លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាមានវិជ្ជមានកូវីដ-១៩ បន្ទាប់ពីពេទ្យប្រទេសឥណ្ឌូនេស៊ី បានយកសំណាកទៅធ្វើតេស្ត មុនពេលចូលរួមក្នុងកិច្ចប្រជុំ G20។
យោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា មុនចេញពីកម្ពុជា លោកបានធ្វើតេស្តរាល់ថ្ងៃ ជាពិសេសមុនពេលឡើងយន្តហោះចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែពុំមានឃើញឡើយ។
លោកបញ្ជាក់ថា រូបលោកមិនច្បាស់ថាមេរោគនេះមកនៅជាមួយខ្លួនលោកចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ ពេលមកដល់ ពេទ្យឥណ្ឌូនេស៊ីបានយកសំណាកពេលល្ងាច លុះព្រឹកឡើងគ្រូពេទ្យបានបញ្ជាក់ថា លោកមានវិជ្ជមានកូវីដ-១៩។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុវត្ថិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ លោកក៏សម្រេចដឹកនាំគណៈប្រតិភូកម្ពុជាវិលត្រលប់មកមាតុប្រទេសវិញទាំងអស់ ហើយសម្រាប់តំណាងប្រទេសអាស៊ានវិញ លោកថា កំពុងចរចាប្រគល់ជូនឥណ្ឌូនេស៊ី ជាតំណាងតែម្ដង។
លោកថា៖ «យើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើងមិនមានអាការចម្លែកក៏ដោយ។ ជាសំណាងមួយដែរយប់មិញ ដោយសារមកដល់យឺត [ប្រទេសឥណ្ឌូនេស៊ី] ខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយប្រធានាធិបតីបារាំង»។
លោក ហ៊ុន សែន បញ្ជាក់ថា អ្វីដែលអាក់ខាននោះ គឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ដែលគ្រោងជួបគ្នានៅទីក្រុងបាងកក ប្រទេសថៃ នាពេលប្រជុំ APEC។ លោកគ្រោងត្រលប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះ ជាមួយអាការធម្មតា ដែលលោកនឹងបន្តធ្វើការធម្មតា លើកលែងតែការទទួលភ្ញៀវ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូធ្វើដំណើរទៅដល់កោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ G20 បន្ទាប់បញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យដឹងថា កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ក្រោយពីបញ្ចប់កិច្ចប្រជុំនោះ លោក ហ៊ុន សែន ដែលមានឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូល នឹងចូលរួមក្នុងកិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក តបតាមការអញ្ជើញនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា៕