កូរ៉េខាងជើង​ថា​នឹង​ឆ្លើយតប​ដោយ​កម្លាំង​យោធា​ចំពោះ​អាមេរិក និង​សម្ពន្ធមិត្ត

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយសមាជិកនៃកងទ័ពប្រជាជនកូរ៉េនៅក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។ (KCNA តាមរយៈ REUTERS ATTENTION EDITORS)

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​​ព្រមាន«ឆ្លើយ​តប​ដោយ​កម្លាំង​យោធា» ចំពោះ​កិ​ច្ច​ខិត​ខំ​ប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបង្កើនវត្តមានសន្តិសុខនៅក្នុងតំបន់ជាមួយសម្ពន្ធមិត្តរបស់ខ្លួន ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោននឹង​ទទួលលទ្ធផលអាក្រក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០២២នេះ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាង​ជើង លោក​ស្រី ចូ សុន ហ៊ូ​យ (Choe Son Hui) បានរិះគន់កិច្ចប្រជុំកំពូល​ត្រី​ភាគី​នាពេលថ្មីៗ​នេះ រវាង​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន ដែលក្នុង​អំឡុងពេល​កិច្ច​ប្រជុំ​នោះ មេដឹកនាំ​ប្រទេស​ទាំង៣ បានរិះគន់ការ​សាក​ល្បង​អាវុធ​របស់​ទីក្រុងព្យុង​យ៉ាង និង​បាន​សន្យា​សហការ​គ្នា​រក្សាសន្តិសុខ​កាន់​តែ​ខ្លាំង​ឡើង។

ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់នៅឆ្នាំនេះ រួមទាំងមីស៊ីលផ្លោងអន្តរ​ទ្វីប​ដែល​មិន​ទទួល​បាន​ជោគ​ជ័យ និង​បាន​បាញ់​ផ្លោង​កាំភ្លើងធំរាប់រយគ្រាប់ចូលទៅក្នុងសមុទ្រ​នាពេលថ្មីៗនេះ ខណៈកូរ៉េ​ខាង​ត្បូង និង​សហរដ្ឋអាមេរិក បាន​ធ្វើស​ម​យុទ្ធ​ ដែលសមយុទ្ធមួយចំនួនពាក់ព័ន្ធនឹងប្រទេសជប៉ុន។ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ យោធា​កូរ៉េ​ខាង​ត្បូង​ បាន​រាយ​ការណ៍​ពី​ការ​បាញ់​មីស៊ីល​ផ្លោង​មួយ​គ្រាប់​ទៀត​ចេញ​ពី​ឆ្នេរ​ខាង​កើត​របស់​កូរ៉េ​ខាង​ជើង។

នៅក្នុងកិច្ចចរចាត្រីភាគីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានអះអាងសាជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងការទប់ស្កាត់បន្ថែមទៀត និងការពារសម្ពន្ធ​មិត្តអាស៊ីទាំង​ពីរ​ ជាមួយ​នឹងសមត្ថភាពពេញលេញ រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ។

លោកស្រី Choe បាននិយាយថា «សមយុទ្ធយោធាសម្រាប់ការឈ្លានពាន» របស់ប្រទេសទាំង៣ ​បាន​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​កូរ៉េខាងជើង ប៉ុន្តែនឹងទទួលបាននូវ «ការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ ជាក់ស្តែង និងគេចមិនផុត» មកលើខ្លួនឯង។

លោកស្រី Choe បាន​និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តសកម្មភាពយោធារបស់ខ្លួនជាមួយសម្ពន្ធមិត្ត កូរ៉េខាងជើងនឹងឆ្លើយតបដោយកម្លាំងយោធា»។

លោកស្រីបន្ថែមថា៖ «សហរដ្ឋអាមេរិកនឹងដឹងច្បាស់ថា វាជាល្បែងដែលខ្លួននឹងមានការសោកស្តាយជាខ្លាំង»។

សហរដ្ឋអាមេរិក បាននិយាយកាលពីខែឧសភាថា កូរ៉េខាងជើង កំពុងរៀបចំសាកល្បងអាវុធនុយ​ក្លេអ៊ែរ​ជាលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧ ប៉ុន្តែ​ពេល​វេលាពិ​ត​ប្រាកដ​នៃ​ការសាក​ល្បង​នោះ​នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

ទីក្រុងវ៉ាស៊ីនតោន ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ​បន្ទាប់ពី​កិច្ច​ប្រជុំកំ​ពូល​ថា ការសាកល្បងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង នឹងទទួល​បាន​នូវ «ការឆ្លើយតបយ៉ាងចាស់ដៃ»។

លោកស្រី Choe បាន​និយាយ​ថា សកម្មភាពយោធារបស់កូរ៉េខាងជើងគឺ «ស្របច្បាប់ និងគ្រាន់​តែ​ជា​ការ​ប្រឆាំង» ចំពោះសមយុទ្ធដែលដឹកនាំដោយសហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ