សាធារណរដ្ឋឆែក គ្រោង​ហ្វឹកហ្វឺន​ទាហាន​អ៊ុយក្រែន​ចំនួន​៤០០០នាក់

ក្រុមទាហានល្បាតអ៊ុយក្រែនដើរនៅក្នុងតំបន់ឧស្សាហកម្មនៃទីក្រុង Sievierodonetsk ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ (REUTERS/Oleksandr Ratushniak)

រដ្ឋមន្ត្រីការពារជាតិ​សាធារណរដ្ឋឆែក លោកស្រី ចេណា សឺណូចូវ៉ា (Jana Cernochova) បាននិយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា រដ្ឋាភិបាលប្រទេសឆែក គ្រោង​នឹង​ហ្វឹក​ហ្វឺន​ទាហាន​អ៊ុយក្រែន​ចំនួន៤ ០០០នាក់ នៅឆ្នាំក្រោយ​នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងការពារជាតិប្រទេសឆែក បានលើកឡើង​ថា ការ​ហ្វឹក​ហ្វឺន​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេលប្រហែល​៤សប្ដាហ៍ ដែល​មាន​ទាហានរហូតដល់៨០០នាក់ចូល​រួម​ក្នុង​មួយ​វគ្គ ហើយចំណាយ​ប្រាក់​អស់៤១,៦០​លាន​ដុល្លារ។

សាធារណរដ្ឋឆែក បានគាំទ្រអ៊ុយក្រែនយ៉ាងខ្លាំង ចាប់​តាំង​ពី​ការ​វាយ​ប្រហាររបស់រុស្ស៊ីក្នុងខែកុម្ភៈ​ឆ្នាំ​នេះ ហើយ​បាន​បញ្ជូន​អាវុធ​ធុន​ស្រាល និង​ធុនធ្ង​ន់ និង​គ្រាប់រំសេវទៅកាន់ប្រទេសនេះ។

កម្មវិធីហ្វឹកហ្វឺននឹងត្រូវចាប់ផ្តើមជាមួយនឹងក្រុមទាហានដំបូងនៅឆ្នាំនេះ និងស្ថិត​ក្រោមគម្រោង​ហ្វឹកហ្វឺន​របស់​សហភាពអឺរ៉ុប សម្រាប់​អ៊ុយ​ក្រែន។

រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បាន​យល់​ព្រម​បង្កើត​បេសកកម្មមួយ ដើម្បីហ្វឹកហ្វឺ​ន​ទាហាន​​អ៊ុយ​ក្រែន​ប្រហែល១៥ ០០០​នាក់ និង​ផ្តល់មូលនិធិបន្ថែមចំនួន៥ ០០០​លាន​អឺរ៉ូ សម្រាប់​ការផ្តល់​អាវុធ​ដល់​ទីក្រុង​កៀវ (Kyiv) ក្នុងកិច្ចប្រជុំមួយក្នុងប្រទេសលុចសំបួ កាលពី​​ថ្ងៃ​ចន្ទ។

លោកស្រី Cernochova បាននិយាយថា អ៊ុយក្រែនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការហ្វឹកហ្វឺនកងវរសេនាតូច ពេទ្យទាហាន កងវិស្វកម្ម និងកងទ័ពប្រយុទ្ធប្រឆាំងនឹងអាវុធគីមី។

សាធារណរដ្ឋឆែក ក៏នឹ​ង​បញ្ជូន​ទាហានចំនួន៥៥​នាក់ដែល​ជា​គ្រូ​បង្វឹក ឬ​សមាជិក​នៃ​រចនាសម្ពន្ធបញ្ជាការនៃបេសកកម្មហ្វឹកហ្វឺនរបស់សហភាពអឺរ៉ុប ដែលបានគ្រោងទុកនៅក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀត។

ទោះយ៉ាងណា ផែនការទាំង២នេះតម្រូវឱ្យមានការអនុម័តពីសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ