មន្ត្រី​កម្ពុជា​មួយរូប​ត្រូវបាន​ចាប់ខ្លួន​នៅ​អាមេរិក ពាក់ព័ន្ធ​នឹង​បទលួចរត់ពន្ធ​សត្វស្វា​ខុសច្បាប់

សត្វ​ស្វាក្ដាម (long-tailed macaques)។ (Cruelty Free International)

មន្ត្រីក្រសួង​កសិកម្មម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង​ញូវ​យ៉ក សហរដ្ឋអាមេរិក ក្រោម​បទ​ឧក្រិដ្ឋ​កម្មរបស់​សហរដ្ឋ​អាមេរិក ជុំវិញ​ការ​រត់​ពន្ធ​សត្វ​ស្វាក្ដាម (long-tailed macaques) ចេញពីកម្ពុជា ខណៈអគ្គនាយក​រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មម្នាក់ ​ក៏ត្រូវបានរកឃើញថាមាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​នេះផង​ដែរ។

យោង​តាម​សេច​ក្ដីថ្លែងការណ៍មួយចេញដោយការិយាល័យមេធាវីសហរដ្ឋអាមេរិក ប្រចាំតំបន់​ភាគខាង​ត្បូង​នៃរដ្ឋ​ផ្លរីដា (U.S. Attorney’s Office for the Southern District of Florida) កាលពីយប់ថ្ងៃពុធម្សិលមិញ បាន​ឱ្យដឹ​ង​ថា អនុប្រធាន​នាយកដ្ឋាន​​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះផល ត្រូវ​បានចាប់ខ្លួន​កាលពីថ្ងៃពុធ នៅឯអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ដែល​នាំ​ឱ្យ​ឈាន​​ដល់​ការ​ចោទ​ប្រកាន់​ ទាក់ទងនឹងការរត់ពន្ធសត្វស្វាព្រៃខុសច្បាប់។

លោក គ្រី ម៉ះផល ក៏ត្រូវបានស្គាល់ថាជាតំណាងរបស់កម្ពុជា ​សម្រាប់អនុសញ្ញា​ស្ដីពី ​ពាណិជ្ជកម្មអន្តរ​ជាតិ​​​លើ​​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ ដែល​ប្រឈម​នឹង​ការជិត​ផុតពូជ ហៅកាត់ថា CITES ផងដែរ។

ប្រភពដដែលបន្តថា ក្រៅពីមន្ត្រីរូបនេះក៏នៅមាន​​​សមាជិក​​៦​នាក់នៃ​​ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​​សត្វ​​​ដ៏​ធំមួយ រួម​​ទាំង​​ម្ចាស់ និង​អ្នក​គ្រប់​​គ្រង​​ទូទៅ ក៏រងការចោទប្រកាន់ផងដែរ ខណៈអគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម លោក កែវ អូម៉ាលីស ក៏ត្រូវបានរកឃើញថាមានការជាប់ពាក់ព័ន្ធ​ដែរ។

សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា ប្រសិនបើត្រូវបានកាត់ទោស ជន​ជាប់​ចោទ​ម្នាក់ៗ​អាច​ប្រឈមមុខ​នឹង​ការជាប់ពន្ធនាគារក្នុងរយៈពេលរហូតដល់ ៥ឆ្នាំ ពីបទ សមគំនិត និងរហូតដល់ ២០ឆ្នាំ ពីបទ រត់ពន្ធ​ចំនួន៧​ករណី

ថ្លែងក្នុងសេចក្ដីថ្លែងការណ៍​នេះ មន្ត្រីស៊ើបអង្កេតផ្នែកសន្តិសុខ (Homeland Security Investigations) លោក Ricky Patel បានលើកឡើថា មន្ត្រីរដ្ឋាភិបាលនៃរដ្ឋបាលព្រៃឈើកម្ពុជា លោក គ្រី ម៉ះផល នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់នៅអាមេរិក ខណៈដែលគាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធម្សិលមិញ​ នៅក្នុង​ការ​ចោទ​ប្រកាន់​ ពីបទ «សមគំនិត​ក្នុងការនាំចូលដោយខុសច្បាប់» ដែលផ្ទុយនឹងច្បាប់សហរដ្ឋអាមេរិក ដែល​ត្រូវបានគេសន្មតថា ពាក់ព័ន្ធនឹងការនាំចូលសត្វស្វាពីតំបន់អាស៊ីអាគ្នេយ៍ ចូលមកសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍ដដែលបន្តថា ជនសង្ស័យទាំង៨នាក់ [ស្ថិតនៅក្នុងការចោទប្រកាន់ខាងលើ] ត្រូវបាន​ចោទ​ប្រកាន់​ថាបាន​ចាប់ប្រមូលសត្វស្វាក្ដាម​នៅក្នុងឧទ្យានជាតិ និងតំបន់ការពារ ដើម្បីនាំចេញទៅសហរដ្ឋអាមេរិក ដោយក្នុងនោះមានសត្វស្វាចំនួន៣ ០០០​ក្បាលត្រូវ​បាន​អនុញ្ញាត ហើយ​មន្ត្រីក្រសួង​កសិកម្មក៏ទទួលការទូទាត់ជាសាច់ប្រាក់ត្រលប់មកវិញផងដែរ។

សេច​ក្ដីថ្លែងការណ៍របស់​ការិយាល័យមេធាវីសហរដ្ឋអាមេរិក ប្រចាំតំបន់​ភាគខាង​ត្បូង​នៃរដ្ឋ​ផ្លរីដា ក៏បានបញ្ជាក់ដែរថា ក្រោម​ការ​ចោទប្រកាន់នេះ សមត្ថកិច្ចអាមេរិកក៏បានរកឃើញភស្តុតាង​ពី​ការ​ជួបជុំ​ក្រុមការងាររបស់ជនសង្ស័យ ដែលធ្វើឡើងចំនួន៣១​លើក ប្រតិបត្តិ​ការ​ហិរញ្ញ​វត្ថុ និង​ការ​ដឹកជញ្ជូន​សត្វស្វារាប់រយក្បាលទៅកាន់រដ្ឋផ្លរីដា និងរដ្ឋតិចសាស់ ក្រោមឯកសារក្លែងក្លាយ ពីទីតាំង​មួយក្នុង​ខេត្ត​ពោធិ៍​សាត់ ដោយដាក់ឈ្មោះក្រុមហ៊ុនថា Vanny Bio Research

ប្រភពដដែលបន្តថា ឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់នេះត្រូវបានរកឃើញថា កើតឡើងចាប់ពីខែធ្នូ ឆ្នាំ​២០១៧ រហូតដល់ខែកញ្ញា ឆ្នាំនេះ ដែលវាក៏ជាលទ្ធផលនៃការស៊ើបអង្កេតរយៈពេលជាច្រើនឆ្នាំរបស់ភ្នាក់​ងារ U.S. Fish and Wildlife Service របស់សហរដ្ឋអាមេរិកផងដែរ។

មន្រ្តីមួយរូបនៃភ្នាក់ងារ U.S. Fish and Wildlife Service លោក Edward Grace បានឱ្យដឹងថា ការស៊ើបអង្កេតនេះបានលាតត្រដាងពីសកម្មភាពខុសច្បាប់​ទ្រង់​ទ្រាយ​ធំ​នៃកា​រ​ដឹកជញ្ជូនសត្វស្វាព្រៃ សម្រាប់ប្រើប្រាស់ក្នុងការស្រាវជ្រាវជីវវេជ្ជសាស្ត្រ និងឱសថ។

ជាមួយគ្នានេះ​ មន្រ្តីមក​ពី​ការិយាល័យមេធាវីសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃរដ្ឋផ្លរីដា លោក Juan Gonzalez បានបន្ថែមថា៖ «សត្វស្វាប្រភេទនេះ គឺត្រូវបានទទួលស្គាល់ថាជាសត្វជិតផុតពូជ ដោយអង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)»។

លោកបន្ថែមថា៖ «ការអនុវត្តសកម្មភាពយក​ពួក​គេ [សត្វស្វាក្ដាម] ​ដោយ​ខុស​ច្បាប់​ពី​ទីជម្រក​របស់​​ពួកគេ​​មកកាន់​មន្ទីរពិសោធនេះ ​គឺជា​អ្វី​ដែល​យើង​ត្រូវតែ​បញ្ឈប់ជាបន្ទាន់។ ភាពលោភលន់មិនគួ​រ​ក្លាយ​ជារឿងសំខាន់ជាងការអភិរក្សប្រកប​ដោយ​ការទទួល​ខុសត្រូវនោះទេ។ ករណី​បែប​នេះ​ធ្វើ​ឱ្យ​យើង​ដឹងថា ​យើងត្រូវតែចាត់វិធានការដើម្បី​​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ»។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍​នេះ​ថា ក្រសួង​​នឹង​​ចេញ​​សេច​ក្ដីថ្លែងការណ៍មួយ​ ទាក់ទងនឹង​ករណី​នេះ ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ទោះជាយ៉ាងណា កញ្ញាបន្ថែមថា៖ «បើ​ទោះបី​ជាមានករណី​​មន្ត្រី​កម្ពុជាត្រូវ​បាន​ចាប់​ខ្លួន​ក៏​ដោយ ប៉ុន្តែ​គាត់​នៅ​តែ​មិន​មាន​កំហុស​នោះទេ ដរាប​ណា​ពួកគេនៅមិនទាន់​រក​ឃើញ​ភស្តុតាង​ច្បាស់លាស់​ណាមួយ ដើម្បី​យកមកបញ្ជាក់»។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី បានឱ្យដឹងថា ​ក្រសួង​បាន​ដឹង​អំពី​ការ​ចោទ​ប្រកាន់​នេះហើយ ប៉ុន្តែ​នៅមិន​ទាន់​ទទួលបាន​ព័ត៌មាន​ផ្លូវ​ការ​ណា​មួយ​នៅ​ឡើយ​ទេ ខណៈអគ្គនាយករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម លោក កែវ អូម៉ាលីស មិនអាចទាក់ទងដើម្បីសុំការអធិប្បាយបានឡើយ។

បុរសជនជាតិបរទេសម្នាក់ដែលលើកទូរសព្ទក្រុមហ៊ុន Vanny Bio Research នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានហុចទូរសព្ទបន្តទៅកាន់បុរសជនជាតិខ្មែរម្នាក់ទៀត ដោយបានអះអាងយ៉ាងខ្លី​ថា អាជីវកម្មរបស់​ពួកគេ គឺធ្វើឡើងដោយស្របច្បាប់។

សេចក្តីថ្លែងការណ៍ចេញ​ដោយ​ការិយាល័យមេធាវីសហរដ្ឋអាមេរិ​ក បានដាក់ឈ្មោះជនជាប់ចោទក្នុងករណីនេះ ដែល​ក្នុងនោះរួមមាន មន្ត្រីរដ្ឋបាលព្រៃឈើ លោក គ្រី ម៉ះផល និងលោក កែវ អូម៉ាលីស, ម្ចាស់​ក្រុមហ៊ុន Vanny Bio Research ឈ្មោះ James Man Sang Lau អាយុ ៦៤ឆ្នាំ, អ្នកគ្រប់គ្រងទូទៅ ឈ្មោះ Dickson Lau អាយុ២៩ឆ្នាំ រួមនឹងបុគ្គលិកក្រុមហ៊ុនដែលមានឈ្មោះ Sunny Chan, Raphael Cheung Man, Sarah Yeung និង Hing Ip Chung ដែលរាប់ទាំងនៅទីក្រុងហុងកុង និងរាជធានីភ្នំពេញ។

គួរបញ្ជាក់​ថា ក្រុមហ៊ុន Vanny Bio Research បានចាប់ផ្ដើមបើកដំណើរការ​ដំបូងនៅ​ក្នុងឆ្នាំ​២០០២ ខណៈកាលពីឆ្នាំ​២០០៨ កន្លងទៅ ក្រុមហ៊ុននេះក៏ធ្លាប់ត្រូវបានចោទប្រកាន់ ពីបទចាប់សត្វស្វាព្រៃរាប់ពាន់ក្បាលយកមករក្សាទុកដោយគ្មានការយកចិត្តទុកដាក់ផងដែរ។

យោងតាមអង្គការ Action for Primates ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងដោយផ្អែក​លើតួលេខ​របស់​ភ្នាក់​ងារ U.S. Fish and Wildlife Service ថា សត្វស្វាក្ដាម ចំនួន១៧ ០០០​ក្បាល ត្រូវ​បាន​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ក្នុងឆ្នាំ​២០២១ កន្លងទៅ។

អង្គការដដែលនេះ កាលពីពេលកន្លងទៅ ក៏ធ្លាប់បានលើកឡើងពីការប្រកាសអាសន្ន​ អំពី​ «សត្វស្វា​ពីកម្ពុជា​» ដែលត្រូវបាននាំចេញសម្រាប់ការស្រាវជ្រាវ និងការធ្វើតេស្តជាតិពុល ដោយថា ប្រភេទសត្វនេះត្រូវ​បានចាត់ថ្នាក់ជាធនធានងាយរងគ្រោះ ខណៈចំនួនក៏មានការថយចុះផងដែរ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Cambodian Official Arrested in US over Alleged Monkey-Smuggling Ring

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ