នៅក្នុងសេចក្ដីប្រកាសដែលត្រូវបានអនុម័តនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល មេដឹកនាំនៃបណ្ដាប្រទេសសេដ្ឋកិច្ចឈានមុខ G20 បានថ្កោលទោសយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅថ្ងៃពុធនេះ និងបានទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនដោយឥតលក្ខខណ្ឌ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សេចក្តីប្រកាសនោះមកចុះផ្សាយនៅថ្ងៃពុធនេះថា «សមាជិកភាគច្រើនបានថ្កោលទោសយ៉ាងខ្លាំងចំពោះសង្គ្រាមនៅអ៊ុយក្រែន» ដោយសំដៅលើរុស្ស៊ីដែលជាសមាជិក G20 និងដែលបានបដិសេធចំពោះសេចក្តីប្រកាសនោះ។
ទោះយ៉ាងណា យ៉ាងហោចណាស់ អ្នកការទូត៣នាក់បានលើកឡើងថា សេចក្តីថ្លែងការណ៍ដែលបានទទួលស្គាល់ថា «មានទស្សនៈ និងការវាយតម្លៃផ្សេងៗគ្នាអំពីស្ថានភាព និងការដាក់ទណ្ឌកម្ម» ត្រូវបានអនុម័តជាឯកច្ឆន្ទ។
សេចក្តីប្រកាសដដែលបន្តថា៖ «ការប្រើប្រាស់ ឬការគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺមិនអាចទទួលយកបានទេ»។
សេចក្តីប្រកាសបន្ថែមថា៖ «ជាការចាំបាច់ណាស់ក្នុងការគោរពច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគីដែលការពារសន្តិភាព និងស្ថិរភាព។ នេះរួមបញ្ចូលទាំងការការពារគោលបំណង និងគោលការណ៍ទាំងអស់ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្រកាន់ខ្ជាប់នូវច្បាប់មនុស្សធម៌អន្តរជាតិ»។
គួរបញ្ជាក់ថា មេដឹកនាំមកពីបណ្តាប្រទេស G7 [សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង កាណាដា អ៊ីតាលី អង់គ្លេស និងជប៉ុន] អេស្ប៉ាញ ហូឡង់ និងសហភាពអឺរ៉ុប បានមកចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២៕