អង្គការណាតូ និងមេដឹកនាំ​ពិភពលោក នឹង​ជួប​ប្រជុំគ្នា​នៅថ្ងៃនេះ ក្រោយ​ប៉ូឡូញ​ថា​រ៉ុក្កែត​ដែល​ផលិត​នៅ​រុស្ស៊ី​សម្លាប់​មនុស្ស​២នាក់

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២។ (REUTERS/Johanna Geron)

អង្គការណាតូ (NATO) និងមេដឹកនាំពិភពលោក នឹងជួបប្រជុំគ្នានៅថ្ងៃពុធនេះ បន្ទាប់​ពីគ្រាប់រ៉ុក្កែតផលិតនៅរុស្ស៊ីបានធ្លាក់ទៅលើប្រទេសប៉ូឡូញដែលជាសមាជិករបស់អង្គការ NATO និងបានសម្លាប់មនុស្ស២នាក់ ដោយបារម្ភថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អាចផ្ទុះឡើងលើព្រំដែន​របស់​ខ្លួន​[ប៉ូឡូញ]។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌​មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

តែយ៉ាងណា រុស្ស៊ី​បាន​​បដិសេធ​​​ទទួល​ខុស​ត្រូវចំពោះករណីនេះ។

ក្រសួងការបរទេសប៉ូឡូញ បាននិយាយថា គ្រាប់រ៉ុក្កែត​បាន​ធ្លាក់​នៅ​ថ្ងៃអង្គារ​ម្សិល​មិញ វេលាម៉ោង៣និង៤០នាទី​រសៀល លើ​ភូមិ​សេ​វ៉ូ​ដូវ (Przewodow) ដែលជាភូមិមួយនៅភាគខាងកើតប្រទេសប៉ូឡូញ ប្រហែល៦​គីឡូម៉ែត្រ​ពីព្រំដែនប្រទេសអ៊ុយក្រែន។

ប្រជាពលរដ្ឋ​ម្នាក់ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​​ថា ជន​​រ​ង​​គ្រោះ​ទាំង​ពីរ​នាក់​ជា​បុរស​នៅ​​ជិត​​កន្លែង​ថ្លឹង​គ្រាប់​ធញ្ញជាតិ។

សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​លោកខាងលិច ​បាន​​និយាយ​​ថា ខ្លួន​​កំពុង​​ស៊ើបអង្កេតករណីនេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​របាយការណ៍​ដែល​ថាគ្រាប់រ៉ុក្កែតដែលផលិតដោយរុស្ស៊ី​បាន​ធ្លាក់​លើ​ភូមិ​សេវ៉ូដូវ (Przewodow) ឡើយ។

សមាជិកអង្គការ NATO ប្តេជ្ញាការពារសមូហភាពតាមមាត្រា​៥របស់​ខ្លួន ដូច្នេះការវាយប្រហាររបស់រុស្ស៊ីលើប៉ូឡូញ អាចធ្វើឱ្យជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែរីកធំឡើង។

អ្នកការទូតអឺរ៉ុប២នាក់បាននិយាយថា ប្រទេសប៉ូឡូញបានស្នើសុំឱ្យមានកិច្ចប្រជុំអង្គការ NATO តាម​មាត្រា​៤ នៃសន្ធិសញ្ញា​សម្រាប់​ការ​ពិគ្រោះយោបល់​ក្នុង​ចំណោម​សម្ពន្ធ​មិត្ត។ នាយក​រដ្ឋ​មន្ត្រី​ប៉ូឡូញ លោក ម៉ាតេអ៊ូស ម៉ូរ៉ាវីតស្គី (Mateusz Morawiecki) បាន​និយាយ​ថា ប្រទេស​ប៉ូឡូញ​ ក៏បានត្រៀម​បង្កើត​អង្គ​ភាព​យោធា​មួយ​ចំនួន​ផង​ដែរ។

នៅឯកិច្ចប្រជុំមេដឹកនាំក្រុមប្រទេស G20 ក្នុងប្រទេសឥណ្ឌូនេស៊ី មន្ត្រីសេតវិមាន បាន​និយាយថា ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន (Joe Biden) បានកោះប្រជុំមេដឹកនាំ G20 ស្តីពីករណីនេះ។

មន្ត្រី​ប៉ូឡូញ​បាន​ព្យាយាម​សម្រាល​​ស្ថាន​ការណ៍។ លោក Morawiecki បានអំពាវនាវឱ្យគ្រប់ភាគី​ទាំង​អស់​រក្សា​ភាព​ស្ងប់​ស្ងាត់ ហើយ​ប្រធានាធិបតីប៉ូឡូញ លោក អនដ្រេ ឌូដា (Andrzej Duda) បាន​និយាយ​ថា មិន​មាន​ភស្តុតាងជាក់ស្តែងណាមួយដែលបង្ហាញថា​នរណា​ជា​អ្នកបាញ់​មីស៊ីល​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​យ៉ាង​ស្ងប់ស្ងាត់ ហើយ​ថា​វា​ជា​ឧបទ្ទវហេតុ​​មួយ​។

មន្ត្រី​អង្គការ NATO ម្នាក់ បាន​និយាយ​ថា បណ្តា​ប្រទេស​សម្ពន្ធ​មិត្ត​កំពុង​សម្រប​សម្រួល​យ៉ាងជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ប៉ូឡូញ។

សេតវិមានបាន​និយាយ​ថា លោក Biden បានប្រាប់លោក Duda តាមទូរសព្ទ​​ថា ទីក្រុងវ៉ាស៊ីន​តោន​មាន «ការប្តេជ្ញាចិត្តដ៏មុតមាំចំពោះអង្គការ NATO» ហើយនឹងគាំទ្រដល់ការស៊ើបអង្កេតរបស់​ប្រទេសប៉ូឡូញ។

សារព័ត៌​មាន Associated Press បានស្រង់សម្តីមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកជាន់ខ្ពស់​មួយរូប ដែល​និយាយ​ថា គ្រាប់រ៉ុក្កែតដែលផ្ទុះនេះគឺផលិតនៅរុស្ស៊ី។

ទោះយ៉ាងណា នៅទីក្រុងវ៉ាស៊ីន​តោន មន្ទីរ​បញ្ចកោណ សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក បាន​និយាយ​ថា ខ្លួនមិនអាចបញ្ជាក់របាយការណ៍នេះបានទេ ហើយថាខ្លួនកំពុង​ធ្វើការជាមួយរដ្ឋាភិបាលប៉ូឡូញ ដើម្បីប្រមូលព័ត៌មានបន្ថែម។

ប្រទេសអាល្លឺម៉ង់ និងកាណាដា បាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍នេះ ហើយសហភាពអឺរ៉ុប ប្រទេសហូឡង់ និងន័រវែស បាននិយាយថា ខ្លួនកំពុងស្វែងរកព័ត៌មានលម្អិតបន្ថែម។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបញ្ជាឱ្យ​មាន​​កិច្ច​ខិតខំ​ប្រឹងប្រែងដើម្បីផ្ទៀងផ្ទាត់របាយការណ៍នេះ ខណៈ​ចក្រភពអង់គ្លេស​កំពុង​ពិនិត្យ​មើល​របាយការណ៍នេះជាបន្ទាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ