យុវជន​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ខ្លះគាំទ្រ​ការ​ដាក់​បញ្ចូល​ភាសាចិន​ទៅ​ក្នុង​វិស័យ​អប់រំ​របស់​សាលារដ្ឋ

បុរសម្នាក់កំពុងដើរឆ្លងកាត់ខ្លោងទ្វារនៃវិទ្យាល័យព្រែកស្លែង ស្ថិតនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ វិទ្យាល័យព្រែកស្លែង ជាវិទ្យាល័យមួយដែលគេនឹងគ្រោងដាក់បញ្ចូលភាសាចិនសាកល្បងនៅក្នុងកម្មវិធីសិក្សាសាធារណៈរបស់រដ្ឋ។ (ជា រ៉ាយុទ្ធ)

ក្រុមយុវជន និងសិស្សសាលា នៅតាមគ្រឹះស្ថានឧត្ដមសិក្សារដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញ គាំ​​ទ្រការដាក់បញ្ចូលភាសាចិននេះនៅក្នុងវិស័​យអប់រំ ដោយពួកគេលើកឡើងថា វានឹងអាច​ជួយកាត់បន្ថ​​យ​​​​​កា​​រចំណាយក្នុងការសិក្សា ហើយបង្កភាព​​ងាយស្រួលជាងការស្វែងរកសាលាឯកជន​​ផ្នែក​​ភា​​សា​​​​ចិ​​ន​​​​នេះ ដើម្បីបង្កើនចំណេះ​​ដឹងបន្ថែម​​ទៀ​​តឱ្យស្របទៅតាមទីផ្សារការងារ។

យុវតីឈ្មោះ គង់ ស្រៀង អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ ផ្នែករដ្ឋបាលសាធារណៈ នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និយាយថា រូបគេគាំទ្រចំពោះការដាក់បញ្ចូលភាសាចិ​​នចូលសម្រាប់វិស័យអប់រំរបស់រដ្ឋនេះ។ ប្រភពបន្តថា នៅពេលភាសាចិន​​ត្រូវបានដាក់បញ្ចូល​​នៅក្នុ​​ង​​កម្មវិធីសិក្សារបស់រដ្ឋហើយ គឺសិស្សមិនចាំបាច់ចំណាយលុយរៀនច្រើន​នៅសាលាឯកជនដូច​​មុន​​ទៀ​តទេ។ ជាងនេះទៀត ភាសាចិននេះក៏រាប់ថាជាភាសាអន្តរជាតិ​​ទី២ដែរ បន្ទាប់ពីភាសា​​អង់​គ្លេ​​ស ដែលអាចងាយស្រួលស្វែងរកការងារធ្វើ។

កញ្ញាបន្តថា៖ «បានហ្វ្រី អត់អស់ថ្លៃ[សិក្សា] ធ្វើឱ្យសិស្សានុសិស្សហ្នឹងវាទទួលបានការបង្រៀនល្អអ៊ីចឹងណា។ មាន[ការដាក់បញ្ចូលភាសាចិន]ទៅ វាធ្វើឱ្យធនធានយើងនឹងទទួលបានចំណេះដឹងច្រើន»

ស្រដៀលគ្នានេះដែរ យុវតីម្នាក់ទៀតឈ្មោះ ផុន ស្រីណាក់ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រែកស្លែ​​​ង រាជធានីភ្នំពេញ បានប្រាប់ វីអូឌី នៅថ្ងៃនេះថា ការដាក់បញ្ចូលភាសាចិនជាផ្លូវការសម្រាប់វិស័យ​​អ​​​​​​​ប់​​រំ អាចនឹងមិនមានផលប៉ះពាល់អ្វីទេ។ តែផ្ទុយទៅវិញ នេះជាឱកាសទៅវិញទេ សម្រាប់សិស្សានុ​​សិ​​ស្ស​​ ដែលអាចឱ្យពួកគេមានលទ្ធភាពបន្ដការសិក្សានៅក្រៅប្រទេស ហើយការចេះភាសាចិននេះក៏នឹងងាយក្នុងការផ្តល់លទ្ធភាពសម្រាប់យុវជនអាចហក់ចូលនៅក្នុងទីផ្សារការងារដែរ។

កញ្ញាបន្តថា៖ «វាធ្វើឱ្យយើងចំណេញពេលវេលាក្នុងការរៀននៅសាលា។ ខ្ញុំគាំទ្រ ១០០%។ ឥឡូវប្រទេសយើងកំពុងអភិវឌ្ឍ អ៊ីចឹងទៅគេត្រូវការភាសាចិនខ្លាំងដើម្បីធ្វើការ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈា​ង​​ បានចុះហត្ថលេ​​ខា​​​​អនុសារណៈយោគយល់គ្នាលើឯកសារចំនួន១៨ ចំណុច កាលពីថ្ងៃទី៩ ខែវិច្ឆិ​​កា ឆ្នាំ២០២២​។ ​​ក្នុ​​ងចំណោមឯកសារទាំងនោះ ការដាក់បញ្ចូលភាសាចិនទៅក្នុងវិស័យអប់រំជាតិ ដើម្បី​​បើក​​ទ្វារ​​ឱ្យ​​យុ​​វ​​ជ​​ន​​​​បានសិក្សាជាផ្លូវការនៅតាមគ្រឹះស្ថានរបស់រដ្ឋ ក៏ជារបៀបវារៈមួយដែរនៅពេលនោះ។

នៅចំពោះមុខនេះ ភាសាបរទេសមិនមែនមានតែភាសាចិនមួយទេ ដែលត្រូវបានគេស្នើឡើង ដើម្បី​​ដាក់បញ្ចូលនៅក្នុងកម្រិតសិក្សាជាផ្លូវការនៅក្នុងវិស័យអប់រំកម្ពុជា។ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ​​២​០២២ កន្លងទៅ អនុរដ្ឋមន្ត្រីក្រសួងអប់រំ​ នៃសាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ លោក ង្វៀន វ៉ាន់ហ្វុក (Nguyễn VănPhúc) ក៏បានស្នើឱ្យកម្ពុជាបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនេះនៅ​​ក្នុ​​​​ងសា​​កល​​វិទ្យាល័យភូមិន្ទភ្នំពេញដែរ។

គេសង្កេតឃើញថា ២ថ្ងៃបន្ទាប់ពីវៀតណាមស្នើសុំនេះ ក្រសួងអប់រំក៏បានសម្រេចភ្លាមដែរ កាល​​ពី​​​ថ្ងៃទី១​​២ ខែសីហា ដោយឯកភាពតាមសំណើរបស់អនុរដ្ឋមន្រ្តីអប់រំវៀតណាមនេះ។

បើទោះបែបណា ការយល់ព្រមពីរដ្ឋាភិបាលកម្ពុជានេះបានជំរុញឱ្យមានប្រតិ​​កម្មជាហូរហែពី​​យុ​​វ​ជ​ន សង្គមស៊ីវិល និងអ្នកមាននិន្នាការប្រឆាំង ចំពោះការបង្កើតឱ្យមាន​​ដេប៉ាតឺម៉ង់​​ភាសា​​វៀត​​ណា​​ម​​។ ដោយសារមិនពេញចិត្តចំពោះដេប៉ាតឺម៉ង់ភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យ​​ភូ​មិ​ន្ទ​​​​ភ្នំ​​ពេ​ញ តំណាងយុវជនឈ្មោះ ធែល ធីលែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងបញ្ជូនទៅ​​ឃុំខ្លួន​​​​ប​​ណ្ដោះ​​អាសន្ននៅ​​​​ពន្ធនា​​គារ​​ខេត្ត​​​ក​​ណ្ដាល កាលពីដើមខែតុលា ឆ្នាំ២០២២ តាមដីកាបង្គាប់​​ឱ្យ​​ចា​​​ប់​​​​ខ្លួន​​របស់​​លោក ប្លុង វិសាល ចៅ​​ក្រមស៊ើបសួរនៃតុលាការខេត្តកណ្តាល។

ការចាប់ខ្លួនយុវជនដែលសកម្មកិច្ចការសង្គមរូបនេះ នៅបន្ទាប់ពីពួកគេតវ៉ាជាបន្តបន្ទាប់ប្រ​​ឆាំ​​ង​​មិ​​ន​​ឱ្យមាន​វត្តមាន​​ដេប៉ាតឺម៉ង់ភាសាវៀតណាមនេះនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ខុសពីវៀតណាមនេះ លោក ហៀន សុភា ជាគ្រូបង្រៀននៅវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ​ យល់​​ឃើ​​ញថា ការដាក់បញ្ចូលភាសាចិននេះនៅក្នុងកម្មវិធីអប់រំរបស់សាលារដ្ឋ ហាក់មិនមាន​​អ្វីជា​​ប​​ញ្ហាចោទ​​​ទេ ដោយសារពលរដ្ឋកម្ពុជាមួយភាគធំ​​មានឈាមជ័រ​​ចិនដែរ។ លោកបន្ត​​ថា ផ្ទុយទៅវិញ ​​កា​​រ​​​បង្កើ​​នចំណេះដឹងផ្នែកភាសាចិននេះ វាជារឿងល្អម្យ៉ាង ព្រោះ​​​​​​​​​​អាចជួយឱ្យសិស្សសាលាដែល​​គ្មានលទ្ធភាពបង់ថ្លៃសិក្សាក្នុងកម្រិតមួយដែលខ្ពស់​​នៅតាមសាលាឯកជន បានរៀននឹងគេដែរ។

លោកបន្ដថា៖ «យោបល់ខ្ញុំ ភាសាចិន ភាសាអីនេះ ដាក់មកក៏វាល្អដែរ សិស្សយើងក៏បានចេះដែរ ព្រោះកូនខ្មែរយើងមួយចំនួនក៏កាត់សែស្រឡាយចិនអីដែរ ខ្ញុំគិតថាមិនអីទេ»

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា លើកឡើងថា កិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍកម្មវិធីអប់រំភាសាចិនរួមគ្នានៅតាមសាលាមធ្យមសិក្សានេះ វាគ្រាន់តែជាការ​​សាកល្បង​​ក្នុង​​​​ជំ​​ហា​​នបឋមនៅឡើយទេ។ លោកបន្តថា ជំហានបន្ទាប់ ភាគីទាំងពីរនឹងពិនិត្យ​​តាមដាន​​ពី​​វ​​ឌ្ឍ​​ន​​ភា​ព​​​បន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវផែនការជាយុទ្ធសាស្រ្តក្នុងកម្រិតទ្វេភាគី។

លោកបន្ដថា៖ «អនុសារណៈនៃការយោគយល់គ្នានេះមានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងពង្រឹងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រ​​ជា​​មានិតចិន»

បើតាមអ្នកនាំពាក្យរូបនេះ ការសាកល្បងកម្មវិធីអប់រំភាសាចិននេះ គឺភាគីទាំងពីរទើបដាក់​​ឱ្យ​​អនុ​​វត្ត​​នៅតាមវិទ្យាល័យចំនួន២០ នៅក្នុងខេត្ត២ ឬទៅ ៣នៅឡើយ។ ទន្ទឹមនឹងនេះ សម្រាប់កិច្ចការបច្ចេកទេស ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតគណៈកម្មការ ដើម្បីបន្តកិច្ចការជាមួយភាគីចិ​​ន​ទៀត។

ជុំវិញរឿងនេះដែរ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី យល់ឃើញ​ថា បើទាក់ទងនឹងវិស័យអប់រំ វាជារឿងល្អប្រសើរ។ប៉ុន្ដែការដាក់បញ្ចូលភាសាចិននៅក្នុង​​កម្ម​វិធី​​អ​​ប់​រំ​​នៅតាមសាលារដ្ឋនេះ ក៏ជាចំណុចមួ​យ​ដែលអាចនឹងបាត់បង់អត្ដសញ្ញាណជាតិដែរនៅថ្ងៃ​​ខាង​​មុខ​។

ប្រធានសមាគមរូបនេះបន្តថា អ្វីដែលជាការព្រួយបារម្ភជាងនេះ គឺវាទាក់ទងនឹងការដាក់អា​​​ណា​​​និគមដើម្បីគ្រប់គ្រងប្រទេសនៅថ្ងៃខាងមុខ ដែលវាមិនមែនជាកម្រិតនៃ​​ការអប់រំធម្មតា​​ពេក​​នោះ​​​​​​ទេ។

អ្នកស្រីបន្ដថា៖ «សម្រាប់ខ្ញុំ ការដាក់បញ្ចូលភាសាចិនចូលក្នុងវិស័យអប់រំយើង វាគ្មានអីចំណេញសម្រាប់ជាតិយើងទេ ព្រោះអីយើងដឹងហើយថាការដាក់ឱ្យរៀនតាំងពីថ្នាក់ទី៧ទៅហ្នឹង វាងាយឱ្យសិស្សងាយចាប់យកវប្បធម៌របស់ចិន ហើយវាងាយបាត់បង់អត្ដសញ្ញាណខ្មែរយើងតាមរយៈការដាក់បញ្ចូលនេះ»

ហាក់ផ្ទុយពីនេះ លោក ប៉ិច ពិសី នាយកប្រតិបត្ដិនៃអង្គការតម្លាភាព ស្វាគមន៍ការដាក់បញ្ចូលភា​​សាចិននៅតាមគ្រឹះស្ថានសិក្សារដ្ឋនៅពេលនេះ។មិនតែប៉ុណ្ណោះ ចិនក៏ជាប្រទេសមហាអំ​​ណា​​ច​​ផ្នែ​​ក​​​​សេ​​ដ្ឋ​​​​​​​កិ​​ច្ច​​​មួយដែរ ដូច្នេះវត្តមានភាសាចិនក៏ជាជម្រើស​​ល្អមួយសម្រាប់ពលរដ្ឋកម្ពុជា ដែល​ចេះ​​​​ទាញយក​​ផលចំណេញលើផ្នែកណាមួយ​ពីប្រទេសមហាអំណាច។

ទន្ទឹមនឹងនេះ លោក ប៉ិច ពិសី ក៏ដាក់ការព្រួយបារម្ភខ្លះដែរ ទាក់ទងនឹងសមត្ថភាពរបស់សិស្ស ដោ​​យ​​សារមុខវិជ្ជាដែលពួកគេត្រូវរៀន គឺច្រើនមុខវិជ្ជា ហើយត្រូវទៅរៀនគួរបន្ថែមទៀត។ បើតាម​​មន្រ្តី​​ស​​​ង្គ​ម​​​ស៊ីវិលរូបនេះ ក្រសួងអប់រំ យុវជន និងកីឡា គួរពិនិត្យបញ្ហានេះឱ្យបានដិតដល់ ដើម្បី​ចៀស​​វា​ង​​ការគ្រប់គ្រងពេលវេលាមិនបានល្អរបស់សិស្ស និងប៉ះពាល់ការសិក្សារបស់ពួកគេ៕


រាយការណ៍ដោយលោក ជា រ៉ាយុទ្ធ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ