ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​រមណីយដ្ឋាន​ភ្នំសំពៅ ស្នើ​ឱ្យ​ដោះស្រាយ​សំណង​ជា​ថ្នូរ​នឹង​ការ​រុះរើ

ផ្ទះប្រជាពលរដ្ឋ និងតូបអាជីវករសងខាងផ្លូវនៅជើងភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ថ្ងៃពី២៥ ខែតុលា ឆ្នាំ២០២២។ (គឹម មករា)

ប្រជាពលរដ្ឋ និងអាជីវករប្រមាណ២០គ្រួសារដែលរស់នៅនិងលក់ដូរជុំវិញជើងភ្នំសំពៅ ស្នើសុំឱ្យ​​អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយសំណងទៅតាមតម្លៃទីផ្សារឱ្យបានសមរម្យ ជាថ្នូរនឹងការរុះរើទៅតាំង​​ទី​លំនៅថ្មី ខណៈ​​ដែល​​អាជ្ញាធរអះអាងថា វិធានការរបស់ខ្លួន គឺដើម្បីយកទីតាំងនេះរៀបចំសណ្ដាប់ធ្នាប់​​ឡើ​ង​​វិញ សម្រា​​ប់​​​បម្រើឱ្យវិស័យទេសចរណ៍។

លោក ជុំ កម្រង អាយុ៥៨ឆ្នាំ រស់នៅភូមិសំពៅកើត ឃុំភ្នំសំពៅ បានឱ្យដឹងថា កន្លងទៅ លោករកចំណូលបានពីការជូនភ្ញៀវឡើងភ្នំ និងការលក់ដូរតិចតួចនៅតំបន់ទេសចរណ៍មួយនេះ ដែលអាច​​ដោះ​​​​​​ស្រាយជីវភាពប្រចាំថ្ងៃបានខ្លះ។ លោកបន្តថា លោកនិងគ្រួសារមកតាំងលំនៅក្បែរជើងភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបងនេះ ប្រមាណ២០ឆ្នាំមកហើយ ហើយបើអាជ្ញាធរជូនដំណឹងឱ្យរុះរើផ្ទះ ឬតូបនៅជុំវិញបរិវេណជើងភ្នំសំពៅ វាពិតជាធ្វើឱ្យលោកមានការព្រួយបារម្ភពីជីវភាព បើសិនជាមិនមានសំ​​ណងសមរម្យណាមួយនោះទេ។

លោកបន្ដថា៖ «មិនអាចធ្វើការរុះរើដោយគ្មានសំណងបាននោះទេ ដោយសារពួកខ្ញុំសុទ្ធតែជាអ្នកអត់ គ្មានដី គ្មានផ្ទះឯណារស់នៅទេ»។

លោកបន្ថែមថា៖ «គ្មានការជំទាស់ទេ ចំពោះការអភិវឌ្ឍសម្រាប់ការរៀបចំសណ្ដាប់ធ្លាប់នោះ ហើយវាក៏ល្អម្យ៉ាដែរ គ្រាន់តែខ្ញុំស្នើសុំឱ្យមានការសម្រួល ឧបត្ថម្ភសំណងថវិកា សម្រាប់ការរុះរើ និងសាងសង់ថ្មី ព្រោះបងប្អូនខ្លះអត់មានលុយ ដើម្បីជួលតូបសម្រាប់រកស៊ីលក់ដូរនោះទេ»។

ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀត លោក បិញ ងុយ ដែលរស់នៅតំបន់ជើងភ្នំសំពៅនេះជាង៣០ឆ្នាំមក​ហើយ និយាយថា លោកព្រមសហការជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍ។ ប៉ុន្តែការរុះរើភ្លាមៗដូច្នេះ គឺ​ពិតជាផ្ដល់ការលំ​​បាក​ដល់ពួកគាត់។ មិនតែប៉ុណ្ណោះ រាល់ការរុះរើម្ដងៗ អាជ្ញាធរនិងភាគីពាក់ព័ន្ធ​​មិន​​ដែល​​បាន​​ចេញថ្លៃ​​សំណង ជាថ្នូរនឹងការចាកចេញនេះសម្រាប់ពលរដ្ឋទេ។

លោកបន្តថា៖ «នេះគឺជាលើកទី៣ហើយដែលបានរុះរើ! លើកទី១ និងលើកទី ២ គឺពុំមានទទួលបានសំ​ណ​ងអ្វីនោះទេ។ ហើយលើកនេះ ខ្ញុំសុំត្រឹមតែការសម្រួលខ្លះពីរដ្ឋ»។

ជុំវិញរឿងនេះ លោក ពេជ្រ បឿន មេឃុំភ្នំសំពៅ មានប្រសាសន៍ថា ការប្រកាសឱ្យរុះរើផ្ទះសម្បែងនេះ គឺជាការសម្រេចចិត្តរបស់អាជ្ញាធរខេត្ត និងថ្នាក់ស្រុក ដើម្បីឱ្យមានសោភ័ណភាព សណ្ដាប់ធ្នាប់ និងភាព​ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តដ៏ចំណាស់មួយនេះបានច្រើនជាង​​​មុន ។

លោកបន្តថា៖ «ការស្នើសុំនូវសំណងរបស់ប្រជាពលរដ្ឋនេះ ខ្ញុំត្រឹមជាអ្នកនាំពាក្យ ធ្វើសំណើទៅថ្នាក់ស្រុក ថ្នាក់ខេត្ត និងរង់ចាំការឆ្លើយតបពីថ្នាក់លើមកវិញ» ។

លោកបន្ថែមថា៖ «ក្នុងនាមខ្ញុំមេឃុំ ពិតជាចិត្តអាណិតដល់ប្រជាពលរដ្ឋ ប៉ុន្តែសំណង់អនាធិបតេយ្យដែលសង់លើដីរដ្ឋ រដ្ឋត្រូវប្រមូលយកវិញ»។

ចំណែកអភិបាលស្រុកបាណន់ លោក ស្រេង សុខា បានឱ្យដឹងថា នេះជាសំណង់អនាធិបតេយ្យ ហើយកា​​​ររុះរើសំណង់អនាធិបតេយ្យនេះនៅតំបន់រមណីយដ្ឋានភ្នំសំពៅ គឺរដ្ឋបាលខេត្តមិនមានគោល​នយោ​​​បាយ​ណាមួយក្នុងការផ្តល់សំណងសម្រាប់ពលរដ្ឋដែលត្រូវចាកចេញទាំងនោះទេ។​

លោកមានប្រសាសន៍ថា ផ្ទះប្រមាណ២៥គ្រួសារនេះ គឺតាមពិតជាដីដែលរដ្ឋផ្តល់ជូនឱ្យស្នាក់នៅជាបណ្ដោះ​អាសន្នតាំងពីឆ្នំា១៩៩១ ហើយជាការយោគយល់ពីអាជ្ញាធរផង ទើបអនុញ្ញាត​​ឱ្យពួកគាត់​​តាំង​​លំ​​នៅ​ក្បែរជើងភ្នំបណ្ដោះ​​អាសន្ន ហើយពួកគេក៏បានសន្យារើចេញនៅពេលណាដែលរដ្ឋត្រូវការវិញដែរ ។

លោកបន្តថា៖ «ការទាមទារសំណងក្នុងការរុះរើ រដ្ឋបាលមិនមានគម្រោងផ្ដល់ជូននោះទេ ព្រោះនេះជាដីរបស់រដ្ឋដែលពលរដ្ឋសុំស្នាក់បណ្ដោះអាសន្ន ហើយអាជ្ញាធរធ្លាប់បានជូនដំណឹងជាច្រើនលើកជាយូរមកហើយ មិនទើបតែជូនដំណឹងថ្មីៗទេ គ្រាន់តែគម្រោងរុះរើនេះមិនទាន់ជោគជ័យ»។

លោក យិន ម៉េងលី អ្នកសម្រួបសម្រួលសមាគមអាដហុក ប្រចាំខេត្តបាត់ដំបង បានលើកឡើងថា រ​​ហូ​​ត​​មកដល់ពេលនេះ មិនមានលិខិតណាឱ្យរុះរើទៀតទេ ដូច្នេះលោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធកុំប្រើប្រាស់អំ​​ពើហិង្សា និងការប្រើប្រាស់ប្រព័ន្ធតុលាការមកលើប្រជាពលរដ្ឋនៅពេលដែលមានការអភិវឌ្ឍនៅតំបន់ទេ​​សចរណ៍ប្រវត្តិសាស្រ្តមួយនេះ។

លោកបន្តថា៖ «សូមឱ្យរដ្ឋបាលស្រុក និងរដ្ឋបាលខេត្ត កុំប្រើកម្លាំងរដ្ឋបាលក្នុងការទៅបណ្ដេញពួកគាត់ ក្នុងការទៅឈូសឆាយលំនៅរបស់ពួកគាត់ ហើយក៏កុំឱ្យប្រើប្រាស់តុលាការចោទប្រកាន់គាត់នៅពេលគាត់រារាំងអ្វីមួយទៅ ចោទប្រកាន់គាត់ពីបទធ្វើឱ្យរាំងស្ទះដល់ការអនុវត្តច្បាប់មន្រ្ដីរាជការសាធារណៈ អ៊ីចឹងកុំប្រើប្រាស់ប្រាស់អាហ្នឹង។ យន្ដការទាំងអស់ សូមកុំប្រើប្រាស់ តែសូមឱ្យជួបគ្នាជាដំណាក់កាលៗ លើកទី១ លើកទី២ លើកទី៣ ហើយឱ្យភាគីទាំងពីរដោះស្រាយរកចំណុចប្រសព្វគ្នាដើម្បីបញ្ចប់បញ្ហា»។

ច្បាប់ស្ដីពីការដកហូតដីធ្លី (អស្សាមិករណ៍) បញ្ញត្តិមាត្រា៤ បានបង្ហាញថា ដើម្បីធានាថា រាល់ការរឹបអូសកម្មសិទ្ធិ ត្រូវបា​ន​​​​ធ្វើឡើងដោយសមស្របនិងយុត្តិធម៌ ហើយម្ចាស់កម្មសិទ្ធិទទួលបានសំណងសមរម្យនិងយុត្តិធម៌ជាមុន សំដៅបម្រើផលប្រយោជន៍ជាតិ និងសាធារណៈ និងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធសាធារណៈ។ ការដកហូត អនុវត្តតែចំពោះកិច្ចការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធរូបវ័ន្តសាធារណៈ ដែលបម្រើឱ្យផលប្រយោជន៍សាធារណៈ និងប្រយោជន៍ជាតិប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋតំបន់រមណីយដ្ឋានជើងភ្នំសំពៅ ទទូចស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធគួរ​បន្តប្រើ​​ប្រា​​ស់​​​​​​​យន្ដការច្បាប់ ដោះស្រាយដោយភាពជឿទុកចិត្តបាន បើទោះបីជាធ្លាប់បានបង្កើតគណៈកម្មការដោះស្រាយវិវា​​ទ​​ដីធ្លីហើយក៏ដោយ៕ 

រាយការណ៍ដោយ៖ គឹម មករា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ