ប្រជាពលរដ្ឋចំនួន២១០គ្រួសារ រស់នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលកំពុងមានជម្លោះដីធ្លីជាមួយអាជ្ញាធរជាតិអប្សរា បានរុះរើតង់ពីដីជម្លោះទាំងយប់ ក្រោយអាជ្ញាធរគំរាមប្រើកម្លាំងបង្ក្រាប។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ អ្នកភូមិ២១០គ្រួសារ នៅស្រុកប្រាសាទបាគង ឃុំបល្ល័ង្ក ដែលមានដីអាស្រ័យផល១៦០ហិកតា នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី បាននាំគ្នាទៅបោះតង់ស្នាក់នៅលើដីជម្លោះ ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ។
លោក សំ មុំ ជាពលរដ្ឋរស់នៅភូមិស្នាសង្គ្រាម ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា កាលពីឆ្នាំ២០០៥ អាជ្ញាធរជាតិអប្សរា បានហ៊ុមព័ទ្ធយកដីស្រែរបស់ពួកគាត់អស់១៦០ហិកតា តាំងពីឆ្នាំ២០០៥ ដោយសន្យាផ្តល់សំណងជូនពួកគាត់ពី ៥០០ដុល្លារ ទៅ៧០០ដុល្លារ ក្នុង១ហិកតា ប៉ុន្តែរហូតមកដល់ឆ្នាំ២០២២ ស្ថាប័នមួយនេះពុំបានផ្តល់សំណងជូនពលរដ្ឋឡើយ។
ពលរដ្ឋរូបនេះបន្តថា កាលពីម្សិលមិញ អាជ្ញាធរស្រុក ខេត្ត និងអាជ្ញាធរជាតិអប្សរា បានជួបជាមួយអ្នកភូមិជាថ្មីទៀត ដើម្បីស្វែងរកដំណោះស្រាយបញ្ហាដីធ្លីនេះ ប៉ុន្តែពុំមានលទ្ធផលល្អណាមួយឡើយ។ លោកថា ក្រោយគ្មានដំណោះស្រាយនេះ អ្នកភូមិបាននាំគ្នាបោះតង់លើដីរៀងៗខ្លួន ដើម្បីស្នាក់នៅ ប៉ុន្តែម៉ោងប្រហែល១០យប់ អាជ្ញាធរពាក់ព័ន្ធបានចុះមកដេញពលរដ្ឋចេញ និងគំរាមប្រើកម្លាំងបង្ក្រាប បើពលរដ្ឋមិនព្រមចាកចេញ។
លោកបន្ថែមថា៖ «យប់មិញនេះ អ្នកភូមិយើងបាននាំគ្នាដេកនៅលើដីយើង នៅភូមិអភិវឌ្ឍន៍រុនតាឯកហ្នឹងឯង ហើយមានកម្លាំងប្រជាការពារភូមិ កម្លាំងសមត្ថកិច្ច គាត់មកពីភូមិ គាត់មកសម្របសម្រួលអត់ឱ្យប្រជាពលរដ្ឋដេកនៅនោះទេ។ គាត់ថា បើប្រជាពលរដ្ឋអត់ព្រមចេញពីក្នុងនោះទេ គាត់នឹងប្រើកម្លាំងសមត្ថកិច្ចឱ្យរុះរើខ្ទមប្រជាពលរដ្ឋដែលបោះតង់ដេកនៅទីនោះ។ ពួកខ្ញុំក៏ទទួលសំណើរបស់គាត់ ប៉ុន្តែពួកខ្ញុំស្នើឱ្យគាត់ដោះស្រាយបញ្ហាដីធ្លីនេះជូនពួកខ្ញុំឱ្យបានឆាប់»។
ពលរដ្ឋរស់នៅភូមិស្នាសង្គ្រាម លោក រ៉ាន រ៉ា អះអាងថា គ្រួសារលោក និងអ្នកភូមិផ្សេងទៀត បានអាស្រ័យផលដោយធ្វើស្រែលើដីមានជម្លោះនោះ បន្តពីដូនតា ដោយពុំមានអាជ្ញាធរណាចេញបណ្ណកម្មសិទ្ធិជូនឡើយ ហើយត្រូវបានអាជ្ញាធរជាតិអប្សរាហ៊ុមព័ទ្ធយកអស់តាំងពីឆ្នាំ២០០៥ ដើម្បីបែងចែកឱ្យពលរដ្ឋរស់នៅក្នុងតំបន់អង្គរដោយខុសច្បាប់។
ពលរដ្ឋរូបនេះបន្តថា ជារឿងអយុត្តិធម៌មួយ ដែលអាជ្ញាធរជាតិអប្សរាយកដីធ្លីរបស់ពួកគាត់ទៅបែងចែកទៅពលរដ្ឋផ្សេង ខណៈពួកគាត់កំពុងខ្វះខាតដីធ្លីសម្រាប់បង្កបង្កើនផល។ លោកថា អ្នកភូមិមានដីចន្លោះពី២ទៅ៥ហិកតាប៉ុណ្ណោះសម្រាប់ធ្វើស្រែចិញ្ចឹមជីវិត។
លោក រ៉ាន រ៉ា ឱ្យដឹងថា អ្នកភូមិបានតវ៉ានិងដាក់ញត្តិជាបន្តបន្ទាប់ តាំងពីក្រោយអាជ្ញាធរជាតិអប្សរាហ៊ុមព័ទ្ធយកដី ប៉ុន្តែការដោះស្រាយរបស់អាជ្ញាធរតែងតែទាមទារឯកសារ និងបណ្ណកម្មសិទ្ធិ ខណៈអាជ្ញាធរខ្លួនឯងមិនដែលបានចុះធ្វើឯកសារទាំងនោះជូនពលរដ្ឋឡើយ។
លោកបន្ថែមថា៖ «ខ្ញុំសំណូមពរដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋនៅភូមិស្នាសង្គ្រាមផង ដែលមានដីស្រែចម្ការតិចតួច ពេលដែលគេយកអស់ទៅ គ្មានដីសម្រាប់បង្កបង្កើនផលទៀតទេ។ ពេលដែលសម្តេចមកខេត្តសៀមរាបម្តងៗ បងប្អូនប្រជាពលរដ្ឋយើងចង់ទៅជួបសម្តេច និងដាក់ញត្តិណាស់ ប៉ុន្តែអាជ្ញាធររារាំង មិនឱ្យពួកយើងបានជួបទេ»។
មេភូមិស្នាសង្គ្រាម លោក ពេញ ព្រន អះអាងថា ពលរដ្ឋពិតជាបានអាស្រ័យលើដីជម្លោះនោះបន្តពីដូនតា ហើយត្រូវបានអាជ្ញាធរជាតិអប្សរាហ៊ុមព័ទ្ធយកនៅឆ្នាំ២០០៥មែន ដោយអាជ្ញាធរសន្យាផ្តល់សំណងចន្លោះពី ៥០០ដុល្លារ ទៅ ៧០០ដុល្លារ ក្នុង១ហិកតា។ លោកថា គ្រួសារលោកក៏បានប៉ះពាល់ដីស្រែ១ហិកតាកន្លះផងដែរ។
យ៉ាងណា លោកថា ដើមឡើយមានពលរដ្ឋ៤៤គ្រួសារប៉ុណ្ណោះដែលមានបញ្ហាដីធ្លី ប៉ុន្តែនៅឆ្នាំ២០២២នេះ អ្នកភូមិបានបំបែកគ្រួសារឡើងដល់២១០គ្រួសារ។
លោកបន្ថែមថា៖ «អត់មានយុត្តិធម៌ទេ គឺអយុត្តិធម៌ទាំងអស់ ព្រោះខ្ញុំបាទជាម្ចាស់ដីពិតប្រាកដ ដល់គេយកដីខ្ញុំទៅឱ្យអ្នករស់នៅខុសច្បាប់នៅតំបន់អង្គរ ខ្ញុំបាទអត់សប្បាយទេ។ សូមបញ្ជាក់ប្រាប់ប្រមុខរដ្ឋាភិបាលថា ប្រជាពលរដ្ឋខ្ញុំ ២១០គ្រួសារ បានរងគ្រោះដីធ្លី។ ពួកគាត់កាន់កាប់នោះ មិនមែនត្រឹមឆ្នាំ១៩៩៣ ឬ១៩៩៤នោះទេ គឺពួកយើងបានកាន់កាប់តាំងពីយូរមកហើយ»។
អភិបាលរងស្រុកប្រាសាទបាគង លោក និម សុវ៉ាន ច្រានចោទចំពោះការចោទប្រកាន់ ឬការលើកឡើង ដែលថាអាជ្ញាធរទៅគំរាមកំហែងពលរដ្ឋ។ លោកថា អាជ្ញាធរគ្រាន់តែសម្របសម្រួលឱ្យពលរដ្ឋរុះរើតង់ និងមិនឱ្យពលរដ្ឋដេកនៅតំបន់មានជម្លោះប៉ុណ្ណោះ ដោយរង់ចាំការជួយរកដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធជាថ្មីទៀត។
អភិបាលរងស្រុករូបនេះអះអាងថា នៅថ្ងៃសុក្រចុងសប្ដាហ៍នេះ អាជ្ញាធរស្រុក ខេត្ត និងអាជ្ញាធរជាតិអប្សរា នឹងមកសម្របសម្រួលជាមួយពលរដ្ឋម្តងទៀត ដើម្បីស្វែងរកដំណោះស្រាយដីធ្លីនេះ ប៉ុន្តែដំណោះស្រាយបែបណានោះ លោកមិនអាចឆ្លើយបញ្ជាក់បានទេ ដោយថា រឿងនេះបានកើតឡើងជាច្រើនឆ្នាំមកហើយ។
លោកបន្ថែមថា៖ «ឯកឧត្តមអភិបាលរងខេត្ត គាត់ចុះទៅសម្របសម្រួល ដោយឱ្យពួកគាត់រុះរើតង់ចេញពីកន្លែងនោះ ត្រលប់ទៅផ្ទះវិញ ដោយរង់ចាំថ្ងៃសុក្រពេលព្រឹក ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ នឹងចុះសម្របសម្រួលដោះស្រាយរឿងនេះម្តងទៀតនៅភូមិឋាន។ សមត្ថកិច្ចយើងចុះទៅសម្របសម្រួលនេះ អត់មានការគំរាមកំហែង អត់មានការប្រើហិង្សា អត់មានការសម្លុតពួកគាត់ទេ យើងជជែកពិភាក្សាជាមួយគាត់សើចលេងជាមួយគ្នាធម្មតាទេ»។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត យល់ថា ករណីពលរដ្ឋនាំគ្នាទៅបោះតង់ស្នាក់នៅលើដីទំនាស់នោះ ដោយសារពួកគេអស់ជំនឿលើយន្តការដោះស្រាយដីធ្លីរបស់អាជ្ញាធរ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា យន្តការដោះស្រាយដីធ្លីរបស់រដ្ឋាភិបាលមានភាពអសកម្ម ខណៈគោលការណ៍និងយន្តការដោះស្រាយដីធ្លីមានច្រើន ដូចជា គណៈកម្មការដោះស្រាយដីធ្លីស្រុក-ខេត្ត គណៈកម្មការដោះស្រាយដីធ្លីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ជាដើម។
លោក វណ្ណ សុផាត បានទទូចដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវដោះស្រាយដីធ្លីជូនពលរដ្ឋនៅភូមិស្នាសង្គ្រាមនេះឱ្យបានសមរម្យ ដោយឈរលើគោលការណ៍យុត្តិធម៌ តម្លាភាព កុំមានការប្រើហិង្សាណាមួយ និងកុំមានការចោទប្រកាន់ និងចាប់ខ្លួនពលរដ្ឋ។
លោកបន្ថែមថា៖ «អាជ្ញាធរគួរតែមានដំណោះស្រាយសមរម្យជូនពលរដ្ឋ ដើម្បីចៀសវាងការប៉ះទង្គិចគ្នាណាមួយរវាងពលរដ្ឋនិងអាជ្ញាធរ ជាពិសេសអាជ្ញាធរស្រុកខេត្តត្រូវចរចារកដំណោះស្រាយដោយសន្តិវិធីជាមួយប្រជាពលរដ្ឋ។ ហើយបើសិននៅអត់មានឆ្លើយ អាងតែប្រើកម្លាំងដើម្បីបង្ក្រាបពលរដ្ឋអ៊ីចឹង អាហ្នឹងវាជាបញ្ហាមួយកាន់តែធ្ងន់ធ្ងរទៀត ពីបញ្ហារំលោភសិទ្ធិនៅស្រុកយើង ជាពិសេសការរំលោភលើសិទ្ធិដីធ្លី និងលំនៅឋានរបស់ប្រជាពលរដ្ឋ»។
ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២២មក អ្នកភូមិស្នាសង្គ្រាមរាប់សិបនាក់ រស់នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បាននាំគ្នាដាក់ញត្តិ និងតវ៉ាជាបន្តបន្ទាប់នៅតាមស្ថាប័នរដ្ឋមួយចំនួនក្នុងខេត្តនេះ ដើម្បីទាមទាររកដំណោះស្រាយដីធ្លី ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធទាំងនោះរុញដាក់គ្នា និងពន្យារពេលដោះស្រាយជាបន្តបន្ទាប់រហូតមកបច្ចុប្បន្ននេះ។
អ្នកការពារសិទ្ធិមនុស្សចាត់ទុកករណីអាជ្ញាធរមិនទទួលសំណើរបស់ប្រជាពលរដ្ឋ និងរុញដាក់គ្នានេះថា ជាការមិនទទួលខុសត្រូវចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយថា ទង្វើនេះគឺផ្ទុយពីរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា អាជ្ញាធររដ្ឋត្រូវទទួលយកសំណើរបស់ប្រជាពលរដ្ឋទៅពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ផងនោះ៕