កូដករណាហ្គាវើលដ៍អំពាវនាវដល់ប្រទេសសមាជិកអាស៊ានជំរុញរដ្ឋាភិបាលកម្ពុជាដោះស្រាយវិវាទការងារ

កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មដោយសន្តិវិធី ដោយភាគច្រើនបានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ជាហូលផាមួង និងមានការកាន់បដាក្នុងខ្លឹមសារទាមទារឱ្យមានដំណោះស្រាយវិវាទការងារ និងគោរពសិទ្ធិការងារ ជាដើម ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

កូដករណាហ្គាវើលដ៍ នៅថ្ងៃសុក្រនេះ បានអំពាវនាវដល់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមា​ជិក​​អាស៊ាន ជួយ​ជំរុ​ញ​ទៅ​រដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយ​វិវាទការងារនៅក្រុមហ៊ុនល្បែងមួយ​​នេះ និង​​គោរពសិទ្ធិបញ្ចេញមតិ សិទ្ធិ​មនុស្ស ព្រមទាំង​បញ្ឈប់ការប្រើប្រាស់អំពើហិង្សា​។

ការអំពាវនាវនេះបានធ្វើឡើងស្របពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ច​ប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ​ នៅរាជធានីភ្នំពេញ។ ការ​ធ្វើកូដកម្មដោយអហិង្សា នៅថ្ងៃនេះ កូដករណាហ្គាវើលដ៍ភាគច្រើន​បានស្លៀកសម្លៀកបំពាក់​ប្រពៃណីខ្មែរ ជាហូលផាមួង និងមានការកាន់បដាក្នុងខ្លឹមសារទាមទារឱ្យមានដំណោះស្រាយ​វិវាទការងារ​ និងគោរពសិទ្ធិការងារ ជាដើម។

កូដករណាហ្គាវើលដ៍មួយរូប អ្នកនាង សុខ រតនា មានប្រសាសន៍ថា ការដែលពួកគាត់បន្តធ្វើ​កូដកម្ម​នេះ ដោយសារតែក្រសួង​ស្ថាប័នពាក់​ព័ន្ធ និង​ក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងរយៈពេលជាង​១ឆ្នាំមកនេះ​ នៅមិនទាន់មានដំណោះ​ស្រាយ​​វិវាទ​ការ​ងារ​​សម្រាប់ពួកគាត់នៅឡើយ។ អ្នក​នាង​បន្តថា ក្នុងឱកាសដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូល​អាស៊ាននេះ ពួកគាត់​អំពាវ​នាវ​​​ដល់​ថ្នាក់​ដឹកនាំ​​​នៃ​​បណ្តា​ប្រទេស​សមាជិកអាស៊ាន ជួយជំរុញ​​​ទៅ​​​រដ្ឋាភិបាលកម្ពុជាដោះស្រាយ​វិវាទការងារនេះឱ្យ​បាន​ឆាប់​ និងគោរពសិទ្ធិ​នានាដែលមានចែងក្នុងច្បាប់ជាតិ និងអន្តរ​ជាតិ។

អ្នកនាង សុខ រតនា ថ្លែងថា៖ «ខ្ញុំ​ចង់​ឱ្យ​កិច្ចប្រជុំអាស៊ាន គឺឱ្យគាត់​ជួយដោះស្រាយវិវាទការងារនៅក្រុម​ហ៊ុនណាហ្គាវើលដ៍នេះផង​ ព្រោះ​យើងអត់មានអីសង្ឃឹមទៀតទេ ព្រោះក្រសួង​ពាក់ព័ន្ធ​ មើលទៅគាត់អត់មានរវល់ពីរឿងយើងទៀត​​ទេ​ គឺគាត់បណ្តោយយើង គាត់អត់ដោះស្រាយ»។

អ្នកនាងអំពាវនាវ​បន្ថែមថា៖ «ខ្ញុំគ្រាន់តែចង់ឱ្យគាត់ [មេដឹកនាំសមាជិកអាស៊ាន] ជំរុញ​ប្រទេសកម្ពុជាយើងឱ្យ​គោរព​ច្បាប់ គោរពសិទ្ធិក្នុង​ការ​​បញ្ចេញមតិ ក៏ដូចជា​សិទ្ធិមនុស្ស ព្រោះយើងរាល់​ថ្ងៃនេះមានការ​រឹតត្បិតខ្លាំង​មែនទែន សូម្បី​​យើងចេញធ្វើកូដកម្មស្របច្បាប់ ​មានការ​ប្រើប្រាស់អំពើហិង្សាពីខាង​អាជ្ញាធរផ្សេង​ៗ អ៊ីចឹង​​យើងអត់ចង់​មានទិដ្ឋ​ភាព​ហ្នឹងកើតឡើងទៀតទេ យើងចង់ឱ្យមាន​​ស្មើភាពគ្នា ព្រោះ​យើងជាមនុស្ស​ យើងមានសិទ្ធិក្នុងការបញ្ចេញមតិនានា»។

កូដករណាហ្គាវើលដ៍ម្នាក់ទៀត អ្នកនាង ម៉ម សុវឌ្ឍិន បានលើកឡើងថា ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​បញ្ឈប់ថ្នាក់ដឹកនាំសហជីពប្រចាំក្រុមហ៊ុន​ និង​​បុគ្គលិកដោយអយុត្តិធម៌ ហើយការដោះស្រាយនោះ​ទៀតសោតក៏នៅពុំទាន់មាន​តម្លា​ភាពនិងយុត្តិធម៌សម្រាប់ពួកគាត់នៅឡើយ។

អ្នកនាង​ថា៖ «ឆ្លៀតពេលអាស៊ានមកហ្នឹង យើងក៏ចង់បង្ហាញថា យើងជាពលរដ្ឋខ្មែរមិនទាន់បានយុត្តិធម៌​​នៅ​​ឡើយ​​ទេ ​[…] ការ​​ហៅទៅ​ដោះស្រាយរបស់​ក្រសួងពាក់ព័ន្ធ ជា​មួយ​​នឹង​ថៅកែណាហ្គាវើលដ៍ គឺជាការហៅ​យកលុយបញ្ចប់រឿង មិនមែនជាការដោះស្រាយដែល​រកយុត្តិធម៌ដែលពួក​ខ្ញុំចង់បាន។ ពួកខ្ញុំចង់បាន គឺជាការ​ទទួលយកអ្នកតវ៉ា​ដែលជា​សមា​ជិក​សហជីព ដែលជាប្រធានសហជីព ដោយប្រធានហ្នឹងគឺបងស្រី ឈឹម ស៊ីថរ ហ្នឹង​ឱ្យចូលត្រលប់ទៅធ្វើការវិញ ដោយមិនមានការ​រើសអើង​»។

បើតាមអ្នកនាង ម៉ម សុវឌ្ឍិន អំឡុងពេលដែលកូដករតវ៉ានេះ ក៏មានការ​ឃ្លាំមើលពីសំណាក់អាជ្ញាធរ​ ហើយ​អាជ្ញាធរស្លៀកពាក់ស៊ីវិលទាំងនោះ​ក៏​បានតាមឃ្លាំមើលពួកគាត់ដល់ផ្ទះ ដែល​​ធ្វើ​​ឱ្យពួកគា​ត់​​មានក្តីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។

វីអូឌី នៅមិនទាន់សុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃនេះ។

កាលពីថ្ងៃទី៥ ខែវិច្ឆិកា​ ចុងសប្តាហ៍មុននេះ រដ្ឋបាល​រាជធានីភ្នំពេញ ​បា​ន​ស្នើឱ្យក្រុម​កូដករ​​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ផ្អាក​ធ្វើ​កូដកម្ម​ ខណៈកម្ពុជា​ជាម្ចាស់​ផ្ទះ​រៀបចំកិច្ចប្រជុំកំពូលអាស៊ាន ពី​ថ្ងៃទី១០ ដល់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកានេះ។ អាជ្ញាធរក៏បានព្រមាន​​ចាត់​វិធាន​ការ​ច្បាប់ផងដែរ បើ​កូដ​ករ​​​នៅ​​បន្តការ​​តវ៉ា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនិង​សណ្ដាប់​ធ្នាប់សង្គម អំឡុងពេល​កិច្ចប្រជុំកំពូលអាស៊ាននេះ។​  

អភិបាល​រងរាជធានីភ្នំពេញ លោក កើត ឆែ មានប្រសាសន៍​ថា ប្រសិនបើកូដករ​ណាហ្គា​​នៅ​បន្តធ្វើកូដកម្មអំឡុងពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន នោះ​ពួក​គេនឹង​​ប្រឈមផ្លូវច្បាប់​។

លោក​ថា៖ «គាត់ធ្វើទៅ ប៉ុន្តែ​គាត់​នឹងទទួលខុសត្រូវផ្លូវច្បាប់បន្តទៀត​ទៅ មាន​អី! ព្រោះយើងបានជម្រាបគាត់អស់ហើយ»។

ក្រោយពីការ​​ធ្វើ​កូដ​កម្ម​ជាង​១០ខែ​មក​នេះ កូដករណាហ្គាវើលដ៍​​ជិត១០រូប​ហើយ ត្រូវ​​បានសាលា​​​​ដំបូង​រាជ​ធានី​ភ្នំពេញ កោះហៅឱ្យចូលបំភ្លឺ ក្រោមបណ្តឹងរបស់ក្រុមហ៊ុន​។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍​ថា រដ្ឋាភិបាល និងអាជ្ញាធរ ​​ត្រូវ​​ដោះស្រា​យ​វិវាទ​ការងារ​មួយនេះ​ ជាជាង​ចេញ​លិខិត​កោះ​ហៅ និង​​​ឱ្យកូដករផ្អាកធ្វើកូដកម្ម ​​ទាំង​ដំណោះស្រាយមិនទាន់មានតម្លាភាពសម្រាប់ពួកគាត់​នោះ។ មួយវិញទៀត អ្នកស្រី​​ថា ការ​ព្រមានចាត់វិធានការច្បាប់ទៅលើកូដករដែលតវ៉ាក្នុងអំឡុងពេលប្រជុំអាស៊ាន​​នេះ ក៏​មិនមែនជា​ដំណោះស្រាយដែរ ប៉ុន្តែ​​វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​រដ្ឋាភិ​បាល​ទៅ​វិញទេ។

វិវាទ​ការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមក​ហើយ ក្រោយ​ពេល​​ក្រុ​ម​ហ៊ុន​នេះបាន​បញ្ឈប់​​​បុគ្គលិក​ចំនួន១ ៣២៩នាក់ ក្នុង​ចំណោម​​បុគ្គលិក​សរុ​ប​ជាង៨ ០០០នាក់ពី​ការ​ងារ ក្រោមហេតុផល​​ថា «ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​ដោយ​សារ​តែបញ្ហា​ជំងឺ​កូវីដ-១៩»។ យ៉ាងណា បុគ្គលិកដែល​ចេញធ្វើ​កូដកម្មរយៈពេល១០ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះដោយ​សារ​ថៅកែមា​ន​ចេតនា​រំលាយ​សហជីព​ការ​ពារ​សិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ