បទយកការណ៍៖ ពលរដ្ឋ​នៅ​ស្រុកទឹកឈូ ខេត្តកំពត ប្ដេជ្ញា​ការពារ​ព្រៃសហគមន៍​ភ្នំទទឹង ដោយសារ​ខ្លាច​ព្រៃឈើ​បាត់បង

ទីស្នាក់ការសហគមន៍ភ្នំទទឹង ស្ថិតនៅក្នុងភូមិកំពង់ចិន ស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ (សុត បាន)

«ខ្ញុំចង់ឱ្យនៅគង់វង្សរហូត ព្រោះថាខែផ្សិតដុះអីទៅ ប្រជាពលរដ្ឋគាត់ទៅដកយកមកហូបខ្លះអ៊ីចឹងទៅ។ គាត់យកទៅលក់ ដើម្បីដោះស្រាយបញ្ហាជីវភាពគាត់។ ខ្ញុំចង់ឱ្យនៅគង់វង្សអ៊ីចឹងរហូត។ ខ្ញុំបារម្ភខ្លាចបាត់បង់ដែរ ប៉ុន្តែបើមិនការពារ បានអីឱ្យក្មេងជំនាន់ក្រោយមើល?»

នេះជាប្រសាសន៍របស់ពលរដ្ឋរស់នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត លោក ប្រាក់ អ៊ីន លើកឡើងថា​ ព្រៃសហគមន៍ភ្នំទទឹង មិនត្រឹមតែជាជម្រកសត្វនោះទេ ប្រជាពលរដ្ឋដែលរស់តំបន់ជិតៗព្រៃសហគមន៍នេះ ក៏អាចអាស្រ័យផលអនុផលព្រៃឈើ ដូចជា ដកផ្សិតយកទៅលក់ ជីកទំពាំង ឃ្វាលគោ រកឧស ដើម្បីដោះស្រាយបញ្ហាជីវភាពគ្រួសារផងដែរ។

បុរសវ័យ៣៨ឆ្នាំ ដែលធ្លាប់ចូលដកផ្សិត និងរកឧស ក្នុងព្រៃសហគមន៍ភ្នំទទឹង បានរៀបរាប់ថា លោកនៅតែមានការព្រួយបារម្ភខ្លាចបាត់បង់ដីព្រៃសហគមន៍ ព្រោះលោកចង់ឃើញព្រៃសហគមន៍នៅគង់វង្សដដែល ដើម្បីទុកឱ្យដល់ក្មេងជំនាក់ក្រោយ និងពលរដ្ឋអាចអាស្រ័យផលបន្តទៅទៀត។

លោកថា៖ «រយៈកន្លងទៅ ចេះតែភ័យបារម្ភ កាលប៉ុន្មានឆ្នាំមុន គេកាត់ឆ្វៀលដីតិចដែរ មានជម្លោះម្ដងទៅ។ ដល់សម័យកូវីដ-១៩ រដ្ឋគេមកសុំដីសហគមន៍ឱ្យខ្មែរអ៊ីស្លាម ធ្វើ[ទីតាំង]ចត្ដាឡីស័កទៀតទៅ។ ទៅមុខយ៉ាងណាទៀត អត់ដឹងទេ!»

សហគមន៍ព្រៃឈើភ្នំទទឹង មានទីតាំងស្ថិតក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្តកំពត។ នៅក្នុងព្រៃសហគមន៍មួយនេះមានកូនឈើប្រណិតៗរាប់រយដើមដុះពាសពេញព្រៃ រួមមាន គ្រញូង ធ្នង់ សុក្រំ  និងបេង ជាដើម ខណៈដើមឈើប្រណិតធំៗត្រូវរងការកាប់បំផ្លាញពីជនខិលខូចជាបន្តបន្ទាប់តាំងពីអំឡុងឆ្នាំ២០០៩។

ខណៈមានការកាប់បំផ្លាញបែបនេះ ក្នុងឆ្នាំ២០០៩ ប្រជាសហគមន៍បានស្នើទៅអាជ្ញាធរមូលដ្ឋានដើម្បីការពារព្រៃឈើភ្នំទទឹងនេះ រហូតដល់ឆ្នាំ  ២០១១ ទើបមានការទទួលស្គាល់ពីមេឃុំ ឱ្យប្រជាពលរដ្ឋចងក្រងគ្នាបង្កើតជាសហគមន៍ការពារព្រៃមួយនេះ នៅលើផ្ទៃដីសរុបចំនួន១១៥ហិកតា។

ចាប់តាំងពីបង្កើតឡើងហើយនោះ ប្រជាសហគមន៍បានរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រង បង្កើតបទបញ្ជាផ្ទៃក្នុង និងបោះបង្គោលកំណត់ព្រំប្រទល់ដីសហគមន៍ផងដែរ ប៉ុន្ដែមិនបានចុះបញ្ជីដោយទទួលស្គាល់ពីមន្ទីរបរិស្ថានខេត្តនៅឡើយ។

រហូតមកដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ប្រជាសហគមន៍ក៏បានដាក់សំណើទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត សាជាថ្មីម្តងទៀត ដើម្បីបង្កើតព្រៃសហគមន៍ ក្នុងគោលបំណង​គ្រប់គ្រង ថែរក្សា ការពារ ដាំដុះ និងប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព និងដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានប្រើប្រាស់ទៅថ្ងៃអនាគត ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបពីអាជ្ញាធរនៅឡើយ។

ប្រជាពលរដ្ឋម្នាក់ទៀត លោក សំ វិសាល និយាយថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលរស់នៅជុំវិញព្រៃសហគមន៍ បាននាំគ្នាការពារខ្លាំង ដោយបារម្ភខ្លាចមានការលួចកាប់ឈើ និងទន្ទ្រានយកដី ខណៈកន្លងមក លោកថា ព្រៃសហគមន៍ក៏ធ្លាប់មានជម្លោះ បន្ទាប់ពីមានជនខិលខូចមួយចំនួនទន្ទ្រានយកជិតៗនោះ។

បុរសរូបនេះថា ប្រសិនជារដ្ឋាភិបាល និងអាជ្ញាធរមិនជួយការពារទេ ប្រាកដណាស់ ព្រៃឈើក្នុងសហគមន៍ភ្នំទទឹង នឹងបាត់បង់ ដោយសារការទន្ទ្រានយកដី ការលួចកាប់ឈើប្រណិតមួយចំនួន ស្របពេលសំណើរបស់ប្រជាពលរដ្ឋដែលបានដាក់ទៅអាជ្ញាធរសុំចុះបញ្ជីជាព្រៃសហគមន៍ ហើយបានស្នើសុំតែងតាំងប្រធានសហគមន៍ មិនទាន់មានការឆ្លើយតបនៅឡើយ។

លោកថា៖ «ខ្ញុំមានការក្ដីកង្វល់ខ្លះដែរ ដោយសារមើលទៅខ្លាចដូចសហគមន៍គេផ្សេងទៀត អ្នកមានអំណាច គាត់ចេះតែរុករាន គាត់ចេះតែយក  ហើយបំពានច្បាប់អ៊ីចឹង ទោះបីជាយើងមានជាច្បាប់ មានជាអីក៏ដោយ។ ​ប៉ុន្តែខ្ញុំឮរហៀងៗដូចមិនសូវជាស្រួលដែរ ហាក់ដូចជាមានគេខាងលើការពារសម្រាប់តែគ្នាគេដែរ។ កាលមុន គេមានគម្រោងយក៥០ហិកតាទៀត ដាក់ជាកន្លែងកូវីដ-១៩ ប៉ុន្តែឥលូវខាងសហគមន៍ទារវិញ។

បុរសរូបនេះបន្ថែមថា ទោះបីជាប្រជាពលរដ្ឋបាននាំគ្នាប្ដេជ្ញាការពារព្រៃសហគមន៍ភ្នំទទឹងឱ្យបានគង់វង្សសម្រាប់ឱ្យប្រជាពលរដ្ឋអាស្រ័យផល និងឱ្យក្មេងជំនាន់ក្រោយបានឃើញក្ដី ប៉ុន្តែបើគ្មានការចូលរួមពីរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធទេ លោកថា ព្រៃឈើតំបន់នេះក៏មិនអាចរក្សាបានដែរ។

លោកថា៖ «ស្នើទៅមន្ត្រីរាជការ និងរដ្ឋាភិបាល ព្រមទាំងប្រធានសហគមន៍ក៏ដោយ ខ្ញុំចង់ឱ្យសហការគ្នាឱ្យបានល្អ ហើយជួយថែរក្សាព្រៃសហគមន៍យើងឱ្យបានគង់វង្ស អាណិតក្មេងជំនាន់ក្រោយ។ បើសិនជាយើងមិននាំគ្នាការពារថែរក្សា វាប្រាកដជាហិនហោច។  អាការបំផ្លាញ វាលឿនទេ ប៉ុន្តែអាព្រៃវាដុះមក រាប់ឆ្នាំ ល្មមបានប៉ុនកំភួនជើង គិតមើលទៅ! បើដើមឈើវិញ កាប់តែមួយប្រាវអស់រលីង វាតែមួយភ្លែត វាអស់ហើយ ការបំផ្លាញ»។

អនុប្រធានសហគមន៍ព្រៃភ្នំទទឹង លោក ទូច យន់ ប្រាប់អ្នកសារព័ត៌មានវីអូឌីថា គាត់បានចូលការពារព្រៃសហគមន៍ភ្នំទទឹង តាំងពីឆ្នាំ២០០៩ ក្រោយពីបានឃើញព្រៃឈើនៅក្នុងសហគមន៍ក្នុងខេត្តនេះបានរេចរឹល និងកំពុងរងការកាប់បំផ្លាញជាបន្តបន្ទាប់ ទើបលោកបារម្ភ និងខិតខំថែរក្សា ដើម្បីទុកព្រៃឈើក្នុងសហគមន៍សម្រាប់ក្មេងជំនាន់ក្រោយបានឃើញ និង​អាចអាស្រ័យផលតទៅទៀត។

លោកបន្តថា ព្រៃសហគមន៍នេះបានផ្ដល់អនុផលច្រើនជូនដល់ប្រជាពលរដ្ឋរស់នៅជុំវិញ​ ហើយក៏ជាកន្លែងសម្រាប់ឃ្វាលគោថែមទៀតផង។

លោក ទូច យន់ អនុប្រធានសហគមន៍ភ្នំទទឹង ភូមិកំពង់ចិន ស្រុកទឹកឈូ ខេត្តកំពត ផ្តល់បទសម្ភាសពាក់ព័ន្ធនឹងស្ថានភាពព្រៃសហគមន៍ភ្នំទទឹង ថ្ងៃទី១១ ខែ១០ ឆ្នាំ២០២២។
លោក ទូច យន់ អនុប្រធានសហគមន៍ភ្នំទទឹង ភូមិកំពង់ចិន ស្រុកទឹកឈូ ខេត្តកំពត ផ្តល់បទសម្ភាសពាក់ព័ន្ធនឹងស្ថានភាពព្រៃសហគមន៍ភ្នំទទឹង ថ្ងៃទី១១ ខែ១០ ឆ្នាំ២០២២។ (សុត បាន)

លោកថា៖ «មួយឆ្នាំៗ ប្រជាពលរដ្ឋដែលនៅជុំវិញព្រៃសហគមន៍ ជាសមាជិក និងមិនមែនជាសមាជិក យើងមិនដែលហាមឃាត់មិនឱ្យដកផ្សិតទេ។ ក្នុងមួយឆ្នាំៗ មិនតិចរាប់រយគីឡូ ទៅតោន មានផ្សិតកញ្ជរ ផ្សិតភ្លៅក្ងោក ​ផ្សិតចំពុះសេក ជាដើម។ ហើយគណៈកម្មការសហគមន៍ជាអ្នកដកទៅលក់ដូរ ចំណូលខ្ពស់ដែរហ្នឹង ​ព្រោះមួយគីឡូតម្លៃ ១៥ ០០០ ទៅ ២០ ០០០រៀល ​ផ្សិតភ្លៅក្ងោក។ កាលណាអស់ព្រៃឈើ លែងដុះហើយ ព្រោះផ្សិតនេះដុះដោយសារមានព្រៃឈើ និងធនធានធម្មជាតិទេ បានវាដុះផ្សិត ភ្លៅក្ងោក និងផ្សិតកញ្ជរហ្នឹង»។ ​

ក្នុងសម្លៀកបំពាក់អាវសដៃខ្លី ស្លៀកក្រមាក្រហម អង្គុយលើបង់ក្រោមផ្ទះ លោក ទូច យន់ បានរៀបរាប់ថា កន្លងមក ព្រៃសហគមន៍ភ្នំទទឹង ក៏ធ្លាប់មានជនខិលខូចលួចចូលកាប់ឈើកម្រ និងមានតម្លៃ ក្នុងនោះមានគ្រញូង ធ្នង់ ជាដើម ប៉ុន្តែបច្ចុប្បន្នមិនមានទៀតទេ ដោយសារគណៈកម្មការ ព្រមទាំងប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាជួយថែរក្សា ដោយមិនឱ្យជនណាម្នាក់ទៅកាប់បំផ្លាញទៀតឡើយ។

បុរសសម្បុរសណ្ដែកបាយ ក្នុងវ័យ៦២ឆ្នាំ រូបនេះ ថាពួកគាត់ខំថែរក្សា ដោយបារម្ភខ្លាចនៅពេលព្រៃឈើបាត់បង់អស់ រដ្ឋាភិបាលនឹងយកដីសហគមន៍ដែលកំពុងអាស្រ័យផល អនុបយោគធ្វើជាដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឯកជន។ ករណីនេះនឹងធ្វើឱ្យព្រៃឈើដែលសេសសល់ នឹងបន្តបាត់បង់បន្ថែមទៀត រហូតដល់អស់ព្រៃឈើតែម្ដង។

លោកបន្តថា៖ «ការពារ និងទប់ស្កាត់ ខ្លាចបាត់បង់អ៊ីចឹង។ យើងមិនឱ្យបាត់បង់ទេ និងរួមប្រឈមមុខតទល់ដាច់ខាច [មិនឱ្យ]បាត់បង់ដីសហគមន៍។ បើកាលណាមានជនណាកាប់ទន្ទ្រានយក ឬមួយយកដីធ្វើជាកម្មសិទ្ធិនោះ ត្រូវតែប្រឆាំង និងតវ៉ាដាច់ខាត មិនឱ្យបាត់បង់បន្តទៀតទេ។ មួយរយៈកន្លងមក ដោយសារគោលការណ៍របស់រដ្ឋាភិបាល ទើបយើងឱ្យចំនួន៥ហិកតាទៅ»។

លោក ទូច យន់ លើកឡើងថា ការយឺតយ៉ាវក្នុងការឆ្លើយតបចំពោះសំណើរបស់ប្រជាពលរដ្ឋដែលបានដាក់លិខិតជូនដំណឹងទៅអាជ្ញាធរ ក្នុងការរៀបចំបង្កើត និងតែងតាំងគណៈកម្មការសហគមន៍សម្រាប់ការពារព្រៃឈើ ដោយថាពួកគាត់បានដាក់លិខិតនេះទៅអាជ្ញាធរឃុំនិងស្រុកជាងកន្លះឆ្នាំ ប៉ុន្តែមកដល់បច្ចុប្បន្ន នៅមិនទាន់មានការឆ្លើយតបវិញទេ។

លោកបន្តថា កាលណាអាជ្ញាធរយឺតយ៉ាវ មិនត្រឹមតែធ្វើឱ្យសហគមន៍បាក់ទឹកចិត្ត និងអស់ជំនឿទៅអាជ្ញាធរនោះទេ តែវាជាការផ្តល់ឱកាសដល់ជនខិលខូចទន្ទ្រានយកដី និងលួចកាប់ឈើមានតម្លៃ ដែលប្រជាសហគមន៍ខិតខំការពារនាពេលកន្លងមកផងដែរ។

ជុំវិញរឿងនេះ មេឃុំស្ទឹងកែវ លោក ឡេង សារី បានឱ្យដឹងថា លោកធ្លាប់បានប្រាប់ខាងតំណាងសហគមន៍ភ្នំទទឹង ឱ្យរៀបចំឯកសារដាក់ទៅមន្ទីរបរិស្ថានខេត្ត ដើម្បីចុះបញ្ជីជាព្រៃការពារ តាំងពីលោកមិនទាន់ជាប់តំណែងជាមេឃុំម្ល៉េះ។ លោកបន្ថែមទៀតថា តំបន់ព្រៃសហគមន៍មួយនេះមិនមានអ្នកណាហ៊ានបំពាន ឬបាត់បង់ទៅណានោះទេ។

លោកថា៖ «ខ្ញុំបានប្រាប់ឱ្យរៀបចំឯកសារហ្នឹងសម្រាប់ធ្វើហើយ ខ្ញុំប្រាប់ខាងសហគមន៍អស់ហើយ ខ្ញុំ​បានប្រាប់គាត់តាំងពីខ្ញុំមិនបានធ្វើមេឃុំមកម្ល៉េះ។ ខ្ញុំប្រាប់ឱ្យរៀបចំតើ! ហើយខ្ញុំចុះទៅមើលសឹងរាល់ថ្ងៃ [ថា]តើសហគមន៍នឹងបាត់ទៅណា [ថាតើ]នរណាហ៊ានបំពានយក!»

ចំណែកនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត​ លោក​ ហុកគា សកល មិនបានឆ្លើយតបអ្នកសារព័ត៌មាននោះទេ ជុំវិញការស្នើរបស់ប្រជាពលរដ្ឋដើម្បីបង្កើតជាសហគមន៍ការពារព្រៃភ្នំទទឹង រួចលោកក៏ចុចបិទទូរសព្ទតែម្តង។

លោកថា៖ «ទៅជួបគាត់ [នាយខណ្ឌ] នៅកន្លែងហ្មងទៅ។ គាត់ប្រធានអង្គភាព ទៅជួបគាត់ផ្ទាល់ហ្មងទៅ បានហើយ»

វីអូឌី មិនអាចសុំការបកស្រាយបញ្ហានេះពីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត លោក ជួន សារ៉ា បានទេ ដោយទូរសព្ទចូលជាច្រើនដង គ្មានអ្នកទទួល។

អ្នកសម្របសម្រួលស្ដីទីអង្គការលីកាដូប្រចាំខេត្តកំពត លោក ប៉ែន វុទ្ធា មានប្រសាសន៍ថា មន្រ្តីរដ្ឋាភិបាលគួរតែមានវិធានការចូលរួមទប់ស្កាត់បទល្មើស និងចាត់វិធានការលើជនខិលខូច ឬអ្នកមានអំណាចណាដែលតែងតែចង់បានដីព្រៃសហគមន៍ ព្រោះកន្លងមក សហគមន៍តែងតែសម្តែងការព្រួយបារម្ភចំពោះការទន្រ្ទានដីព្រៃសហគមន៍នេះ។

យ៉ាងណា​ លោកថា រដ្ឋាភិបាលគួរតែទទួលសំណើពីប្រជាសហគមន៍ដាក់តំបន់នោះទៅជាតំបន់ការពារ ដើម្បីឱ្យប្រជាសហគមន៍អាចចូលរួមទប់ស្កាត់បទល្មើស និងឈប់មានការព្រួយបារម្ភពីការទន្ទ្រានដីព្រៃសហគមន៍មួយនេះតទៅទៀត។

លោកបន្តថា៖ «ខ្ញុំគិតថា អាជ្ញាធរ ក៏ដូចជាខាងរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ គួរតែលើកសំណើប្រជាពលរដ្ឋយកមកធ្វើការពិចារណា ធ្វើការសិក្សាមើលពីផលប៉ះពាល់ឬក៏ផលចំណេញអី ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីជួយការពារ ដែលគាត់អាចទាញពីការអាស្រ័យផលនៅតំបន់ព្រៃឈើដែលគាត់សុំក្នុងការអភិរក្សហ្នឹង ព្រោះការអភិរក្សមែនទែនទៅជារឿងមួយដ៏ល្អសម្រាប់សហគមន៍ ក៏ដូចជាពលរដ្ឋមូលដ្ឋានទាំងមូលហ្នឹង»។

ងាកមកលោក ប្រាក់ អ៊ីន ក៏បានស្នើឱ្យរដ្ឋាភិបាល និងប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាព្រៃសហគមន៍ភ្នំទទឹង ដែលមានទំជាង១០០ហិកតា ឱ្យនៅគង់វង្ស ដើម្បីទុកសម្រាប់ឱ្យក្មេងជំនាន់ក្រោយបានឃើញនិងស្គាល់ព្រៃឈើ ក៏ដូចជាចូលរួមថែរក្សាជម្រកសត្វ និងធនធានធម្មជាតិនៅតំបន់មួយនេះផងដែរ។

លោកថា៖ «ចូលរួមថែរក្សាការពារទាំងអស់គ្នា មិនថាខ្ញុំ​ មិនថាប្រជាពលរដ្ឋ គាត់ចង់ឱ្យនៅគង់វង្ស គាត់ថែរក្សា គាត់មិនដែលហ៊ានទៅប៉ះ​ពាល់អីទេ សម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះ មួយដើមក៏គាត់មិនហ៊ានកាប់ផង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ