លោក ដូណាល់ ត្រាំ ប្រកាស​ថា​នឹង​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ម្ដងទៀត​នៅ​ឆ្នាំ២០២៤

អតីតប្រធានាធិបតីអាមេរិក Donald Trump ប្រកាសអំពីផែនការក្នុងការឈរឈ្មោះជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ នៅឯលំនៅឋាន Mar-a-Lago របស់លោក នៅ Palm Beach រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ (REUTERS/Octavio Jones)

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា លោកនឹងឈរឈ្មោះសម្រាប់​ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាថ្មីម្ដងទៀតនៅឆ្នាំ២០២៤ បន្ទាប់ពីបាន​ចាញ់​ដៃ​គូប្រកួតប្រជែងរបស់លោក គឺលោក ចូ បៃដិន (Joe Biden) នៅឆ្នាំ២០២០។ នេះ​បើយោ​ងតា​ម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន Foxnews នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ​ម្សិលមិញនេះ។

លោក Trump ដែលមកពីគណបក្សសាធារណរដ្ឋ និងជាមេដឹកនាំចលនា «ធ្វើឱ្យអាមេរិកអស្ចារ្យ​ឡើង​វិញ (Make America Great Again)» បាន​ប្រកាសកាលពីថ្ងៃអង្គារថា លោក​នឹងឈរ​ឈ្មោះជា​បេក្ខ​ភាព​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២៤ ក្នុង​អំឡុង​ពេល​សុន្ទរកថា​នៅ​លំនៅ​ឋានម៉ាអា​ឡាហ្គោ (Mar-a-Lago) របស់លោក នៅរដ្ឋ Florida។

លោក Trump បាន​និយាយ​ទៅកាន់​ក្រុមអ្នកគាំទ្រ​ថា៖​ «​ដើម្បី​ធ្វើឱ្យ​អាមេរិក​អស្ចារ្យ និង​រុងរឿង​ឡើងវិញ​ ​យប់​នេះ ខ្ញុំសូម​ប្រកាសថា ខ្ញុំនឹងឈរឈ្មោះជា​បេក្ខភាព​ប្រធានាធិបតី​ម្តងទៀត​»​។

លោកបន្ថែមថា៖ «ប៉ុន្តែដូចដែលខ្ញុំបានសន្យាកាលពីឆ្នាំ២០១៦ ថាខ្ញុំជាសំឡេងរបស់អ្នក។ រដ្ឋាភិបាលក្រុងវ៉ាស៊ីន​តោន ចង់​​បំបិទ​មាត់​យើង ប៉ុន្តែ​យើង​នឹង​មិនអនុញ្ញាតឱ្យពួកគេធ្វើដូច្នេះទេ។ អ្វីដែលយើងបានកសាងរួមគ្នាក្នុងរយៈពេល៦ឆ្នាំ​កន្លង​មក​នេះ គឺ​ជា​ចលនា​ដ៏អស្ចារ្យ​បំផុត​នៅក្នុងប្រវត្តិសាស្ត្រ ព្រោះវាមិនមែនជារឿងនយោបាយទេ។ វាជាសេច​ក្តីស្រឡាញ់​របស់​យើង​ចំពោះ​ប្រទេស​ដ៏​អស្ចារ្យនេះ​ ហើយ​យើង​នឹង​មិនបណ្ដោយ​ឱ្យកិច្ចការនេះបរាជ័យឡើយ»។

លោកបន្ថែមទៀតថា៖ «ខ្ញុំកំពុងប្រកួតប្រជែងបេក្ខភាពប្រធានាធិបតី ព្រោះខ្ញុំជឿថា ពិភពលោកមិនទាន់​បាន​ឃើញភាព​រុងរឿង​ពិត​ប្រាកដ​របស់​ប្រទេស​នេះ [អាមេរិក] នៅឡើយទេ។ យើងមិនទាន់បានសម្រេចកិច្ចការដ៏ធំបំផុតនៅឡើយទេ។ ជឿឬអត់?»

លោកបន្តដោយបន្ទោសប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ចំពោះស្ថានភាពបច្ចុប្បន្នរបស់អាមេរិក។

លោកថា៖ «យើងអាចសម្រេចកិច្ចការដ៏ធំជាងនេះ យើងត្រូវរំដោះខ្លួនចេញពីបញ្ហា។ ហើយពេលយើងអាចរំដោះខ្លួនចេញ​ពី​បញ្ហា អ្នកនឹងឃើញអ្វីកើតឡើងសម្រាប់សហរដ្ឋអាមេរិក​ ដែលគ្មានអ្នកណាម្នាក់នឹកស្មានដល់ឡើយ»។

គួរបញ្ជាក់ថា លោក Donald Trump បានឈ្នះតំណែងប្រធានាធិបតីជាលើកដំបូងក្នុងឆ្នាំ២០១៦ ពីដៃគូប្រកួតប្រជែងរបស់លោក គឺអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton)៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ