ជំហរ​អ្នកនយោបាយ​ដែល​ត្រូវបាន​តុលាការ​ដកសិទ្ធិ​ធ្វើ​នយោបាយ ក្រោយ​បម្រាម​ត្រូវ​ផុតកំណត់

ទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ។

ក្រុមអតីតអ្នកនយោបាយ​នៃគណបក្សសង្រ្គោះជាតិមួយចំនួន ដែលត្រូវតុលាការ​កំពូល​រំលាយ នៅ​​​តែមា​​​​ន​​ភាពស្ទាក់ស្ទើរអំពី​​​ជំហ​​រ​​​​​វិលចូលឆាកនយោបាយឡើងវិញ នៅ​បន្ទាប់​ពី​បម្រាម​តុលាការនឹ​ង​ត្រូវ​​​ផុត​​​​​កំ​​ណ​​​ត់​​នៅថ្ងៃទី​១៦ ខែវិច្ឆិកា ស្អែក​នេះ ដែល​បើក​ផ្លូវ​ឱ្យពួក​គេអាចធ្វើសកម្មភាព​​នយោ​​បា​​យ​​​បា​​នឡើងវិញ​ ប្រសិនបើពួកគេ​​គ្មានទោសព្រហ្មទណ្ឌផ្សេងទៀតនោះទេ។

លោកស្រី ម៉ម សុខវឿន ជាអតីតហេរញ្ញិក ហើយក៏ជាអតីត​សមាជិកគណៈកម្មាធិការ​​មួយរូបដែល​​ជាប់​​​បម្រាមតុលាការ​នៃ​គណបក្សសង្រ្គោះជាតិ ឱ្យដឹងនៅថ្ងៃអង្គារ​​នេះ​​ថា នៅ​ចំពោះ​មុខ​នេះ លោកស្រី និង​ស្វាមី សម្រេច​ចិត្ត​ចាក​ចេញពីឆាកនយោបាយហើយ។ លោកស្រីបន្តថា ការ​លា​ឈប់​​នេះ ​​ព្រោះ​​តែ​​វ័​យ​​កា​ន់​​​​​តែ​​ជរា​​ណាស់ទៅហើយ ណាមួយ​ទៀត ដើម្បី​ទុក​ពេល​សម្រាប់​មនុស្ស​ជំនាន់​ថ្មី ឱ្យពួ​កគេ​​​បាន​​ក​សា​​ង​ស​​មត្ថ​​ភា​​ពផង។

លោកស្រីបន្តថា៖ «ជម្រាបឱ្យខ្លីស្រួលស្ដាប់តែម្ដង ឥឡូវនេះចាស់អស់ហើយក្មួយ!​ ​​ធ្វើអីអត់កើត​​ទៀ​ត​​​ទេ​! សូមចូលនិវត្តន៍ទៅហើយឥឡូវហ្នឹង។ តាមពិតចូលនិវត្តន៍ទៅ​​ហើយឥឡូវហ្នឹងនោះ ការ​លាឈ​​ប់​​​​​នេះមកពីយើងចាស់ៗអស់ហើយក្មួយ វាខំប្រឹងយូរមកហើយ ទុកឱកាសឱ្យក្មេងៗវិញ»។

ក្រៅពីនេះ នៅមានអតីតមន្រ្តីជាន់ខ្ពស់គណបក្សជំទាស់ដទៃទៀត បញ្ជាក់ដោយមិនហ៊ាន​​បញ្ចេញ​​អត្តសញ្ញាណ នៅថ្ងៃនេះថា ពួកគេ​មិ​ន​​​​​​​ទាន់ប្រាកដពីជំហរក្នុងការវិលចូលនយោបាយ​​ឡើងវិញនៅ​​ឡើ​​យ​​ដែរ។

លោក ឌិត មុន្ទី​ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដែលមានសមាជិកក្រុមប្រឹក្សា ៨រូបផ្សេងទៀត នៃ​​តុ​​​លាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចេញសេចក្តីសម្រេច​រំលាយ​គណ​​បក្ស​​ស​​ង្រ្គោះ​​​​ជាតិ ចេញពីសង្វៀននយោបាយ​។ អំណាច​សាលដីកា​តុលាការកំពូលនេះបាន​បិទ​ផ្លូវ​មនុស្ស១១៨រូប ចា​​ប់​​ពីគណៈកម្មាធិការនាយកឡើងទៅ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។

សមាជិកក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល ដែលភាគច្រើនជាសមាជិកមជ្ឈិមបក្សនៃ​​គណបក្ស​​ប្រ​​​​​​ជា​​ជន​​កម្ពុជា បានទទួលយកបណ្តឹងដែលម្ចាស់បណ្តឹងជាក្រសួង​មហា​ផ្ទៃ ទុក​ជា​បាន​ការ​តាម​​​ផ្លូវ​​​​​ច្បាប់​។

បើទោះបែប​ណា មកដល់ពេលនេះ ក្នុងចំណោមអតីតមន្រ្តីគណបក្សជំទាស់ទាំង​១១៨រូបដែល​​ជាប់​​​បម្រាម បានសុំសិទ្ធិធ្វើនយោបាយឡើងវិញខ្លះហើយ។ អ្នកដែលបានសុំសិទ្ធិធ្វើនយោបាយ ក្នុ​​ង​​​​ពាក់កណ្ដាលអាណត្តិកន្លងទៅនេះ មានអ្នកខ្លះក៏ទៅ​បង្កើតគណបក្សនយោបាយថ្មីៗខ្លះ​​ដែរ​។ ក្រៅពី​នេះក៏មានអ្នកសុំចូលរួមស​កម្មភាពនយោបាយជាមួយនឹងគណបក្សភ្លើងទៀន។​

ដោយ​ឡែក លោក ប្រាក់ សាវ័ន្ត ជាអតីត​មន្រ្តីជាន់ខ្ពស់​គណបក្សប្រឆាំងមួយរូប​ កូតាមកពី​​គ​​ណ​​ប​​ក្ស​ សម រង្ស៊ី ដែលត្រូវ​​បាន​​តុ​​​លាការ​​ដកសិទ្ធិ​​ធ្វើ​នយោបាយ ឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា​នេះ​ថា ចំពោះ​​រូប​​​លោកនឹង​​មិន​​បោះបង់​​កា​​រ​​ធ្វើនយោបាយទេ ក៏ប៉ុន្តែលោកត្រូវរង់ចាំមើលឱកាសនៅក្រោ​យ​​ខែ​​ធ្នូខាងមុខនេះជាមុនសិន។

ប្រភពដដែល​បន្តថា នៅចំពោះមុខនេះ លោក កឹម សុខា ដែល​ជា​​​​ប្រធាន​គណ​​ប​​ក្ស និងជាស្មារតី​​នៃស​​ង្រ្គោះ​​​​ជាតិ កំពុងជាប់ក្ដីក្ដាំនៅតុលាការនៅឡើយ ហេតុនេះការសម្រេចចិត្ត​ធ្វើ​​​​ស​​ក​ម្មភាព​​ន​​​យោ​​បា​​យក្រោយ​ពីបម្រាមផុតកំណត់ភ្លាម ហាក់ដូចជាការសម្រេច​​ចិត្តលឿន​​ពេ​​ក​​​។ មិន​តែ​ប៉ុណ្ណោះ លោកថា បណ្ដាបក្ស​​ន​​យោបាយដែលមានស្រាប់ ដូចសព្វថ្ងៃនេះ លោក​​មើល​ទៅហាក់​ដូចមិនទាន់មាន​អ្វី​​ដែ​​ល​​​អាច​​ធ្វើ​​កិ​ច្ច​​​​​កា​​រ​​​​ដោ​​​យ​​​​ឯក​​រាជ្យ និងម្ចាស់ការលើខ្លួនឯងបាននៅឡើយ ហើយប្រព័ន្ធ​​បោះ​​ឆ្នោ​ត​​ទៀ​ត​​សោត​​​ក៏​​នៅ​​តែមិន​​ទា​​ន់​​ធានា​​បាន​​ពី​​​​សុ​ចរិតភាពនៅឡើយទៀតផង។

លោកបន្តថា៖ «វាមិនមានន័យ​អ្វីទាំង​អស់​ ព្រោះគ្រាន់​តែធ្វើ​តាម​គេ​ដដែល​ហ្នឹង។ ច្បាប់​បោះ​ឆ្នោត​មួយ​ចំនួន​ក៏នៅតែ​មិនអាច​ធ្វើអី​ឱ្យបាន​ពេញលេញ នេះជាគំនិតរបស់ខ្ញុំ អ៊ីចឹង​ត្រូវរង់ចាំ​នៅពេលដែល​មាន​ការ​សម្របសម្រួលនយោបាយ មានការដោះលែងលោកប្រធាន កឹម សុខា មក​ យើង​​​អាច​​និ​​យា​​យ​​គ្នា និងចរចាគ្នាបានខ្លះ។ អាហ្នឹងយើងអាចចូល​​រួមប្រកួតដែលមាន​​លក្ខណៈ​​ប្រជាធិប​តេយ្យ​​​ពេ​​ញ​​​លេញ»។

នៅពេលនេះ សំណុំរឿងលោក កឹម សុខា ដែលរងការចោទប្រកាន់ថាចង់ផ្តួលរំលំរដ្ឋាភិបាល តុលា​​ការ​​​​​នឹងបន្តនីតិវិធីជាថ្មីទៀត ដើម្បីទុកឱ្យភាគីធ្វើសេចក្តីសន្និដ្ឋាននៅថ្ងៃទី​២១ ខែ​ធ្នូ ខាងមុខនេះ។

ចំណែកនៅក្នុង​ពិធី​​​ជួបជុំ​ជាមួយពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯក ខេត្តសៀមរាប កាលពីថ្ងៃទី​២​១ ខែ​តុ​​លា ឆ្នាំ២០២២ លោក ហ៊ុន សែន បានអំពាវនាវឱ្យអ្នកដែលស្និទ្ធនឹងលោក សម រង្ស៊ី ត្រូវផ្តាច់ខ្លួន​​ចេ​​ញ​​​​ពី​​អតីតមេដឹកនាំបក្សជំទាស់រូបនេះ ជាថ្នូរនឹងការលើកលែងទោស​​ឱ្យ។ ក៏​ប៉ុន្តែ​មក​​​ដល់​​​ពេល​​​នេះ គេសង្កេតឃើញថាហាក់មិនទាន់ឃើញមានអ្នក​​ដែលផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី តាមការ​​អំ​ពាវនាវរបស់លោក ហ៊ុន សែន នេះនៅឡើយទេ។

អ្នកជំនាញផ្នែកគោលនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថា បើទោះជាបម្រាមតុលា​​ការ​​នេះត្រូវផុតកំណត់ក្នុងពេលដ៏ខ្លីខាងមុខនេះក្ដី វិបត្តិនយោបាយនៅកម្ពុជានៅតែជាការគំរាម​​កំ​​ហែ​​ង និង​មិន​ទាន់​​មានភាពល្អប្រសើរនៅឡើយដែរ។ ក្រៅពីនេះ​ទៀត លោកថា មាន​អ្នក​នយោបាយ​ខ្លះ ដែលស្ថិ​ត​​​​នៅ​​​ក្នុង​​​ប​ម្រា​ម​​នៃការដកសិទ្ធិធ្វើនយោបាយនេះ ពួកគេនៅតែមិនអាចមានលទ្ធភាពដើម្បីវិលចូលឆា​​កន​​យោ​​បា​​យ​​​​ឡើងវិញបាន ព្រោះតែជាប់ទោសព្រហ្មទណ្ឌមួយកម្រិតទៀត។

លោកបន្តថា៖ «វាធ្វើឱ្យពួកគាត់នឹងពិបាកក្នុងការចូលរួមក្នុងរឿងនយោបាយ ឬក្នុងជីវភាពន​​យោ​បា​​​យ​​​​​របស់ពួកគាត់ ជាក់ស្តែងដូចជាលោក កឹម សុខា លោក សម រង្ស៊ី លោកស្រី មូរ សុខហួរ និង​​លោក អេង ឆៃអ៊ាង ជាដើម បើទោះជា​ផុតបម្រាមតុលាការមែន ប៉ុន្តែពួកគាត់នៅជាប់រឿងក្តី​​ក្តាំ​នៅ​ក្នុង​តុលាការផ្សេងទៀត។ អ៊ីចឹងទេ វាធ្វើឱ្យ​ការចូលរួមក្នុងជីវភាពន​​យោបាយរបស់ពួកគាត់​​ហ្នឹង គឺ​​មិ​​ន​​​​​​​​មានភាពល្អប្រសើរឡើងទេ ហើយ​បរិយាកាសនយោបាយនៅមុនបោះឆ្នោត មិនរំពឹងទុកថា​​វា​នឹង​​​​​អាច​ល្អប្រសើរដែរ»។

សហគមន៍អន្តរ​ជាតិបាន​ព្រមាននៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ថា​ប្រសិន​​ស្ថា​​​​នការណ៍នយោបាយមិនមានការប្រែប្រួលទេ កម្ពុជានឹងត្រូវប្រឈមផ្នែកសេដ្ឋកិច្ច ជាពិសេស​​អាច​​នឹងបាត់បង់​​ប្រព័ន្ធ​​​អនុគ្រោះ​​ពន្ធ EBA និង GSP ទាំងស្រុងពីកម្ពុជា ក្រោយ​​បោះ​​ឆ្នោ​ត​​​​ជ្រើស​​តាំ​​ង​​​​​​​តំណាងរាស្រ្ត​​ឆ្នាំ​​​២០២៣។

ការព្រមានពីសហគមន៍អន្តរជាតិនេះ គឺសំដៅដល់ការដែល​​រដ្ឋាភិ​បា​លសម្លាប់ប្រជាធិបតេយ្យ កា​​រ​ធ្វើទុក្ខបុកម្នេញទៅលើសង្គមស៊ីវិល អ្នក​​កាសែត សកម្មជនការពា​​រសិទ្ធិ​​ម​នុ​ស្ស និងអ្នកនយោបាយ ហើ​យ​​សិទ្ធិសេរីភាពរបស់ពួកគេគួរត្រូវបានដោះស្រាយ និងផ្តល់​​សម្ប​​ទា​​​ឱ្យបាន​​ពេញលេញ​​​ដូច​ដើម​​៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ