ប្រមុខ​UN​ជំរុញ​ឱ្យ​​របប​សឹក​មីយ៉ាន់ម៉ា​ដោះ​លែង​អ្នក​ទោស​នយោបាយ​ និង​ងាក​មក​គន្លង​ប្រជាធិបតេយ្យ​​ជា​បន្ទាន់

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ (United Nations in Cambodia)

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ជំរុញឱ្យអាជ្ញាធររបបយោធាមីយ៉ាន់ម៉ាស្តាប់ពលរដ្ឋខ្លួន ដោយដោះលែងអ្នកទោសនយោបាយ និងត្រឡប់មកមាគ៌ាប្រជាធិបតេយ្យវិញជាបន្ទាន់ ដោយថា នេះជាវិធីសាស្ត្រតែមួយគត់ ដើម្បីរក្សាស្ថិរភាព និងសន្តិភាព ខណៈលោកចាត់ទុកការវាយប្រហារមិនរើសមុខលើជនស៊ីវិល គឺជាអំពើយង់ឃ្នង និងគួរឱ្យរន្ធត់។

ការជំរុញនេះ ធ្វើឡើងតាមរយៈសន្ទរកថាថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកានេះ និងបន្ទាប់ពីលោកបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី ១២ កាលពីម្សិលមិញ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres លើកឡើងថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាសុបិនដ៏អាក្រក់ មិនដឹងថាថ្ងៃណាចប់សម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសនោះ។  លោកថា បញ្ហានេះក៏ជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល។

មន្ត្រីជាន់ខ្ពស់ UN រូបនេះ និយាយថា ការវាយប្រហារមិនរើសមុខលើជនស៊ីវិល គឺជាអំពើយង់ឃ្នង និងគួរឱ្យរន្ធត់។

លោក António Guterres ថា៖ «ខ្ញុំសូមជំរុញឱ្យអាជ្ញាធរនៅក្នុងប្រទេសមីយ៉ាន់ម៉ាស្តាប់ប្រជាពលរដ្ឋរបស់ខ្លួន ដោះលែងអ្នកទោសនយោបាយ និងត្រឡប់មាគ៌ាប្រជាធិបតេយ្យវិញជាបន្ទាន់។ នេះគឺជាវិធីសាស្ត្រតែមួយគត់ ដើម្បីរក្សាស្ថិរភាព និងសន្តិភាព»។

លោក António Guterres ថា អាស៊ានបានប្រើប្រាស់អភិក្រមផ្អែកលើគោលការណ៍កង់សង់ស៊ីស ៥ ចំណុច។

ប្រមុខដឹកនាំ UN រូបនេះ ជំរុញឱ្យប្រទេសទាំងអស់រួមទាំងប្រជាសមាជិកអាស៊ានស្វែងរកយុទ្ធសាស្ត្ររួមគ្នាចំពោះប្រទេសមីយ៉ាន់ម៉ា ផ្អែកតាមតម្រូវការ និងបំណងប្រាថ្នានៃប្រជាពលរដ្ឋរបស់ប្រទេសនេះ។

ក្រៅពីនោះ លោក António Guterres អំពាវនាវជាថ្មីឱ្យអាជ្ញាធរមីយ៉ាន់ម៉ាចាត់វិធានការជាបន្ទាន់ ដើម្បីកសាង លក្ខខណ្ឌសមស្របសម្រាប់ការវិលត្រឡប់ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ១ លាននាក់។

បើតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងពេលដ៏វឹកវរបែបនេះ អង្គការថ្នាក់តំបន់ ដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ានមានតួនាទីសំខាន់ និងចាំបាច់សម្រាប់ការកសាងដំណោះស្រាយជាសកល។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ចង់ឃើញមានការកសាងទំនាក់ទំនងកាន់តែរឹងមាំ និងកាន់តែផ្តល់នូវលទ្ធផលជាផ្លែផ្កាបន្ថែមទៀតរវាងអាស៊ាន និងអង្គការសហប្រជាជាតិនាឆ្នាំក្រោយៗទៀត។

សូមបញ្ជាក់ថា កុងសង់ស៊ីស៥ចំណុច រួមមាន ទី១ បិទបញ្ចប់អំពើហិង្សា ទី២ រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ ទី៣ បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងភូមា ទី៤ តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥ អនុញ្ញាតឱ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ