សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន​២០០គីឡូក្រាម​ក្នុង​រថយន្ត​យោធា​មួយ​គ្រឿង​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍

គ្រឿងញៀ ដែលរឹបអូសបាន កាលពីពេលកន្លងទៅ។ រូបភាព៖ ហ៊ី ឆាយ

តាមរយៈការចុះទៅពិនិត្យ​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយដែលកើតឡើងក្នុងរាជធានី​ភ្នំពេញ សមត្ថកិច្ច​បាន​ប្រទះ​​ឃើញ​​គ្រឿងញៀនចំនួន២០០គីឡូក្រាម​​ក្នុង​ក្នុង​រថយន្តយោធាបង្កហេតុមួយគ្រឿង។

យោងតាមអ្នក​​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ សាន សុខសីហា បាន​ឱ្យដឹង​ថា​ កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃអាទិត្យ ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ មាន​រថយន្ត​មួយគ្រឿង​ម៉ាក IZUSU Hi-Lander ពណ៌​ទ្រេ​អ៊ី ពាក់​ផ្លា​ក​លេខខេមរភូមិន្ទ​ បើកបរ​​ដោយ​​បុរស​​ម្នាក់​​ក្នុង​​ល្បឿន​លឿន បានទៅ​បុក​រះ​ជាមួយ​រថយន្ត​២​គ្រឿង ស្ថិត​នៅ​តាម​បណ្ដោយ​​ផ្លូវជាតិ​លេខ​១។

អ្នក​នាំ​ពាក្យរូបនេះបន្តថា សមត្ថកិច្ចក៏បានចុះទៅកាន់ទីតាំងកើតហេតុ​ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ​ហើយ​បន្ទាប់មកក៏ស្រាប់តែពិនិត្យរកឃើញថ្នាំញៀន​ចំនួន២០០គីឡូក្រាមនៅក្នុងរថយន្តនោះ ខណៈអ្នកបើកបររថយន្តបង្ក​ហេតុបានរត់គេចខ្លួនបាត់។

លោក​ សាន សុខសីហា បានគូសបញ្ជាក់​ថា៖ «​បើ​តាម​ពលរដ្ឋនៅទីនោះ​ដែលបានឃើញហេតុការណ៍នេះ បានឱ្យដឹងថា ជន​សង្ស័យ​ [អ្នកបើកបររថយន្តយោធា] បាន​រត់​គេច​ខ្លួនចេញពីទីតាំង​ភ្លាមៗ​។ មុន​ពេល​សមត្ថកិច្ចទៅ​ដល់ គាត់​បាន​រត់​គេច​ខ្លួន​បាត់ទៅ​ហើយ»។

ទោះជាយ៉ាងណា លោក​មិន​បាន​បញ្ជាក់​ថា​តើថ្នាំញៀនដែលរកឃើញនោះជា​ប្រភេទអ្វីនោះទេ ខណៈលោកអះអាងថា ​ក្រុម​មន្រ្តីជំនាញ​កំពុងតែធ្វើការ​ស៊ើបអង្កេតបន្ត។

អ្នកនាំពាក្យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ថោង សូលីម៉ូ បានឱ្យដឹងថា រូបលោកនៅមិនទាន់ទទួលបានព័ត៌មានណាមួយទាក់ទិននឹងករណីនេះឡើយ។

គួរបញ្ជាក់ថា ការ​រឹបអូស​គ្រឿង​ញៀន​មានការ​កើន​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈការិយាល័យ​អង្គការ​សហប្រជាជាតិ​ស្តីពី​ឧក្រិដ្ឋកម្ម និង​គ្រឿងញៀន (UNODC) ក៏ធ្លាប់បានព្រមានថា កម្ពុជា​នៅតែត្រូវបានកំណត់គោលដៅដោយ​ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ ថា​ជា​កន្លែងសម្រាប់​ផលិត ​កែច្នៃ និង​​ឆ្លងកាត់​គ្រឿង​ខុសច្បាប់​តាម​គ្រប់​រូបភាព ជាពិសេសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Military Pickup Truck Crashes in Phnom Penh, 200 Kg of Drugs Found

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ