគាត់នេះអត់មានខុសអីនោះទេ។ បើថាពួកគាត់ខុសត្រង់មាត្រា៨៣ នៃច្បាប់ស្តីពីការងារ លុះត្រាយើង​បាន​លួចរបស់​ក្រុម​ហ៊ុន ឬមានកំហុសធ្ងន់ នោះគេអាចបញ្ឈប់យើង តែពួកគាត់នេះអត់មានកំហុសអីទេ»

វីអូឌី មិនអាចសុំការឆ្លើយតបពីតំណាងរោងចក្រ ញូមីងដា ​បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

បើតាម​លោក ប៊ុន សុភី គឺពួកគាត់កំពុងរៀបចំឯកសារប្ដឹងករណីនេះ​ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យ​ជួយដោះ​ស្រាយ។

យ៉ាង​ណា អនុប្រធានផ្នែក​អន្តរា​គមន៍ និង​ដោះស្រាយបាតុកម្មកូដកម្មគ្រប់មុខ​សញ្ញា ​នៃ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ូ រតនា មានប្រសាសន៍ថា ករណីនេះ ខាងក្រសួងការងារបានឱ្យមន្ត្រីចុះធ្វើអធិការកិច្ចពិសេសហើយ ដោយលោក​មិនទាន់បានដឹងពីលទ្ធផលនៅឡើយទេ។

លោកបន្ថែមថា៖ «ខាងខ្ញុំទទួលបានព័ត៌មាននេះហើយ ហើយខាងមន្ត្រីអធិការកិច្ច គេចុះ​ធ្វើអធិការកិច្ចពិសេសហើយ​ដែរ តែខ្ញុំមិនទាន់ដឹងពីលទ្ធផលទេ អាចសួរបញ្ជាក់ទៅខាងអធិការកិច្ច»

ប្រធានសមាគម​អភិវឌ្ឍន៍ជីវភាពពលរដ្ឋ​កម្ពុជា លោក ព្រុំ ប៊ុនថន ដែលឃ្លាំមើលរឿងនេះ មាន​ប្រសាសន៍​ថា នេះមិនមែនជាករណី​លើកទី១នោះទេ ដែលថៅកែបានបញ្ឈប់កម្មករដោយសារតែពួកគាត់នាំគ្នាបង្កើតស​ហជីពនៅក្នុងរោងចក្រ គឺនៅ​មាន​រោង​ចក្រជាច្រើនផ្សេងទៀតដែលបានធ្វើបែបនេះ។ លោកថា ទង្វើនេះជាទង្វើខុសច្បាប់ និងរំលោភបំពានសិទ្ធិរបស់កម្មករធ្ងន់ធ្ងរ។

មន្ត្រីស​ង្គមស៊ីវិលផ្នែកសិទ្ធិការងាររូបនេះបន្តថា ជុំវិញករណីនេះ រដ្ឋាភិបាល ជាពិសេសក្រសួងការងារ ហាក់​ពុំបានជំរុញឱ្យថៅកែ​គោរព​​ច្បាប់ និងចាត់វិធានការ​តឹងរ៉ឹងចំពោះម្ចាស់រោងចក្រ ឬថៅកែដែលរំលោភច្បាប់និងសិទ្ធិកម្មករ​នេះ​ទេ។

លោកបន្ថែមថា៖ «អ៊ីចឹងខ្ញុំគិតថា ខាងក្រសួងការងារគួរតែអនុវត្តវិធានការច្បាប់ឱ្យបានតឹងរ៉ឹង និងមានប្រសិទ្ធភាព ចំពោះករណី​និយោជកដែលបានបញ្ឈប់តំណាងសហជីពនេះ ព្រោះនេះជាការ​រើសអើងនិងរំលោភច្បាប់ហើយ យើង​អត់ចង់ឱ្យទិដ្ឋភាពនេះកើតឡើងទេ។ កាល​ណាកើតឡើង វាបាត់ផលប្រយោជន៍ទាំងសងខាង ទាំងកម្មករ និងនិយោជក។ អ៊ីចឹងក្នុងរឿងនេះ ខ្ញុំថាមាន​តែក្រសួងការងារហ្នឹងឯង ដែលដើរតួសំខាន់ក្នុងការជំរុញឱ្យភាគីនិយោជកគោរពលក្ខខណ្ឌច្បាប់ដែលតម្រូវ​មក​នោះ»

កាលពីខែសីហា ឆ្នាំ២០២២ កម្មករប្រមាណ៨០០នាក់របស់​រោងចក្រ​​ ញូមីង​ដា ដែលមានថៅកែជាជនជាតិចិន បានផ្ទុះការតវ៉ាម្តងហើយ ក្រោយ​ពីថៅកែ​គ្រោង​​បញ្ឈប់​​តំណាង​កម្មករ​ចំនួន៥នាក់ពី​ការ​ងារ ប៉ុន្តែកម្មករបានចូលធ្វើការងារវិញ បន្ទាប់ពីថៅកែលុប​គម្រោង​បញ្ឈប់​កម្មករ​​ទាំ​ង​នោះ។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធ​សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានឱ្យដឹងថា មាន​​រោង​ចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប​១ ៤០៨នាក់ បាន​​រងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីព​ក្នុង​សហគ្រាសនិងគ្រឹះ​ស្ថាន​​​ដែលពួកគេកំពុង​ធ្វើការ។

មួយ​ទៀត​​នោះ សហជីពថាសំណុំរឿងមួយចំនួនដែល​​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​បាន​ដោះ​ស្រាយ និង​សម្រេច​ឱ្យក​ម្មករ​​ឈ្នះ​​​ហើយ គឺមិនត្រូវបានថៅកែ ឬនិយោជក​អនុវត្តតាម​សេចក្ដី​​បង្គាប់​​របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ឡើយ ដែល​ករណីនេះ សហជីពចាត់ទុក​ថាជា​ការរំលោភសិទ្ធិ​មនុស្ស​​ធ្ងន់​​ធ្ងរ និង​​ជា​​ការកេងប្រវ័ញ្ចកម្លាំងពលកម្ម​កម្មករ ដែលត្រូវបានហាមឃាត់​ដោយ​ច្បាប់ផងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ