គណបក្សកែទម្រង់កម្ពុជា អំពាវនាវទៅមេដឹកនាំអាស៊ានធ្វើយ៉ាងណាជំរុញឱ្យរដ្ឋាភិបាលកម្ពុជាត្រូវគោរពសិទ្ធិមនុស្ស និងបើកលំហសិទ្ធិនយោបាយឱ្យបានពេញលេញ ដើម្បីធានាថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
គណបក្សកែទម្រង់កម្ពុជា ដែលជាគណបក្សនៅក្រៅរដ្ឋាភិបាលបានលើកឡើងនៅក្នុងលិខិតរបស់ខ្លួនដែលផ្ញើជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន នៅថ្ងៃទី១០ ខែវិច្ឆិកា ដោយទទូចសុំឱ្យថ្នាក់ដឹកនាំអាស៊ានទាំងអស់ជំរុញទៅរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាត្រូវអនុវត្តឱ្យបានអំពីគោលការណ៍សិទ្ធិមនុស្ស និងលំហសេរីភាពខាងនយោបាយ។
ជាងនេះទៀត គណបក្សថ្មោងថ្មីមួយនេះសង្កេតឃើញថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហាក់មិនបានឆ្លើយតបឱ្យបានពេញលេញនៅឡើយទេ ចំពោះស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានប្រទេសចំនួន១៩ ជាម្ចាស់ហត្ថលេខី បានផ្ដល់សច្ចាប័ន ដើម្បីលើកកម្ពស់ឱ្យមានការគោរពសិទ្ធិមនុស្ស សិទ្ធិចូលរួមដោយសកម្មក្នុងជីវភាពនយោបាយ។
ក្រៅពីនេះ គណបក្សកែទម្រង់កម្ពុជា ក៏មើលឃើញដែរថា អនុសាសន៍ចំនួន៧ចំណុចដែលដាក់ទៅក្រសួងមហាផ្ទៃ និង១៦ចំណុចផ្សេងទៀតផ្ញើទៅស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យស្របគ្នាទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងឱ្យដូចគ្នាទៅនឹងខ្លឹមសាររបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលទើបបានបញ្ចប់បេសកកម្មរបស់ខ្លួនកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២២។ ប៉ុន្តែអនុសាសន៍ទាំងនោះ គណបក្សក្រៅរដ្ឋាភិបាលមួយនេះយល់ឃើញថា ស្ថាប័នជាតិទាំងនោះនៅមិនទាន់បានចាត់វិធានការដោយមានការទទួលខុសត្រូវនៅឡើយទេ៕