ជនជាតិ​ដើមភាគតិច​ព្រៅ​ខេត្តរតនគិរី​បារម្ភ​បាត់បង់​ភាសា​កំណើត

ក្រុមស្រ្តីជនជាតិដើមភាគតិចព្រៅ ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងការសិក្សាភាសាដើមរបស់ពួកគេ នៅក្រោមផ្ទះ ស្ថិតនៅក្នុងភូមិគួង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ (ម៉ម មុនីរតន៍)

តំណាងយុវជនជនជាតិដើមភាគតិចព្រៅ ខេត្តរតនគិរី បង្ហាញការព្រួយបារម្ភចំពោះការបាត់បង់ភា​សា​​របស់ខ្លួន ខណៈពេលដែលយុវជនភាគច្រើនប្រើប្រាស់ភាសារខ្មែរជំនួសភាសាដើម ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ពួកគេយល់ឃើញថា ការប្រើប្រាស់ខ្មែរច្រើនមានភាពងាយស្រួលក្នុងការទាក់ទងគ្នា ស្រ​​បពេលដែលលំហូជនជាតិខ្មែរបានប្ដីប្រពន្ធជនជាតិដើមក៏កាន់តែច្រើន។

តំណាងជនជាតិដើមភាគតិចព្រៅ លោក ហួន ខាន បានលើកឡើងថា ភាសាដើមពិតជាមានសារៈសំខាន់ណាស់ក្នុងការប្រាស្រ័យទាក់ទងគ្នាសម្រាប់ពួកគេ ព្រោះវាជាវិធីសាស្ត្រមួយដែលជួយសម្រួ​​ល​ឱ្យពួកគេយល់ពីគ្នា ហើយអាចកំណត់បានពីភាពផ្សេងគ្នារបស់ពួកគេក្នុងជាតិសា​​ស​​ន៍​​​​​​មួយ​។

លោកបន្តថា ភាសាជាអត្តសញ្ញាណពីដើមកំណើតរបស់បុគ្គលម្នាក់ៗ ដែលបង្ហាញថាយើងជានរ​​ណា​​​ ជនជាតិអី ជាដើម។ ទន្ទឹមនឹងនេះ លោកក៏បង្ហាញពីការព្រួយបារម្ភចំពោះការបាត់បង់ភាសា ដោយ​​សា​​រតែយុវជនជំនាន់ក្រោយមិនអើពើ និងផ្ដល់តម្លៃដល់ភាសាកំណើតរប​ស់ខ្លួន។

បើតាមលោក ហួន ខាន ជ​ន​ជាតិដើមមួយចំនួននៅតែរងការរើសអើង នៅពេលដែលពួកគេប្រើប្រាស់ភាសាដើម​ ហើយអាណាព្យាបាលមួយចំនួនរស់នៅតាមទីប្រជុំជន តែងបង្ហាត់បង្រៀនកូនឱ្យប្រើប្រាស់ភាសាខ្មែរជាជាងភាសាដើម។

លោកបន្តថា៖ «យើងមិនទាន់មានធនធានមនុស្ស និងថវិកា ដើម្បីធ្វើការសិក្សាចងក្រង និងបង្ហាត់បង្រៀនភាសាដើមឱ្យមានភាពទូលំទូលាយទេ។ដូច្នេះ ខ្ញុំគិតថា អាជ្ញាធរពាក់ព័ន្ធគួរតែជួយផ្ស​​ព្វ​​ផ្សា​​យ និងជួយសហការល្អ ដើម្បីបង្កើតសមាគមអភិរក្សភាសាជនជាតិដើមនេះឱ្យបានគង់វង្ស»

នៅតំបន់ភូមិភាគឦសាន ខេត្តរតនគិរី ដែលសម្បូរទៅដោយជនជាតិដើមភាគតិចរស់នៅ និងប្រ​កា​ន់​​​យកវប្បធម៌ប្រពៃណីជនជាតិរបស់ខ្លួនតាំងពីដើមរហូតមកដល់បច្ចុប្បន្ន ដូចជា ភាសា​ ការសែនព្រេន​ សម្លៀកបំពាក់ របៀបរបបនៃការរស់នៅ សិល្បៈវប្បធម៌ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងមុខម្ហូបជាដើម។ ប៉ុន្តែរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ បរិបទសង្គមបានផ្លាស់ប្តូរ ខណៈដែលបច្ចេកវិទ្យាបានផ្សារភ្ជាប់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលមនុស្សគ្រប់គ្នាមិនអាចខ្វះបាន។ ដូច្នេះ លំហូរនៃវប្បធម៌ខាងក្រៅ មានទាំងភាសា និងរបៀបរស់នៅ បានហូរចូលគ្រប់ទីកន្លែង ដែលជាហេតុធ្វើឱ្យយុវជនជនជាតិដើ​ម​​​ភាគតិចភាគច្រើនផ្លាស់ប្ដូរឥរិយាបថ នាំឱ្យមានការព្រួយបារម្ភចំពោះការបាត់បង់នូវអត្តសញ្ញា​​ណ​​​ជនជាតិដើមរបស់ខ្លួននៅពេលខាងមុខ។​​ 

គេសង្កេតឃើញថា មកដល់ពេលនេះ នៅតែមិនទាន់ឃើញមានការបង្រៀនពហុភាសាជាភាសាជនជាតិដើមភាគតិច នៅតាមសាលារដ្ឋដែលសម្បូរដោយជនជាតិដើមរស់នៅឡើយទេ ដែលជាហេ​​តុ​​​ធ្វើឱ្យមានគម្លាតក្នុងការប្រើប្រាស់ភាសាដើមរបស់ពួកគេ។

ស្រដៀងគ្នានេះ យុវជនជនជាតិដើមភាគតិចម្នាក់ទៀត លោក លួន ណាខុន ក៏យល់ស្របដែរថា ទ​ម្លាប់នៃការមិនអើពើ និងការមិនមានមនសិការក្នុងការអភិរក្សភាសាជនជាតិដើមរបស់យុវជនមួ​​យ​​​ចំនួន ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សីនេះ បានក្លាយជាក្ដីបារម្ភនៃការបាត់បង់ភាសាដែលជាអត្តសញ្ញាណដ៏សំខាន់ក្នុងការសម្គាល់ជនជាតិ។

លោកបន្តថា៖ «ប្រសិនបើយុវជនយើងនៅតែមិនអើពើទាក់ទងជាមួយភាសាជនជាតិដើមភាគតិចរបស់យើង វានឹងបាត់បង់យ៉ាងឆាប់រហ័ស ហើយទាក់ទងនឹងវប្បធម៌-អរិយធម៌របស់យើង វានឹងបាត់​​បង់។»

អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា កាលពីដើមឆ្នាំ២០១៧ បង្ហាញថា ជនជាតិដើមភាគតិចនៅកម្ពុជាមានចំនួន២៤ក្រុម ឬ២៤អម្បូរ នៅខេត្តចំនួន១៥ ក្នុងនោះ ខេត្តរតនគិរី មណ្ឌលគិរី ខេត្តព្រះវិហារ និងខេត្តក្រចេះ មានចំនួនជនជាតិដើមភាគតិចរស់នៅច្រើនជាងគេ។

នាយកប្រតិបត្តិអង្គការជនជាតិដើមភាគតិចកម្ពុជា លោក ហ៊ាន ប៊ុនហៀង ធ្លាប់បញ្ជាក់ប្រាប់វីអូឌីថា មិនទាន់មានទិន្នន័យជាក់លាក់បង្ហាញពីចំនួនជនជាតិដើមភាគតិចនៅឡើយទេ។ ប៉ុន្តែលោកប៉ាន់ប្រមាណថា បច្ចុប្បន្នអាចមានចំនួនជនជាតិដើមភាគតិចប្រមាណ៤០ម៉ឺននាក់ ឬស្មើប្រមាណ ២ភាគរយនៃប្រជាជនកម្ពុជាសរុប។

អភិបាលរងស្រុកតាវែង លោកស្រី កាពីង ពេជ្រ បានថ្លែងប្រាប់ វីអូឌី ចុងខែតុលា ថាខាងអាជ្ញាធរតែងតែយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់វប្បធម៌ភាសាឱ្យបានទូលំទូលាយ និងជួយរក្សាអត្តសញ្ញាណ ក៏ប៉ុន្តែត្រូវការសហការល្អជាមួយនឹងក្រសួងពាក់ព័ន្ធ ដើម្បីរៀប​​ចំ​ផែន​​ការ​យុទ្ធសាស្រ្តរយៈពេលវែង។ ​

លោកស្រីបន្តថា៖ «ទាល់តែយើងសហការជាមួយក្រសួងអប់រំ ក៏ដូចជាមន្ទីរផ្ទាល់ ព្រោះការងារហ្នឹងពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលបន្ថែមទៀតដល់លោកគ្រូ-អ្នកគ្រូអ៊ីចឹង ព្រោះឥលូវការបណ្ដុះបណ្ដាលហ្នឹង ទោះបីគាត់ចេះភាសាជនជាតិ ប៉ុន្តែទាក់ទង់នឹងអក្ខរក្រម ដូចអូនដឹងហើយ រាល់ថ្ងៃម្នាក់ៗ ពេលខ្លះត្រឹមចេះនិយាយទេ ប៉ុន្តែការសរសេរ ការអានអី ក៏មិនទាន់ចេះ អ៊ីចឹងគឺទាម​​ទារការបណ្ដុះបណ្ដាលដល់ពួកគាត់ទៀត»។

ប្រភពដដែលបន្តថា ដើម្បីរៀបចំឱ្យមានការបណ្ដុះបណ្ដាលភាសាជនជាតិដើមនៅតាមសាលារដ្ឋ គឺត្រូវចំ​​ណា​យពេលវេលាយូរទើបអាចធ្វើបាន ដូច្នេះលោកស្រីមិនអាចឆ្លើយបានទេចំពោះក្ដីបារម្ភទាំងនោះ។​ តែយ៉ាងណា គេសង្កេតឃើញថា នៅតាមតំបន់ជនបទដែលមានជនជាតិដើមភាគតិច គួរតែ​​មានកម្មវិធីសិក្សាពហុភាសាជាលក្ខណៈត្រឹមកម្រិតបឋមសិក្សាដែលជាមូលដ្ឋានគ្រឹះសម្រាប់ពួកគេ។

ចំណែកប្រធានកម្មវិធីនៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA) លោក រឹទ្ធី វីរៈ បានលើកឡើ​​ង​​​ថា ការព្រួយបារម្ភចំពោះការបាត់បង់ភាសាជនជាតិដើមភាគតិច ជាផ្នែកមួយដែលរដ្ឋាភិបាល​​ត្រូវគិតគូរនិងយកចិត្តទុកដាក់។ ដូច្នេះ លោកស្នើឱ្យរដ្ឋាភិបាលត្រូវតែពិនិត្យឡើងវិញចំពោះបញ្ហាជន​​ជា​​តិ​ដើមដាក់ចូលក្នុងផែនការយុទ្ធសាស្រ្ត។

លោកបន្តថា៖ «រដ្ឋាភិបាលគាត់ត្រូវមានការយកចិត្តទុកដាក់ លើកកម្ពស់ ហើយនឹងជំរុញឱ្យមានការការពារលើការផ្សព្វផ្សាយ និងពង្រឹងទៅលើការអប់រំផ្នែកពីរភាសា អប់រំភាសាជនជាតិដើមភាគតិចផង ភាសាខ្មែរផង ក្នុងនោះយើងផ្ដោតទៅលើភាសា ការបង្រៀនអក្សរជនជាតិដើមភាគតិច»។

អង្គការសហការអន្តរជាតិកម្ពុជា ដែលមានឈ្មោះថា INTERNATIONAL CO​​O​​P​​ERTION CA​​M​​B​​ODIA ហៅកាត់ថា ICC បង្ហាញថា ថ្នាក់អក្ខរក្រមភាសាជនជាតិ​ដើមភាគតិចព្រៅ ត្រូវបានគេបើកបង្រៀនម្ដងរួចមកហើយ កាលពីជាង២ឆ្នាំមុន ប៉ុន្តែកម្មវិធីនេះត្រូវផ្ដាច់ទៅវិញ ក្រោយពីគ​​ម្រោ​​​ង​នេះ​​​ត្រូវ​​បិទទ្វារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ