កូដករណាហ្គា​ម្នាក់ទៀត​ចូល​បំភ្លឺ​នៅ​តុលាការ​នៅថ្ងៃនេះ ក្រោម​បណ្ដឹង​របស់​ក្រុមហ៊ុន

កូដករ​ណាហ្គាវើលដ៍ប្រមាណ៣០នាក់បាន​នាំគ្នាទៅ​ប្រមូលផ្តុំនៅមុខ​សាលា​ដំបូងរាជធានីភ្នំពេញ ដោយ​ពួកគេ​​បាន​​កាន់​បដា​ដែលមានខ្លឹមសារ​​ថា «ខ្ញុំមកធ្វើជាសាក្សី» ក្នុងគោល​បំណង​លើក​ទឹក​ចិត្ត និងគាំទ្រដល់​សមា​ជិក​របស់​ខ្លួនដែល​ចូលទៅ​បំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបណ្ដឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

កូដករណាហ្គាវើលដ៍ម្នាក់ទៀតបាន​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះហៅជាលើ​ក​ទី២​​របស់​​សាលាដំបូងរាជធានីភ្នំពេញ​ នៅរសៀល​​​​​ថ្ងៃទី១៦ ខែ​វិច្ឆិកានេះ ​ពាក់​ព័ន្ធ​នឹង​បទ​ចោទប្រកាន់ចំនួន៣ ដែល​ក្រុមហ៊ុនល្បែងមួយនេះ​បានប្ដឹង​រូប​គាត់។

តាមរយៈ​ដីកាកោះហៅលើក​ទី២ របស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង​ ចុះថ្ងៃទី១៦ ខែវិច្ឆិកានេះ បាន​ឱ្យ​ដឹង​​ថា កូដករណាហ្គាវើលដ៍​ អ្នកស្រី​ សាំង សុផល​ ត្រូវបានកោះហៅឱ្យចូលខ្លួនលើកទី២ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៣កន្លះរសៀល​​ថ្ងៃពុធនេះ​​ អំពី​បទ​ចោទ​ចំនួន​៣ រួមមាន រំលោភលើលំនៅឋាន, ធ្វើឱ្យខូច​ខាត​ដោយចេតនាស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ ដែលក្រុមហ៊ុនបានប្តឹងអ្នកស្រី។

គិតត្រឹម​រសៀលថ្ងៃពុធនេះ ​កូដករណាហ្គាវើលដ៍ចំនួន៤​នាក់ហើយ​ ក្នុងចំ​ណោម​៩នាក់ ដែលរងការ​ប្តឹងពីសំណាក់ក្រុមហ៊ុន បានចូលទៅ​បំភ្លឺរួចរាល់នៅតុលាការ ក្នុងនោះ​​រួមមាន ​អ្នកស្រី​ សាំង សុផល កញ្ញា ជួប សោភ័ណ្ឌ កញ្ញា សុខ ថាវុធ និងអ្នកស្រី នេត ចរិយា។

វិវាទ​ការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមក​ហើយ ក្រោយ​ពេល​​ក្រុ​ម​ហ៊ុនល្បែងស៊ីសងនិងកាស៊ីណូមួយ​នេះបាន​បញ្ឈប់​​​បុគ្គលិក​ចំនួន ១ ៣២៩នាក់ ក្នុង​ចំណោម​​បុគ្គលិក​សរុ​ប​ជាង៨ ០០០នាក់ពី​ការ​ងារ ក្រោមហេតុផល​​ថា «ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​ដោយ​សារ​តែបញ្ហា​ជំងឺ​កូវីដ-១៩»។

យ៉ាងណា បុគ្គលិកដែល​ចេញធ្វើ​កូដកម្មរយៈពេលជិត១១ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះគឺដោយ​សារ​ថៅកែមា​ន​ចេតនា​រំលាយ​សហជីព​ការ​ពារ​សិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ