មេ​ភូមិ​ម្នាក់​នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ក្រោយ​តវ៉ា​ទាមទារ​សិទ្ធិដីធ្លី​របស់​ខ្លួន​ជាមួយ​ពលរដ្ឋ

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

មេភូមិ​ស្នា​​សង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប ត្រូវបានថ្នាក់លើ​ដក​ចេញ​ពី​តំណែង ក្រោយ​ចេញ​មុខ​តវ៉ាទាម​ទារ​សិទ្ធិ​កាន់កាប់​ដីធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ​ជាង​២១០គ្រួសារទៀត នៅតំបន់អភិវឌ្ឍន៍រុនតាឯក។

អ្នកភូមិ​២១០គ្រួសារ នៅស្រុកប្រាសាទបាគង ឃុំបល្ល័ង្ក ដែល​មាន​ដី​អាស្រ័យផល ១៦០​ហិកតា​​​​​ នៅ​​ភូមិ​ធម្មជាតិ​រុនតា​ឯក ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី មានជម្លោះដីធ្លីជាមួយអាជ្ញាធរជាតិអប្សរាតាំង​ពី​ឆ្នាំ​២០០៥ និង​បានផ្ទុះការតវ៉ាទ្រង់​ទ្រាយ​ធំជា​បន្ត​បន្ទាប់​ទៀតនៅឆ្នាំ២០២២នេះ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ ក្នុងនោះក៏មាន​មេភូមិ​ស្នាសង្គ្រាម​ លោក ពេញ ព្រន​ផង​​ដែរ។

ប្រធាន​ភូមិ​ស្នាសង្គ្រាម លោក ពេញ ព្រន ប្រាប់វីអូឌី​ថា រូបលោកត្រូវបានថ្នាក់លើ​ដកចេញ​ពី​តំណែង​ហើយ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ក្រោយរូបលោក​ចូលរួមតវ៉ាទាមទារសិទ្ធិដីធ្លីជាមួយប្រជាពលរដ្ឋ។

អតីតមេភូមិ​រូប​នេះអះអាង​ថា កាល​ពី​ឆ្នាំ​២០០៥ អាជ្ញាធរជាតិអប្សរា បានហ៊ុមព័ទ្ធយកដីស្រែរបស់ពួកគាត់អស់ ​១៦០ហិក​តា ដោយ​​សន្យាផ្តល់​សំណង​ជូន​ពួក​គាត់​ពី ​៥០០​ដុល្លារ ទៅ ៧០០​ដុល្លារ​ ក្នុង​១ហិកតា ប៉ុន្តែរហូតមកដល់ឆ្នាំ២០២២ ស្ថាប័នមួយនេះពុំបានផ្តល់សំណងជូនពលរដ្ឋឡើយ ក្នុងនោះ​គ្រួសាររបស់​លោក​ក៏បា​ន​បាត់​បង់​ដី​ស្រែ​១ហិកតា​កន្លះ​ផងដែរ។

លោកបន្ថែមថា៖ «ខ្ញុំសូមជម្រាប​តាម​ត្រង់ បើ​ប្រជាពលរដ្ឋគេសោកស្ដាយ​ចំពោះការដកខ្ញុំចេញ គេស្ដាយ​ខ្ញុំ។ បើ​ចំពោះ​ខ្ញុំជាមួយ​បុគ្គល​ដែល​ទម្លាក់​ខ្ញុំ អត់សោកស្តាយទេ។ ដើម្បីបម្រើប្រជាពលរដ្ឋ គឺខ្ញុំអត់ខ្លាចទេ ព្រោះប្រជាពលរដ្ឋរបស់ខ្ញុំ អត់មាន​ធ្វើ​អី​​​ខុស​​ទេ អ្នកខុស​គឺរំលោភយកដីធ្លីពលរដ្ឋ និង​សន្យាខ្យល់ អត់ដោះស្រាយជូនប្រជាពលរដ្ឋ បាន​ជាប្រជាពលរដ្ឋដាក់បណ្តឹងតវ៉ារហូតតាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២២»

លោក សំ មុំ ជាពលរដ្ឋរស់នៅភូមិស្នាសង្គ្រាម អះអាងថា មេភូមិស្នាសង្គ្រោម លោក ពេញ ព្រន តែងតែចេញមុខការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ជាពិសេសរឿងដីធ្លី។ លោកថា ការ​ដកតំណែង​លោក ពេញ ព្រន ចេញពីមេភូមិ ជាការ​គំរាមកំហែងដល់​រូប​គាត់ និងពលរដ្ឋផ្សេងទៀត កុំឱ្យហ៊ាន​តវ៉ាទាមទារសិទ្ធិដីធ្លី ខណៈពួកគាត់កំពុងមានជម្លោះដីធ្លីជាមួយអាជ្ញាធរ​ជាតិ​អប្សរា។

លោកបន្ថែមថា៖ «ព្រោះគាត់ [លោក ពេញ ព្រន] ក៏មានដីនៅក្នុងតំបន់នោះដែរ។ គាត់បានខ្នះខ្នែងជួយដល់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋ​បានបាត់បង់ដីធ្លីតំបន់អភិវឌ្ឍន៍រុនតាឯកហ្នឹង ប្រជាពលរដ្ឋបានបាត់បង់យូរមកហើយ បានជាគាត់ចេះតែជួយចង់ឱ្យប្រជាពលរដ្ឋ​[ទទួលបាន]​ដីធ្លីមកបង្កបង្កើនផលវិញហ្នឹង»។

យ៉ាងណា មេឃុំ​​បល្ល័ង្ក អ្នកស្រី ឡែម ណាត បាន​បញ្ជាក់​ថា ការបញ្ឈប់លោក ពេញ ព្រន ពី​តំណែង ដោយ​សារប្រធានភូមិស្នាសង្គ្រាមរូបនេះមាន​កំហុសច្រើន ខណៈលោក​បានកាន់តំណែងតាំងពី​ឆ្នាំ២​០១៩មក។

អ្នក​ស្រី​ថា កំហុសទាំងនោះមានពាក់ព័ន្ធការបម្រើសេវាសាធារណៈ ដូចជា យក​លុយ​ពី​ប្រជាពលរដ្ឋពេលធ្វើឯកសារដីធ្លី និង​ការ​ប្រមាថ​ព្រះសង្ឃ និង​ថ្នាក់ដឹកនាំ ជាដើម ខណៈថ្នាក់ដឹកនាំ​ឃុំបានណែនាំជាច្រើនដង​ហើយ ​ប៉ុន្តែមន្ត្រីរូបនោះ​មិនស្តាប់។

អ្នកស្រី ឡែម ណាត ថ្លែងថា៖ «គាត់ពាក់ព័ន្ធនឹងការប្រព្រឹត្តកំហុសឆ្គងលើការបម្រើសេវាសាធារណៈ​ច្រើន ដូច​ខ្ញុំ​ទទួលបាន​ពាក្យ​បណ្តឹងរបស់​ពលរដ្ឋនៅភូមិស្នាសង្គ្រាមហ្នឹងឯង ទាក់ទ​ង​នឹង​ការរត់ឯកសារច្បាប់ដី គាត់យកលុយគេមកចាយអស់​អ៊ីចឹង​ទៅ គាត់​អត់​រត់​ឯកសារឱ្យគេច្រើនខែហើយបង ហើយ​គាត់ចាយលុយគេអស់ទៅ។ មិនមែនតែមួយករណីទេ មានច្រើនករណីបង។ មួយទៀត គាត់ប្រមាថព្រះសង្ឃ ប្រមាថថ្នាក់ដឹកនាំ»

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត កត់សម្គាល់​ថា អាជ្ញាធរ​ភូមិ​ឃុំ ដែល​ចូល​តវ៉ា​​សិទ្ធិ​​ដី​ធ្លី និង​ការពារផលប្រយោជន៍ពលរដ្ឋ គឺពួកគេតែ​ងតែរងការចោទប្រកាន់ពីថ្នាក់លើថា រឹងទទឹង មិន​អនុវត្តតាមបញ្ជា​ថ្នាក់​លើ និងលាបពណ៌ថា​លម្អៀងទៅ​ខាង​បក្សនយោបាយ ​ជាដើម។ លោកថា នៅ​កម្ពុជា ករណីស្រដៀង​គ្នានេះបានកើតឡើងជាច្រើនករណីមកហើយ​នៅ​តាម​មូល​ដ្ឋាន។

មន្ត្រីសិទ្ធិមនុស្សរូ​ប​នេះចាត់ទុកករណីដកតំណែង​មេភូមិស្នាសង្គ្រោមនេះថា ជាការគំរាមកំហែងបំបាក់ស្មារតី មិន​ឱ្យ​ហ៊ានចេញ​តវ៉ា និង​គំរាម​ដល់​មន្ត្រីផ្សេងទៀតផងដែរ។

លោកថា៖ «ការ​ដែល​បាត់បង់ដីធ្លី ផ្ទះសម្បែងរបស់គាត់ ហើយនៅពេលដែលគាត់សុំដំណោះស្រាយ បែរជាចោទប្រកាន់គាត់ ដាក់បន្ទុកគាត់ ហើយដកគាត់ចេញពីតួនាទីមេភូមិ នេះគេហៅថាបំបាក់ស្មារតីគាត់។ អ៊ីចឹងមន្ត្រីណាក៏ដោយ ឱ្យតែជាប់ពាក់​ព័ន្ធជាមន្ត្រីរាជការ ថ្នាក់ភូមិឃុំអី បើសិនមានបញ្ហា ទាល់​តែ​គាត់​មិន​មាត់ ទើប​បាន​សុខ។ ប៉ុន្តែ​ធម្មតា​ទេ ពលរដ្ឋ​ដែលរស់​នៅអាស្រ័យ​ដី​ស្រែចម្ការ​ដែល​ជា​ចំណូល​ចាំបាច់​សម្រាប់គ្រួសារ គាត់​មិនអាចទ្រាំបានទេ ព្រោះគាត់អត់ប្រាក់ខែអ៊ីចឹង»

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកភូមិ២១០គ្រួសារ នៅស្រុកប្រាសាទបាគង ឃុំបល្ល័ង្ក ដែល​មាន​ដី​អាស្រ័យផល១៦០​ហិកតា​​​​​ នៅ​​ភូមិ​ធម្មជាតិ​រុនតា​ឯក ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី បាននាំគ្នាទៅបោះតង់ស្នាក់នៅលើដីជម្លោះ ក្រោយគ្មាន​ដំណោះ​ស្រាយ​ពី​អាជ្ញាធរពាក់ព័ន្ធ ប៉ុន្តែបានរុះរើចេញទាំងយប់វិញ ក្រោយអាជ្ញាធរគំរាមប្រើកម្លាំងបង្ក្រាប ប្រសិនបើមិនព្រមរើចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ