ពលរដ្ឋ​មាន​បញ្ហាដីធ្លី​នៅ​ខេត្តចំនួន៣ ដាក់ញត្តិ​នៅ​ក្រសួង​ពាក់ព័ន្ធ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ

សហគមន៍ដែលរងផលប៉ះពាល់ដីធ្លី មកពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រមូលផ្ដុំគ្នាដាក់ញត្តិសុំកិច្ចអន្តរាគមន៍នៅក្រសួងមហាផ្ទៃ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្រជាសហគមន៍ប្រមាណ៣០០នាក់ មកពីខេត្តចំនួន​៣ បាន​ប្រមូល​ផ្ដុំគ្នា​ដាក់ញត្តិ​នៅខុទ្ទ​កាល័យ​នាយករដ្ឋមន្ត្រី និងក្រសួងពាក់ព័ន្ធ​មួយ​ចំនួន​​ទៀត នៅរាជធានី​ភ្នំពេញ នា​ថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារឱ្យក្រសួងស្ថាប័នទាំងនោះពន្លឿនការ​ដោះស្រាយបញ្ហាដីធ្លីជូន​ពួកគាត់។

សេចក្ដីប្រកាសព័ត៌មានរបស់ប្រជាសហគមន៍រងគ្រោះដោយការរំលោភដីធ្លី បាន​ឱ្យដឹងថា ប្រជាពលរដ្ឋទាំងនោះមកពីសហគមន៍ស្រែប្រាំង បុស្សស្នោ និងសហគមន៍កំប្រើស ស្ថិតក្នុងស្រុកតំបែរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងសហគមន៍​សាមគ្គីរមាសហែក ស្រុករមាសហែក ខេត្តស្វាយ​រៀង រួមនឹង​សហគមន៍ដែលរងផលប៉ះពាល់ដី្លធ្លីនៅខេត្តកណ្ដាលផងដែរ។

សេចក្ដីប្រកាសព័ត៌មាន​បន្តថា ពលរដ្ឋទាំងនោះជួបជុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម ដើម្បីទាមទារឱ្យ​មានកិច្ចអន្តរា​គមន៍​ដោះស្រាយបញ្ហាដីធ្លី​ដែលរងការរំលោភបំពាន និងការ​ក្លែងបន្លំលើឯកសារនានា ​ជាដើម។

តំណាងពលរដ្ឋមកពីខេត្តត្បូងឃ្មុំ លោក ផន សុផល មានប្រសាសន៍នៅក្រោយការដាក់ញត្តិ​នៅ​ក្រសួងមហាផ្ទៃថា ការដែលពួកគាត់ឡើងមកដាក់ញត្តិនៅក្រសួង​ស្ថាប័នទាំងនេះ ដោយ​សារតែបញ្ហាដីធ្លីរបស់ពួកគាត់បានអូសបន្លាយជិត១០ឆ្នាំមកហើយ នៅតែពុំទាន់មានដំណោះ​ស្រាយ បើទោះជាវិវាទខ្លះ ក្រុម​ហ៊ុន​ឯកជន​​បាន​កាត់ឆ្វៀលដីឱ្យពលរដ្ឋវិញ ប៉ុន្តែអាជ្ញាធរ​នៅតំបន់​នោះបែរជាគប់គិតជាមួយអ្នកមានលុយមានអំណាច​ ចង់រំលោភយកដីរបស់ពលរដ្ឋទៅវិញ។​

ជុំវិញករណីវិវាទដីធ្លីនេះដែរ លោកអះអាងថាមាន​ប្រជាពលរដ្ឋជាង១០០នាក់បានរងបណ្តឹងនៅ​តុលាការ និងតំណាងពលរដ្ឋ៤នាក់បានជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងបទ «ញុះញង់ ធ្វើឱ្យខូចខាតដោយចេតនា និងកំហែងយក» ជាដើម ក្នុងនោះក៏មានរូបលោក​​ផ្ទាល់ផងដែរ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​​១ឆ្នាំ ពាក់ព័ន្ធនឹងបទ​ «ញុះញង់នៅលើបណ្ដាញសង្គម» ហើយ​លោកទើប​​​នឹងត្រូវបានតុលាការ​ដោះលែងឱ្យមានសេរីភាពវិញ ក្រោយអនុវត្តទោស​ចប់។

ករណីនេះ លោកបានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលពលរដ្ឋបានដាក់ញត្តិនៅថ្ងៃនេះ ជួយ​អន្តរាគមន៍ និងពន្លឿនការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ឱ្យបានឆាប់ ដើម្បីឱ្យ​ពលរដ្ឋ​មានដីធ្លីសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ