សមត្ថកិច្ច​ខេត្តក្រចេះ កំពុង​តាម​រក​ចាប់ខ្លួន​អ្នកទោស​ចំនួន​៣នាក់​ដែល​លួច​រត់​ចេញ​ពី​ពន្ធនាគារ

អ្នក​​ទោស​​ចំនួន៣​នាក់ដែល​​បាន​គាស់ចម្រឹង​​​ដែក​​បន្ទប់ធ្វើចត្តាឡីស័ក​​​ក្នុង​​ពន្ធនាគារខេត្តក្រចេះ រួច​រត់គេចខ្លួនបាត់ កាល​​ពីម៉ោង​​​១២​​យប់ ថ្ងៃ​ទី​​១៥ ខែ​វិច្ឆិកា ឆ្នាំ២០២២។ (ស្នងការដ្ឋាននគរបាលខេត្តក្រចេះ)

សមត្ថកិច្ច​ខេត្ត​​​​ក្រចេះ កំពុង​តាម​ស្វែង​រក​ចាប់ខ្លួន​​​​អ្នក​​ទោស​​ចំនួន៣​នាក់ដែល​​បាន​គាស់ចម្រឹង​​​ដែក​​បន្ទប់ធ្វើចត្តាឡីស័ក​​​ក្នុង​​ពន្ធនាគារ រួច​រត់គេចខ្លួនបាត់ កាល​​ពីម៉ោង​​​១២​​យប់ ថ្ងៃ​ទី​​១៥ ខែ​វិច្ឆិកា ម្សិល​មិញ។

ស្នងការ​រងទទួល​បន្ទុកផ្នែកព្រហ្មទណ្ឌ​​ នៃស្នងការដ្ឋាននគរបាល​​ខេត្ត​ក្រចេះ​ លោក គុណ សុភ័ណ្ឌ បាន​ប្រាប់វីអូឌី​នៅថ្ងៃ​ពុធនេះថា ​បុរសជាអ្នកទោស​ចំនួន៣​នាក់ដែលទើបបញ្ជូនទៅ​ឃុំ​ខ្លួន​នៅពន្ធនាគារនោះ រួម​មានឈ្មោះ​​ ជឿន ស,​ ញ៉ិល តុលា​ និង​​ ពេជ្យ ប្រឹម​ប្រិយ៍ ជាជនល្មើស​ក្នុងករណីលួច។ លោកបន្តថា ពួកគេ​បាន​គាស់​ចម្រឹងដែកបង្អួចបន្ទប់ធ្វើចត្តាឡីស័ក ដើម្បី​រត់គេចខ្លួន ប៉ុន្តែ​សមត្ថ​កិច្ច​កំពុង​ស្វែង​រក​​​ចាប់​ខ្លួន​​ពួក​គេ​មក​វិញ។​​

លោកថា៖​ «អានេះយើងបានព័ត៌មានពីពន្ធនាគា​រ ឮថា​៣នាក់​ តាម​ពិត​មួយ​បន្ទប់​ហ្នឹង​បន្ទប់​​ចត្តាឡីស័ក​ ធម្មតា​អ្នក​ចូលទៅ​ភ្លាម ​គេអត់​ទាន់​យកទៅក្នុង​ទេ​ គេមិ​នទាន់ដាក់ចូលទៅជាមួយទណ្ឌិតណាទេ គេដាក់ចត្តាឡីស័ក។ តាមព័ត៌មាន [ពួកគេទាំង៣នាក់]គាស់ចម្រឹង​ដែក​ ហើយ​លូនចេញ​ ដល់​លូនចេញ​ហើយ​​យកភួយចងតគ្នា​ ហើយ​បោះ​ឡើងជញ្ជាំងគុក»។

​​​​បើតាមស្នងការរងរូបនេះ នេះជាករណីទី១ហើយដែល​​មាន​​អ្នក​ទោស​លួចរត់គេច​ចេញ​ពីពន្ធនាគារ​ខេត្ត​ក្រចេះនេះ។

គួរបញ្ជាក់ថា កន្លងមក ក៏ធ្លាប់មានករណីអ្នកទោស​ជាច្រើននាក់បានរត់គេចខ្លួនពីពន្ធនាគារ​ខេត្ត​មួយចំនួន ដូចជា ខេត្តកំពង់ស្ពឺ កំពត កណ្តាល និងស្ទឹងត្រែង ជាដើម ប៉ុន្តែករណីទាំងនោះភាគច្រើន​ត្រូវបាន​សមត្ថកិច្ចតាមចាប់បានមកវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ