អ្នកឃ្លាំមើលសង្គមបារម្ភថា កម្ពុជាអាចនឹងបន្តខាតបង់ទាំងប្រយោជន៍ការទូត និងសេដ្ឋកិច្ចពីប្លុកលោកសេរី បើមិនដោះស្រាយវិបត្តិសិទ្ធិមនុស្ស ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់សហគមន៍អន្តរជាតិ ជុំវិញការទាមទារឱ្យបើកលំហប្រជាធិបតេយ្យ មុនការបោះឆ្នោតជាតិឆ្នាំ២០២៣នោះ។
ក្តីបារម្ភនេះកើតឡើងក្រោយពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយចំៗក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលទើបបិទបញ្ចប់នៅថ្ងៃអាទិត្យម្សិលមិញ។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ លោក (Antonio Guterres) បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា «បើកលំហសេរីភាពពលរដ្ឋ និងអ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងឱ្យពង្រីកកិច្ចសហការជាមួយនឹងសង្គមស៊ីវិល»។
ដោយឡែក សេតវិមានអាមេរិកបាននិយាយថា មេដឹកនាំខ្លួន លោក ចូ បៃដិន ក្នុងជំនួបទ្វេភាគីជាមួយមេដឹកនាំកម្ពុជា លោក ហ៊ុន សែន អាមេរិកបានជំរុញឱ្យមេដឹកនាំកម្ពុជាបើកលំហសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣។
អាមេរិកបានគូសបញ្ជាក់ថា បញ្ហានេះ ខ្លួននឹងបន្តឈរនៅជាមួយប្រជាជនកម្ពុជា ក្នុងពេលដែលពួកគេខិតខំធ្វើឱ្យអនាគតរបស់គេប្រកបទៅដោយវិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យភាព។
តែយ៉ាងណា ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ាននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មាន ដែលសួរថា កម្ពុជានឹងឆ្លើយតបដូចម្តេចចំពោះការអំពាវនាវរបស់សហរដ្ឋអាមេរិក ជុំវិញការអំពាវនាវឱ្យបើកលំហសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនេះ ។
លោកថា៖ «ទាក់ទិននឹងអាមេរិកប្រកាសអី ទៅសួរអាមេរិកខ្លួនឯងទៅណា៎! ខ្ញុំអត់ឆ្លើយទេ?ព្រោះខ្ញុំអត់ដឹងអាមេរិកនិយាយពីអីផង ព្រោះលោក ចូ បៃដិន គាត់អត់និយាយជាមួយខ្ញុំច្រើនទេ។ […] នៅពេលដែលគាត់និយាយអីពីបញ្ហានេះ បញ្ហានោះ ក្នុងពេលសន្ទនាជាមួយគ្នា ខ្ញុំក៏បានលើក គាត់ក៏បាននិយាយពីដំណើរការបោះឆ្នោតឆ្នាំក្រោយ ខ្ញុំក៏បាននិយាយអំពីដំណើរការបោះឆ្នោតជាហូរហែ ហើយនឹងការព្យាករទុកអំពីការបោះឆ្នោតឆ្នាំក្រោយនេះ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ការជំរុញរបស់សហគមន៍អន្តរជាតិ ពេលនេះមានសញ្ញាវិជ្ជមានតិចតួចពីការកែលម្អប្រជាធិបតេយ្យ ខណៈកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិក ឈានដល់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្នុងន័យនេះ លោកគូសបញ្ជាក់ថា ការដែលបក្សប្រឆាំងហក់ឡើងប្រជាប្រិយភាពនៅឆ្នាំ២០១៣ និងឆ្នាំ២០១៧ នឹងមិនធ្វើឱ្យបក្សកាន់អំណាចបើកលំហប្រជាធិបតេយ្យឡើងវិញទេ ស្របពេលដែលបក្សកាន់អំណាចពេលនេះកំពុងពង្រឹងយន្តការផ្ទេរអំណាចទៅឱ្យកូនៗនោះ។
បញ្ហានេះ លោកបារម្ភថា បើគ្មានអ្វីប្រែប្រួល ហើយបើអាមេរិកអស់ការអត់ធ្មត់ វិធានការដាក់ទណ្ឌកម្មជាលក្ខណបុគ្គលទៅលើឥស្សរជននយោបាយនៅកម្ពុជាអាចនឹងកើតឡើង ដែលការណ៍នេះ កម្ពុជានឹងបន្តខាតបង់បន្ថែមទៀត ទាំងប្រយោជន៍ពាណិជ្ជកម្ម និងវិស័យការទូតជាមួយមហាអំណាចលោកសេរី។
លោកថា៖ «ក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក បើយើងនិយាយមែនទែន […] របស់លោក ចូ បៃដិន ផ្ទាល់តែម្តង គឺលើកយកលក្ខណៈសម្បត្តិ គឺលើកស្ទួយប្រជាធិបតេយ្យ។ កាលណាមិនឆ្លើយតបភ្លាមៗទេ វាពិបាកនឹងទទួលបានអត្ថប្រយោជន៍ ការរាប់អាន ការគាំពារការទូតលើឆាកអន្តរជាតិដែរ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសរួចហើយពីបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ស្នងតំណែងទៅថ្ងៃអនាគត គឺលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា វិបត្តិសិទ្ធិមនុស្សនៅកម្ពុជា អាស្រ័យលើរដ្ឋាភិបាលកម្ពុជា មិនពឹងផ្អែកទាំងស្រុងលើសហគមន៍អន្តរជាតិទេ ព្រោះការលើកឡើងពេលនេះរបស់សហគមន៍អន្តរជាតិ បើទោះជាជំនួបទល់មុខ ប៉ុន្តែថាជាសារអំពាវនាវដដែលៗដូចច្រើនឆ្នាំកន្លងទៅដែរ។
ប៉ុន្តែលោកថា បើវិបត្តិសិទ្ធិមនុស្សត្រូវបានដោះស្រាយមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ កម្ពុជានឹងបន្តទទួលបានអំណោយផលពីប្លុកលោកសេរី មានប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក និងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ជាដើម ខណៈប្រព័ន្ធទាំងពីរនេះកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ក្នុងការផ្តល់ដល់កម្ពុជាវិញនៅឡើយ បើទោះបីជាកម្ពុជាពឹងផ្អែកមួយផ្នែកទៅលើទីផ្សារចិន។
ក្នុងន័យនេះ លោកគូសបញ្ជាក់ថា អ្វីដែលកម្ពុជានាំចេញទៅទីផ្សារអាមេរិក និងសហភាពអឺរ៉ុប បច្ចុប្បន្ន មិនក្រោម២ពាន់លានដុល្លារក្នុង១ឆ្នាំនោះទេ លោកថា ចំនួននេះ បើធៀបនឹងការនាំចេញទៅទីផ្សារចិន លើសជាង១០ដង ហើយថាការនាំចេញទៅប្រទេសលោកសេរីកំពុងមានចំនួនកើនឡើងជាលំដាប់។
បញ្ហានេះ លោកបារម្ភថា កម្ពុជានឹងជួបហានិភ័យសេដ្ឋកិច្ច បើរដ្ឋាភិបាលមិនដោះស្រាយវិបត្តិសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់សហគមន៍អន្តរជាតិ មុនការបោះឆ្នោតជាតិឆ្នាំ២០២៣មកដល់ទេនោះ។
លោកថា៖ «នៅឆ្នាំ២០២២នេះ កើតឡើងរហូតដល់ប្រមាណជា៤៦ភាគរយឯណោះ បាទ! អ៊ីចឹងវាសុទ្ធតែអាចនាំឱ្យសេដ្ឋកិច្ចកម្ពុជាមានហានិភ័យ ប្រសិនបើវិបត្តិសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហ្នឹង វាក្លាយទៅជា វាមានភាពកាន់តែអាក្រក់ឡើងដល់ឆ្នាំ២០២៣»។
លោកផ្តល់ជាយោបល់ថា វិបត្តិសិទ្ធិមនុស្ស វានឹងអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់រដ្ឋាភិបាលដែលកើតក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣ ដែលកម្ពុជាគួរចាប់យកទាំងសហរដ្ឋអាមេរិក និងចិន ទើបអាចធានានូវសុខភាពសេដ្ឋកិច្ចរបស់កម្ពុជាបាន។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ការកែលម្អបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ប្រកបដោយការជឿទុកចិត្តពីសហគមន៍ជាតិ និងអន្តរជាតិ ជាការលាងសម្អាតមន្ទិលសង្ស័យនៅថ្ងៃបោះឆ្នោតជាតិខាងមុខ ដែលនៅសល់តែប្រមាណ៨ខែទៀតប៉ុណ្ណោះ ដែលការណ៍នេះនឹងធ្វើឱ្យកម្ពុជាចំណេញទាំងមុខមាត់លើឆាកអន្តរជាតិ និងផលប្រយោជន៍ជាតិ។
លោកគូសបញ្ជាក់ថា ការដឹកនាំរដ្ឋដែលធ្វើឱ្យប្រទេសជាតិបាត់បង់ផលប្រយោជន៍ បង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាការទទួលខុសត្រូវរបស់អ្នកនយោបាយដែលកាន់អំណាច។
លោកថា៖ «អ៊ីចឹងចំណុចហ្នឹង បើសិនជាផ្តោតតែលើផលប្រយោជន៍នយោបាយ អ្នកដែលប៉ះពាល់ វាមិនមែនតែគណបក្សនយោបាយណាមួយនោះទេ អ្នកដែលប៉ះពាល់គឺពលរដ្ឋទូទៅ»។
វិបត្តិនយោបាយរបស់កម្ពុជាដែលបានអូសបន្លាយចាប់ពីចុងឆ្នាំ២០១៧មក ក្រោយតុលាការរំលាយគណបក្សប្រឆាំងធំមួយចេញពីឆាកនយោបាយមក មន្ត្រីជាន់ខ្ពស់យោធាមួយចំនួនត្រូវបានអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរួចហើយ ក្នុងនោះមានទាំងមេបញ្ជាការកងអង្គរក្សនាយករដ្ឋមន្ត្រីផងដែរ គឺលោក ហ៊ីង ប៊ុនហៀង។
ក្រៅពីនេះ កម្ពុជាក៏ធ្លាក់ក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក ខណៈកម្ពុជាមិនទាន់រើខ្លួនរួចពីប្រទេសត្រូវបានឃ្លាំមើលពីការលាងលុយកខ្វក់ ៤ឆ្នាំជាប់ៗគ្នា។
បញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បង្ហាញការព្រួយបាម្ភថា បើកម្ពុជាមិនអាចទប់ស្កាត់បទឧក្រិដ្ឋលើដែនដីកម្ពុជាបានទេ កម្ពុជានឹងធ្លាក់ទៅក្នុងបញ្ជីខ្មៅនៃប្រទេសលាងលុយខុសច្បាប់ ដែលពេលនោះ កម្ពុជានឹងជួបវិបត្តិទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ ដោយសារវិធានការអន្តរជាតិ៕