របបយោធា​មីយ៉ាន់ម៉ា​ដោះលែង​អ្នកទោស​ជិត​៦០០០នាក់

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ (REUTERS/Stringer)

ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំយោធាមីយ៉ាន់ម៉ាបាន​ដោះ​លែង​លោក សៀន ថឺនែល (Sean Turnell) សេដ្ឋវិទូអូស្ត្រាលី និងជាអតីតទីប្រឹក្សា​លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) និងអ្នកទោសជិត៦ ០០០​នាក់​ផ្សេងទៀត​ពីពន្ធនាគារ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សារព័ត៌មាន Irrawaddy និង BBC ភាសាភូមា បានរាយការណ៍ថា លោកស្រី វីគី បូមែន (Vicky Bowman) អតីតឧបការីអង់គ្លេស និង​លោក តូរូ គូបូតា (Toru Kubota) ដែល​ជា​ផលិតករភាព​យន្ត​ជន​ជាតិ​ជប៉ុន ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដោះលែងផងដែរ។

លោក Turnell ត្រូវបានចោទប្រកាន់ពីបទ រំលោភ​បំពាន​ច្បាប់​រក្សា​ការ​សម្ងាត់​របស់​រដ្ឋ ខណៈលោកស្រី Bowman ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ​រំលោភ​បំពានលើច្បាប់​អន្តោប្រវេសន៍ ហើយលោក Kubota ​ត្រូវបានចោទ​ពី​បទ ​បំបះបំបោរ និង​បំពាន​ច្បាប់ស្តីពី​ទំនាក់​ទំនង។

លោកស្រី Bowman ត្រូវ​បាន​​ចាប់​ដាក់ពន្ធនាគារ​​​ជាមួយនឹង​ស្វាមី​របស់​លោកស្រី​ ដែល​​ជា​សិល្បករ​ជនជាតិ​ភូមា​ដ៏​ល្បី​ឈ្មោះម្នាក់ គឺលោក កូ តេន លីន (Ko Htein Lin)

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលនយោបាយចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារ​កាល​ពី​ឆ្នាំ​មុន ដោយចាប់ខ្លួនមេដឹកនាំស៊ីវិល រួមទាំងលោកស្រី Aung San Suu Kyi កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

សារព័ត៌មាន​ឯករាជ្យ Myanmar Now បាន​​ស្រង់​សម្តី​ក្រុម​ប្រឹក្សា​យោធា​ថា ការ​លើក​លែង​ទោស​ត្រូវ​បាន​ធ្វើឡើង​​ដោយ​សារ​ចំ​ថ្ងៃ​បុណ្យ​ជាតិ​មីយ៉ាន់ម៉ា។

សេចក្តីរាយការណ៍ព័ត៌មានបានបន្ថែមថា៖ «នៅថ្ងៃបុណ្យជាតិ ក្រុមប្រឹក្សាយោធាបានប្រកាសថា អ្នកទោសជិត៦ ០០០​នាក់ត្រូវបានដោះលែង ក្នុងនោះ​មាន​ទាំង​​ជនបរទេស៤នាក់ និងតារាល្បីចំនួន១១នាក់»។

អ្នក​នាំ​ពាក្យ​​របប​​យោធា​​ មិន​​បាន​​លើក​ទូរសព្ទ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ​ដើម្បីសុំការអធិប្បាយ​បានឡើយ។

ក្រសួងការបរទេសអូស្ត្រាលី និងជប៉ុន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអធិប្បាយ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ