កូដករណាហ្គាវើលដ៍ ២នាក់ បានចូលបំភ្លឺរួចរាល់នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ ប៉ុន្តែនីតិវិធីរបស់តុលាការបន្តយ៉ាងណាទៀតនោះ ទាំងមេធាវីការពារក្ដី និងកូដករ នៅមិនទាន់ដឹងនៅឡើយទេ ដោយត្រូវរង់ចាំកូដករផ្សេងទៀតចូលឆ្លើយបំភ្លឺជាបន្តបន្ទាប់នាពេលខាងមុខទៀតសិន។
នៅថ្ងៃនេះ កូដករណាហ្គាវើលដ៍២នាក់ រួមមាន កញ្ញា សុខ ថាវុធ និងអ្នកស្រី នេត ចរិយា ក្នុងនោះ មានកូដករម្នាក់ចូលបំភ្លឺនៅម៉ោង៩កន្លះព្រឹកនេះ និងម្នាក់ទៀតនៅម៉ោង២កន្លះរសៀល ក្រោមបណ្តឹងរបស់ក្រុមហ៊ុន ពីបទ «រំលោភលើលំនៅឋាន, ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់»។
ក្រោយពីបានចូលទៅបំភ្លឺរួចមក កញ្ញា សុខ ថាវុធ បានថ្លែងប្រាប់អ្នកសារព័ត៌មានវីអូឌីថា កញ្ញាហាក់មិនយល់ចំពោះពាក្យបណ្ដឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលចោទប្រកាន់លើកញ្ញា និងកូដករដទៃទៀត ពាក់ព័ន្ធនឹងបទ «រំលោភលើលំនៅឋាន» ដោយសារក្រុមហ៊ុនបនល្បែងមួយនេះមិនមែនជាលំនៅឋាននោះទេ។
កញ្ញាបន្ថែមថា សម្រាប់ការចោទពីបទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» និង «ចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់» នោះ គឺជាការចោទដោយមិនសមហេតុផលនោះដែរ ព្រោះថា កូដករមិនដែលធ្វើឱ្យខូចខាតទ្រព្យសម្បត្តិណាមួយឡើយ។
កញ្ញាថា៖ «ក្រុមកូដករហ្នឹងថាបានឃាំងបុគ្គលិក ហើយនឹងភ្ញៀវ មិនបានចេញចូល! តែខ្ញុំសូមបញ្ជាក់ថា ពួកខ្ញុំគ្មានសិទ្ធិទៅបង្ខាំងបុគ្គលិកនិងភ្ញៀវទេ គឺថៅកែដែលប្រាប់ទៅសន្តិសុខក្រុមហ៊ុនណាហ្គាវើលដ៍បិទច្រកមិនឱ្យបុគ្គលិកហើយនឹងភ្ញៀវចេញចូល។ ខាងកូដករ មិនមែនទេ គឺខ្ញុំកាន់បដានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍តែប៉ុណ្ណោះ»។
កញ្ញា សុខ ថាវុធ បន្ថែមថា ការដាក់ពាក្យបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុនបនល្បែងនេះ ក្នុងគោលបំណងឱ្យកូដករឈប់តវ៉ា តែយ៉ាងណា កញ្ញាថា ការចោទបែបនេះមិនអាចបញ្ឈប់សកម្មភាពតវ៉ាដោយអហិង្សារបស់ក្រុមកូដករបាននោះទេ។
កញ្ញាថា៖ «ធ្វើអ៊ីចឹងដើម្បីឱ្យប្រព័ន្ធតុលាការ ដើម្បីឱ្យពួកខ្ញុំភ័យខ្លាច កូដករដទៃទៀតឃើញខ្ញុំមកសាលាដំបូងរាជធានីភ្នំពេញទៀត គេខ្លាច គេមិនហ៊ានឱ្យខ្ញុំធ្វើកូដកម្មអ៊ីចឹង តែសម្រាប់ខ្ញុំ គឺអត់ខ្លាចទេ ខ្ញុំនឹងបន្តធ្វើកូដកម្មដូចធម្មតា»។
ចំណែកមេធាវីការពារក្តីឱ្យកូដករណាហ្គាវើលដ៍ អ្នកស្រី ស៊ឹម សោភា នៅមិនទាន់អាចឆ្លើយតបបាននៅឡើយទេជុំវិញករណីនេះ ដោយអ្នកស្រីថា សំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការឆ្លើយបំភ្លឺទៅកាន់តុលាការនៅឡើយ ខណៈនៅមានកូដករចំនួន៦នាក់ទៀតដែលនឹងត្រូវចូលទៅឆ្លើយបំភ្លឺនៅតុលាការបន្ថែមទៀត។
អ្នកស្រីថា៖ «ខ្ញុំគ្រាន់តែចង់ជម្រាបថា គាត់ឆ្លើយបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងក្រុមហ៊ុនដែលប្ដឹងគាត់ ហើយនីតិវិធីផ្សេងទៀតហ្នឹង តំណាងអយ្យការនឹងហៅសួរបន្តៗរហូតដល់អ្នកទទួលដីកាកោះជាផ្លូវការហ្នឹង»។
វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ នៅថ្ងៃចន្ទនេះ។
នៅអំឡុងពេលកូដករ២នាក់ចូលទៅបំភ្លឺនោះដែរ កូដករណាហ្គាវើលដ៍ប្រមាណ៣០នាក់បាននាំគ្នាទៅប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញផងដែរ ដោយពួកគេបានកាន់បដាដែលមានខ្លឹមសារថា «ខ្ញុំមកធ្វើជាសាក្សី» ក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រដល់សមាជិករបស់ខ្លួនដែលចូលទៅបំភ្លឺនោះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា តាមនីតិវិធី នៅពេលដែលមានបណ្តឹងពីភាគីវិវាទណាមួយនោះ គឺតុលាការត្រូវកោះហៅភាគីម្ខាងទៀតទៅឆ្លើយបំភ្លឺ។ តែយ៉ាងណា លោកស្នើដល់តុលាការធ្វើការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ និងដើមចមដែលនាំឱ្យក្រុមកូដករផ្ទុះការតវ៉ារហូតដល់ត្រូវរងបណ្ដឹងនៅពេលនេះ។
លោកថា៖ «ពេលវេលាជាយូរមកហើយ ទើបមានបណ្ដឹងនេះកើតមានឡើង ហើយសុំឱ្យមានការពិនិត្យ [ថា]តើក្រុមហ៊ុនណាហ្គាជាលំនៅឋាន ឬជាក្រុមហ៊ុនដែលរកនូវចំណូល។ ហើយបើយើងពិនិត្យមើលសកម្មភាព កូដករគឺគាត់បានធ្វើកូដកម្មដោយសន្តិវិធី ហើយបានធ្វើសមស្របតាមច្បាប់ស្ដីពីកូដកម្ម»។
ក្រោយពីការធ្វើកូដកម្មជាង១០ខែមកនេះ កូដករណាហ្គាវើលដ៍ជិត១០រូបហើយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលបំភ្លឺ ក្រោមបណ្តឹងរបស់ក្រុមហ៊ុន។
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើងជាង១ឆ្នាំមកហើយ ក្រោយពេលក្រុមហ៊ុន កាស៊ីណូមួយនេះបានបញ្ឈប់បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា «ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩»។
យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មរយៈពេល១០ខែមកនេះ អះអាងថា ការបញ្ឈប់នោះដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕