អ្នកនយោបាយ​និង​អ្នកជំនាញ​កិច្ចការ​បោះឆ្នោត ខកចិត្ត​លើ​សេចក្ដីព្រាង​បទបញ្ជា​និង​នីតិវិធី​នៃ​ការបោះឆ្នោតជាតិ

ពលរដ្ឋម្នាក់កំពុងធ្វើការគូសសន្លឹកឆ្នោត ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

នៅសល់ពេល២ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកានេះ គណៈកម្មាធិការជាតិរៀប​​ចំការ​​បោះ​​​ឆ្នោត (គ.ជ.ប) នឹងប្រមូលយកអនុសាសន៍ពី​​ភាគី​ពាក់​ព័ន្ធ អំពី​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​​​ការ​បោះ​​ឆ្នោ​ត​​​ជ្រើ​​ស​​តាំងតំណាងរាស្រ្ត ដែល គ.ជ.ប យល់ឃើញថា ប្រសិនបើតួអង្គក្នុងដំណើរការនៃ​ការ​បោះឆ្នោតមានចំណុចដែលត្រូវ​​​កែ​​លម្អ​​​លើ​ខ្លឹម​​​សា​រ​នៃសេចក្ដីព្រាងនេះ។

តែយ៉ាងណា ក្រុមអ្នកនយោបាយ​មកពីគណបក្ស​ក្រៅរ​ដ្ឋាភិបាល និងអ្នកជំនាញកិច្ចការបោះឆ្នោត បង្ហាញ​ការ​ខក​ចិត្ត ដោ​​​យ​​​ហៅកិច្ចការដែលរៀបចំឡើងដោយ គ.ជ.ប នៅពេលនេះថា ជា​ផ្នែក​មួយ​ដែល​​​មិន​ចង់​ឱ្យ​សេ​​ចក្ដីព្រា​ង​បទបញ្ជា និងនីតិវិធី សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​លើក​​ទី​​៧​ខាង​មុខ​នេះ ​​ប្រ​​ព្រឹ​​ត្ត​​​ទៅ​ដោយ​សេរី ត្រឹមត្រូវ និងពេញលេញនោះទេ។

លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឱ្យដឹងនៅថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ​ថា ក្នុង​​នា​​​ម​​​​ជាអ្នកនយោបាយដែលនៅក្រៅរដ្ឋាភិបាល លោកពិតជាគិតមិនចេញសោះឡើយចំពោះ​​សេចក្តី​​ព្រា​​ង​​​នេះ។ បើតាមលោក យ៉េង វីរៈ មានមូលហេតុមួយចំនួនដែលគណបក្សប្រជាធិប​​តេយ្យ​​មូល​​ដ្ឋា​​ន យល់​​​ឃើ​​ញថា គ.ជ.ប គួរកែចំណុចខ្វះខាតរបស់ខ្លួន និងពិនិត្យឡើងវិញ ហើយ​មិនត្រូវ​​ទុក​​ពេ​​​ល​​​​​វេលានៃការស្នើ​​សុំ​​​​​យោបល់ពីភាគីពាក់ព័ន្ធនេះ​ខ្លីពេកនោះ​ទេ។ ការ​ទុក​ពេល​ប្រថុច​ញ៉ុច​បែប​នេះ លោកថា គណបក្សនយោបាយ និងសង្គមស៊ីវិល មិន​​​មាន​​​ពេល​គ្រប់គ្រាន់ក្នុង​ការ​ផ្ទៀង​ផ្ទាត់​ឯកសារដែល​មាន​កម្រាស់ទំ​ព័រ​ច្រើនបែបនេះបានល្អទេ។

លោកបន្តថា៖ «ខាងគណបក្សប្រជាធិបតេយ្យមូលដ្ឋានយើង និងក្រុមការងារបានអានបណ្ដើរៗ​​​ហើ​​មកដល់ថ្ងៃនេះ។ យើងមានការខកចិត្ត ដោយសារថានីតិវិធីមួយចំនួនឃើញថានៅសរសេរដដែល។ ការពិតទៅ គណបក្សទាំង៤ដែលបានជួប .. លើកមុនហ្នឹង យើងបានលើកនូវ​​សំណើសុំ​​​ឱ្យ​​កែ​​នីតិវិធីហ្នឹងដែរ»។

ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានលើក​ឡើង​នៅក្នុងសេចក្ដីជូនដំណឹងដែលចេ​​ញ​​ផ្សាយ​​កាល​​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ដោយ​ស្នើសុំឱ្យគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ពិនិត្យ និង​ផ្តល់​​​យោ​​​​​បល់​លើសេចក្តីព្រាងបទបញ្ជា​ និងនីតិវិធី​សម្រាប់ការបោះឆ្នោតជ្រើស​​តាំង​​តំ​​ណា​​​​​​ង​​រាស្រ្ត លើក​​​ទី​​​៧ ដែលនឹងប្រព្រឹត្តទៅនៅ​ខែ​កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

តាមរយៈសេចក្តីជូនដំណឹង​នេះ គ.ជ.ប ទុក​ពេល​ឱ្យភា​គី​ពាក់​ព័ន្ធមាន​ពេល​ត្រួត​ពិនិត្យ និង​ផ្តល់​​យោ​​​​​​​បល់​​ត្រលប់មកវិញ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ខាន​ស្អែក​នេះ។ សេចក្តី​​ព្រា​​​ង​​​​បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើស​​តាំងតំណាងរាស្រ្តនេះ មានកម្រាស់​​៣​​​៣៧ទំព័រ ដែល​​មាន១០ជំពូក និងឧបសម្ពន្ធរួមបញ្ចូលផង។

មិនខុសគ្នាទេ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ក៏ឯកភាពដែរថា ការទុលពេលវេ​​លា​​ដោយបង្ខំបែបនេះ ពិតជាមានភាពស្មុគស្មាញក្នុងការពិនិត្យឱ្យបានដិតដល់ទៅលើខ្លឹមសារ​នៃ​សេចក្តី​ព្រាង​​នេះឱ្យបានគ្រប់ជ្រុងជ្រោយ ចំពោះ​​ចំ​​ណុច​​ដែល​​ខ្វះ​​​ខាត។ ​​លោ​ក​បន្តថា នៅចំពោះ​​មុខ​នេះ មិន​ដឹង​ថា​តើមានអ្វីខ្លះដែលត្រូវកែសម្រួលនៅឡើយទេ ព្រោះកំពុងតែផ្ទៀង​​ផ្ទាត់។

លោកបន្តថា៖ «អ៊ីចឹងឥលូវហ្នឹងយើកំពុងតែរៀបចំ និងកំពុងតែពិនិត្យ។ បើគិតទៅ រយៈពេល​​វាខ្លី​​​ណាស់​ ​​​​ព្រោះ​​​​ឯកសារហ្នឹងវាក្រាស់។ ឥលូវនេះ ខ្ញុំបានឱ្យក្រុមគណៈកម្មការរបស់យើង​​​ខ្ញុំនៅក្នុង​​​​​​​​បក្ស​​​​ភ្លើង​​ទៀនកំពុងពិនិត្យរឿងហ្នឹងហើយ»។

អនុលោមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្ត រដ្ឋាភិបាល​បានប្រកាសកាលពីចុងខែ មិថុនា ឆ្នាំ២០២២ ដោយកំណត់យកថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ២០២៣ ជាថ្ងៃសម្រាប់ការបោះ​​ឆ្នោត​​​សភាជាតិ​នេះ។

ប្រធាន​គណបក្ស​កម្ពុជា​និយម លោក យ៉ែម បុញ្ញឫទ្ធិ ក៏មើលឃើញដែរ​ថា ពេលវេលាមិនសមរម្យ ស​ម្រាប់​ទទួលបានការពិនិត្យ និងផ្តល់យោបល់អំពីសេចក្តីព្រាងនេះ ជាកំហុស​ឆ្គង​មួយ​របស់ គ.​ជ​.ប​ ដែល​រៀបចំ​មិន​បាន​ត្រឹម​ត្រូវ។ អ្នក​នយោបាយ​ចាស់​វស្សារូ​ប​នេះចាត់​ទុក​ថា បញ្ហានៅតែ​បន្ត​​កើត​​មាន បើទោះជាកន្លងទៅ តួអង្គពាក់ព័ន្ធធ្លាប់បានផ្តល់យោបល់រួចហើយក្តី ឱ្យមាន​ការ​កែលម្អ ដូច​​​ជា​ ទម្រង់​​នៃ​​កា​​រ​​រាប់​សន្លឹកឆ្នោតជាដើម ក៏ប៉ុន្តែបញ្ហានេះនៅតែឃើញកើតមាននៅ​​ក្នុងប្រព័ន្ធបោះ​​ឆ្នោ​​​​ត​កម្ពុជាដដែល។

លោកបន្តថា៖ «យើងនៅតែប្រកាន់ជំហរពាក់ព័ន្ធទម្រង់១១០២ អាហ្នឹងជារឿងមួយដែលចាំ​​បាច់ជា​​ទីបំផុត ដែលយើងយល់ថា ត្រូវតែចែកជូនដល់ភ្នាក់ងារសង្កេតការណ៍របស់គណបក្សនយោបាយ។ ចំណែករឿងទី២ រឿងដែលសំខាន់មួយទៀត នីតិវិធីមានលក្ខណៈវិជ្ជមានល្អ។ ក៏ប៉ុន្តែយើងឱ្យ​​​ឈ្មោះ​​​​​​​​​ថា ការអនុវត្តនីតិវិធីនៅមិនបានពេញលេញនោះទេ ឧទាហរណ៍ រឿងការរាប់សន្លឹកឆ្នោត នៅ​​​ក្នុង​​​នី​​តិវិធីបានចែងថា បើកទ្វារ បើកបង្អួចអីនេះ ប៉ុន្តែកន្លែងខ្លះមានការបិទមណ្ឌល និងបិទទ្វារ បិទ​​​បង្អួ​​​​អីជាដើមទៅវិញ»។

ក្រុមអ្នកនយោបាយទាំងនេះនៅតែមើលឃើញ​ការទុកពេលវេលាខ្លីនៃការចុះ​​ឈ្មោះ​​​ភ្នាក់ងារ​អ្នក​​សង្កេត​​ការណ៍​បោះ​ឆ្នោត ការ​លុប​បំបាត់​ទម្រង់១១០២ ឬហៅថាទម្រង់​​នៃកា​​ររា​​ប់​​សន្លឹក​​ឆ្នោត និ​ង​​​​​នី​​​តិ​​វិធីនៃការរាប់សន្លឹកឆ្នោត នៅតែជាបញ្ហា និង​បង្កភាពស្មុគស្មាញសម្រាប់​​គណបក្សនៅក្រៅ​​រដ្ឋា​​ភិ​​បាល។ មួយវិញទៀត ខ្លឹមសារដែលតម្រូវឱ្យត្រួតពិនិត្យនេះ គឺខុសពីឯកសារ​មុនៗ ដែលមិន​​មាន​​គូស​​សញ្ញាសម្គាល់ ដែលភាសាបច្ចេកទេសជាភាសាអង់គ្លេស​ហៅថា ត្រែក ឆែង(Tract Chan​​ge​​)។ បញ្ហានេះបានបង្កើនភាពស្មុគស្មាញ​មួយ​កម្រិត​ទៀតក្នុង​ការ​ត្រួត​ពិនិត្យ។

ឆ្លើយតបនឹងការរិះគន់នេះ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោ​​ សូរីដា បញ្ជាក់ថា តាម​ពិត​ទៅ ការទុកពេល​វេលា​​នេះ គឺ​ល្មមសមរម្យហើយសម្រាប់គណបក្ស​​ន​​យោបាយ និងតួអង្គពាក់ព័ន្ធដទៃទៀត។

មន្រ្តីជាន់ខ្ពស់ គ.ជ.ប រូបនេះ បន្តថា មែន​ទែន​ទៅ វាមិន​​មាន​​ភាពស្មុគស្មាញអ្វីច្រើនទេក្នុងការត្រួត​​ពិនិត្យ ព្រោះអ្វីដែល គ.ជ.ប ដាក់ឱ្យកែលម្អនេះ គឺ​នៅ​មាន​​ចំ​​ណុច​ខ្វះខាត​មួយ​ចំនួន​ទេ។ ម្យ៉ាង​ទៀត លោកថា ភាព​ខ្វះ​​ចន្លោះនោះនៅត្រង់ការធ្វើទំនើបកម្មតាម​ប្រព័ន្ធឌីជីថល ដែល​ពីមុន​ដំណើរ​ការ​​​បោះ​​​ឆ្នោ​​​ត​ទាំងស្រុង​ត្រូវសរសេរដោយដៃ។ ប៉ុន្តែសម្រាប់បរិបទ​​ថ្មី​នេះវិញ គ.ជ.ប បាន​ដាក់​ឱ្យ​ដំណើ​រ​ការ​​​តាម​​ប្រ​​ព័​ន្ធ​​បច្ចេកវិទ្យា ដែល​មើលទៅហាក់មានភាពស្មុគស្មាញ​​ជាង​​មុន​បន្តិច នេះ​ជា​អ្វីដែល​​​ស្ថាប័នជាតិ​​កំ​​​ពូលរៀបចំការបោះឆ្នោត យល់ឃើញថា អាចជាចំណុច​ដែល​ភាគី​ពាក់​ព័ន្ធត្រូវ​ចូលរួម​​ផ្តល់​​​យោ​​ប​​ល់​។

លោកបន្តថា៖ «ប្រសិបើគណបក្សនយោបាយនោះធ្លាប់ចូលរួមនៅក្នុងការពិនិត្យលើ​​សេចក្តី​​ព្រាង​​​​​​​បញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកន្លងមក គឺពិតជាមិន​​​អាច​​លើក​​​ឡើងពីវេលាថា​​ខ្លី និងអត់មានពេលវេលាគ្រប់គ្រាន់ដើម្បីពិនិត្យមើលនោះទេ។ តាមពិត បទបញ្ជា និ​​​​នី​​តិវិធីជ្រើសតាំងតំណាងរាស្រ្តច្រើនទំព័រក៏ពិតមែន វាជាបទបញ្ជា និងនីតិវិធីដូច​​​​ខ្ញុំបាន​​និយាយ​​​ពីខាងដើមអ៊ីចឹង បើនិយាយពីថាការប្រែប្រួលនោះ គឺប្រែប្រួលតិចតួចបំផុត។ ការប្រែប្រួលនេះ វា​​​ខ្ទ​​ង់​​មួយភាគរយ ​​មួយ​​កន្លះ​​ភាគរយទេ នៃការកែសម្រួលខ្លះ ដើម្បីឱ្យស្របតាមបច្ចេកវិទ្យា និងព័ត៌​​មាន​​​វិទ្យា ពិសេស​​​ដំណើ​​រការអនុវត្តរបស់ .. ដោយយកបច្ចេកវិទ្យា និងព័ត៌មានវិទ្យាជាគោល​​​សម្រា​​ប់​​​ការ​​គាំ​​ទ្រ​​ដោ​​​​ដៃកន្លងមក»។

ចំពោះការរិះគន់ថា គ.ជ.ប ព្យាយាមមិនប្រើទម្រង់ ១១០២ និងមិនដាក់សញ្ញាសម្គាល់នៅត្រង់​​ចំ​​ណុចដែល​​កែដូចអាណត្តិមុន ត្រូវបានលោក សោម សូរីដា អះអាងថា ការមិនចែកជូន​​ទម្រង់​​១១​​០២​នេះ គឺដើម្បីចៀសវាងកំហុសកើតឡើងជាថ្មីទៀត។ ដោយ​ឡែក ចំពោះការមិនដាក់​​​សញ្ញា​សម្គាល់ ឬហាយឡាយ នៅត្រង់ចំណុចដែលត្រូវកែតម្រូវនោះ ដោយសារ​សេចក្តីព្រាងនេះបាន​​​ស្រង់​​យ​​​​កខ្លឹម​សា​រទាំងស្រុងចេញ​ពីប​ទ​បញ្ជា និងនីតិវិធីសម្រាប់ការ​​បោះឆ្នោតជ្រើស​​រើស​​​ក្រុម​​​ប្រឹ​​ក្សា​​ឃុំ​សង្កាត់ ឆ្នាំ២០២២ ជាគោលរួចមកហើយ។

បើទោះបែបណា សម្រាប់លោ​ក កង សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃ​​អង្គ​​ការ​​ខុម​​ហ្រ្វែល នៅតែ​ចាត់​ទុក​ថា អ្វីដែល គ.ជ.ប ដាក់ឱ្យអនុវត្តនេះ គឺ​បង្កផល​លំបាក ហើយ​ពេល​​វេលា​​​នេះ​ទៀត​សោតក៏មិនអំណោយផលផងដែរ។ ក្រៅពីនេះ លោកថា នីតិវិធីនៃការកែលម្អ ដូច​ដែល​ភាគី​ពាក់​ព័ន្ធធ្លាប់​ផ្តល់អនុសាសន៍​ ក៏មិនមានភាពជឿនលឿនដែរ។

ចំណែកលោក សំ គន្ធាមី នាយកប្រតិបត្តិ​នៃអង្គការនិចហ្វិកវិញ អះអាងថា មកដល់ពេលនេះ ​​ស្ថា​​ប័ន​​ជំនាញកិច្ចការបោះឆ្នោតមួយនេះនៅមិន​ទាន់​បាន​ពិនិត្យ​​ឱ្យបាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​​ឡើយ​​​ដែរ ដោ​​យសារទំហំឯកសារច្រើន ហើយ​ពេល​វេលាមាន​តិច។ បើតាមលោក សំ គន្ធាមី ជាជម្រើសល្អ ស្ថាប័នជាតិរៀបចំការបោះឆ្នោត គួរទុកពេលវេលាបាន​​ច្រើន​​​​ជាង​នេះ ដើម្បីបង្កភាពងាយស្រួលដល់ភាគីពាក់ព័ន្ធត្រួតពិនិត្យ ធ្វើយ៉ាងណាឱ្យប្រព័ន្ធបោះ​​ឆ្នោត​មួយនេះកាន់តែមានភាពសុក្រឹត និងជឿទុកចិត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ