ប្រជាពលរដ្ឋ និងសហគមន៍ឃុំកំពង់ព្រះ ខេត្តបាត់ដំបង ព្រួយបារម្ភដោយអះអាងថានៅតែមានអ្នកលួចលាក់ដាក់ស្បៃមុង និងឧបករណ៍ខុសច្បាប់ជាច្រើនទៀត ដែលបណ្ដាលឱ្យបាត់បង់ពូជត្រី និងប្រភេទត្រីដ៏កម្រមួយចំនួនដោយការនេសាទខុសច្បាប់។
លោក ថន ងួន ដែលមានវ័យប្រមាណ៤៧ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ឱ្យដឹងថា លោកមានការព្រួយបារម្ភនៅពេលដែលបទល្មើសបន្ដកើតឡើងជាបន្ដបន្ទាប់មកនេះ។ ជាមួយគ្នានេះ លោកក៏អំពាវនាវឱ្យអាជ្ញាធរ និងភាគីដែលពាក់ព័ន្ធ ត្រូវមានវិធានការដោយម៉ត់ចត់ ដើម្បីប្រាកដថាបទល្មើសនេសាទនេះនឹងត្រូវកាត់បន្ថយ។
លោកបន្ដថា៖ «សូមឱ្យមន្រ្ដីពាក់ព័ន្ធបន្ដបង្រ្កាបបទល្មើសនេសាទ ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាពជាងនេះ ព្រោះបើយើងទប់ស្កាត់បាន នោះត្រីនឹងសម្បូរ»។
ចំណែកអនុប្រធានសហគមន៍ឃុំកំពង់ព្រះ ស្រុកសង្កែ លោក ឡុង បូរិន បានលើកឡើងថា ការនេសាទខុសច្បាប់នេះកើតមានជាយូរមកហើយ ជាពិសេសកើតឡើងញឹកញាប់នៅក្នុងរដូវវស្សានេះ។ ក្រៅពីនេះ មានឧបករណ៍ជាច្រើនប្រភេទ ដូចជាឧបករណ៍បណរ៉ាវជាដើម ដែលឧបករណ៍នេសាទប្រភេទនេះត្រូវបានគេប្រើប្រាស់ដើម្បីលួចឆក់ត្រីនៅរដូវប្រាំង។
បើតាមលោក ឡុង បូរិន អ្នកដែលតែងតែប្រើប្រាស់ស្បៃមុង ដើម្បីឆក់យកត្រីនេះ គឺពលរដ្ឋក្នុងស្រុកខ្លះ ហើយក៏មានអ្នកចំណូលមកពីខាងក្រៅខ្លះដែរ ដែលធ្វើឱ្យបទល្មើសនេសាទនៅស្រុកឯកភ្នំនេះ មានការកើនឡើងជាលំដាប់។ ជាងនេះទៀត ពួកគេបានចូលមកនេសាទដល់ដែនជម្រកសហគមន៍ផ្ទាល់តែម្តងក៏មានដែរ។
លោកបន្តថា៖ «ប៉ះពាល់ច្រើនជាងគេនៅរដូវទឹកឡើង រដូវត្រីពងកូន វាអត់បានចេញមកពីទន្លេ យើងពឹងអាស្រ័យផលត្រីពីទន្លេសាប ដល់[ការនេសាទខុសច្បាប់ប្រើប្រាស់ឧបករណ៍]បណរ៉ាវចាប់អស់ទៅ យើងមានស្អី? ការបង្ក្រាបនៅមានកម្រិត ការបង្ក្រាបគាត់មើលទៅទិដ្ឋភាពជារួម ខែវស្សាទឹកពេញ ទៅបង្ក្រាប។ អ្នកដែលចុះបង្ក្រាប គឺមានតិច! អ៊ីចឹងសមត្ថកិច្ចច្រើន ពេលខ្លះ គាត់ទៅឃើញអាអ្នកលក្ខណៈគ្រួសារបទល្មើសហ្នឹងវាអត់ [ជីវភាពខ្វះខាត] ហើយចេះតែនាំគ្នាអាណិត ឱ្យនាំគ្នាឈប់[នេសាទខុសច្បាប់]ទៅ យើងអង្វរឱ្យឈប់ដាក់ទៀតទៅ។ ប៉ុន្ដែមួយឆ្នាំទៅមួយឆ្នាំ គាត់មកដដែល» ។
ប្រភពដដែលបន្តថា ការលួចដាក់ស្បៃមុងនេះទៀតសោត គឺគេប្រើទៅតាមជម្រៅទឹក។ ទីតាំងខ្លះអាចប្រើប្រាស់ស្បៃមុងចន្លោះពី២០០ម៉ែត្រ ទៅ៣០០ម៉ែត្រ។ ប៉ុន្តែតំបន់ខ្លះទៀត គេលួចប្រើស្បៃមុងនេះចន្លោះពី១ ០០០ ទៅ២ ០០០ម៉ែត្រ ក៏មានដែរ។
ឆ្លើយតបការលើកឡើងនេះ មេឃុំកំពង់ព្រះ ស្រុកសង្កែ លោក ហ៊ីង ស៊ីថា ទទួលស្គាល់ថា សព្វថ្ងៃនេះ ពិតជាមានបទល្មើសនេសាទខុសច្បាប់កើតឡើងមែន។ ប៉ុន្តែក្នុងនាមរដ្ឋបាលឃុំ បានសហការជានិច្ចជាមួយកងបញ្ជាការឯកភាពស្រុកនិងខណ្ឌ រដ្ឋបាលជលផល ចុះបង្រ្កាបទីតាំងនេសាទខុសច្បាប់ ដោយរឹបអូសបានឧបករណ៍នេសាទទាំងនោះ និងបានបំផ្លាញចោលជាបន្តបន្ទាប់ដែរ។
លោកបន្តថា៖ «យើងនៅតែមានការបារម្ភ ដោយសារបទល្មើសនេសាទមិនកើនឡើងទេ ប៉ុន្ដែវាប្រហាក់ប្រហែលពីឆ្នាំទៅ! ឱ្យកើនឡើង មិនកើនទេ! អាបទល្មើសនេះ វាមិនអាចដាក់ដូរទីតាំងទេ! សម្រាប់បទល្មើស នេសាទនៅទីតាំងណា រាល់តែឆ្នាំ នៅទីតាំងហ្នឹងឯង» ។
អាជ្ញាធរឃុំបញ្ជាក់ថា «សហគមន៍ឃុំកំពង់ព្រះ» នេះ មានភូមិសាស្រ្តជាប់បឹងទន្លេសាប ដូចជា តំបន់លិចវាលត្រកួន តំបន់កំព្រា ភូមិអណ្តូងត្រាច ភូមិស្រះកែវ ភូមិកំពង់ព្រះ និងភូមិបញ្ញា។ គេសង្កេតឃើញថា ក្រោយមានបទល្មើសប្រភេទស្បៃមុងក្រឡាល្អិតមក ទិន្នផលនេសាទរបស់ប្រជាពលរដ្ឋត្រូវធ្លាក់ចុះ ហើយត្រីកាន់តែខ្សត់ខ្សោយទៅពីមួយរដូវទៅមួយរដូវ។ ការធ្លាក់ចុះនេះធ្វើឱ្យជីវភាពរបស់ពលរដ្ឋដែលពឹងផ្អែកលើរបរនេសាទ ត្រូវជួបបញ្ហា។
ច្បាប់ជលផលបញ្ញត្តិមាត្រា២០ និងមាត្រា២១ ចែងថា ហាមឃាត់ដាចខាតការនេសាទគ្រប់ប្រភេទនៅក្នុងដែននេសាទ ដោយប្រើឧបរណ៍ដូចជា ឧបករណ៍ឆក់ គ្រឿងបំផ្ទុះសារធាតុគ្រប់ប្រភេទ ឧបករណ៍បូម ឬបាចពង្រីកផ្នែកណាមួយនៃដែននេសាទ បង្កមហន្ដរាយដល់ធនធានជលផល។ បញត្តិនៃច្បាប់ជលផលដដែលនេះ ក៏ត្រូវហាមឃាត់ដែរនូវការប្រើមង ឬអួនគ្រប់ប្រភេទដែលមានក្រឡាធំជាង១៥សង់ទីម៉ែត្រ ក្នុងដែននេសាទទឹកសាប ជាពិសេស ការផលិត ការទិញ ការលក់ ការដឹកជញ្ជូន ការរក្សាទុកឧបករណ៍ឆក់ ឧបករណ៍នេសាទ ស្បៃមុងគ្រប់ប្រភេទ អួនអូសគូ ឈិបយន្ដ និងអួនអូសទឹកសាប ជាដើម។
សម្រាប់លោក កក អ៊ីឡែន នាយរងខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង ឯកភាពថា បទល្មើសនេសាទនៅតំបន់សហគមន៍កំពង់ព្រះនេះ ពិតជាកើតឡើង ហើយសកម្មភាពនេះបានបង្កើតជាភាពស្មុគស្មាញសម្រាប់មន្រ្តីជំនាញ និងអាជ្ញាធរ ក្នុងការទប់ស្កាត់ទៀតផង។ លោកទទួលស្គាល់ថា មន្រ្តីជំនាញពិតជាមានភាពចន្លោះប្រហោង ដោយសារបទល្មើសនេសាទនេះមានលក្ខណៈទ្រង់ទ្រាយធំ។ ប៉ុន្តែអាជ្ញាធរ និងភាគីពាក់ព័ន្ធ ប្តេជ្ញាបន្តការពារ និងពង្រឹងច្បាប់ដែលមានស្រាប់ ដោយមិនលម្អៀងថាបទល្មើសនោះខ្នាតតូចឬធំនោះទេ។
លោកបន្តថា៖ «រាល់ការបង្រ្កាប សព្វថ្ងៃនេះ គឺថាមានបញ្ហាប្រឈមខ្លះៗ ដែលទាក់នងនឹងការបង្ក្រាបហ្នឹង គឺទី១ គឺពាន់ព័ន្ធនិងមន្រ្ដី មន្រ្ដីខណ្ឌរដ្ឋបាលជលផល មានតែ២៤នាក់ ហើយស្រី៥នាក់ អ៊ីចឹងហើយវិសាលភាព ហើយយើងមិនមែនធ្វើតែកិច្ចការងារបង្ក្រាបមួយទេ គេហៅថាវិស័យ វិស័យហ្នឹង គឺបានន័យទាំងអស់ តាំងពីបង្កើត តាំងពីបង្កាត់ពូជភ្ញាស់វារីវប្បកម្ម បង្កើនសហគមន៍នេសាទ ផែនការគ្រប់គ្រងសហគមន៍នេសាទ បច្ចេកទេសក្នុងការកែឆ្នៃមានច្រើន ហើយនៅក្នុងហ្នឹងគឺមានទាំងបង្ក្រាបដែរ»។
ដោយឡែក ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង បានលើកឡើងថា បទល្មើសនេសាទនេះ វាមិនមែនជារឿងថ្មីទេសម្រាប់កម្ពុជា។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាល ឬអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ពិតជាមានចេតនាទប់ស្កាត់បទល្មើសនេសាទនេះឱ្យមានប្រសិទ្ធភាពមែន គួរប្រើប្រាស់ច្បាប់ជលផលដែលមានស្រាប់ ដែលបានដាក់ឱ្យប្រើប្រាស់រួចហើយ ហើយអនុវត្តវាឱ្យមានប្រសិទ្ធភាព។
ជាងនេះទៀត អ្នកដែលប្រព្រឹត្តបទល្មើស ត្រូវពិន័យក្នុងកម្រិតមួយដែលធ្ងន់ និងដាក់ទោសទណ្ឌដោយមិនលើកលែង ឬអនុវត្តច្បាប់ដោយមិនមានភាពលម្អៀង បញ្ហានេះ ប្រាកដណាស់នឹងត្រូវកាត់បន្ថយដោយស្វ័យប្រវត្តិ។
លោកបន្តថា៖ «ទន្ទឹមជាមួយគ្នាហ្នឹងដែរ រដ្ឋាភិបាលត្រូវធ្វើការត្រួតពិនិត្យឡើងវិញ និងធ្វើអធិការកិច្ចទៅលើមន្ដ្រីថ្នាក់ក្រោមជាតិ ជាពិសេសមន្រ្ដីនៅនឹងកន្លែង ដែលប្រចាំប្រការនៅទីតាំនីមួយៗ ថាតើពួកគេបានធ្វើការងារហ្នឹងបានល្អទេ បំពេញការងារហ្នឹងបានពេញដៃពេញជើងទេ ឬក៏មិនពេញដៃពេញជើង ឬក៏ខ្វះលទ្ធភាពក្នុងការទប់ស្កាត់បទល្មើស ឬក៏មិនយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បទល្មើស បានន័យថា បើខ្វះលទ្ធភាព ត្រូវតែផ្ដល់សម្ភារបច្ចេកទេស ការឧបត្ថម្ភថែមទៀត។ តែបើមិនយកចិត្តទុកដាក់ ត្រូវតែមានការទទួលខុសត្រូវចំពោះច្បាប់ដោយខានពុំបាន» ។
រដ្ឋបាលជលផលខេត្តបាត់ដំបង បានចេញរបាយការណ៍កាលពីខែតុលា ឆ្នាំ២០២២ រកឃើញថា ការបង្រ្កាបបទល្មើសនេសាទជាក់ស្ដែងបាន ចំនួន២៣៩ករណី បំផ្លាញវត្ថុតាងចោលមានចំនួន២០៤ករណី ពិន័យអន្ដរការណ៍បានចំនួន២៩ករណី និងបញ្ជូនជនល្មើសទៅតុលាការបានចំនួន០៦ករណី។
បើទោះបែបនេះក៏ដោយចុះ ប្រជាពលរដ្ឋ និងសហគមន៍កំពង់ព្រះ ចាត់ទុករបាយការណ៍ដែលចេញដោយមន្រ្តីជំនាញជលផលនេះថា វាគ្រាន់តែជាផ្នែកមួយដែលបង្ហាញពីបរិមាណក្នុងការបង្រ្កាបទេ ជាក់ស្តែងបទល្មើសនេសាទនៅតែបន្តកើតឡើងមិនឈប់ឈរដដែល៕
រាយការណ៍៖ លោក ឈឿន ថៃកឿ