អង្គការ២ ទាមទារ​ឱ្យ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ចាត់​វិធានការ​លើ​ស្ថាប័ន​ហិរញ្ញវត្ថុ​ចំនួន៦ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​លើ​អតិថិជន

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។ (គុណ ចិន្ដា)

អង្គការចំនួន២​ ដែលសកម្មលើកិច្ចការសិទ្ធិមនុស្ស ទាមទារ​ឱ្យសា​ជីវកម្មហិរញ្ញវត្ថុអន្តរជាតិចាត់វិធានការ​លើ​ស្ថាប័នហិរញ្ញវត្ថុចំនួន៦នៅកម្ពុជាជាបន្ទាន់ ដើម្បី​បញ្ចៀសផល​​ប៉ះពាល់លើអតិថិជន ក្រោយរកឃើញ​ថា ស្ថាប័នទាំងនេះបានរំលោភលើបម្រាមរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពាក់ព័ន្ធនឹងពលកម្មកុមារ ការរំលោភសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច និងចំណាកស្រុក។

ការទាមទារនេះធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមរបស់អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពី ស្ថាប័ន​ឃ្លាំមើល​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ឈាន​​ដល់​ដំណាក់​​ការ​​ត្រួត​ពិនិត្យ​ ​អនុលោម​ភាព​នៃ​បណ្ដឹង​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ រាជធានីភ្នំពេញ។ ការចេញសេចក្តីថ្លែងការណ៍រួមនេះក៏ធ្វើឡើងបន្ទាប់ពីអង្គការទាំង២ បានទទួលបណ្ដឹងពីអតិថិជនមួយចំនួន ស្របពេលរកឃើញ​នូវការកេងប្រវ័ញ្ចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារចំនួន​៦នេះ តាំង​ពីឆ្នាំ២០១៧មក។

នាយក​ទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា លីកាដូ បានទទួល​បណ្ដឹង​មួយចំនួ​ន​ពីអតិថិជនរបស់មីក្រូហិរញ្ញវត្ថុ និងធនាគារចំនួន៦ នៅកម្ពុជា ខណៈស្ថាប័នទាំងនោះរ​ងការចោទថាបានកេងប្រវ័ញ្ចអតិថិជន និងរំលោភលើបម្រាមរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាម្ចាស់ថវិកាផ្តល់កម្ចីធំ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំង៦ ដែលរងនូវការចោទប្រកាន់នោះ ​រួមមា​ន ធនាគារ​អេស៊ីលីដា ធនាគារហត្ថា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ខណៈពួកគេសុទ្ធតែបានខ្ចីថវិកាពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមកឱ្យពលរដ្ឋខ្មែរខ្ចីបន្ត។

បើតាមលោក អំ សំអាត អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា ពិតជាបានរកឃើញថា អតិថិជនមួយចំនួនរងនូវការរំលោភបំពានសិទ្ធិមនុស្សកើតចេញពីគ្រឹះស្ថាន និងធនាគារទាំង៦ ដែលមានន័យថា ស្ថាប័នទាំងនោះបានរំលោភលើលក្ខខណ្ឌ «បញ្ជីលើកលែង» របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។

លោកបន្តថា ក្នុងនោះ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលជាម្ចាស់ថវិកាអន្តរជាតិសម្រាប់ផ្តល់កម្ចីបន្ត បានហាមឃាត់ការវិនិយោគទាំងឡាយណា ដែលពាក់ព័ន្ធនឹងពលកម្មកុមារ, ការរំលោភសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិចដោយគ្មានការយល់ព្រម, ការរំលោភបំពានទៅលើបទដ្ឋានអនុវត្តស្តង់ដាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដូចជា ការវាយតម្លៃ និងការគ្រប់គ្រងផលប៉ះពាល់និងហានិភ័យលើបរិស្ថាននិងសង្គម, លក្ខខណ្ឌការងារ និងពលកម្ម, សុខភាព សុវត្ថិភាព និងសន្តិសុខសហគមន៍, លទ្ធកម្មដីធ្លី (ការទទួលបានដី) និងការតាំងទីលំនៅថ្មីដោយមិនស្ម័គ្រចិត្ត។

លោក អំ សំអាត ថ្លែងថា៖ «ការខ្ចីវាមានការវាយតម្លៃអីត្រឹមត្រូវ ការផ្តល់កម្ចីមីក្រូហិរញ្ញវត្ថុតាមវិស័យ​ធនាគារ​​ខ្នាត​តូច​ក្នុង​គោលបំណងបង្កើតនូវមុខរបរ ឬក៏ជីវភាពរស់នៅ។ មិនមែនកម្ចីទៅធ្វើឱ្យគាត់បាត់​បង់​ដីធ្លី ធ្វើឱ្យគាត់រងផលប៉ះពាល់ដល់កុមារ ទៅធ្វើពលកម្មអីទៀត។ អាហ្នឹងគឺវាខុសពីបទដ្ឋានស្តង់ដារអនុវត្តន៍របស់សាជីវកម្មអន្តរជាតិ»។

យ៉ាងណា លោកថា ពលរដ្ឋមួយចំនួន រួមទាំងជនជាតិដើមភាគតិចផងនៅកម្ពុជា បានរងគ្រោះ​ពី​ការបាត់​បង់​ដីធ្លី ពលកម្មកុមារ និងចំណាកស្រុក ដោយសារស្ថាប័នផ្តល់​កម្ចីទាំង​៦នេះ បានរំលោភលើលក្ខខណ្ឌបំរាមរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។

មន្ត្រីអង្គការសិទ្ធិមនុស្សរូបនេះ បន្ត​ថា បើគ្មាន​ការ​ចាត់វិធានការពីសំណាក់សាជីវកម្មហិរញ្ញវត្ថុ​អន្តរ​ជាតិដែល​ជាម្ចាស់ថវិកាធំទេ ករណីរំលោភបំពានលើពលរដ្ឋក្រីក្រ និងជនជាតិដើមភាគតិច ពាក់ព័ន្ធបញ្ហាកម្ចី​នឹងកើនឡើងកាន់តែច្រើន។

ជាដំណោះស្រាយ លោកទាមទារឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ចាត់វិធានការម៉ត់ចត់លើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងនោះ ឱ្យពួកគេគោរពតាមលក្ខខណ្ឌស្តង់ដារ សងជំងឺចិត្តលើជនរងផលប៉ះពាល់ បញ្ឈប់ការទាមទារដាក់ប្លង់ដីបញ្ចាំលើហិរញ្ញវត្ថុ រក្សាក្រមសីលធម៌មន្ត្រីឥណទាន និងបញ្ឈប់នូវរាល់ការគំរាមកំហែងជាដើម ដើម្បីបញ្ចៀសពលរដ្ឋរងគ្រោះកាន់តែច្រើន។

លោកបន្តថា៖ «យើងជាអង្គការសង្គមស៊ីវិល យើងចង់ឱ្យម្ចាស់វិនិយោគហ្នឹងគួរតែពិនិត្យទៅលើបញ្ហា ដោះស្រាយបញ្ហាទាក់ទងនឹងរឿងបញ្ចាំប្លង់សម្រាប់ដីធ្លីហ្នឹង ធ្វើម៉េចផ្តល់បណ្ណកម្មសិទ្ធិដីធ្លីឱ្យប្រជាពលរដ្ឋវិញទាក់ទងកម្ចីខ្នាតតូច។ ហើយទី២ គឺការដោះស្រាយទៅលើពលរដ្ឋដែលរងផលប៉ះពាល់ហ្នឹង និងទី៣ ត្រូវពិនិត្យមើលលក្ខខណ្ឌ ធ្វើម៉េចកុំឱ្យមានការរំលោភបំពានការអនុវត្តស្តង់ដារបស់សាជីវហិរញ្ញវត្ថុអន្តរជាតិហ្នឹង មុននឹងផ្តល់លុយធ្វើការវិនិយោគជាមួយនឹងស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬក៏ធនាគារ»

លោក សំអាត ថា ក្នុងឆ្នាំនេះ វិទ្យាស្ថានអន្តរជាតិដែលគាំទ្រថវិកាដោយរដ្ឋាភិបាលអាឡឺម៉ង់ ក៏បានសិក្សាស្រាវជ្រាវរកឃើញនូវការរំលោភបំពានសិទ្ធិមនុស្ស ដីធ្លីនៅកម្ពុជាប្រាដកមែន ក្នុងនោះពួកគេរកឃើញថា នៅកម្ពុជាមានពលរដ្ឋលក់ដីដោយសារការជំពាក់បំណុល កើតឡើងនៅរៀងរាល់១៦នាទីម្តង។

យ៉ាងណា លោក​បដិសេធប្រាប់ពីតួលេខ ព័ត៌មាន ឬលេខទំនាក់ទំនងទៅជនរងផលប៉ះពាលដល់អ្នកសារព័ត៌មាន ដោយថានេះដើម្បីរក្សាឯកជនភាពដល់ពួកគេ។

វីអូឌី នៅពុំទាន់អាចសុំការឆ្លើយតបជុំវិញករណីនេះពីតំណាង​គ្រឹះស្ថាន​មីក្រូ​​ហិរញ្ញវត្ថុ និងធនាគារទាំង៦ ដែល​រងនៅការចោទប្រកាន់នោះ ​បាននៅឡើយទេនៅថ្ងៃអង្គារនេះ។

ចំណែក អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ថ្លែងថា ក្នុងចំណោមគ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និងធនាគារទាំង៦ ដែលរងនៅការចោទប្រកាន់នោះ ក៏មានធនាគារស្ថាបនា គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលជាសមាជិករបស់សមាគមលោក។

យ៉ាងណា លោកថា កន្លងមក សមាគម​បានចុះស៊ើបអង្កេត និងឆ្លើយតបទៅអង្គការទាំងនោះរួចហើយ​​ថា ករ​ណី​​ខ្លះពា​ក់​ព័ន្ធ​ការប្រព្រឹត្ត​ខ្វះក្រមសីលធម៌របស់មន្ត្រីឥណទាននៅតាមខេត្តមួយចំនួន​ជាកម្រិតបុគ្គល មិនមែនជាប្រព័ន្ធ។ លោក​បន្តថា ទំហំនៃភាពធធ្ងន់ធ្ងរមិនមែនធំ​ដុំ ដូចការលើកឡើងរបស់សង្គមស៊ីវិលឡើយ បើពុំនោះទេ​​ស្ថាប័នសាជីវកម្ម​ហិរញ្ញវត្ថុអន្តរជាតិនឹងមិននៅស្ងៀមឡើយ។

លោក កាំង តុងងី ថ្លែង​ថា៖ «ថ្មីៗនេះ យើងកំពុងតែធ្វើការលើស្តង់ដាររួមនៃកុងត្រាឥណទាន ក៏ដូចជាកម្មវិធីសិក្សាសម្រាប់មន្ត្រីឥណទាន ឬបុគ្គលិកមីក្រូហិរញ្ញវត្ថុ បុគ្គលិកធនាគារ ដែលធ្វើការពាក់ព័ន្ធការផ្តល់កម្ចី និងគម្រោងពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ក្នុងន័យលើកកម្ពស់ ពង្រឹងសិទ្ធិអំណាចអតិថិជនដើម្បីធានាឱ្យវិស័យនេះមាននិរន្តរភាពល្អ ពោលសម្រាប់ទាំងអ្នកផ្តល់សេវា និងអ្នកទទួលសេវា បានទទួលអត្ថប្រយោជន៍ទាំងសងខាង»

បើទោះជាយ៉ាងនេះក្តី លោកថា សមាគមលោកបានចាត់ការលើបុគ្គលមានកំហុសហើយ ព្រមទាំងដាក់ចេញនូវវិធានការប្រតិបត្តិបន្ថែមដើម្បីបញ្ចៀសនូវបញ្ហា និងលើកកម្ពស់ដល់អតិថិជន។

វិនិយោគិន និងជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ លោក ង៉ែត ជូ មានប្រសាសន៍ថា បំណុលវ័ណ្ឌកអាចបណ្តាលមកពីកត្តារួមផ្សំច្រើន ដូចជា ការ​វាយ​តម្លៃរ​បស់​ធនាគារ​មិន​បាន​សុក្រឹត​ត្រឹម​ត្រូវ ឬ​ខ្វះវិ​ជ្ជា​ជីវៈ អតិថិជន​ខ្ចីថវិកា​ហើយ​យក​ទៅ​ប្រើ​ខុស​គោល​ដៅ និងដោយសារហានិភ័យនៃអាជីវកម្ម ឬខាតបង់។

លោកថា មួយផ្នែកធំ គឺដើមចមដោយសារពួកគេខ្ចីយក​ទៅដោះបំណុលចាស់ និងខ្វះចំណេះដឹង​ពាក់ព័ន្ធ​ការ​ប្រើ​កម្ចី។

អ្នកជំនាញផ្នែក​ហិរញ្ញវត្ថុរូបនេះថា រឿងនេះ ទាមទារឱ្យអាជ្ញាធររដ្ឋពិនិត្យយន្តការ​ផ្តល់​កម្ចី អប់រំពលរដ្ឋឱ្យយល់ដឹងពីការប្រើកម្ចីឱ្យចំគោលដៅ ខណៈ​គ្រឹះស្ថានផ្តល់កម្ចី​ត្រូវអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់នូវព័ត៌មានពាក់ព័ន្ធអតិថិជនរបស់ខ្លួនមុនឱ្យពលរដ្ឋខ្ចីប្រាក់។

លោកថា៖ «បច្ចេកទេសនៅក្នុងការធ្វើអាជីវកម្ម ភាគីពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលត្រូវអប់រំពលរដ្ឋពីចំណេះដឹង របៀបគ្រប់គ្រងអាជីវកម្ម ដើម្បីបញ្ចៀសហានិភ័យ និងការខាតបង់។ ក្នុងវិស័យកសិកម្មវិញ ត្រូវមានការចូលរួមជ្រោមជ្រែងពីរដ្ឋច្រើនយ៉ាង ដើម្បីឱ្យទទួលផល មានតម្លៃសមស្រប ទើប​​គាត់​មានផលចំណេញ អាចសងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារវិញ ជាជាងចាយថ្លៃដើមខ្ពស់ ហើយមិនចំណេញ»

សេចក្តីថ្លែងការណ៍រួមរបស់អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ អះអាងថា ពាក្យបណ្តឹងមួយទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ដែលជាស្ថាប័នទទួលបានជំនួយពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាជំហានសំខាន់ ដើម្បីស៊ើបអង្កេតដ៏ឱ្យបានម៉ត់ចត់ ចំពោះ​សកម្មភាពរំលោភលើស្តង់ដារអនុវត្តរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពីសំណាក់ស្ថាប័នផ្តល់កម្ចីឥណទានខ្នាតតូចនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ពួកគេបន្តថា ការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ (CAO) នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ទើបបានចេញផ្សាយជាសាធារណៈថា ពាក្យបណ្តឹង​​​ដែលអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ និងអង្គការសមធម៌កម្ពុជា បានដាក់ កាលពីខែកុម្ភៈ ឆ្នាំ២០២២នេះ តំណាងឱ្យពលរដ្ឋខ្មែរអ្នក​ខ្ចីប្រាក់ នឹងត្រូវឈានដល់ការត្រួតពិនិត្យអនុលោមភាព ក្រោយពីមានការសម្រេចពីម្ចាស់បណ្តឹង ក៏ដូចជាក្រោយពេលដែលម្ចាស់បណ្ដឹង និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុផ្សេងទៀត មិនអាចឈានចំណុចឯកភាពគ្នា ក្នុងការដោះស្រាយវិវាទនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ