វិភាគ៖ តើ​ការ​អនុវត្តច្បាប់​​​ជ្រក​ក្រោម​បទបញ្ជា ​គំរាមកំហែង​ដល់​ការ​ពង្រឹង​នីតិរដ្ឋ​ឬទេ?

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

​បទបញ្ជាមេ ឬ​ត្រូវ​សុំគោលការណ៍​ពីថ្នាក់លើ​​ជ្រកក្រោមការអនវុត្តច្បាប់ នៅតែត្រូវគេយក​មក​អនុវត្ត បើទោះ​​បី​​​​​ជា​កម្ពុជាបានរើខ្លួនពីរបបកុម្មុយនីស្ត មកអនុវត្តលទ្ធិប្រជាធិបតេយ្យដោយយកពលរដ្ឋជាធំ​ តាមរដ្ឋធម្មនុញ្ញ​​​ជិត៣០ឆ្នាំមកនេះ។

វប្បធម៌មេនិយម​ ​​បង្ក​​ជា​កា​រព្រួយបា​រម្ភ​ពី​អ្នកឃ្លាំ​មើ​ល​ស​ង្គម​មួយ​ចំនួន​ ដែលថា​បញ្ហានេះនឹងរុញកម្ពុជាឱ្យវិលទៅរករបបដឹកនាំបែបផ្តាច់ការឡើងវិញ បើមិនធ្វើកំណែទម្រង់ទាន់ពេល។

ជ្រុ​​ងមួយ​នៃ​បញ្ហា​នេះ​ ​ក្រោ​យ​បិទ​បញ្ច​ប់​កិ​ច្ច​ប្រជុំ​កំ​ពូល​អា​ស៊ា​ន ដែល​​​​​ក​ម្ពុ​ជា​ធ្វើជា​ម្ចា​​ស់ផ្ទះ​​ កា​​ល​ពី​​ថ្ងៃ​​អាទិ​ត្យ​នោះ​​ ​ការអនុវត្តច្បាប់តាម​​ប​ទបញ្ជា​​មេ ត្រូវ​បាន​គេយ​កមក​​អនុវ​ត្តលើ​ក្រុ​​មអ្នកសា​រព័ត៌​មា​ន​ដែល​កំពុង​​បំ​​ពេញ​​វិ​ជ្ជាជីវៈ​​​ចំនួន​ពី​រស្ថា​ប័​ន​។

​​​​​ក្រុ​មអ្នកសា​រព័ត៌​មាន​រប​ស់សំ​ឡ​ង​ប្រជា​ធិ​ប​តេ​យ្យ​ ​V​OD​ ​និង​សំឡេ​ងស​ហ​រ​ដ្ឋ​អា​មេរិ​ក ​V​O​A​ ​មិ​ន​ត្រូ​វ​បា​នអ​នុ​ញ្ញាតឱ្យចូល​​សួរសំ​ណួរទៅកាន់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃបិទបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ាននោះទេ ក្រោមហេតុផលថា «ថ្នាក់លើមិនអនុញ្ញាត»។

ជាការកត់សម្គាល់ លំនាំបែប​នេះក៏បាន​កើត​ឡើ​ងទៅ​លើ​​​​អ្នកត​វ៉ាដី​ធ្លី​ អ្ន​ក​ទាមទា​ររ​ក​យុ​ត្តិធម៌​ឱ្យ​ដោះលែ​ង​ស​​ក​ម្មជ​នប​ក្ស​ប្រឆាំ​ង ដែ​លគេ​ហៅ​ថា «​​ស្ត្រី​ថ្ងៃ​សុក្រ​» ដែ​រ​ ដែ​ល​​ពេលខ្លះ ​ក្រុម​សន្តិ​សុ​ខចុះដល់ទីតាំងតវ៉ា បា​ន​​ដ​ក​​បដា​​​ពីអ្ន​កតវ៉ា​ ឬ​រា​រាំង​​ក៏ពួ​ក​គេ ដោយ​ស​ម្អាង​ថា​ ធ្វើតាម​​បទ​បញ្ជា​ថ្នា​ក់​លើដែ​រ​។

​ប​​ន្ថែម​​​ពី​នេះ​​​ ​សេ​ចក្តី​​​ថ្លែ​ង​​​កា​រ​ណ៍​​ខ្លះក៏​​បា​​នយោ​​ង​​លើ​​អនុ​​​​សាសន៍​ដ៏​ខ្ពង់​ខ្ពស់​​​​រ​ប​ស់​​​មេ​ដឹ​កនាំដែរ​​ ហើយ​​ការ​​​អ​នុ​វត្ត​​ច្បា​ប់ខ្លះ​ទៀត​​ក៏ត្រូ​​​វសុំ​​គោល​​ការ​​ណ៍​ពី​​ថ្នាក់​ដឹក​នាំ​​​ជាមុ​នដូច​គ្នា​។

ក៏ប៉ុ​ន្តែអំពើ​ពុក​រលួយ​ ការ​គប់​គិតគ្នាបង្កើ​តជា​បទល្មើសព្រៃឈើ ​ការ​ទន្ទ្រា​ន​យក​ដី​ព្រៃលិ​ចទឹក​ដោយ​ខុសច្បាប់ច្រើ​ន​ម៉ឺនហិកតា​ នៅជុំវិ​ញ​បឹ​ងទ​ន្លេសា​ប ​រួ​មទាំ​ងប​ញ្ហា​មួយ​ចំ​​នួនទៀត​បា​ន​​កើត​​ឡើ​ង​​ បើ​ទោះច្បា​ប់បា​ន​ហាម​ក៏ដោ​យ។​

ផ្នែ​កមួ​យនៃ​បញ្ហា​​នេះ លោ​ក​នាយ​ក​រដ្ឋមន្ត្រី ​ហ៊ុន សែ​ន ​ហាក់បា​ន​ទទួ​លស្គា​ល់​​ចំ​ពោះកា​របំ​ពេញតួនាទីរបស់មន្ត្រី​​​ក្រោមឱវា​ទ ​តួយ៉ា​ង​ដូច​ជាកា​រ​ថ្លែង​រប​ស់​​លោក​ក្នុង​ពិធីបូ​ក​សរុ​បការងារប្រចាំឆ្នាំ នៅ​​ក្រសួងក​សិក​ម្ម​ រុ​​ក្ខា​​​ប្រ​មាញ់ ​និង​នេ​សាទ​ ​កាល​ពីថ្ងៃ​ទី​២៣ ខែ​មីនា​ ឆ្នាំ​២០២​២​។

​លោកថា៖​ «យើងថ្នាក់​កាន់​[​តំ​ណែ​ង​]ដ​ល់ប៉ុណ្ណឹង ​បង្ក្រា​ប​ពួ​ក​អាហ្នឹ​ង​មិន​បា​ន យើងមិនបាច់ធ្វើ​ចៅហ្វាយខេត្ត​ទេ និយាយ​គ្នា​ឱ្យ​ត្រង់ៗ​ហ្មង ហើយក៏មិនបាច់ធ្វើរដ្ឋមន្ត្រីកសិកម្ម មិនបាច់ធ្វើរដ្ឋមន្ត្រីធនធានទឹក ធ្វើរដ្ឋមន្ត្រីបរិស្ថានស្អីទេ បើគ្រាន់តែធ្វើប៉ុណ្ណឹង ធ្វើមិនឈ្នះនោះ កុំធ្វើមេទាហាន កុំធ្វើមេប៉ូលិសតទៅទៀត។ ឥលូវមើ​ល​​មើល៍ ពីពេលហ្នឹងទៅនាំគ្នាធ្វើៗ ឥលូវជុំវិញទន្លេសាបហ្នឹង ធ្វើបានឬមិនបាន? ឥលូវសន្យាជាមួយគ្នាចំពោះមុខ​​ មកពីអស់លោកអត់ព្រមធ្វើ រឿងវានៅកន្លែងហ្នឹងទេ»។

សំណួ​រ​នៅត្រង់ថា តើការ​អនុវត្តច្បាប់​ជ្រ​កក្រោ​មប​ទប​ញ្ជា​គំ​រាម​កំ​ហែងដល់កា​រពង្រឹង​នីតិ​រដ្ឋ​ឬទេ?

នាយកប្រតិ​បត្តិ​អង្គ​ការ​តម្លា​ភាពក​ម្ពុជា លោក​ ​ប៉ិច​ ពិសី មានប្រសាស​ន៍ថា​ ​តាម​កា​រសិ​ក្សា​ស្រា​វជ្រា​វរបស់អង្គការនេះ​ទៅលើ​ស​សរស្តម្ភជាតិទាំង៣ (រដ្ឋសភា តុលាការ និងរដ្ឋាភិបាល) បានរកឃើញថា កម្ពុជា​មានគោល​ការណ៍​ច្បាប់ និង​គោលការណ៍គ​តិយុត្ត​គ្រប់​គ្រាន់។ ប៉ុន្តែ​លោក​ថា ការអនុវត្តច្បាប់នៅខ្សោយ ឬមានគម្លាត​ធំ។

ក្នុងន័យនេះ ​​លោក​​ថា ​​មូល​​ហេតុ​ច​ម្ប​ងម​កពី​ប​ញ្ហាធំ៣ ដែល​​ទី១ ​ច្បា​ប់មាន​តែ​មិនអ​​នុវ​ត្ត ​ហើយ​ទី​២ ​បើ​មេធំ​ ​ឬ​អ្នកមានឥ​ទ្ធិពលមិន​បញ្ជា ការអនុវត្តត្រូវអសកម្ម ដែល​បញ្ហានេះ លោកថា ជាកង្វះខាតបំពេញកាតព្វ​កិច្ច​រប​ស់​​​​អា​ជ្ញាធររដ្ឋ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដូចមានចែងនៅក្នុងច្បាប់។

លោកថា៖ «គាត់ធ្វើទី១ ទាល់តែគាត់បានប្រយោជន៍ ទី២ ទាល់តែមានគេប្រាប់ ឬនាយករដ្ឋមន្ត្រីឡូឡារឿង​អី​មួយ​ទៅ​ បាន​គាត់​ធ្វើ! ហើយ​បញ្ហានេះហើ​យ​ដែល​ធ្វើ​ឱ្យ​នីតិរដ្ឋយើងខ្សោយ ហើយ​បើកាលណានីតិរដ្ឋខ្សោយ ប្រទេសជាតិមិនរីកចម្រើនទេ»។

បញ្ហាចម្បងទី៣ លោកថា គឺ​បណ្ដាញ​ប្រទាក់​ក្រឡា​គ្នាចាក់​ស្រែះ​ដោយ​សែ​ស្រឡាយ​ក្នុង​ស្ថាប័ន​រដ្ឋ អ្នក​អនុវត្តច្បាប់ ដែល​ចាំ​បាច់ត្រូវសុំគោលការណ៍ជាមុន ដើម្បីកុំឱ្យវិធានច្បាប់ប៉ះលើខ្សែអ្នកធំ បង្កជាគ្រោះថ្នាក់ដល់​អ្នកអនុវត្តច្បាប់ ដែលករណីនេះក៏​ជាឧបសគ្គចម្បងមួយដែរសម្រាប់​ការអនុវត្តច្បាប់នៅកម្ពុជា។

ប៉ុន្តែអ្នកឃ្លាំមើល​តម្លាភាព​សង្គម​រូ​ប​នេះ គូសបញ្ជាក់​ថា​ ប្រព័ន្ធ​បែប​នេះ​​​មិ​​​​នអា​​ច​ព​​ង្រឹ​ង​​នី​តិរដ្ឋ​បា​ន​ទេ​ ហើយ​ជា​ការ​​គំរាម​កំហែងដល់លទ្ធិប្រជាធិបតេយ្យ ខណៈ​ការកសាងលទ្ធិប្រជាធិបតេយ្យ ត្រូវការ​នីតិរដ្ឋធ្វើជា​មូល​ដ្ឋាន​គ្រឹះ។

លោក ប៉ិច ពិសី ថ្លែង​ថា៖ «យើងអាចពង្រឹងនីតិរដ្ឋ ពង្រឹងស្មារតីជាតិបាន ទាល់តែយើងធ្វើការគ្រប់គ្រងរដ្ឋជាប្រព័ន្ធ គ្រ​​ប់គ្រ​​​ង​ជាក់លាក់ មិនមែនតាមបុគ្គលតែមួយគត់នោះទេ។ ប៉ុន្តែកម្ពុជាយើងបច្ចុប្បន្ន ការដឹកនាំបែប​មេនិយមនេះ​ គឺច្រើនហើយគ្រប់​ជាន់​ថ្នាក់​ទៅ​ទៀត មិន​ត្រឹម​កម្រិត​ថ្នាក់​ដឹក​នាំ​កំពូល​ទេ សូម្បីតែថ្នាក់ជាតិ ថ្នាក់ក្រោមជា​​​តិ ថ្នាក់ឃុំ ក៏មានបញ្ហាមេនិយម ទាល់​តែ​មេបញ្ជា​បាន​ធ្វើ​ហ្នឹង​ដែរ»។

តែយ៉ាងណា លោកគិតថា បញ្ហានេះ ​​​កម្ពុជាអាច​លុប​បំ​បា​ត់បា​ន​ ​តែ​​ត្រូវ​ផ្ដើមចេញ​ពី​មេ​ដឹ​កនាំ​រ​ដ្ឋា​ភិ​បាល​ ​និងអាជ្ញាធរដែនដី ដែ​​​ល​ពលរដ្ឋបោះឆ្នោតឱ្យ។ ជាមួយគ្នានេះដែរ លោកបា​រ​ម្ភ​ថា​ បើរដ្ឋា​ភិ​បាលមិន​ពិនិ​ត្យ​មើ​ល​​ឡើង​វិ​ញពី​ប​ញ្ហានី​តិ​រ​ដ្ឋទេ​ ​ប្រព័​ន្ធ​ដឹ​ក​នាំ​បែប​មេនិ​យ​ម ​នឹង​បង្ក​ឱ្យ​ជា​តិ​បែ​កបា​​ក់​ដូច​ពីអតីតកាល។

សាស្ត្រា​​​​ចារ្យវិទ្យាសា​ស្ត្រន​យោ​បាយ​ លោក​ ​ឯម​ ​សុវ​ណ្ណ​រ៉ា ​​​លើកឡើ​ងថា​ ​ក្នុ​ងស​ង្គ​ម​ប្រ​ជាធិប​តេ​យ្យ យន្ត​ការ​នៃ​កា​​រ​អនុ​វត្តច្បាប់ គេតម្រូវឱ្យ​ថ្នាក់ដឹកនាំ​កំពូល ទម្លាក់អំណាចទៅថ្នាក់ក្រោមជាតិ ឬថ្នាក់មូលដ្ឋាន ដែលគេ​ហៅ​ថា វិមជ្ឈការ និងសហវិមជ្ឈការ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ដោ​យ​​គេគិតថា ថ្នាក់ដឹកនាំម្នាក់​មិនអាចធ្វើការ ឬដោះស្រាយបញ្ហាពលរដ្ឋទូទាំងប្រទេសបានលឿនទេ។

លោកថា៖ «បទបញ្ជាហ្នឹង និយាយទៅ អនុវត្តបែបកុម្មុយនីស្ត បែបផ្តាច់ការ! មេដឹកនាំផ្តាច់ការហ្នឹង គេចូលចិត្ត​ធ្វើអ៊ីចឹង ដើម្បីឱ្យអំណាចហ្នឹងវានៅថ្នាក់លើទាំងអស់ កុំឱ្យធ្លាក់មកថ្នាក់ក្រោម មានសិទ្ធិអំណាចអនុវត្ត ឬធ្វើអ្វីមួយ។ ដូច្នេះ បើពុំមានបទបញ្ជាពីថ្នាក់មជ្ឈិម ថ្នាក់ជាតិហ្នឹងទេ ថ្នាក់មូលដ្ឋាន ថ្នាក់ក្រោមជាតិហ្នឹង ពុំអាច​អនុវត្តបានជោគជ័យទេ»។

អ្ន​​កជំនាញន​​យោបា​យរូ​ប​នេះយល់​ថា ​ការ​អ​នុវ​ត្ត​ច្បា​ប់បែ​បមេនិយម​​ នឹង​មិន​អា​ចលុ​ប​បំបាត់​បាន​ទេ​ ​បើស​ស​រស្តម្ភ​​ជាតិនៅ​តែ​ប​ន្ត​គ្រប់គ្រង​ដោយអំ​ណាចនយោបាយនោះ ហើយថារបត់​បែប​នេះនឹង​​គំរាមកំ​ហែ​ង​​ដ​ល់​​កា​រពង្រឹងនីតិរដ្ឋ​ ​និង​លទ្ធិ​ប្រ​ជា​ធិប​តេ​យ្យ​។

​លោក​ថា៖ «កាល​ណាយ​ន្តកា​រនី​តិរ​ដ្ឋ​យើងវាអត់មានលំនឹង វាបាត់ដោយសារ​​តែស្ថាប័ន​ទាំង៣ហ្នឹងអ​ត់​ជួ​យ​​​​ជ្រោម​ជ្រែ​ងទេ​ ​បាន​ន័​យ​ថា ​អំណា​ច​ទាំ​ង៣​ហ្នឹ​ង វា​នៅ​លើតែ​អំ​ណា​ច​ប្រ​មូ​ល​ផ្តុំតែ​មួ​យ ​ដល់​អ៊ីចឹង​វាធ្វើ​ឱ្យ​​​​បា​​ត់​​​ហើ​យ ដំណើរកា​រ​ប្រ​ជាធិ​ប​តេយ្យ​ វា​ថ​យហើយ​»។

ជុំវិ​ញបញ្ហា​​នេះ អង្គ​ការ​​​​​​គម្រោងយុ​ត្តិ​ធម៌​ពិភ​ពលោក (World ​Justice Project) ​នៅឆ្នាំ២០២២នេះ បន្តដាក់ចំណាត់ថ្នាក់អាក្រក់ដល់កម្ពុជា ថាជាប្រទេសគោរពនីតិរដ្ឋទាបដូច២ឆ្នាំកន្លងមកដែរ។

របាយការណ៍ចេញផ្សាយកាលពីថ្ងៃ​ទី២៦​ ​ខែ​តុលា ឆ្នាំ​២០២២ បានដាក់ចំ​ណា​ត់ថ្នាក់ក​ម្ពុ​ជានៅ​ជិត​​បាតតារាង ដោយ​​ស្ថិតនៅ​លេខ​រៀ​ង១​៣៩​ ​ក្នុ​ងចំ​ណោមប្រទេ​ស​១៤០ ​លើពិភពលោក ដែល​បាន​ធ្វើកា​រវា​យ​តម្លៃ​។​

​របាយការណ៍ដដែលបន្តថា មូលហេ​តុ​ចម្បងដែល​ទាញទម្លាក់នីតិរដ្ឋនៅកម្ពុជាឱ្យ​ធ្លាក់ចុះដល់បាតតារាង​នេះ ដោយសារ​តែអំ​ណា​​​ចនយោបាយជ្រៀតជ្រែកស្ថាប័នសភា និង​តុលាការ ដែលជាសសរស្ដម្ភកំពូលរបស់ជាតិ ដែលធ្វើឱ្យ​​​បាត់បង់ប្រព័ន្ធត្រួ​​តពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យ កម្សោយ​​លើការទប់ស្កាត់​អំពើពុករលួ​យ ​និង​ការរំលោភសិទ្ធិមនុ​ស្ស រួម​ទាំ​​ងអយុត្តិធម៌​សង្គ​ម ជាដើម។

​​ប្រធានស​មាគម​ការ​ពា​រសិ​ទ្ធិម​នុស្ស​អាដ​ហុក លោ​ក ​នី សុខា​ លើ​កឡើ​ងថា​ ប្រទេស​ដែលប្រ​កាន់​គោលការ​ណ៍​នី​តិរដ្ឋ ការអ​នុវ​ត្តច្បា​ប់ ​គេមិ​នធ្វើ​តា​មប​ទ​ប​ញ្ជា ឬ​ចាំសុំ​គោលការ​ណ៍​​ពីមេ​ដឹ​កនាំទេ។ ​ប៉ុន្តែសម្រាប់​អាជ្ញាធរ​​កម្ពុជាដែលអនុវត្តច្បាប់​​តាមបញ្ជា ឬចាំសុំគោលការណ៍នោះ អាច​បណ្តាលមកពីបញ្ហាធំ៣។

បើតាមលោក​ សុខា បញ្ហាទី១ អាចមកពីមន្ត្រីអនុវត្តច្បាប់ ​​​ខ្លាចបាត់​ប​ង់អំ​ណាច ​និង​គ្រោះ​ថ្នាក់​ដ​ល់ខ្លួ​ន ​ពេលចុះអនុវត្តច្បាប់ប៉ះចំ​សែស្រឡាយមេ ឬថ្នាក់លើ ដែលករណីនេះ​ ទើបពួកគេចាំសុំគោលការណ៍ពីថ្នាក់លើជាមុន ហើយ​​ទី២ អាច​មកពីពួកគេមិន​យល់​ពី​ច្បាប់ និង​ទី៣ អាច​មក​ពី​ការ​ធ្វើ​ខុស​ច្បាប់ ក៏​បាន​ឡើង​ធំ ឱ្យ​តែ​ធ្វើតាមបទបញ្ជាមេ។

​​ប​​​​ញ្ហា​​នេះ លោកបារ​ម្ភថា​ បើមិន​​​កែល​ម្អ​​ទា​ន់​ពេ​ល​​ ក​ម្ពុជានឹង​​រអិលធ្លាក់ទៅរករបបដឹកនាំបែបផ្តាច់ការ លែង​គិតពីច្បាប់ បង្កើត​ជាអំពើអយុត្តិធម៌សង្គមធ្ងន់ធ្ងរ ហើយទីបំផុត នឹងជំរុញឱ្យមានហានិភ័យសង្គម។ ការណ៍​នេះ លោកថា មេដឹកនាំ​គួរតែពិចារឡើងវិញ​លើយន្តការពង្រឹងនីតិរដ្ឋ ហើយលុបបំបាត់វប្បធម៌អ​នុវត្ត​ច្បាប់ក្រោមបទបញ្ជាមេ ដើម្បីបម្រើប្រយោជន៍ជាតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោកថា៖ «អ៊ីចឹងបើសង្គមហ្នឹងមិនមានយុត្តិធម៌ទេ អ្នកដែលត្រូវបានគេរំលោភសិទ្ធិ ទទួលរងនូវអយុត្តិ​ធ​ម៌​​​​ ហើយទៅរកច្បាប់រកទម្លាប់ បែរជា​ច្បាប់ហ្នឹងមិនផ្តល់យុត្តិធម៌ឱ្យ អាហ្នឹងមនុស្សនឹងបង្ខំចិត្តក្រោកឈរតវ៉ា អា​ហ្នឹង​វាធ្វើឱ្យប៉ះពាល់ទៅដល់អស្ថិរភាពនៃការដឹកនាំសង្គមហ្នឹងហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ