ការ​មិន​អនុញ្ញាត​ឱ្យ​អ្នកកាសែត VOD និង VOA ចូលរួម​សន្និសីទ​សារព័ត៌មាន​របស់​ប្រធាន​អាស៊ាន បង្ហាញ​ពី​ការ​រើសអើង

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលជុំវិញកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលធ្វើជាម្ចាស់ផ្ទះ នៅវិមានសន្តិភាព រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​អង្គការធ្វើការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមួយចំនួន​ លើក​ឡើង​ថា ការ​មិន​អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន​​នៅ​ស្ថាប័ន​ចំនួន២ រួមមាន សារព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) និង​វិទ្យុ​សំឡេងសហរដ្ឋអាមេរិកវីអូអេ (VOA) ចូល​រួម​សន្និសីទ​សារព័ត៌មាន ស្តីពី «លទ្ធផលនៃកិច្ចប្រជុំអាស៊ាន» ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការរើសអើង ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅកម្ពុជា។  

ក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី​៤១ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ត្រូវ​បាន​បិទ​បញ្ចប់​ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ប្រធាន​អាស៊ាន គឺ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានភារកិច្ច​មួយ​ទៀត ​ដោយត្រូវធ្វើសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ​បង្ហាញ​ពីលទ្ធផលនៃកិច្ចប្រជុំ ព្រមទាំងឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន ក៏ប៉ុន្តែអ្នកសារព័ត៌មាន​មកពីស្ថាប័ន វីអូឌី និង វីអូអេ ត្រូវបានគេហាមឃាត់​ចូលរួម។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់មជ្ឈមមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM), សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJa) និងក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា ​(OPCC) នៅថ្ងៃទី១៤ ខែវិច្ឆិកា បានទាមទារឱ្យក្រសួងព័ត៌មាន បំភ្លឺពីមូលហេតុដែលហាមឃាត់អ្នកសារព័ត៌មាន VOD និង VOA ​ចូលរួមសន្និសីទសារព័ត៌មាន​ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងមិនបានបញ្ជាក់មូលហេតុ ខណៈ​អ្នកសារព័ត៌មានរាប់សិបនាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចូលរួម។

សេចក្តីថ្លែងការណ៍អះអាងថា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា អ្នកសារព័ត៌មាន VOD ៤រូប និងអ្នកសារព័ត៌មាន VOA ៣រូប បានចុះឈ្មោះដើម្បីយកព័ត៌មាន ក្រោយកិច្ចប្រជុំកំពូលអាស៊ាន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ បន្ថែមពីនេះ VOD និង VOA ស្ថិត​ក្នុង​ចំណោម​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង១០ដំបូង​គេ​ ដែល​បាន​ចុះ​ឈ្មោះចូលរួមសន្និសីទកាសែតនោះ។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន VOD និង VOA ក៏មាន​បណ្ណសារព័ត៌​មាន​ដែលចេញដោយក្រសួងព័ត៌មានផងដែរ។

អង្គការអ្នកសារព័ត៌មានទាំង៣ បានទទូចឱ្យក្រសួងព័ត៌មានបំភ្លឺចំពោះការរើសអើងអ្នកសារព័ត៌មានមកពីស្ថាប័នទាំងពីរនេះ។

សេចក្តីថ្លែងការណ៍រួមបន្តថា៖ «យើង​សូម​ធ្វើការអំពាវនាវ​ឱ្យ​ក្រសួង​ពន្យល់​ពី​ការ​រើសអើង​ជាក់ស្តែង​នេះ ​ចំពោះ​អ្នក​សារព័ត៌មាន[មក]​ពី​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន។ យើងយល់ឃើញថា វាគ្មាន​ហេតុផលសមស្របណាមួយក្នុងការបដិសេធអ្នកសារព័ត៌មានអាជីព ពីការចូលទៅរាយការណ៍ព័ត៌មានដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈនោះទេ»។

អ្នកសារព័ត៌មានមកពី​វីអូឌី កញ្ញា ប៉ា សុខេង និយាយថា កញ្ញាមានការសោកស្តាយចំពោះការហាមឃាត់​អ្នកសារព័ត៌មានវីអូឌី និងវីអូអេ មិនឱ្យចូលរួមសន្និសីទកាសែតដែលធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន និងជាប្រធានអាស៊ាន កាលពីថ្ងៃម្សិលមិញ។

កញ្ញាបន្តថា ការមិនអនុញ្ញាតឱ្យចូលរួមសន្និសីទកាសែត​​នេះ គឺជាចេតនានៃការរឹតត្បិត និងរើសអើងចំពោះស្ថាប័ន​សារព័ត៌មានដែលហ៊ានសរសេររិះគន់នូវចំណុចខ្វះខាតរបស់រដ្ឋាភិបាល។

កញ្ញា ប៉ា សុខេង បន្តថា៖ «រដ្ឋធម្មនុញ្ញប្រទេសកម្ពុជាយើង មាត្រា៤១ បានចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ ហើយគេ​បែរជាមករារាំងភារកិច្ចរបស់យើង ក្រោមហេតុផលថា “ថ្នាក់លើមិនឱ្យ”។ អ៊ីចឹងនេះ សម្រាប់ខ្ញុំ នេះគឺជាការរំខានដល់ការងារនៃវិជ្ជាជីវៈរបស់យើង ហើយមានចេតនាឱ្យយើងខកខានក្នុងការផ្សព្វផ្សាយហ្នឹង ខកខាននូវការសាកសួរ។ មែនទែនទៅ ជាការរើសអើងយើងដែលធ្វើការនៅក្នុងអង្គភាព​សារព័ត៌មានហ្នឹងផងដែរ»។

អ្នកសារព័ត៌មានជាស្ត្រីវ័យក្មេងរូបនេះបន្តថា ការចូលរួមរបស់អ្នកសារព័ត៌មានឯករាជ្យ ក្នុងសន្និសីទកាសែតដែលធ្វើឡើងដោយប្រធានអាស៊ាន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយកិច្ចប្រជុំចប់នោះ ពិតជាមានសារសំខាន់ណាស់ ដ្បិតកម្ពុជា ១០ឆ្នាំម្តង ​ទើបបានក្លាយជាប្រធានអាស៊ាន​ ហើយអ្នកសារព័ត៌មានឯករាជ្យមានតួនាទី​ផ្សព្វផ្សាយនូវព័ត៌មានពិត មិនលម្អៀង សម្រាប់ពលរដ្ឋ​បានយល់ដឹង​។

ដោយឡែក អ្នករាយការណ៍ព័ត៌មានឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ប្រចាំប្រទេសកម្ពុជា លោក ស៊ុន ណារិន យល់ឃើញថា រាជរដ្ឋាភិបាលមិនគួររើសអើងអ្នកសារព័ត៌មានមកពីស្ថាប័ន វីអូឌី និង វីអូអេ ឡើយ បើទោះបីជាពីមុនធ្លាប់មានការរើសអើងបែបនេះក្តី ដោយថាសន្និសីទកាសែតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងនាមប្រធានអាស៊ាន ក្រោយកិច្ចប្រជុំពិសេសចប់នោះ គឺជាវេទិកាអន្តរជាតិ។

លោក ស៊ុន ណារិន បន្តថា៖ «អ៊ីចឹងយើងមើលឃើញថា ទម្រង់នៃការរើសអើងនៅតែមាន ហើយការរឹតត្បិតចំពោះសេរីភាពរបស់អ្នកសារព័ត៌មានដែលហ៊ាននិយាយបញ្ហាសង្គម នៅតែកើតឡើង ដែលនេះវាមិនមែនជារឿងល្អសម្រាប់ប្រទេសដែលមានការបើកចំហសម្រាប់សេរីភាពសារព័ត៌មានទេ»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ មានប្រសាសន៍នៅថ្ងៃចន្ទ ដោយបដិសេធការឆ្លើយតបជុំវិញរឿងនេះ ហើយរុញឱ្យទៅសាកសួរអ្នកនាំពាក្យមួយរូបទៀត គឺលោក ផុស សុវណ្ណ វិញ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ លោក ផុស សុវណ្ណ មានប្រសាសន៍កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្រោយអ្នកសារព័ត៌មានវីអូឌី សាកសួរជុំវិញការហាមឃាត់នេះ ប៉ុន្តែលោកឆ្លើយថា ក៏មិនបានដឹងពីគោលការណ៍នេះច្បាស់ឡើយ។

លោកបន្តថា៖ «កម្មវិធីហ្នឹង [សន្និសីទកាសែតប្រធានអាស៊ាន] មិនដឹងគោលការណ៍យ៉ាងម៉េចដែរក្មួយ! ពូក៏ទទួលមិនច្បាស់ដែរ»។

រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា មាត្រា៤១ បានចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំ។

នាយកស្តីទីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក អ៊ិត សូធឿត យល់ឃើញថា ការហាមឃាត់អ្នកសារព័ត៌មានវីអូឌី និងវីអូអេ មិនឱ្យចូលរួមសន្និសីទកាសែតរបស់ប្រធានអាស៊ាននោះ គឺបង្ហាញពីទម្រង់រើសអើងស្ថាប័នសារព័ត៌មានវិជ្ជាជីវៈឬឯករាជ្យ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា ក្នុងនាមប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ។ ​

លោកមានប្រសាសន៍ថា៖ «សេរីភាពសារព័ត៌មាននេះ គឺជាសេរីភាពមូលដ្ឋានដ៏សំខាន់មួយ ដែលត្រូវបានធានាដោយច្បាប់របបសារព័ត៌មាន ក៏ដូចជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ធ្វើឱ្យប៉ះពាល់​ដល់សិទ្ធិទទួលបានព័ត៌មានឯករាជ្យរបស់ប្រជាពលរដ្ឋទូទៅ នៅពេលដែលពួកគាត់មិនអាចទទួលបានប្រភពព័ត៌មានជាក់លាក់ ពិសេសអ្នកសារព័ត៌មានវីអូឌី និងវីអូអេ ដែលយើងជាសារព័ត៌មានឈរនៅលើគោលការណ៍​នៃក្រមសីលធម៌វិជ្ជាជីវៈ ផ្តល់ព័ត៌មានឯករាជ្យពិតប្រាកដទៅដល់ប្រជាពលរដ្ឋកម្ពុជា»។

របាយការណ៍ដែលចេញដោយ​ការិយាល័យសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ កា​ល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០២២ រក​ឃើញ​ថា លំហពលរដ្ឋ និងសេរីភាពខាងសារព័ត៌មាន នៅ​​តែ​​ជា​​​គោល​​ដៅ​នៃការវាយប្រហារ និងរឹតត្បិតខ្លាំងពីរដ្ឋាភិបាល​កម្ពុជា ដូចមុនដដែល។ ​

របាយការណ៍ដដែលបន្ថែម​ថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលបានអនុម័តយ៉ាង​​​ស​​ក​​ម្ម​​​​នូ​​វច្បាប់ដែលមានអំណោយផល ក្នុងការផ្ដល់អំណាចដល់អាជ្ញាធរក្នុងការរឹតបន្តឹងលើ​​​អ្ន​ក​​​សារ​ព័ត៌​មាន និងអ្នកផ្សេងទៀត ឱ្យស្ថិតនៅក្រោមការឃ្លាំមើល ជាពិសេស​ពង្រីក​​​សមត្ថភាព​​រប​​ស់​​​​​រដ្ឋា​​ភិបាល ដើម្បីកាត់បន្ថយការងារប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពក្នុងការបញ្ចេញ​មតិ តាមរយៈ​​តុ​​លា​ការ។

​សម្រាប់អ្នកសារព័ត៌មានវីអូឌី កញ្ញា ប៉ា សុខេង លើកឡើងថា ការរឹតត្បិតសេរីភាពអ្នកសារព័ត៌មានវិជ្ជាជីវៈឬឯករាជ្យ មិនឱ្យចូលរួមវេទិកាសំខាន់បែបនេះ នឹងមិនបានផ្តល់ផលចំណេញដល់សង្គមឡើយ ប៉ុន្តែបង្ហាញថា អង្គការរដ្ឋកំពុងបិទបាំងនូវកង្វះខាតរបស់ខ្លួនទៅវិញទេ។ ​

កញ្ញា ប៉ា សុខេង លើកឡើងថា៖ «រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ មន្ត្រីថ្នាក់លើ ថ្នាក់ក្រោមហ្នឹង សុំអនុញ្ញាតឱ្យអ្នកសារព័ត៌មានហ្នឹងបានបំពេញតួនាទីរបស់ពួកគាត់តាមផ្លូវច្បាប់។ អ្នកសារព័ត៌មានមិនមែនជាសត្រូវរបស់រាជរដ្ឋាភិបាលទេ ហើយសង្គមប្រជាធិបតេយ្យត្រូវការតម្លាភាព ត្រូវការការឆ្លុះបញ្ចាំងពីបញ្ហា និងដំណោះស្រាយ ក៏ដូចជាឆ្លើយតបនូវកង្វល់ មន្ទិលដែលពលរដ្ឋចង់ដឹងចង់ឮ តាមរយៈសារព័ត៌មាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ