សមាជិក​ខ្មែរ​ថាវរៈ​បារម្ភ​ពី​សុវត្ថិភាព​ដោយ​សារ​អាជ្ញាធរ​តាម​ឃ្លាំ​មើល​ពួកគេ​ដល់​ផ្ទះ​ ​

យុវជនខ្មែរថាវរៈ ៥នាក់ ​បោះតង់​ និង​​​តស៊ូម​តិ​ដោយ​​បង្អត់​អាហារ ដើម្បី​ទាម​ទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី និងអ្នក​ទោស​មនសិការ​ផ្សេងទៀត​​ នៅ​​ទីលាន​ប្រជា​ធិប​តេយ្យ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សមាជិកខ្មែរថាវរៈបង្ហាញការព្រួយបារម្ភពីសុវត្ថិភាព ដោយសារតែអាជ្ញាធរនៅតែបន្តឃ្លាំមើលនិងតាមដាននៅម្តុំផ្ទះជួលពួកគេរស់នៅជារៀងរាល់ថ្ងៃ ក្រោយពីពួកគេធ្វើយុទ្ធនាការបង្អត់អាហារទាមទារឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសមនសិការផ្សេងទៀត។

សមាជិកខ្មែរថាវរៈ កញ្ញា ឈឿន ដារ៉ាវី មានប្រសាសន៍នៅថ្ងៃអាទិត្យថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែដដែល  សមាជិកខ្មែរថាវរៈចំនួន៦នាក់នាំគ្នាធ្វើយុទ្ធនាការបង្អត់អាហារទាមទារឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសមនសិការផ្សេងទៀត ។ កញ្ញាបន្តថា នៅអំឡុងពេលបង្អត់អាហារនោះ មានសមាជិកខ្មែរថាវរៈ ២នាក់ ដែលបានហត់ហេវត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែក ៣នាក់ទៀត ក្នុងនោះ មានកញ្ញា លោក ហ៊ុន វណ្ណៈ និងកញ្ញា សុគន្ធ ​តុលា បាននាំគ្នាបន្តធ្វើយុទ្ធនាការបង្អត់អាហារ ដោយបោះតង់សម្រាកនៅទីលានប្រជាធិបតេយ្យដដែល។

ក្រោយមកទៀតនៅថ្ងៃទី១៣ ខែវិច្ឆិកា ដែលត្រូវយុទ្ធនាការបង្អត់អាហារថ្ងៃទី៧ និងជាថ្ងៃចុងក្រោយនៃយុទ្ធនាការនេះ កញ្ញា ឈឿន ដារ៉ាវី អះអាងថា មានតែរូបគាត់ម្នាក់ទៀតប៉ុណ្ណោះ ដែលនៅតែបន្តធ្វើយុទ្ធនាការបង្អត់អាហារនៅផ្ទះស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈអ្នកផ្សេងទៀតមានជំងឺ និងខ្លះទៀតផ្អាកដោយសារទទួលបានដំណឹងថាគេប្តឹងជាដើម។ ​

ទោះជាបែបនេះក្តី កញ្ញា ឈឿន ដារ៉ាវី ចាត់ទុការចោទប្រកាន់លើសមាជិកខ្មែរថាវរៈ និងដាក់កម្លាំងសមត្ថកិច្ចតាមឃ្លាំមើលពួកគាត់ដល់ផ្ទះជួលថា ជាការគំរាមកំហែង និងបិទសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលផ្ទុយពីច្បាប់។

កញ្ញានិយាយថា៖ «ទង្វើទាំងអស់នេះជាការរឹតត្បិតហួសហេតុជ្រុលពីសំណាក់អាជ្ញាធរ ធ្វើមកលើពលរដ្ឋដែលគាត់ប្រើប្រាស់សិទ្ធិសម្តែងមតិជាសិទ្ធិមូលដ្ឋានរបស់ខ្លួន ក៏ប៉ុន្តែត្រូវបានជួបការគំរាមកំហែងគ្រប់ៗគ្នា»។

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ លោក សាន សុខសីហា សុំមិនធ្វើការបកស្រាយនោះទេ ដោយលោកអះអាងថា ជាប់រវល់។

នាយកគ្រប់គ្រងកិច្ចការទូទៅ នៃអង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស​​លីកាដូ លោក អំ សំអាត យល់​ថា ការដាក់កម្លាំងអាជ្ញាធរតាម​ឃ្លាំមើលក្រុម​​យុវជន​​ខ្មែរថាវរៈនៅកន្លែងពួកគេរស់នៅ​ ជាការគំរាមកំហែង និងបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានដែលមានចែង​ក្នុ​ងច្បាប់ និងរងការរិះគន់ពីមហាជនផងដែរ។

ករណីនេះ លោក អំ សំអាត បញ្ជាក់ថា អាជ្ញាធរត្រូវបញ្ឈប់សកម្មភាពតាមដាននិងឃ្លាំមើលក្រុម​​យុវជន​​ខ្មែរថាវរៈបែបនេះបន្តទៀត ដើម្បីកុំអោយមានការរិះគន់ពីការរំលោភសិទ្ធិ និងការគំរាមកំហែងទៅលើពលរដ្ឋជាដើម។

លោកមានប្រសាសន៍ថា«ការរក្សាសណ្តាប់ធ្នាប់ សន្តិសុខជារឿងមួយ ប៉ុន្តែការដាក់កម្លាំងមើលដល់ផ្ទះ ការប្រើប្រាស់ក​ម្លាំង​ឃ្លាំមើ​លច្រើនហួសហេតុពេក ជាការគំរាមកំហែង បំភិតបំភ័យ ធ្វើទុក្ខបុកម្នេញទៅវិញ មិនគួរអនុវត្តវិធានការនេះទេ ជៀស​វាង​នូវ​ការ​រិះគន់ ការរឹតត្បិតសេរីភាពរបស់ពលរដ្ឋនោះ»។

ក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមាន ឬវិមានប្រធានាធិបតីសហរដ្ឋអាមេរិក( The White House) ​កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ​ឱ្យដឹងថា លោកប្រធានាធិបតី បៃដិន (Joe Biden) ​បានជំរុញទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដោះលែងអ្នកជាប់ឃុំដែលត្រូវបានចោទប្រកាន់ក្រោមហេតុផលនយោបាយ និងមេធាវីអន្តរជាតិដែលមានសញ្ជាតិអាមេរិកាំង កញ្ញា សេង ធារី ព្រមទាំងស្នើឱ្យបើកលំហសិទ្ធិពលរដ្ឋ សង្គមស៊ីវិល និងសិទ្ធិនយោបាយឡើងវិញ នៅមុនការបោះឆ្នោតឆ្នាំ២០២៣។

ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍កាលពីម្សិលមិញថា ​សម្រាប់កម្ពុជា គឺអនុវត្តទៅតាមច្បាប់ក្នុងនាមប្រទេសដែលជារដ្ឋមានអធិបតេយ្យភាព។

លោកមានប្រសាសន៍ថា«ចំពោះសំណុំរឿងដែលស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ រដ្ឋាភិបាលមិនមានសិទ្ធិអំណាចក្នុងការលូកដៃឬជ្រៀតជ្រែកទៅនឹងស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យ។ អីចឹងទេត្រូវដំណើរការទៅតាមនីតិវិធីច្បាប់នៅតុលាការនៅកម្ពុជា»។

កាលពីថ្ងៃទី៧ ខែវិច្ឆិកា​នេះ ក្រុម​​យុវជន​​ខ្មែរថាវរៈចំនួន​៥នាក់ បាន​ចាប់​ផ្តើម​​​​​​ធ្វើយុទ្ធនាការ​​មិនបរិភោគ​​​អាហារ​​ នៅ​ខេត្តព្រះវិហារ​ ជាទីដែលឃុំខ្លួនកញ្ញា សេង ធារី មេធាវីអន្តរជាតិដែលមានសញ្ជាតិ​​ខ្មែរ-អាមេរិក​។ បន្ទាប់​ពី​ធ្វើយុទ្ធនាការបង្អត់អាហារបាន២ថ្ងៃ ពួកគេក៏បាននាំគ្នាធ្វើដំណើរ​​​​​មកកាន់​រាជធានីភ្នំពេញ ដោយ​​បន្តយុទ្ធនាការបង្អត់អាហារ និងបោះតង់​សម្រាក​នៅ​ទីលាន​ប្រជាធិបតេយ្យ ​ក្នុងខណ្ឌឫស្សីកែវ ដើម្បីសម្ដែងមតិទាមទារឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសមនសិ​ការផ្សេងទៀត។

ពាក់ព័ន្ធនឹងរឿងកញ្ញា សេង ធារី នេះដែរ ក្រសួង​ការ​បរទេស​អាមេរិក​ស្នើ​ឱ្យ​កម្ពុជា​ដោះ​លែង​មេធាវី​ខ្មែរ​អាមេរិកាំង​កញ្ញា ​សេង ធារី វិញ ដោយចាត់ទុកការឃុំ​ខ្លួន​កញ្ញា សេង ធារី​  និងអ្នកផ្សេងទៀត ថាជា​រឿងនយោបាយ។

កញ្ញា សេង ធារី ដែល​មានសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិមួយរូបផងនោះ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ​នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ​ផ្ដន្ទា​​ទោស​​ដាក់​​​​ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទ «ញុះ​ញង់ និង​រួម​​គំ​​និត​​​ក្បត់»។

មាត្រា​​​៣៥​ នៃរដ្ឋធម្ម​នុញ្ញ​ព្រះរាជាណាចក្រកម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​​ខ្មែរ​​ទាំងពីរ​​ភេទ​ មាន​សិទ្ធិ​​ចូល​​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​ និង​ដោះស្រាយ​យ៉ាង​​ហ្មត់​​ចត់​ពី​អង្គការ​រដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ