កម្មករ​៤​នាក់​ត្រូវ​ក្រ​សួង​ការងារ​ហៅ​ផ្សះ​ផ្សា ខណៈ​២នាក់​ទៀត​ហៅ​សួរ​នាំ​ ក្រោយ​ថៅកែ​រោង​ចក្រ​អ៊ីស​ក្រោន​បញ្ឈប់​ពី​ការ​ងារ​

ច្រកចូលរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ។(Independent Trade Union Confederation)

​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានហៅកម្មករចំនួន៤នាក់ទៅជួប​ដើម្បី​ផ្សះផ្សា​វិវាទ​ការ​ងារ ខណៈ​​២នាក់​ទៀតត្រូវ​បាន​​​ហៅ​​ទៅ​​សួរ​នាំ ​នៅថ្ងៃព្រហស្បតិ៍​នេះ ក្រោយ​ថៅកែ​រោង​ចក្រ​ អ៊ីស្ត​ក្រោន​ បញ្ឈប់​ពួកគេពីការងារ។

គិត​ត្រឹម​​ថ្ងៃ​​​ទី​​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កម្មករ-កម្មការិនីចំនួន​៩​នាក់​​ហើយដែល​បម្រើការងារនៅរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ ត្រូវបាន​ថៅកែចេញ​លិខិត​​​បញ្ចប់​​កិច្ចស​ន្យាកា​រ​ងារ ក្រោយ​កម្មករទាំងនោះនាំគ្នា​បង្កើត​​សហជីពមួយ​ឈ្មោះ​ «សហជីពឯករាជ្យ» នៅ​ក្នុង​រោងចក្រ ដើម្បីជួយ​តស៊ូ​មតិ និង​ការពារ​​សិទ្ធិ​ជូន​កម្មករ។

ស្ថាបនិកសហជីពឯករាជ្យប្រចាំរោងចក្រ អ៊ីស្តក្រោន លោក ឌួង តុលា ដែល​ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការ​ងារ ប្រាប់​វីអូឌី​ថា កម្មករ-កម្មការិនី៤នាក់ត្រូវមន្ត្រីក្រសួងការងារហៅទៅផ្សះផ្សា​ជាមួយ​ភាគី​ក្រុម​ហ៊ុន នៅរសៀល​នេះ ខណៈ​រូប​លោក និងកម្មការិនីម្នាក់ទៀត មន្ត្រីក្រសួងហៅទៅសួរនាំពាក់ព័ន្ធរឿងថៅកែបញ្ឈប់ពីការងារ។

ក្នុងបណ្ដឹងដាក់ទៅ​ក្រសួង​ការងារ កាល​ពី​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បាន​ឱ្យដឹង​ថា កាល​ពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២២ កម្មករប្រមាណ១០នាក់ បានបោះឆ្នោតបង្កើតសហជីពឯករាជ្យនៅក្នុងរោងចក្រ អ៊ីស្តក្រោន។ បណ្ដឹងបន្តថា ក្រោយ​​បោះឆ្នោតបង្កើតសហជីពរួចហើយ ក្រុមកម្មករបានដាក់ពាក្យស្នើសុំទៅក្រសួងការងារ ដោយ​មន្ត្រីក្រសួង​​បាន​ចេញ​បង្កាន់​ដៃ​ទទួល​​ស្គាល់​​ពាក្យ​​ស្នើ​សុំ​​ចុះ​​បញ្ជី​នោះ​ពី​កម្មករ។

ប្រភព​ដដែលអះ​អាង​ថា ក្រោយមក នៅថ្ងៃទី៤ ខែ​តុលា ដល់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២ ថៅកែរោងចក្របានបញ្ឈប់ថ្នាក់ដឹក​​នាំ និងស្ថាបនិកសហជីពចំនួន៩​នាក់​ជាបន្តបន្ទាប់ ដោយពុំបានបញ្ជាក់ពីមូលហេតុត្រឹមត្រូវឡើយ។

បណ្តឹងដដែលនោះបន្តទៀតថា លើសពីនេះ ប្រធានរដ្ឋបាលរោង​ចក្រ​​អ៊ីស្ត​​ក្រោន លោក វ៉ា អ៊ីហុង បាន​ប្រាប់​ទៅ​ក្រុម​កម្មក​រ​​ឱ្យ​លាលែងពីសហជីពឯករាជ្យ ហើយ​​ទៅ​ចុះ​ចូល​ជាមួយ​សហជីព​ដែល​បង្កើត​ឡើង​ដោយ​រោង​ចក្រ​​វិញ និង​បាន​គំរាម​កម្មករ​ថា ប្រសិន​បើ​ពួក​គេមិន​ព្រម​ចុះចូល​ទេ ខាងរោងចក្រនឹងបញ្ចប់កិច្ចសន្យាការងារពួកគេទាំងអស់គ្នា និងមិនបើកប្រាក់ឈ្នួលឱ្យថែមទៀត។

ប្រធានសហព័ន្ធសហជីព​​ឯករាជ្យ លោក រី សិទ្ធីណែត បានចាត់ទុកករណីថៅកែបញ្ឈប់កម្មករពីការងារក្រោយបង្កើតសហជីពនេះថា ជាការរើសអើងសហជីព និងបានរំលោភលើសិទ្ធិកម្មករ និងជាទង្វើខុសច្បាប់ផងដែរ។

តំណាងក្រុមហ៊ុនបញ្ជាទិញម៉ាកភូម៉ា (PUMA) បាន​ប្រាប់​វីអូឌីតាមរយៈប្រព័ន្ធអេឡេចត្រូនិចអ៊ីម៉ែល កាលពីថ្ងៃទី២៥ ខែតុលា ​ថាក្រុមហ៊ុនមួយនេះ បេ្តជ្ញាការពារសិទ្ធិកម្មករក្នុងការបង្កើតសហជីព ហើយមិនអត់ឱនចំពោះការរំលោភបំពានលើសេរីភាពសហជីព​ឡើយ។ ប៉ុន្តែ​កម្មករថា រហូតពេលនេះ ពួកគេ៩នាក់មិនត្រូវបានថៅកែហៅចូលធ្វើការងារវិញនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ