លោក ហ៊ុន ម៉ាណែត បបួល​លោក សម រង្ស៊ី ភ្នាល់​ដាក់​ជីវិត​នយោបាយ ក្រោយ​រង​ការ​ចោទ​ថា​យក​លុយ​ទិញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​នៅ​បារាំង

លោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ​

កូនប្រុសច្បងរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បបួល​លោក​ សម រង្ស៊ី ភ្នាល់ដាក់​ជីវិតនយោ​បាយ ក្រោយ​លោក សម រង្ស៊ី ចោទខ្លួនថា​​បាន​​បន្លំ​យក​លុយ ៥​លាន​ដុល្លារ ទិញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​បារាំង និង​ទ្វីបអឺរ៉ុប ដើម្បីឱ្យចុះចូលបក្សប្រជាជនកម្ពុជា។

ប្រតិកម្មរបស់លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន​នៃគណបក្សប្រជាជនកម្ពុជា បានធ្វើឡើង​បន្ទាប់​ពី​ស្ថាបនិកគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរ​លើបណ្ដាញ​សង្គម​ហ្វេស​​ប៊ុក​របស់លោក ​កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ​ថាកាល​ពី​ឆ្នាំ​២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយក​លុយ ៥​លាន​ដុល្លារ ចូល​ទៅ​​ប្រទេស​​បារាំង ដើម្បីទិញទឹកចិត្ត​ជន​ជាតិ​ខ្មែរដែល​រស់នៅ​ប្រទេស​បារាំង និង​ទ្វីបអឺរ៉ុប ឱ្យចុះចូលគណបក្សប្រជាជនកម្ពុជា។

លោកបន្ត​​ថា សកម្មភាពនេះត្រូវ​​បាន​​នគរបាល​​បារាំង​ចាប់​​បាន ដោយ​​លុយ៥​លាន​ដុល្លារ​នោះ​ទុក​​ដល់​សព្វ​ថ្ងៃ ព្រោះតែលោក ហ៊ុន ម៉ាណែត ចង់​នាំយ​ក​លុយ​នេះ​​ចូល​ទៅ​ប្រទេស​ទាំងនោះ​​ដោយ​ខុស​ច្បាប់។

លោក​ សម រង្ស៊ី បន្តទៀត​​ថា ករណី​​នេះបាន​នាំ​ឱ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដក​​លោក នុត ណារ៉ង ពី​តំណែង​​ឯក​​អគ្គរាជទូត​កម្ពុជាប្រចាំប្រទេសបារាំង ក្នុងរយៈពេលតែ២៤​​ម៉ោង ក្រោយ​​​ពី​​លោក នុត ណារ៉ង មិន​បានជួយ​លោក ហ៊ុន ម៉ាណែត ដើម្បីយកលុយ៥លាន​​ដុល្លារ​នោះ​មក​វិញ។

ប៉ុន្តែនៅថ្ងៃពុធនេះ លោក ហ៊ុន ម៉ាណែត បាន​​ចាត់​​ទុក​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ថា​ជា​ការ​ប្រតិដ្ឋរឿងដើម្បី​វាយ​ប្រហារ​លើ​រូប​លោក​​ពី​ក្រោយ​​ខ្នង ក្រោយ​ពី​លោក សម រង្ស៊ី ​បាន​បរាជ័យ​ក្នុង​ការ​ព្យាយាម​បំផ្លាញ​ជីវិតនយោ​បាយ​របស់​ឪពុក​លោក។ ក្រោយ​ពីបរាជ័យ​ហើយ លោកថា បច្ចុប្បន្ន លោក សម រង្ស៊ី និងមន្ត្រីសិ្នទ្ធជាមួយ​គាត់​ ក៏​បានព្យាយាម​ឥត​ឈប់​ឈរ និង​រិះ​​រក​​គ្រប់​​​មធ្យោបាយ ដោយ​​ប្រតិដ្ឋរឿង​ថ្មី​​ទៀត​​​​មក​​​​ចោទ ដើម្បីសម្លាប់​ជីវិតនយោបាយរបស់លោកថែមទៀត។

លោក ហ៊ុន ម៉ាណែត ក៏បានបបួលលោក សម រង្ស៊ី ភ្នាល់គ្នាដោយដាក់ជីវិតនយោបាយ ដោយថា ប្រសិនបើរឿងនេះជារឿងពិតនោះ លោក​នឹងដ​ក​ខ្លួន​ពីឆាកនយោបាយមួយជីវិត ប៉ុន្តែ​បើរឿង​នេះមិនពិតវិញ លោក សម រង្ស៊ី ត្រូវឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរ។

លោក​បន្តថា៖ «បើសិន​ជា​លោក ​[សម រង្ស៊ី] មាន​ភស្តុតាង​ច្បាស់​លាស់​ថា​រឿង​នេះជា​រឿង​ពិត លោក​​គួរតែហ៊ានភ្នាល់ជាមួយ​ខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ ហើយ​លោកក៏អាចរក្សាភាពថ្លៃថ្នូរ​ផ្ទាល់ខ្លួនរបស់លោកផង កុំឱ្យមហាជនរិះ​គន់​ថា សម រង្ស៊ី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរ ប៉ុន្តែអន់ចរិតបំផុត ព្រោះ​ចេះ​តែ​លួចវាយ​គេ​ពីក្រោយខ្នងតែប៉ុណ្ណោះ» ។

លោកបន្ថែមថា៖ «ករណីនេះមិនពិបាកបញ្ជាក់ទេ ព្រោះបើថានគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ ហើយ​បើលុយ​នោះនៅរក្សាជាមួយប៉ូលិសបារាំង ជាវត្ថុតាងដល់បច្ចុប្បន្ន​នោះ គឺ​ប្រាកដ​ជា​នគរបាលបារាំងមិនលួចបិទករណី​នេះ ឬយកលុយទៅណាទេ»។

សាស្រ្តាចារ្យវិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា សង្កេតឃើញថា អ្នកនយោបាយនៅក្រៅ​ប្រទេសនិង​ក្នុងប្រទេស ហាក់មិនមាន​​តម្លាភាពក្នុង​ការ​បង្ហាញ​ភស្តុ​តាង និង​សម្អាងត្រឹមត្រូវ​ឡើយ។ លោក​បន្តថា ក្នុងសម័យបច្ចេក​វិទ្យានេះ ការ​​​យ​​ក​​រឿង​​​​ភ្នាល់​​មក​​និយាយ​​នេះ ជារឿងហួស​សម័យទៅហើយ។

លោក​បន្ត​​ថា វោហារសព្ទ​​ឆ្លើយ​​ឆ្លង​​របស់​អ្នកនយោបាយ​បក្ស​ប្រឆាំង និង​​គណបក្សប្រជាជន​កម្ពុជា​នេះ មិន​បាន​ផ្តល់​ផល​ចំណេញអ្វី​ដល់​ប្រទេស​ជាតិ​ឡើយ ផ្ទុយ​ទៅ​វិញ​ នឹងធ្វើ​ឱ្យ​ប៉ះពាល់ដល់​​មុខ​មាត់​ប្រទេស​ជាតិ​ទៅវិញ​ទេ។

លោកថា៖ «និយាយ​ពី​ជម្លោះ​នយោបាយ​កិច្ច​ការ​នេះ វាអត់​មាន​ស្អី​សម្រាប់​ផ្ដល់​​ផ​ល​​ប្រយោជន៍​​ច្រើន​​ដល់ប្រទេស​​ទេ វា​មាន​តែ​ខូច​ដល់​មុខមាត់ប្រទេសជាតិ ដោយសារ​អ្នក​នយោបាយ​លើ​ក​រឿង​បុគ្គលមក​ជជែក មកផ្ដោត មក​យក​ជារបៀបវារៈជជែកក្នុងភាសារឿងនយោបាយ។ ដោយឡែក ខ្ញុំចង់បញ្ជាក់ថា លោក សម រង្ស៊ី បើសិនជាលោកមានតួលេខសម្អាង គួរបង្ហាញ ពីព្រោះ​ទៅក្រៅប្រទស វាពាក់ព័ន្ធនឹងចំណូលចំណាយមានការកត់ត្រា​ច្បាស់លាស់ យើងមិនពិបាករកទេ។ អ៊ីចឹងគួរបង្ហាញឱ្យប្រជាពលរដ្ឋជឿ មិនគួរមានវោហារសព្ទទទេទេ»។

លោក ហ៊ុន ម៉ាណែត ធ្លាប់ប្រកាសបបួលលោក សម រង្ស៊ី ភ្នាល់​ដាក់ជីវភាពនយោបាយ​ម្ដងរួចមក​ហើយ នៅ​ពេល​ដែល​លោក សម រង្ស៊ី រិះគន់​លោកថា​បាន​ទទួលសញ្ញា​បត្រយោធាកម្រិត​២ ឬ​សញ្ញាបត្រកិត្តិយស​ពីសាលាប​ណ្ឌិត​សភា​យោធា West Point ដ៏ល្បីរបស់​សហរដ្ឋអាមេរិក​។ តែករណីនេះ លោក សម រង្ស៊ី មិនបានឆ្លើយតប​ជាមួយលោក ហ៊ុន ម៉ាណែត ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ